Tuesday, July 26, 2022

ក្តីស្រម៉ៃ

 


ខ្ញុំមានក្តីស្រម៉ៃថា ឆ្អឹងរឿងខាងក្រោមនេះ នឹងក្លាយជាវីដេអូអប់រំចំណេះដឹងហិរញ្ញវត្ថុខ្នាតខ្លីមួយ។


រឿង ក្តីស្រម៉ៃ

បញ្ញាគឺជាក្មេងកំព្រាឪពុកតាំងតែពីបញ្ញាមានអាយុ៣ខែ។ បញ្ញារស់នៅធំធាត់ឡើងដោយការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ម្តាយដែលជាស្ត្រីមេម៉ាយដែលមានមុខរបរជាអ្នករកស៊ីលក់ដូរបន្តិចបន្តួចនៅឯផ្សារនាតំបន់មួយជាយរាជធានីភ្នំពេញ។ ថ្វីត្បិតតែបញ្ញាគឺជាក្មេងកំព្រាឪពុក ក៏ប៉ុន្តែបញ្ញាបានទទួលការ ចិញ្ចឹមបីបាច់ថែរក្សា យ៉ាងល្អពីម្តាយដែលជាស្ត្រីមេម៉ាយ។ ម្តាយរបស់បញ្ញាតែងតែព្យាយាម អប់រំទូន្មានប្រៀនប្រដៅបញ្ញា អោយមានក្តីស្រម៉ៃ និងបព្វហេតុនៃការរស់នៅក្នុងភាពជាមនុស្សរបស់ខ្លួន។ បញ្ញាតែងតែទទួលបាននូវការអប់រំពីម្តាយរបស់ខ្លួនអំពីហេតុចាំបាច់នៃសន្សំប្រាក់ មធ្យោបាយនៃការសន្សំប្រាក់ ការចាត់ចែងប្រាក់កាស។

ដោយទទួលបាននូវការអប់រំដ៏ល្អពីសំនាក់ម្តាយ៊ បញ្ញា បានប្រែក្លាយទៅជាក្មេងមួយរូបដែលមានការគិត និងពិចារណាបានវែងឆ្ងាយ។ បញ្ញា តែងតែមានក្តីស្រម៉ៃថា ថ្ងៃណាមួយពេលគេធំឡើង គឺគេនឹងក្លាយទៅជា មនុស្សម្នាក់ដែលអាចក្លាយជាទីបង្អែករបស់អ្នកដទៃ។ បញ្ញាបានចាប់ផ្តើមចេះសន្សំប្រាក់ដែលម្តាយគេបានអោយគេ តាមរយៈការយកទៅដាក់សន្សំកូនជ្រូកដី ហើយបន្តិចម្តងៗ ដោយមានការចង្អុរបង្ហាពីម្តាយ បញ្ញា មានលទ្ធភាពអាចគូសព្រាងនូវវដ្តជីវិតរបស់គេបាននៅលើសៀវភៅសសសេរមួយក្បាល ដែលសន្លឹកនិមួយៗតំណាងអោយឆ្នាំនៅខាងមុខ ចំណែកឯទំព័រចុងក្រោយ គឺជាគោលដៅរបស់បញ្ញាដែល ចង់ក្លាយជានាយកសាលារៀនឯកជនមួយរូប។ គ្រប់សន្លឹកតំណាងអោយឆ្នាំនិមួយៗគឺតែងតែមានសសេរនូវសកម្មភាពដែលបញ្ញាត្រូវធ្វើនៅក្នុងឆ្នាំនោះរាប់តាំងពីការសន្សំប្រាក់កាក់ល្អិតក្នុងកូនជ្រូកដី ការខិតខំប្រឹងប្រែងរៀនសូត្រ ការបញ្ចប់ការសិក្សា ការធ្វើការងារ ការវិនិយោគ ការប្រើប្រាស់ប្រាក់កម្ចី។ល។

ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំៗមួយឆ្នាំ បញ្ញាតែងតែអនុវត្តតាមផែនការដែលគេបានគូសព្រាងនៅក្នុងសន្លឹកសៀវភៅរបស់គេជានិច្ច។ ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ បញ្ញានៅតែឈ្លៀតជួយសម្រាលកិច្ចការងារម្តាយរបស់គេជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃបញ្ញាធំ ចូលរៀននៅមហាវិទ្យាល័យ។ ក្រៅពីរៀននៅមហាវិទ្យាល័យបញ្ញាតែងតែឈ្លៀតធ្វើជាគ្រូបង្រៀនតាមផ្ទះ គ្រាន់នឹងយកប្រាក់មកទប់ទល់ការចំណាយ ក៏ដូចជាដើម្បីសន្សំសម្រាប់ពេលអនាគត។

បន្ទាប់ពីរៀនចប់ បញ្ញា បានក្លាយខ្លួនជាគ្រូបង្រៀននៅសាលាឯកជនមួយ។ បញ្ញានៅតែមិនបោះបង់ក្តីស្រមៃរបស់ខ្លួន ហើយបញ្ញាតែងតែមានក្តីសង្ឃឹមជានិច្ចថា បើសិនជាខ្លួនមិនបោះបង់ក្តីស្រម៉ៃ ហើយនៅតែបន្តដើរតាមក្តីស្រម៉ៃខ្លួននោះ នោះក្តីស្រម៉ៃរបស់ខ្លួនដែលចង់ក្លាយជានាយកសាលារៀនឯកជននឹងបានសម្រេចជាមិនខាន។ ពេលវេលាក៏មកដល់ បញ្ញា មានជំនឿជឿជាក់លើខ្លួនឯងថា នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកសាលា ដោយហេតុតែបញ្ញាមានបទពិសោធន៏បង្រៀនគ្រប់គ្រាន់ និងមានប្រាក់សមល្មមដែលបញ្ញាបានសន្សំតាំងពីតូចរហូតដល់ធំ។ ក្តីប្រាថ្នារបស់បញ្ញាក៏បានសម្រេច ដោយបញ្ញាបានក្លាយជានាយកសាលារៀនឯកជន ហើយបញ្ញាបានទទួលអោយកុមារដែលគ្មានលទ្ធភាពរៀនសូត្រមួយចំនួន បានចូលរៀនដោយមិនអស់ថ្លៃសិក្សា។ បញ្ញាបានសម្រេចក្តីបំណងរបស់គេ ដោយគេបានក្លាយជាមនុស្សម្នាក់ដែលអាចក្លាយជាទីបង្អែករបស់អ្នកដទៃបាន។


No comments:

Post a Comment