ឪពុកនិងកូនស្រី៖
ភាគទី៦៖ ស្រឡាញ់កូន
នៅក្នុងក្រសែភ្នែកកូនខ្ញុំទាំងពីរ ខ្ញុំប្រហែលជាជាខុសពីឳពុកម្តយដទៃ។ ពួកគេទាំងពីរអាចនឹងកត់សម្គាល់បានថា ខ្ញុំជាឳពុកដែលមិនដែលជួយពួកគេឡើយ។ ខ្ញុំនៅចាំបានរឿងជាច្រើនអំពីទំនាក់ទំនងខ្ញុំនិងកូនស្រីទាំងពីររបស់ខ្ញុំដូចជាកាលពីថ្ងៃមួយ ខ្ញុំអត់ចាំខែទេ ហើយប្រហែលជាក្នុងអំឡុងឆ្នាំ ២០១៦ឬ២០១៧ នៅពេលដែលអូនសួស្តី មានអាយុប្រមាណជាជាង២ឆ្នាំ។ កាលណោះ ខ្ញុំនាំកូនស្រីខ្ញុំទាំងពីរទៅលេងនៅ playground។ អ្នកទាំងពីរសប្បាយរីករាយណាស់នៅពេលដែលទៅដល់កន្លែងលេង។ គេក៏រត់ទាំងត្រសងឆ្ពោះទៅកាន់ទីកុមារលេង។ ខ្ញុំក៏ដើរយ៉ាងលឿន ដើម្បីធានាថាអោយទាន់គេ ។ អូនសួស្តូរត់ត្របាញ់ជើងយ៉ាងលឿន ហើយក៏ជំពប់ជើងដួលនៅមុខគូសង្សារក្មេងៗមួយគូ។ ឃើញភ្លាម ពួកគេទាំងពីរក៏ស្ទុះទៅរកអូនសួស្តីក្នុងបំណងជួយលើក។ ឃើញដូច្នោះ ខ្ញុំក៏បានស្រែកឃាត់ពួកគេទាំងពីរថា "កុំលើកគាត់អី ទុកអោយកូនខ្ញុំងើបដោយខ្លួនឯង" ពួកគេទាំងពីរនៅពេលលឺដូច្នោះ ក៏ទុចដំណើរហើយក្រឡេកមើលមកខ្ញុំទាំងទឹកមុខងឿងឆ្ងល់ ស្របពេលដែលអូនសួស្តីក៏ក្រឡេកមើលមកខ្ញុំដែរ។ អូនសួស្តីហាក់បីដូចជាដឹងបំណងខ្ញុំច្បាស់ នាងក៏ក្រោកឡើង បោសដីបហរឡាក់នៅពីលើផ្នែកខាងទ្រូងនិងពោះពីរបីឆាច់ ហើយក៏បន្តការរត់របស់នាងទៀតទាំងទឹកមុខរីករាយ ឆ្ពោះទៅកាន់ទីកន្លែងក្មេងលេង។ ខ្ញុំក៏បាន និយាយពាក្យថា អរគុណ ដល់គូសង្សារទាំងពីរនោះ រួចក៏បន្តដំណើរយ៉ាងរហ័សពីក្រោយអូនសួស្តី ដែលនាំមុខដោយបងនាថ ក្រោមក្រសែភ្នែកមើលមកទាំងងឿងឆ្ងល់ពីសំណាក់គូសង្សារទាំងពីរូបនោះ។
ទម្លាប់របស់ខ្ញុំ នៅពេលដែលកូនខ្ញុំដើរដួល ជារឿយៗគឺខ្ញុំមិនដែលជួយលើកកូនខ្ញុំនោះទេ។ ជាធម្មតាខ្ញុំឈរនៅក្បែរនាង ហើយប្រាប់នាងអោយងើបដោយខ្លួនឯង។ បើមើលទៅរាងធ្ងន់បន្តិច ខ្ញុំធ្វើយ៉ាងច្រើន គឺហុចដៃអោយនាងតោង ហើយនាងគឺជាអ្នកតោងដៃរបស់ខ្ញុំ ហើយងើបពីដីដោយខ្លួនឯង។ បើនាងចង់ឡើងទីកន្លែងណាមួយខ្ពស់ដែលតម្រូវអោយតោងឡើង គឺគ្មានសូម្បីតែមួយដងដែលខ្ញុំលើកពួកគេឡើង គឺខ្ញុំគ្រាន់តែដាក់ដៃនឬភ្លៅ ឬខ្ញុំត្រូវក្រាបដើម្បីអោយពួកគេជាន់ខ្ញុំ ដើម្បីឡើងតែប៉ុណ្ណោះ។ បើសិនជាកន្លែងណាមានកំពស់សមល្មមដោយមិនត្រូវការជំនួយពីខ្ញុំ គឺខ្ញុំគ្រាន់តែលើកទឹកចិត្តគេអោយហ៊ានធ្វើវា ហើយខ្ញុំបានឈរនៅក្បែរនិងប្រុងប្រយ័ត្នជាប្រចាំ ដើម្បីធានាថាពួកគេមានសុខសុវត្ថិភាព។ គ្មានឡើយការជួយលើក ជួយគ្រាអំពីខ្ញុំដែលជាឳពុក។
ក្នុងក្រសែភ្នែកកូនខ្ញុំ និងអ្នកដទៃ គេប្រហែលជាគិតថាខ្ញុំមិនបានស្រឡាញ់កូនទេ ព្រោះពេលកូនដួលសូម្បីតែលើកក៏ខ្ញុំមិនខ្ចីលើកដែរ។ សម្រាប់ខ្ញុំ ការគិតនោះគឺខុស ទង្វើរបស់ខ្ញុំ គឺជាការជួយពួកនាងអោយចាប់ផ្តើមធ្វើអ្វីដោយខ្លួនឯង ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីខ្ញុំឡើយ។ ជាទូទៅនាងធ្វើវាបានយ៉ាងល្អប្រសើរ។ នាងដើរដួល រត់ដួល គឺនាងមិនដែលយំទេ នាងបានក្រោកឡើងដោយខ្លួនឯង ហើយបោសដៃនិងបោសអាវដែលប្រឡាក់ រួបបន្តដំណើរទៅមុខទៀត។ ខ្ញុំសូវអោយនាងយល់ខុសអំពីខ្ញុំ ជាជាងពួកគេទាំងពីរក្លាយជាមនុស្សដែលពិបាកនឹងរស់ដោយខ្លួនឯង។
#នៅពេលដែលអ្នកត្រូវបានគេព្រងើយកន្តើយដាក់ ភាពរឹងមាំចំពោះការសម្រេចចិត្តរបស់អ្នកនឹងកាន់តែប្រសើរ។ កុំមើលទង្វើររបស់មនុស្សដោយកែវភ្នែក ត្រូវមើលទង្វើររបស់គេបេះដូង និងខួរក្បាល។
ចំការដូង ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២១:៤៨នាទី
គីនី
No comments:
Post a Comment