Monday, July 18, 2022

ឪពុកនិងកូនស្រី៖ ភាគទី៥ - បាក់ស្បាត (ការចិញ្ចឹមកូនរហូតធ្វើអោយកូនបាក់ស្បាត)

 ឪពុកនិងកូនស្រី៖

ភាគទី៥: បាក់ស្បាត - ការចិញ្ចឹមកូនរហូតធ្វើអោយកូនបាក់ស្បាត

ថ្ងៃនេះ ថ្ងៃអង្គារ៍ ទី១៤ ខែមករា ឆ្នាំ២០២០ គឺរយៈពេល២សប្តាហ៍គត់ដែលខ្ញុំបានទៅធ្វើការនៅកន្លែងការងារថ្មី។ មានអារម្មណ៍ថាហាក់បីដូចជាស្ត្រេសខ្លាំង ប៉ុន្តែទម្លាប់របស់ខ្ញុំមួយ គឺនៅពេលណាខ្ញុំមិនសប្បាយចិត្ត ឬស្ត្រេសខ្លាំង ខ្ញុំតែងតែធ្វើរឿងមួយឬពីរដូចជា ស្តាប់ចម្រៀង និងសសេរអំពីការចងចាំរបស់ខ្ញុំ។ ដូចសព្វមួយដង ខ្ញុំតែងតែលើកយកប្រធានបទនៃការសសេររបស់ខ្ញុំទាក់ទងទៅនឹងកូនស្រីខ្ញុំ ហើយប្រធានបទថ្ងៃនេះគឺចង់រម្លឹកលោកអ្នកអំពីការចិញ្ចឹមកូនដែលធ្វើអោយកូន "បាក់ស្បាត"។

ខ្ញុំនៅចាំបានថា កាលណោះជាថ្ងៃសៅរ៍ ក្នុងឆ្នាំប្រមាណជា ២០១៣ ដែលកាលណោះបងនាថ មានអាយុជាង២ឆ្នាំ ជាពេលដែលនាងចេះដើរ ចេះរត់ ចេះលេង ចេះស្តាប់យល់ ចេះនិយាយជាមួយឪពុកម្តាយបានខ្លះៗ។ ថ្ងៃនោះមកពីផ្សារ lucky វិញ ខ្ញុំទិញបានសាច់ ហ្សាំប៊ុងមួយកញ្ចប់ ហើយយកមកញាំជាមួយបាយ និងម្ហូបមួយមុខទៀតដែលជាសម្លរ។ ខ្ញុំបានកាត់កញ្ចប់សាច់នោះ ហើយយកសាច់ដាក់ចូលចាន ចំណែកកញ្ចប់នោះខ្ញុំទុកវាក្នុងថាស។ កាលណោះខ្ញុំនិងអតីតភរិយាខ្ញុំបណ្តោយអោយកូនរៀនញាំដោយខ្លួនឯង ដោយយើងបានដួសសម្លរដាក់ចានអោយនាង ទុកអោយត្រជាក់ ដូច្នោះនាងអាចញាំដោយខ្លួនឯងបាន។ សារជាតិជាក្មេង បើមិនលួងលោម សម្លុត បោកបញ្ឆោតអោយញាំ គឺគ្នាមិនញាំទេ ញាំមួយម៉ាត់លេងមួយសន្ទុះធំ ទើបញាំទៀត។ ដូចក្មេងទូទៅដែរ បងនាថ ញាំមួយម៉ាត់ក៏លេងម្នាក់ឯង ហើយនាងក៏ឃើញថង់សាច់ហ្សាំប៊ុងដែលខ្ញុំទុកលើថាសនោះ ហើយក៏យកមកលេង ដោយបោះឡើងលើអោយវាធ្លាក់ចុះមកវិញ រួចក៏សើចលេង។ ខ្ញុំបានតឿន ក៏ដូចជាលើកទឹកចិត្តអោយនាងញាំ ហើយនាងមិនខ្ចីស្តាប់ក៏នៅតែងលេងបោះថង់នោះដដែល។ បានមួយស្របក់ ថង់ដែលនាងបោះទៅលើនោះក៏ស្រាប់តែធ្លាក់ចូលចានសម្លរ។ ឃើញដូច្នោះ ខ្ញុំក្រឡេកមើលទៅនាងភ្លាម ហើយអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ដូចត្រូវបានគេវាយក្បាលនឹងព្រនង់ដ៏ធំនោះគឺ នាងបានបង្ហាញនូវភាពតក់ស្លុតតាមរយៈទឹកមុខ និងកែវភ្នែករបស់នាង។ ឃើញសភាពនោះ វាបានធ្វើអោយខ្ញុំដឹងយ៉ាងច្បាស់អំពីអារម្មណ៍នាង ព្រោះវាធ្លាប់បានកើតឡើងចំពោះខ្ញុំដែរនោះគឺ "បាក់ស្បាត"។ ខ្ញុំធ្លាប់ទទួលរងនូវសម្ពាធ ឬអារម្មណ៍បាក់ស្បាតនេះពីមនុស្សដែលនៅក្បែរខ្លួនខ្ញុំបំផុត ជាច្រើនដង ច្រើនគ្រា ខ្ញុំដឹង ខ្ញុំយល់ អំពីកែវភ្នែកដែលសម្លឹងមកខ្ញុំក្នុងន័យមិនពេញចិត្តរង្គៀសចិត្តនូវសកម្មភាពដែលខ្ញុំបានធ្វើ ហើយខ្ញុំក៏បានបញ្ចេញទឹកមុខ និងកាយវិការដូចដែលកូនស្រីខ្ញុំបញ្ចេញមកអោយខ្ញុំឃើញ ពេលនាងដឹងថាថង់ដែលនាងបោះលេងនោះបានហើរចូលចានសម្លរ។

មែនហើយ ខ្ញុំបានចិញ្ចឹមកូន អោយកូនក្លាយជាមនុស្សបាក់ស្បាត។ ការស្រែកគំហក សម្លុត វាយដំ និងបង្ហាញអាការៈមិនពេញចិត្តចំពោះសកម្មភាពកូន ទាំងនោះយូរៗទៅបានធ្វើអោយកូនខ្ញុំក្លាយជាក្មេងបាក់ស្បាត។ កែវភ្នែក និងកាយវិការដែលនាងស្តែងឡើងចំពោះមុខខ្ញុំនោះ បានធ្វើអោយខ្ញុំដឹងខ្លួនឯងថា "ខ្ញុំកំពុងចិញ្ចឹមកូនខុសហើយ។ ខ្ញុំបានធ្វើអោយកូនខ្ញុំបាក់ស្បាតដោយសារខ្ញុំហើយ។ ខ្ញុំជាឪពុកចិញ្ចឹមកូនមិនបានល្អទេ"។ យល់ឃើញដូច្នោះភ្លាម ខ្ញុំបានបង្វែរស្ថានការណ៍ ហើយងាកមកមើលអតីតភរិយាខ្ញុំដើម្បីចង់ដឹងពីឥរិយាបទរបស់នាង ប៉ុន្តែផ្ទុយទៅវិញនាងក៏បានចាំមើលការតបតរបស់ខ្ញុំទៅកាន់កូនខ្ញុំវិញដូចគ្នា។ ខ្ញុំបានចាប់ថង់នោះពីចានសម្លរ រួចដាក់ក្នុងថាសវិញ ហើយក៏យកដៃអង្អែលក្បាលនាងថ្នមៗហើយនិយាយថា "កូន កុំលេងអញ្ចឹងទៀត អត់ល្អទេ របស់នោះគគ្រិចណាស់ ហើយកូនយកមកបោះលេងហើយហើរចូលចានសម្លរអញ្ចឹង គឺអត់ល្អទេ។ មោះ! កូនឈប់លេង ហើយញាំបាយអោយអស់សិន សឹមលេងទៀត អូខេ?"។ ស្ថានការណ៍បានប្រែមកជាប្រក្រតីឡើងវិញ នាងបានបង្ហាញអាការៈរីករាយ ឈប់មានសម្ពាធ ហើយក៏បានអង្គុយញាំបាយដោយភាពរីករាយរហូតទាល់តែអស់។

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំបានឈប់ទាំងស្ទើរតែទាំងស្រុងអំពីទង្វើស្រែកគំហក វាយដំ ឬបង្ហាញសកម្មភាពមិនពេញចិត្តចំពោះទង្វើកូនខ្ញុំដោយជំនួសមកវិញនូវការពន្យល់នាង អំពីហេតុដែលមិនត្រូវធ្វើរឿងទាំងនោះ និងផលដែលអាចនឹងទទួលបានពីការប្រព្រឹត្តិរឿងទាំងនោះដូចគ្នា។

***

សេចក្តីបន្ថែមអំពីខ្ញុំ៖ អត្ថបទនេះហាក់បីដូចជាការក្រើនរម្លឹកដល់លោកអ្នកដែលជាមាតាបិតារបស់បុត្រធីតា កុំអោយមានការធ្វេសប្រហែសចំពោះទង្វើបន្តិចបន្តួចទៅលើកូនដែលយើងមិនចាប់អារម្មណ៍ ឬមិនយកចិត្តទុកដាក់ ដូចជា គំហក វាយដំ ឬប្រើប្រាស់ទឹកមុខ កាយវិការមិនពេញចិត្តលើសកម្មភាពរបស់កូន។ សូមលោកអ្នកមេត្តាព្យាយាមសង្កេតដោយយកចិត្តទុកដាក់ និងយកបេះដូងខ្លួនឯងដាក់ក្នុងស្ថានភាពកូន។ 

ចំការដូង ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២១:៥២នាទី

គីនី



No comments:

Post a Comment