Tuesday, July 26, 2022

កំសត់អត់?


រឿងហ្នឹងគឺវាអញ្ចេះ៖

កាលពីម្សិល ឳពុកបានខលមក ដោយប្រាប់ថាអោយទៅញាំការគេជំនួសគាត់។ ព្រឹកឡើងគាត់ក៏ខលមកម្តងទៀតថា កុំភ្លេចទៅអោយសោះ ហើយអោយទៅយកសំបុត្រការនៅផ្ទះគាត់។ ទម្រាំនឹងរួចរាល់ពីផ្ទះ ឃើញថាម៉ោង១០ល្មម ហើយក៏ជិះចេញទៅ ដែលចម្ងាយផ្លូវនោះគឺប្រមាណជា១៥គីឡូ។ ១៥គីឡូផ្លូវត្រឡោកបែក មានស្រួលជិះឯណាលោកម្ចាស់អើយ ក្តៅក៏ក្តៅ ស្ទះក៏ស្ទះ គ្រលុកក៏គ្រលុក ហុយក៏ហុយ ណាមួយទៀតជិះម៉ូតូពួកម៉ាកទៅ (ដូរម៉ូតូគ្នាជិះ ព្រោះម៉ូតូខ្ញុំស្រួលជិះ អោយគេយកជិះទៅខេត្ត ឯម៉ូតូគេពិបាកជិះ ទុកអោយខ្ញុំជិះក្នុងភ្នំពេញ)។ និយាយពីម៉ូតូនោះ និយាយពីមហាតឹងទ្រូង ញ័រចង្កូតព្រោះកង់មុខធូរ សប់អត់ឡើង ហើយនិយាយពីកែបវិញ អង្គុយឡើងចុកគូថអស់ហើយ...នៅលើចម្ងាយផ្លូវប៉ុណ្ណេះ ប្រើពេលអស់ជាង៤០នាទីទម្រាំនឹងដល់។ ទៅដល់ឃើញថាម៉ោងជិត១១ល្មម។ ជួបប្អូនស្រី ប្អូនស្រីប្រាប់ថា ការនោះបីអគារ។ នឹកក្នុងចិត្តថា ៣អគារហើយ ទៅស៊ីហ្មងទៅ ព្រោះការធំៗចឹងម្ហូបដឹងតឆ្ងាញ់ហើយ។ សម្រាកបានមួយភ្លេត ក៏ជិះមកកាន់ស្តាតវិញ ដើម្បីជួយការងារ កីឡាជាតិលើកទី១។ ល្ងាចចប់កម្មវិធីកីឡាជាតិ ភ្លាម ក៏ម្នីម្នារូតរះ មកផ្ទះដើម្បីដូរខោអាវ ដោយមិនបានលាគ្រូៗ និងមិត្តភក្តិក្នុងសហព័ន្ធទេ។ មកដល់ម៉ោងជាង៦ ហើយភ្លៀងក៏ចាប់ផ្តើមធ្លាក់មួយទំហឹងមនុស្សចាស់។

ដេកចាំមួយសន្ទុះធំ ក៏ឃើញថាភ្លៀងក៏រាំងល្មម។ ហើយក៏បានងូតទឹក រួចទាញយកអាវថ្មីមួយ មកពាក់ ហើយរៀបចំចេញដំណើរទៅ (សង្ហាដែរតើ)។ ជិះតាមផ្លូវ ភ្លៀងក៏ធ្លាក់មកទៀត ហើយក៏ពាក់អាវភ្លៀងជិះម៉ូតូទៅ ព្រោះបំណាច់នឹងទៅហើយ ដល់ណាក៏ដល់ទៅ។ កក្លិក កក្លាក់ តាមផ្លូវ ក៏មកដល់កោះពេជ្រល្មម ចំពេលម៉ោងជិត៨កន្លះ។ គិតក្នុងចិត្តថា ស៊ីឬអត់? បើសើមៗ ហើយមកក្រោយគេអញ្ចឹងនោះ? សម្រេចចិត្តស៊ី។ ដើរសសៀរតាមវេរ៉ង់ដាអគារ រហូតដល់ច្រកធំ (និយាយពីអ្នកបាំងឆ័ត្រវិញ គេបាំងអោយតែអ្នកផ្សេង ដល់ពេលខ្ញុំ គេមិនខ្ចីបាំងអោយ ទំនងជាមើលទៅគេថា ខ្ញុំអត់ឡានជិះហើយមើលទៅ... ខំកៀបបន្តោងសោរនៅខាងមុខអោយគេឃើញដូចសោរឡានហើយហ្នឹង... ចូលដល់ក្នុងរោង គ្មានអ្នកណាមកគួរសមអីបន្តិចសោះ មើលទៅក្នុងរោង ឃើញអ្នកខ្លះកំពុងញាំ អ្នកខ្លះចេញមកវិញ អ្នកខ្លះកំពុងរាំឡើងវក់វី...ដល់អញ្ចឹងទៅ ក៏គិតថា ស៊ីឬអត់? ចុងក្រោយ អត់ស៊ី ចងដៃហើយ ដើរចេញមកវិញ... អត់លិត។

ចេញមកញាំមីទាញ ម៉ាឆ្អែត ហើយក៏ជិះមកវិញ តាមផ្លូវម៉ូតូអស់សាំងទៀត (ចាញ់បោកទ្រនិចក្រហម) បណ្តើរឡើងធ្លាក់អណ្តាតទម្រាំមកដល់ការ៉ាស់។ ឥឡូវមិនទាន់ចូលផ្ទះទេ នៅសសេរពីរឿងកំសត់សិន។

កំសត់អត់?

No comments:

Post a Comment