Tuesday, July 26, 2022

ការភ័ន្តច្រឡំ

 


ការភ័ន្តច្រឡំ៖

មនុស្សភ័ន្តច្រឡំថា អ្វីៗគ្រប់យ៉ាងគឺនៅស្ថិតស្ថេរជាអមតៈ។

គេភ័ន្តច្រឡំថា សក់ដ៏ស្អាតហើយរឹងមាំរបស់គេ នឹងនៅលើក្បាលគេរហូត ប៉ុន្តែមានឯណា ពីមួយថ្ងៃទៅមួយថ្ងៃ មួយសសៃម្តង សក់នោះបានជ្រុះធ្លាក់មក ហើយជំនួសដោយសក់ថ្មី។

គេភ័ន្តច្រឡំថា សក់ដ៏ខ្មៅរលោងស្រិលរបស់គេ នឹងនៅតែខ្មៅរលោងស្រិលរហូត ផ្ទុយទៅវិញ បន្តិចម្តងៗ សក់ខ្មៅរលោងស្រិលនោះបានប្រែព័ណ៌ទៅជាសបន្តិចម្តង។ បើទោះបីជាខំលាបវាយ៉ាងណាក៏វានៅតែមិនអាចបិទបាំងការពិតបានដែរ។

គេភ័ន្តច្រឡំថា រូបរាងមុខមាត់របស់គេនឹងនៅតែស្រស់ស្អាតរហូត ប៉ុន្តែមិនដូច្នោះឡើយ ពីមួយថ្ងៃទៅមួយថ្ងៃវាបានប្រែក្លាយទៅជាចាស់ជ្រីវជ្រួញ។ ពិតមែនហើយ វាអាចនឹងបិទបាំងតែសម្បកក្រៅបានតែមួយភ្លេតប៉ុណ្ណោះ ហើយវាមិនអាចបិទបាំងការពិតបានឡើយ។

អ្នកខ្លះបានព្យាយាមច្នៃខ្លួនឯង ទាំងរូបរាងកាយក្តី ទាំងលើរូបថតក្តី ដោយព្យាយាមធ្វើអោយឃើញក្មេងជាងមុន ស្អាតជាងមុន...ប៉ុន្តែមិនមែនដូច្នោះឯណា ការពិតគឺមិនអាចបិទបាំងបានឡើយ។

គ្រប់យ៉ាងដែលកើតមកនៅលើលោកនេះ គ្មានអ្វីស្ថិតស្ថេរឡើយ។ វាកើតហើយ ហើយក៏វានឹងរលត់ទៅដោយធម្មជាតិរបស់វា។ នៅថ្ងៃខួបកំណើតរបស់យើងមកដល់មួយឆ្នាំ មានន័យថា យើងខិតទៅកៀកមួយឆ្នាំនៃការរលត់ទៅវិញ។

រស់នៅដោយមិនមានការភ័ន្តច្រឡំថាគ្រប់យ៉ាងស្ថិតស្ថេរនោះ នោះគឺជាការរស់នៅ នៅលើមាគា៌ដែលនាំទៅរកសុខ។

No comments:

Post a Comment