Friday, July 22, 2022

ឳពុកអ្នកក្រ


រឿងឳពុកអ្នកក្រ៖

ថ្ងៃមួយកូនស្រីដែលមានអាយុប្រាំឆ្នាំបានសួរទៅកាន់បុរសម្នាក់ដែលជាឳពុករបស់ខ្លួន៖

កូនស្រី៖ ប៉ាប៉ា ម៉េចបានជាយើងអត់មានឡានជិះហ្នឹងគេ?

ឳពុក៖ មកពីប៉ាជាប៉ាអ្នកក្រ ប៉ាអត់មានលុយទិញឡានជិះទេ ហើយបើមានឡានវិញ ក៏គ្មានលុយចាក់សាំងគ្រប់ដែរ។

កូនស្រី៖ ប៉ុន្តែបើប៉ាសន្សំលុយ ហើយទិញវានោះគឺពិតជាបានជាមិនខាន។

ឳពុក៖ បើប៉ាសន្សំ គឺពិតជាទិញបានមិនខានមែន។ ប៉ុន្តែតើឡានពិតជាសំខាន់មែនអត់?

កូនស្រី៖ មានឡាន គឺយើងអាចធ្វើដំណើរដោយសុវត្ថិភាពបាន

ឳពុក៖ ជិះម៉ូតូចាស់ដូចប៉ា ក៏មានសុវត្ថិភាពដែរកូន។ ម៉ូតូប៉ាវាចាស់ហើយ វាបើកអត់បានលឿនទេ ដូច្នេះមានអីត្រូវបារម្ភពីរឿងគ្រោះថ្នាក់នោះ?

កូនស្រី៖ ប៉ុន្តែចុះពេលមេឃភ្លៀងនោះ? មិនទទឹកភ្លៀងហើយ?

ឳពុក៖ ពិតមែនហើយ ពេលភ្លៀងមកអ្នកជិះឡានគឺពិតជាមិនទទឹកទេ ហើយយើងជិះម៉ូតូក៏មិនទទឹកដែរ។ យើងអាចទៅជ្រកភ្លៀងនៅកន្លែងណាមួយបាន ដូចជាតាមការ៉ាស់សាំង តាមកន្លែងសាធារណះដទៃ។ 

កូនដឹងទេ អ្នកជិះឡាន គឺពួកគេគ្មានថ្ងៃបានស្គាល់ពីធម្មជាតិនៃទឹកភ្លៀងដូចអ្នកក្រដែលជិះម៉ូតូបានឡើយ។ 

ពេលជ្រកភ្លៀង ពួកគេអាចរីករាយជាមួយនឹងសម្លេងទឹកភ្លៀង ភាពត្រជាក់នៃទឹកភ្លៀង ព្រមទាំងសម្លេងជជែកគ្នានៃមនុស្សដែលមកជ្រកភ្លៀងជាមួយយើង។ កូនសាកគិតទៅមើល តើវាសប្បាយប៉ុណ្ណានៅពេលដែលជ្រកភ្លៀងជាក្រុមនោះ?

កូនស្រី៖ ពេលគ្មានឡាន ហើយចង់ទៅឆ្ងាយគឺមិនសូវស្រួលទេ ពិបាកណាស់ប៉ាប៉ា។

ឳពុក៖ មានប្រយោជន៏អីទៅកូន នៅពេលទៅឆ្ងាយកូននៅក្នុងឡានលេងជាមួយប្អូន ចំណែកប៉ាជាអ្នកបើក ធ្វើម្តេចប៉ាអាចអង្គុយនិយាយលេងជាមួយកូននិងប្អូនបាន? ធ្វើម្តេចប៉ានឹងអាចនិយាយប្រាប់កូនពីសត្វនានាដែល ឬទីកន្លែងនានាដែលកូនបានឃើញតាមផ្លូវបាន? កូនស្រីរបស់ប៉ា យើងអាចជិះឡានក្រុងជំនួសបានដែរតើ មិនចាំបាច់ហត់អស់កម្លាំង ហើយប៉ាអាចមានពេលនិយាយនិងលេងជាមួយកូននិងប្អូន ប៉ាះអាចរៀបរាប់ប្រាប់កូនពីឈ្មោះនៃទីកន្លែង និងសត្វនានាដែលកូនមិនដែលបានស្គាល់ពីមុនមក។ កូនគិតទៅមើលថា ជិះឡានផ្ទាល់ខ្លួន និងឡានក្រុង តើមួយណាសប្បាយជាង?

ឳពុកបានបន្តទៀតថា៖

ឳពុក៖ ជិះឡានគឺពិតជាល្អហើយ ប៉ុន្តែកូនសាកគិតទៅមើល ថាវានឹងចំណាយច្រើនប៉ុណ្ណា?​ 

ជិះឡានជូនកូនទៅរៀន អាចនឹងយឺត ដូច្នេះកូនត្រូវក្រោកពីព្រឹកដើម្បីទៅអោយទាន់សាលារៀន ហើយបើពុំដូច្នោះទេ កូននឹងទៅយឺតព្រោះតែស្ទះចរាចរណ៏។ 

ពេលស្ទះម្តងៗគឺចំណាយពេលយូរនិងអស់លុយច្រើនណាស់ជាពិសេស ធុញថប់ផងដែរ។ ជិះម៉ូតូជាមួយប៉ាទៅរៀន កូនមិនចាំបាច់ត្រូវក្រោកពីព្រឹកទេ កូនអាចគេងបានយូរ និងអាចញាំអាហារពេលព្រឹកជាមួយប៉ានិងប្អូនបាន ហើយកូននឹងទៅទាន់ពេលវេលាដូចគ្នា។

កូនស្រី៖ ពេលយើងមានឡាន គឺមានន័យថាយើងជាអ្នកមាន

ឳពុក៖ កូនស្រីមាសឳពុក មានឬក្រ គឹមិនអាចយកសម្ភារះដូចជាម៉ូតូ ឡាន ទូរស័ព្ទ ឬផ្ទះមកវាយតម្លៃបានទេ។ 

មានឬក្រគឺអាស្រ័យទៅដោយសមានចិត្តរបស់កូន ថាតើចិត្តរបស់កូន បរិសុទ្ធនិងល្អផូរផង់ប៉ុណ្ណា? 

វត្ថុទាំងនោះគឺគ្រាន់តែជារបស់ក្រៅខ្លួនតែប៉ុណ្ណោះ​ វាមិនអាចនឹងស្ថិតនៅជាមួយយើងរហូតទេ វានឹងទៅបាត់ពីយើងនៅពេលណាមួយមិនខាន។ ហើយអ្វីដែលនៅជាមួយយើងបានស្ថិតស្ថេរនោះគឺ សេចក្តីល្អរបស់កូន ជាពិសេសគឺគុណធម៌ និងភាពស្មោះត្រង់របស់កូនតែម្តង។ កូនមានគុណធម៌ កូនមានសេចក្តីស្មោះត្រង់ កូនមានសណ្តានចិត្តដ៏បរិសុទ្ធ ប៉ុន្តែកូនគ្មានទ្រព្យសម្បត្តិនោះ ក៏រាប់ថាកូនជាអ្នកមានផងដែរ គឺកូនមាននូវអ្វីដែលមនុស្សដទៃទៀតគ្មាន។ កូនត្រូវចាំថា អ្នកដែលមានឡានជិះទាំងអស់នោះ គឺមិនប្រាកដថាជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តមនោះទេ ជួនកាលពួកគេហ៊ុំព័ទ្ធទៅដោយវិបត្តិ បំណុល និងការចំណាយនានាជាច្រើនដើម្បីបំពេញនូវអ្វីដែលហៅថាមានក្រៅខ្លួន។ ជិះម៉ូតូចាស់ ប៉ុន្តែអាចរសនៅដោយគ្មានការគិតបារម្ភ គឺជាសេចក្តីសុខពិតណាសទៅហើយ។


កូនស្រី៖ អញ្ចឹងមានន័យថាឡានពិតជាមិនចាំបាច់មែនទេ?

ឳពុក៖ សម្រាប់ពេលនេះ ឡានគឺមិនចាំបាច់សម្រាប់យើងនោះទេ។

សូមកូនកុំព្រួយ កូននឹងទទួលបានវានៅពេលណាមួយ។ ប៉ាសូមអោយកូនរីករាយនូវអ្វីដែលកូនមាននៅពេលនេះ ដូច្នេះកូននឹងមិនលិចលង់ទៅនឹងអ្វីដែលអាចធ្វើអោយកូនមិនអាចឈានទៅមុខបាន។ ហើយអ្វីដែលសំខាន់ជាងគេនៅពេលនេះ គឺការអប់រំរបស់កូន ហើយនឹងប្អូន។ កូនត្រូវចាំថា មានតែការអប់រំនោះទេ ទើបអាចនាំអោយកូនទទួលបាននូវអ្វីដែលកូនចង់បាន។ ប៉ាជាអ្នកក្រ ប៉ាគ្មានលុយទិញរបស់របរ និងឡានសម្រាប់ជូនកូនទៅណាទៅណីនោះទេ ប៉ុន្តែប៉ានឹងមានគ្រប់យ៉ាងដើម្បីសម្រេចក្តីបំណងនៃការសិក្សារបស់កូន។ 

សូមទោសផង ព្រោះប៉ាជាប៉ាអ្នកក្រ!


កូនស្រី៖ សម្រាប់កូន ប៉ាគឺជាប៉ាអ្នកមាន។ ប៉ាមានអ្វីអោយកូននិងប្អូន ក្នុងខណៈពេលដែលអ្នកដទៃគ្មានវាទាល់តែសោះ។


=====

ដោយ​ លោក​ វង្ស​ ភគីនី

No comments:

Post a Comment