ឪពុកនិងកូនស្រី៖
ភាគទី៤: ការយកចិត្តកុមារដាក់ក្នុងចិត្តយើងដែលជាឪពុកម្តាយ (The art of understanding)
នៅថ្ងៃនេះ ខ្ញុំក៏ search Facebook ចង់ដឹងថាតើមានអ្នកណាយកអត្ថបទខ្ញុំដែលបានសសេរ៣ភាគរួចមកហើយនោះយកទៅផូសបន្តដែរឬទេ។ កំពុងតែ search ក៏ស្រាប់តែខ្ញុំបានឃើញអត្ថបទខ្លីមួយដែលខ្ញុំធ្លាប់បានសរសេរកាលកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ដែលផូសនោះមានខ្លឹមសារដូចតទៅ៖
ថ្ងៃមួយ កូនស្រីខ្ញុំ (បងនាថ) មានជម្ងឺរាគមួល។ នាងរាគផង រមួលពោះផង ហើយចេះតែអស់កម្លាំង។ ឃើញកូនខ្សោយដូច្នេះ ខ្ញុំបានព្យាយាមទិញភេសជ្ជះ និងអាហារផ្សេងៗអោយនាងញាំ។ បញ្ចុកបបរនាងបានពីរស្លាបព្រា នាងក៍ប្រាប់ថា អូនឈប់ញាំហើយ។ លឺដូច្នោះ ក្នុងនាមជាឪពុកម្តាយដែលស្រឡាញ់កូនបានព្យាយាមធ្វើយ៉ាងណាអោយកូនខ្លួនឯងញាំបានច្រើន គិតដូច្នោះខ្ញុំក៍បញ្ចុះបញ្ចូលកូនស្រីខ្ញុំអោយញាំទៀត នាងប្រកែកហើយប្រកែកទៀតថា ញាំទៅឈឺពោះ។ ខ្ញុំបានលួងលោមនាងថា "ញាំទៅអត់អីទេ អត់ឈឺទេ" ហើយ នាងក៍ព្រមញាំទាំងខ្លាចចិត្តខ្ញុំដែលជាឪពុក។ ញាំបានមួយស្លាបព្រាទៀត នាងក៍យំហើយប្រាប់ថា អូនឈឺពោះ។ លឺដូច្នោះ ខ្ញុំគិតថានាងប្រហែលជាកុហក់មិនចង់ញាំ ព្រោះខ្ញុំយល់ថាក្មេងៗគឺដូច្នោះឯង ខ្ញុំក៍ប្រាប់នាងថា "អត់អីទេ អត់ឈឺទេ កុំកុហក់"។ នាងញាំទៀត ហើយក៍យំទៀតដោយប្រាប់ថាឈឺពោះដដែល ហើយខ្ញុំក៏ឈប់បញ្ចុកនាងទៅ ដោយគិតថាប្រហែលជានាងធុញមិនចង់ញាំឬមិនឃ្លាន......។
ចំណេរកាលក្រោយមកខ្ញុំក៏បានរាគមួលម្តង ខ្ញុំព្យាយាមញាំបបរដើម្បីមានកម្លាំង។ ញាំហើយភ្លាមក៍ឈឺពោះភ្លាម។ មិនអស់ចិត្ត សាកញាំទៀត ក៍ឈឺទៀត។ ញាំប៉ុន្មាដងក៍នៅតែឈឺ ញាំអ្វីផ្សេងក៍នៅតែឈឺ...ពីបទពិសោធន៏នេះហើយ វាបានធ្វើអោយខ្ញុំនឹកដល់រឿងដែលខ្ញុំបញ្ចុកបបរកូនស្រីរបស់ខ្ញុំ។ ខ្ញុំមិនបានស្ថិតនៅស្ថានភាពដូចនាងទេ ខ្ញុំមិនបានយកចិត្តនាងដាក់ក្នុងចិត្តខ្ញុំឡើយ ហេតុដូច្នោះហើយបានជាខ្ញុំធ្វើវាទាំងងងើល គឺបង្ខំ បញ្ចុះបញ្ចូលអោយនាងញាំទាំងឈឺពោះ រហូតដល់ពេលមួយដែលខ្ញុំជួបស្ថានភាពដូចនាងទើបខ្ញុំដឹងខ្លួនឯង។
***
សេចក្តីបន្ថែមអំពីខ្ញុំ៖ ពិតណាស់ ជាតិជាឪពុកម្តាយគឺតែងតែស្រឡាញ់កូន ខិតខំថែរក្សាកូន ចង់អោយកូនឆាប់ធំធាត់ ឆាប់ជា ចង់អោយកូនញាំអោយបានច្រើន រហូតដល់ពេលខ្លះជាឪពុកម្តាយខ្លួនឯងផ្ទាល់បានភ្លេចគិតថា ខ្លួនកំពុងតែធ្វើរឿងមួយដែលខុសឆ្គងចំពោះអារម្មណ៍ និងមនោសញ្ចេតរបស់កូន ហើយកូនទៀតសោត ដោយខ្លាចឪពុកម្តាយ ក៏ព្រមទទួលយកវាទាំងបង្ខំ។ បទពិសោធន៏មួយនេះបានបង្រៀនអោយខ្ញុំយល់កាន់តែច្បាស់អំពីទំនាក់ទំនងរវាងម្តាយឪពុកនិងកូន ដោយឪពុកម្តាយចាំបាច់ត្រូវយកស្ថានភាពរបស់កូនដាក់ក្នុងចិត្តខ្លួនឯង។
ចំការដូង ភ្នំពេញ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២១:៥៦នាទី។
គីនី
No comments:
Post a Comment