----------
បុរសចំណាស់ម្នាក់ បានជួបបុរសវ័យក្មេងម្នាក់នៅតាមផ្លូវ ហើយបុរសវ័យក្មេងក៏បានសួរថា៖ "លោកគ្រូ! តើចំណាំខ្ញុំបានទេ?"
បុរសចំណាស់ក៏តបថា៖ "សុំទោសប្អូន! ខ្ញុំចំណាំមិនបានទេ!"
បុរសវ័យក្មេងក៏ញញឺមហើយពោលថា៖ "ខ្ញុំធ្លាប់ជាកូនសិស្សលោកគ្រូកាលនៅរៀនថ្នាក់បឋម!"
បុរសចំណាស់តបថា៖ "រីករាយដែលបានជួបគ្នាម្ដងទៀត! ចុះពេលនេះធ្វើការអ្វីដែរ!"
បុរសវ័យក្មេងឆ្លើយថា៖ "ពេលនេះខ្ញុំក្លាយជាគ្រូបង្រៀនមួយរូបដែរ!"
បុរសចំណាស់តបថា៖ "ប្រសើរណាស់! តែប្អូននឹកឃើញអ្វីបានធ្វើជាគ្រូបង្រៀន?"
បុរសវ័យក្មេងរៀបរាប់ថា៖
"ខ្ញុំសម្រេចចិត្តធ្វើគ្រូបង្រៀនដោយសារតែលោកគ្រូអ្នកជម្រុញ! ខ្ញុំនៅចាំថាកាលនៅថ្នាក់បឋម មានថ្ងៃមួយខ្ញុំបានលួចនាឡិកាមិត្តភក្ដិ ហើយគេក៏បានទៅប្ដឹងលោកគ្រូ! លោកគ្រូបានប្រាប់ថាបើនរណាលួចគេត្រូវយកមកឱ្យគេវិញ។ ពេលនោះខ្ញុំនៅតែលាក់នាឡិកានោះទុកក្នុងហោប៉ៅដោយមិនព្រមឱ្យគេវិញទេ។"
"បន្ទាប់មកលោកគ្រូក៏បិទទ្វារចាក់សោរបន្ទប់រៀនហាមមិនឱ្យកូនសិស្សណាចេញឡើយ ហើយលោកគ្រូថានឹងឆែកហោប៉ៅគ្រប់ៗគ្នា។ តែលោកគ្រូដាក់លក្ខខណ្ឌមួយថាកូនសិស្សទាំងអស់ត្រូវបិទភ្នែក ទើបលោកគ្រូដើរទៅឆែកហោប៉ៅ។ ទាំងអស់គ្នាក៏បិទភ្នែក រួមទាំងខ្ញុំដែរ តែខ្ញុំភ័យណាស់ព្រោះដឹងថាបន្តិចទៀតលោកគ្រូនឹងឆែកឃើញ។ "
"ពេលលោកគ្រូមកដល់មុខខ្ញុំហើយស្ទាបហោប៉ៅខ្ញុំ លោកគ្រូក៏រកឃើញនាឡិកានោះ តែលោកគ្រូនៅតែបន្តទៅឆែកសិស្សផ្សេងៗរហូតគ្រប់គ្នា។ ហើយលោកគ្រូក៏ស្រែកប្រាប់ទាំងអស់គ្នាថាឱ្យបើកភ្នែកឡើងវិញព្រោះរកនាឡិកាឃើញហើយ។ តែលោកគ្រូមិនប្រាប់ថាលោកគ្រូរកឃើញក្នុងហោប៉ៅនរណាទេ ដូច្នោះពេលនោះគ្មាននរណាដឹងទេថាខ្ញុំជាអ្នកលួច។"
"ថ្ងៃនោះលោកគ្រូបានជួយការពារកិត្តិយសរបស់ខ្ញុំ។ លោកគ្រូមិនបាននិយាយប្រដៅខ្ញុំមួយម៉ាត់ ឬស្ដីបន្ទោសបន្តិចក៏អត់ដែរ! តែកិត្តិយសដែលលោកគ្រូរក្សាការពារជូនខ្ញុំ និងឱកាសដែលលោកគ្រូផ្ដល់ឱ្យខ្ញុំដើម្បីកែខ្លួន ធ្វើឱ្យខ្ញុំសម្រេចចិត្តភ្លាមៗថានឹងឈប់លួចគេអស់មួយជីវិត ហើយនឹងធ្វើជាមនុស្សល្អរហូត!"
"ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្ដើមចង់ក្លាយជាអ្នកបន្តវេនពីលោកគ្រូ ដើម្បីបន្តផ្ដល់ឱកាសដល់ក្មេងៗជំនាន់ក្រោយដែលស្រដៀងនឹងខ្ញុំកាលពីអតីតកាល! តើលោកគ្រូចាំបានហើយឬនៅ?"
បុរសចំណាស់តបថា៖ "អូ! ខ្ញុំចាំបានហើយ! ខ្ញុំចាំច្បាស់ណាស់ពីរឿងដែលកើតឡើងនៅថ្ងៃនោះ! ចាំពីនាឡិកាដែលបាត់ ចាំពីការដើរស្ទាបហោប៉ៅ និងចាំមុខម្ចាស់នាឡិកាច្បាស់! តែខ្ញុំមិនចាំមុខប្អូនឯងទេ ព្រោះពេលខ្ញុំដើរទៅស្ទាបហោប៉ៅនោះ ខ្ញុំក៏បិទភ្នែកដែរ ដោយសារខ្ញុំគិតថាឱ្យតែរកនាឡិកាជូនម្ចាស់ដើមវិញបាន ហើយអ្នកលួចគេដឹងកំហុសនិងកែខ្លួន នោះការងារខ្ញុំជោគជ័យហើយ!"
(រូបភាពតំណាងតែប៉ុណ្ណោះ)
ប្រភព៖ https://www.facebook.com/106011117598414/posts/pfbid029f2PUYfTP7c8tdP4TgmQRW94Xg4Sw2ZB4d8wQ8X8u3u2rB7qez5Y66R6MU7fKKJrl/
No comments:
Post a Comment