ឪពុកនិងកូនស្រី៖
ភាគទី៣: កុមាររៀនពីបទពិសោធន៏ (experienced)
ពេលមួយនោះខ្ញុំអត់ចាំបានថានៅឆ្នាំណាទេ ក៏ប៉ុន្តែខ្ញុំលឺគ្រូហេង គាត់បានមានប្រសាសន៏ថា "កុមាររៀនខុសពីមនុស្សធំ កុមាររៀនពីបទពិសោធន៏" លឺពាក្យនេះ ធ្វើអោយខ្ញុំនឹកឃើញដល់មេរៀនដែលខ្ញុំបានបង្រៀនកូនស្រីខ្ញុំ (សុភនាថ) តាំងតែពីនាងនៅអាយុមិនដល់មួយខួប (ប្រហែលជាឆ្នាំ២០១២ អំឡុងខែមេសា ដែលជាខែដាច់ភ្លើងញឹក) ដែលកាលណោះនាងចេះវារ និងរពិសខ្លាំងណាស់។ ក្មេងៗនៅពេលដែលចេះវារ គឺជាពេលដែលក្មេងរពិសបំផុត ចាប់មិនជាប់ អោយរវាម។ វ័យប៉ុណ្ណោះគឺជាវ័យដែលចង់ដឹង ចង់សាក និងជាវ័យដែលនិយាយពន្យល់យ៉ាងម៉េចក៏មិនយល់ គម្រាមយ៉ាងម៉េចក៏មិនខ្លាច បើថាចង់បានអីគឺត្រូវតែបាន។ ជាចៃដន្យ ពេលល្ងាចថ្ងៃមួយចំពេលញាំបាយល្ងាច ភ្លើងក៏ដាច់ ហើយខ្ញុំក៏យកទានមកដុតបំភ្លឺដើម្បីញាំបាយ។ ជាពេលវេលាដំបូងដែល បងនាថ បានឃើញទៀន និងពន្លឺរបស់វា។ នាងឈប់ញាំបាយ ហើយបានវារស្ទុះវឹងសំដៅរកទៀនដែលខ្ញុំដុតនៅជិតខ្ញុំ។ ខ្ញុំបានដកទៀននោះដាក់នៅកន្លែងផ្សេង ព្រមទាំងនិយាយប្រាប់នាងថា កុំលេងកូនប្រយ័ត្នយ៉ូយៗ។ នាងមិនខ្ចីស្តាប់ ព្រោះជាវ័យរពិស ហើយនាងព្យាយាមវារទៅម្ខាងទៀតដើម្បីចាប់ទៀននោះ។ ខ្ញុំបានកញ្ឆក់ទៀននោះចេញ នាងខកចិត្តហើយក៏យំ។ ខណៈនោះធ្វើអោយខ្ញុំនឹកឃើញរឿងមួយ៖
កាលពីប្អូនស្រីខ្ញុំនៅពីតូច វ័យប្រមាណជាងមួយឆ្នាំ ដែលពេលមួយនោះខ្ញុំទាន់នាងកំពុងយកសមទៅរុកក្នុងព្រីភ្លើងជាប់ជញ្ជាំង។ ឃើញដូច្នោះ ខ្ញុំស្ទុះទៅកញ្ឆក់ ហើយស្រែកគំហកដាក់នាង គម្រាមនាងថាឆក់ងាប់ឡូវហើយ។ នាងមិនយល់គិតតែពីស្រែកយំ។ ចំណេរកាលក្រោយមក ខ្ញុំនិងម្តាយខ្ញុំដែលកំពុងនៅផ្ទះបាយខាងក្រោយ ក៏បានលឺប្អូនស្រីខ្ញុំស្រែកយំ ហើយឌីសង់ទ័រភ្លើងក៏រលត់។ ខ្ញុំបានស្ទុះមកដល់មុនគេ ឃើញប្អូម៊នស្រីខ្ញុំកំពុងឈរយំ ហើយរលាស់ដៃ ខណៈពេលដែលនៅក្បែរនោះខ្ញុុះឃើញមានសមជ្រុះនៅក្រោមព្រីភ្លើងដែលសបញ្ជាក់ថា នាងបានយកសមទៅរុកនឹងព្រីភ្លើងនោះហើយក៏ឆក់។ សំណាងដែរដែលមានឌីសង់ទ័ររលត់ទាន់។
រម្លឹកដល់រឿងប្អូនស្រីខ្ញុំកាលនៅពីក្មេង ខ្ញុំក៏បានដាក់ទៀននៅមួយចំហៀងទៀត ហើយពេលឃើញដូច្នោះ បងនាថ ក៏បានស្ទុះវឹងទៅរកទៀននោះ ចំណែកខ្ញុំវិញខ្ញុំមិនឃាត់ទេ ហើយអតីតភរិយាខ្ញុំចង់ឃាត់ប៉ុន្តែខ្ញុំហាម ព្រោះខ្ញុំគិតថាខ្ញុំអាចបង្រៀនមេរៀនដល់នាងបាន។ បងនាថទៅដល់ទៀន ក៏លូកដៃទៅចាប់ទៀនមកកាន់យ៉ាងពេញដៃ។ ពីរបីវិនាទីក្រោយមក ទៀនក៏ស្រក់សម្រក់ចុះមកប៉ះដៃបងនាថ ហើយនាងក៏ស្រែកយំឡើង ហើយក៏ទម្លាក់ទៀននោះចោល។ ខ្ញុំបានដុតទៀនជាថ្មីរួចហុចប្រគល់អោយនាង នាងក៏រអារឈប់លេងទៀន ឈប់លេងភ្លើងចាប់តាំងពីពេលនោះមក។
***
ការបណ្តោយអោយកុមាររៀនពីបទពិសោធន៍គឺជារឿងមួយល្អណាស់ ព្រោះថាពួកគេអាចនឹងធ្វើការវិនិច្ឆ័យដោយខ្លួនឯងបានដោយមិនចាំបាច់មានមនុស្សធំប្រាប់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនជាលោកអ្នកចង់អោយកូនមានបទពិសោធន៏ក៏សូមអោយប្រាកដថា នឹងមិនមានអ្វីគ្រោះថ្នាក់កើតឡើងចំពោះពួកគេឡើយ។ ម្យ៉ាងវិញទៀតក៏សូមកុំបណ្តោយអោយដូចជាខ្លែង ហើយនិយាយថាវាដាច់ខ្សែ វាធ្លាក់មកហើយ។ ចូរចាំថា បើខ្លែងដាច់ខ្សែធ្លាក់មកជិត ស្រួលយក គឺល្អណាស់ ផ្ទុយទៅវិញបើខ្លែងដាច់ខ្សែធ្លាក់ចូលព្រៃឬសមុទ្រ តើយើងអាចនឹងយកវាមកវិញដោយរបៀបណា?
ចំការដូង ភ្នំពេញ ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣:១៦នាទី
គីនី
No comments:
Post a Comment