ឪពុកនិងកូនស្រី៖
ភាគទី២: ការប្រាស្រ័យទាក់ទងរបស់ទារក និងកុមារជាមួយនឹងឪពុកម្តាយ និងមនុស្សធំ
ក្រោយពីរៀបការបានជាងមួយឆ្នាំ (ពេលនេះខ្ញុំទាំងពីរបានលែងលះគ្នាហើយ) គឺថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១ វេលាម៉ោង៥:៤០នាទីព្រឹក អតីតភរិយាខ្ញុំបានសម្រាលកូនស្រីមួយរូបដោយការវះកាត់ ដែលបន្ទាប់មកត្រូវបានម្តាយរបស់ខ្ញុំដាក់ឈ្មោះថា វង្ស សិរីសុភនាថ ដែល "សិរី - មានន័យថា សេចក្តីសុខ សេចក្តីចម្រើន" ចំណែកឯ "សុភ - មានន័យថា ល្អ ប្រពៃ ស្អាត ឥតមានហ្មង" ចំណែកឯពាក្យថា "នាថ - គឺមានន័យថា អធិបតី ម្ចាស់ ចៅហ្វាយនាយ ដែលជាទីពឹងពាក់" ដូច្នេះ សិរីសុភនាថ គឺមានន័យថា ចៅហ្វាយនាយដែលជាទីំនឹងដ៏ចម្រើន។
ខ្ញុំធ្លាប់បានជជែកគ្នាជាមួយអតីតភរិយារបស់ខ្ញុំអំពីការចិញ្ចឹមកូន។ នាងមានទស្សនៈថា ជាមនុស្សគឺមានសតិសម្បជញ្ញៈ មានការគិត មានការទទួលដឹងអារម្មណ៍ មានការប្រាស្រ័យទាក់ទង មានការឈ្វេងយល់តាំងតែពីមនុស្សទើបនឹងកើតមកម្លេះ។ ទារកមានមធ្យោបាយទាក់ទងជាមួយមនុស្សធំតាមរបៀបផ្សេង ហើយ #គេអាចស្តាប់យល់បាននៅអ្វីដែលយើងពន្យល់ប្រាប់គេបានបើទោះបីជាគេមិនអាចនិយាយជាមួយយើងបានក៏ដោយ ។ ខ្ញុំបានបដិសេដនូវអ្វីដែលនាងបាននិយាយប្រាប់ខ្ញុំ ព្រោះខ្ញុំយល់ថា ទារកគឺមិនទាន់មានការវិវត្តន៍សមត្ថភាពខួរក្បាលនិងភាសាបាននៅឡើយ ល្គឹកណាគេអាចនិយាយបាន។ ខ្ញុំនៅតែចងចិត្តមិនស្របនឹងគំនិតរបស់នាងរហូតដល់ពេលមួយដែលខ្ញុំយល់ថា គំនិតរបស់នាងពិតជាត្រឹមត្រូវតាមរយៈការសង្កេតរបស់ខ្ញុំទៅលើ បងនាថ (សុភនាថ)។ ខ្ញុំសង្កេតឃើញថា ទារកមានសញ្ញាមើលឃើញស្រមោល នៅពេលទារកមិនទាន់អាចមើលឃើញ។ ទារកតបមកមកយើងវិញតាមរយៈកាយវិការនានាបន្ទាប់ពីលឺសម្លេងរបស់យើងនិយាយទៅកាន់គេ ដូចជាកន្ត្រាក់/បម្រះ ដៃជើង ផ្លាស់ប្តូរទឹកមុខទៅជាស្រស់ស្រាយ ហើយពេលខ្លះក៏បង្ហាញអាការៈព្យាយាមត្រងត្រាប់ស្តាប់ពាក្យថ្មី សម្លឹងថ្មីរបស់មនុស្សប្លែកសម្លេង ឬព្យាយាមប្រើប្រាស់ភ្នែកតាមសម្លឹងកត់ចំណាំទៅលើមនុស្សប្លែកមុខណាម្នាក់។ ចំណេរកាលក្រោយមក ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែជឿជាក់ថា ទារកឬកុមារ ពិតជាអាចស្តាប់ហេតុផលដែលមនុស្សចាស់និយាយពន្យល់ទៅកាន់ពួកគេបាន ដែលខ្ញុំនឹងពន្លេចចេញអោយអ្នកទាំងអស់គ្នាបានដឹងនៅវគ្គក្រោយៗមកទៀត។ ការដឹង ការយល់ ការជឿជាក់ថា ទារកនិងកុមារអាចទទួលស្តាប់ហេតុផលរបស់មនុស្សធំបាន គឺពិតជាមានប្រយោជន៏ខ្លាំងណាស់ដល់លោកអ្នកនៅក្នុងកឮចិញ្ចឹមបីបាច់ថែរក្សា និងផ្លាស់ប្តូរនិស្ស័យកូន ហើយវានឹងអាចជួយលោកអ្នកអោយជ្រើរើសបាននូវមធ្យោបាយនៃការចិញ្ចឹមកូនយ៉ាងល្អប្រសើរ។
សូមលោកមេត្តាជួយបញ្ចេញមតិអំពីបទពិសោធន៏នៃការចិញ្ចឹមកូនរបស់លោកអ្នកតាមរយៈប្រអប់ខំមិនខាងក្រោម៕
ភ្នំពេញ ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង12:22 នាទី នៅហាងកាហ្វេធីបារ។
No comments:
Post a Comment