នាមជ្ឈមណ្ឌលជាតិផ្តល់ឈាម បុរសម្នាក់រត់យ៉ាងត្រហេបត្រហប តាមពីក្រោយដោយគ្រូពេទ្យម្នាក់មានយួរធុងទឹកកកតូចមួយ។ មកដល់បរិវេណ ព័ត៌មានមជ្ឈមណ្ឌល បុរសបានពោលទាំងសម្លេងដង្ហក់ ទៅកាន់បុគ្គលិកផ្តល់ព័ត៌មាន ព្រមទាំងហុចប័ណ្ណបរិច្ចាគឈាមស្ម័គ្រចិត្តទៅជាមួយផង៖
- អ្នកគ្រូពេទ្យ ខ្ញុំសូមមកបើកឈានមដែលខ្ញុំបានបរិច្ចាគកាលពីខែមុន ដើម្បីយកទៅជួយឳពុកខ្ញុំ
+ អត់ទោសផង ពេលនេះយើងអត់មានឈាមនៅក្នុងស្តុកទេ
...............
នៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម បុរសម្នាក់ដែលទំនងជាអ្នករត់ម៉ូឌុប បានដើរសំដៅមកកាន់បុរសម្នាក់ ដែលកំពុងឈររ៉េរ៉ ប្រកបទៅដោយទឹកមុខព្រួយបារម្ភ ដោយមានកាន់ប័ណ្ណបរិច្ចាគឈាម រួចហើយក៏និយាយថា៖
- បងប្រុស ខាងមជ្ឈមណ្ឌលអស់ឈាមពីស្តុកមែនទេ? បងត្រូវការឈាមមែនទេ? ខ្ញុំអាចជួយបងបាន ប៉ុន្តែបងត្រូវចំណាយលុយទិញ!
.............
"ខ្ញុំឈប់បរិច្ចាគឈាមហើយ ព្រោះពេលដែលខ្ញុំត្រូវការ ឬមិត្តភក្តិបងប្អូនខ្ញុំត្រូវការ យកប័ណ្ណទៅប្តូរក៏ដោយ ក៏មិនដែលលឺថាមានឈាមនៅសល់ លឺតែអស់ពីស្តុករហូត"។ "ខំបរិច្ចាគអោយពួកវា ដឹងអីវាយកឈាមខ្ញុំទៅលក់ធ្វើមានបាន"។ "ឈាមមិនដែលមានទេ តែបើមានលុយបានឈាមភ្លែត"។ "ទៅខ្វល់អី ត្រូវការឈាមពេលណា បានពេលហ្នឹង អោយតែមានលុយ ខ្វះអីអ្នកលក់ឈាមមួយគគោក"។ "ខ្ញុំអត់ហ៊ានបរិច្ចាគឈាមទេ ព្រោះលឺតែគេនិយាយថា ពេលត្រូវការ រកឈានមិនដែលបាន សុខចិត្តប្រើលុយទិញគេវិញ"....នេះគឺជាអ្វីដែលខ្ញុំបានលឺ ដោយផ្ទាល់ត្រចៀក ដែលនិយាយចេញពីមាត់របស់មិត្តភក្តិរបស់ខ្ញុំមួយចំនួន ក៏ដូចជាការប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយ ទាក់ទងទៅនឹងការបរិច្ចាគឈាម។
លោកអ្នកដឹងទេ ទាំងអ្នកលក់ឈាមក្តី ទាំងអ្នកទិញឈាមក្តី គឺអ្នកទាំងពីរកំពុងតែចូលរួមសម្លាប់ជីវិតរបស់មនុស្សម្នាក់ដោយប្រយោល។ អ្នកជាមនុស្សអាត្មានិយមណាស់ ព្រោះដើម្បីតែជីវិតរបស់បងប្អូនក្រុមគ្រួសាររបស់លោកអ្នក លោកបានបានប្រព្រិត្តនូវទង្វើមួយទាំងមិនដឹងខ្លួនសោះនោះគឺ ការទិញលក់ឈាម។
តាមគោលនយោបាយរបស់មជ្ឈមណ្ឌល មជ្ឈមណ្ឌលត្រូវមានឈាមស្តុកទុកនៅក្នុងស្តុកត្រឹមបរិមាណមួយដែលបានកំណត់នៅក្នុងគោលនយោបាយ។ ដាច់ខាត ឈាមមិនត្រូវស្ថិតនៅក្រោមស្តុកកំណត់នោះទេ។ ហេតុអ្វីបានជាដូច្នោះ? ព្រោះឈាមនៅពេលដែលទទួលបានពីអ្នកបរិច្ចាគហើយភ្លាម គឺមិនមែនមានន័យថា លោកអ្នកអាចយកឈាមនោះទៅបញ្ចូលអោយអ្នកជំងឺដែលត្រូវការឈាមនោះបានភ្លាមៗនោះទេ គឺគេចាំបាច់ត្រូវយកឈាមនោះទៅមន្ទីរពិសោធន៏ ដើម្បីធ្វើការពិនិត្យរកមេរោគក្នុងឈាមទាំង៥ ក៏ដូចជា (filter) បន្សុតឈាម (ខ្ញុំមិនច្បាស់ទេកន្លែងនេះ)។ វាត្រូវការពេលវេលាមួយចំនួនដើម្បីធ្វើកិច្ចការនេះ ម្លោះហើយ បានជានៅពេលដែលឈាមជិតដាច់ស្តុក គឺខាងមជ្ឈមណ្ឌលតែងតែតម្រូវអោយបងប្អូនអ្នកជំងឺ យកឈាមមកប្តូរ ដូច្នេះគេអាចយកឈាមដែលបានពិនិត្យរួចរាល់ហលយនោះយកទៅបញ្ចូលអោយអ្នកជំងឺបាន។
ហេតុអ្វីបានជាតែងតែលឺករណីខ្វះឈាម?
១. យើងតែងតែលឺមជ្ឈមណ្ឌលប្រកាសហើយប្រកាសទៀតអំពីកម្រនៃឈាមដោយសារតែតម្រូវការមានច្រើនជាងអ្នកបរិច្ចាគ។ អ្វីដែលខ្ញុំតែងតែលឺនោះគឺថា ជាមធ្យមក្នុងមួយថ្ងៃ មានតម្រូវការឈាមប្រមាណជា ២៥០ប្លោក ក្នុងខណៈពេលដែលការបរិច្ចាគមានមិនដល់២៥០នាក់ទេក្នុងមួយថ្ងៃ។
២. ឈាមដែលយើងបានបរិច្ចាគទៅមជ្ឈមណ្ឌល គឺមិនមែនសុទ្ធតែអាចប្រើប្រាស់ទាំងអស់នោះទេ ព្រោះឈាមមួយចំនួន បន្ទាប់ពីយកទៅធ្វើការពិសោធន៏រកមេរោគទាំង៥នោះហើយ ហើយបើសិនជារកឃើញថា ឈាមនោះមានមេរោគ ឬឈាមនោះមានបញ្ហាអ្វីផស្សេង នោះគេនឹងយកវាទៅបំផ្លាញចោល។
៣. ខ្ញុំធ្លាប់បានឃើញបានដឹងអំពីការអនុញ្ញាតិអោយខ្ចីឈាម ពីមជ្ឈមណ្ឌលម្តងម្កាល (ទំនងជាមានសល់ក្នុងស្តុកច្រើន)។ បន្ទាប់ពីខ្ចីបានហើយ អ្នកជំងឺមួយចំនួនបានគេចវេសមិនបរិច្ចាគសងមកមជ្ឈមណ្ឌលវិញ ឬមានបញ្ហាអ្វីដែលមិនអាចសងជូនវិញបាន។
ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយថា ទាំងអ្នកលក់ឈាម ទាំងអ្នកទិញឈាម គឺជាមនុស្សអាត្មានិយម ហើយកំពុងចូលរួមសម្លាប់ជីវិតមនុស្សម្នាក់ទៀតដោយប្រយោល?
មែនហើយ ដើម្បីមនុស្សដែលខ្លួនស្រឡាញ់បានរួចពីគ្រោះថ្នាក់ ទោះបីខ្លួនត្រូវចំណាយប្រាក់អស់ប៉ុន្មានក៏ដោយក៏ខ្លួនហ៊ានចំណាយដែរ ដែលរហូតហ៊ានចំណាយទៅដល់ការទិញឈាមនោះទៅទៀត។ ឥរិយាបទរបស់អ្នកលក់ឈាម គេមិនដែលខ្វល់ឡើយថារឿងអ្វីខ្លះអាចកើតឡើងចំពោះអ្នកជំងឺ គេដឹងតែមួយមុខគត់គឺបានលុយពីការលក់ឈាម។ សមាសភាពអ្នកលក់ឈាមទៀតសោត ដែលខ្ញុំបានដឹង បានឃើញ បានលឺគឺមានច្រើនប្រភេទណាស់ មានទាំងកម្មករសំណង់ អ្នករត់ឌុប កម្មករលីសែង អ្នកសុំទាន អ្នករស់នៅតាមចិញ្ចើមថ្នល់ ហើយរហូតមានដល់ទៅអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង (ទាំងអ្នកប្រើប្រាស់តាមរយៈការហិត ការជក់ និងការចាក់តាមសសៃ) យើងកម្រនឹងលឺថាមានមនុស្សធម្មតា អ្នកធ្វើការ អ្នករកសីុ ផ្សេងៗលក់ឈាមដើម្បីយកលុយណាស់។ លោកអ្នកប្រហែលជាអាចស្មានដឹងអំពីស្ថានភាពសុខភាពនៃឈាមរបស់ពួគគេ។ ឈាមរបស់ពួកគេនោះ តិចក្តី ច្រើនក្តី គឺច្បាស់ណាស់ នឹងមានមេរោគនៅក្នុងឈាម។ មែនហើយ លោកអ្នកដែលបានទិញឈាមនោះ គឺមិនបានខ្វល់ឡើយថាអ្វីនឹងកើតឡើង ឬមិនបានដឹងថាអ្វីនឹងកើតឡើងនាពេលអនាគត ក៏ព្រោះតែលោកអ្នកបានទទួលឈាមដែលមានសុវត្ថិភាពរួចទៅហើយ ដោយប្រគល់ជូនមជ្ឈមណ្ឌលវិញនូវឈាមដែលមិនប្រាកដប្រជាថាជាឈាមដែលគ្មានមេរោគ។ ចំណែកអ្នកលក់វិញ ដើម្បីតែលុយ ព្រោះតែការទ័លច្រក សុខចិត្តលក់ឈាមរបស់ខ្លួន បើទោះបីជាដឹងច្បាស់ខ្លួនឯងថា ឈាមរបស់ខ្លួនមានបញ្ហាឬមានមេរោគ ដែលមជ្ឈមណ្ឌលបានហាមមិនអោយបរិច្ចាគ (ជាធម្មតា មុនពេលបរិច្ចាគ គេយកលេខទូរស័ព្ទរបស់យើង ហើយប្រសិនបើក្រោយពីបរិច្ចាគហើយ ហើយរកឃើញថាឈាមយើងមានបញ្ហាឬមេរោគនោះ នោះគេនឹងខលប្រាប់យើងអោយឈប់បរិច្ចាគតទៅទៀត)។
បន្ទាប់ពីបានឈាមសុវត្ថិភាពហើយ អ្នកជំងឺដែលជាសាច់ញាតិរបស់អ្នកទិញក៏បានរួចជីវិត ចំណែកឯអ្នកលក់ក៏បានប្រាក់ ឈាមរបស់អ្នកលក់បន្ទាប់មករកឃើញថាមានមេរោគ គេក៏យកឈាមនោះទៅបំផ្លាញចោល លុះអ្នកមានប័ណ្ណបរិច្ចាគមកបើកយកឈាម ក៏ត្រូវបានបុគ្គលិកមជ្ឈមណ្ឌលប្រាប់ថា អត់មានឈាម ឬឈាមដាច់ស្តុក។ តើអ្នកដែលមានប័ណ្ណឈាមនោះ បងប្អូនគាត់ដែលរងគ្រោះនោះនឹងទៅជាយ៉ាងណា? ត្រូវស្លាប់? ឬត្រូវទិញឈាមពីគេ? ចុះអ្នកលក់ អ្នកទិញនោះ តើមិនមែនជាមនុស្សអាត្មានិយមទេឬ? តើអ្នកទាំងពីរនោះមិនបានចូលរួមសម្លាប់ជីវិតគេម្នាក់ដោយប្រយោលទេឬ? តើហេតុអ្វីបងប្អូនអ្នកជំងឺទាំងអស់មិនអាចបរិច្ចាគដើម្បីជួយមនុស្សជាទីស្រឡាញ់របស់ខ្លួនបាន?
......
ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺពិតជាជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋយើង។ បើសិនជាយើងអាចធ្វើបាន នោះពាក្យថាខ្វះឈាម នឹងលែងកើតមានទៀតហើយ។
.....
ជាចុងបញ្ចប់ សូមអោយអានិសង្សនៃការខំសសេរអស់រយៈពេល១ម៉ោង លើទូរស័ព្ទយ៉ាងកញ្ចាស់បណ្តាលចិត្តអោយបងប្អូនខ្មែរទាំងអស់ ចាគៈនូវភាពអាត្មានិយមសួនតួ ដោយត្រឡប់មកវិញនូវក្តីស្រឡាញ់ ក្តីមេត្តា ក្តីអាណិតអាសូរ ព្រមទាំងមានសទ្ធាជ្រះថ្លា ចែករម្លែកនូវក្តីស្រឡាញ់។
នៅពេលដែលយើងយល់ច្បាស់អំពីច្បាប់ធម្មជាតិដែលថា "គ្រប់យ៉ាងលើលោកនេះ ដែលកើតហើយរមែងរលត់ទៅវិញជាធម្មតា" និង "អ្វីៗគ្រប់យ៉ាងលើលោកនេះ រួមទាំងខ្លួនយើង ដែលយើងគិតថាជារបស់យើងនោះ គឺវាមិនមែនជារបស់យលងនោះទេ" នោះលោកអ្នកនឹងលុះទៅដោយភាពចាគៈ ព្រមទាំងក្តីមេត្តា ករុណា និងមុទិតា។
សូមលោកអ្នកទទួលបាន នូវសន្តិភាពពិតប្រាក សេចក្តីសុខពិតប្រាកដ និងសុភមង្គលពិតប្រាកដ។
ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២១:០៦
គីនី
No comments:
Post a Comment