Saturday, July 23, 2022

ឳពុកនិងកូនស្រី៖ ភាគទី៧ - វេលាល្អៗនៅតិចណាស់



ថ្ងៃនេះនៅឯសួនទឹក Grand Phnom Penh បន្ទាប់អូនសួស្តីបានដើរតម្រង់មកប៉ាប៉ាទាំងទឹកភ្នែកសស្រាក់ហើយនិយាយថា៖

សួស្តី៖ ប៉ា! បងប៊ី ធ្វើអោយអូនដួល។

ប៉ាប៉ា៖ កុំទាន់អាលយំ អោយប៉ាប៉ាសួរសិនមើល។

សួស្តី៖ ចា!

ប៉ាប៉ា៖ កូនមកលេងទឹកអញ្ចឹងសប្បាយអត់?

សួស្តី៖ សប្បាយ!

ប៉ាប៉ា៖ ចុះហេតុអីបានយំ? 

សួស្តី៖ បងប៊ីធ្វើអោយអូនដួល

ប៉ាប៉ា៖ បើកូនមកលេងទឹកដើម្បីសប្បាយ ហើយមកដល់ទីនេះ កូនបែរជាយំអញ្ចឹង តើសប្បាយអត់? 

សួស្តី៖ អត់ទេ

ប៉ាប៉ា៖ អញ្ចឹងកូនឈប់យំ ហើយទៅលេងបន្តទៀតចុះ។ 


ថារួច អូនសួស្តី ក៏បានរត់ក្នុងទឹក ហើយចាប់ផ្តើមសើចលេងសប្បាយម្តងទៀត។

បន្ទាប់ពីលេងបានប្រមាណជាង៣០នាទី អូនសួស្តីក៏មកយំប្រាប់ប៉ាប៉ាម្តងទៀត។


សួស្តី៖ ប៉ា! អូនចង់បានអាវពោងពីបងនាថ!


ដោយមិនចង់អោយមានបញ្ហាដោយសាររឿងអាវពោងនោះ ប៉ាប៉ាក៏បាននិយាយទៅកាន់អូនសួស្តី៖

ប៉ាប៉ា៖ សួស្តី ចាំប៉ាប៉ាប្រាប់។ កូនមកនេះ មកលេងទឹកអោយសប្បាយតើ ហើយបើកូនរវល់តែដើរតាមទារអាវពោងពីបងនាថ តើកូនមានពេលឯណាមកលេងទឹកអោយសប្បាយនោះ? កូនអាចលេងទឹកបានសប្បាយដោយមិនចាំបាច់មានពោងក៏បាន។ ពោងនោះវាអត់សំខាន់ជាងការដែលកូនសប្បាយនឹងអ្វីដែលកូនមាននោះទេ។ មុនហ្នឹង កូនអត់មានពោងផង តែកូននៅតែលេងដោយសប្បាយ ចុះហេតុអ្វីពេលនេះបានជាកូនទាមទារយកពោងទៅវិញ?


ទទួលស្តាប់រួច អូនសួស្តីក៏សើចសប្បាយធម្មតា រួចក៏រត់ទៅលេងទឹកធម្មតា ដោយឈប់ទារអាវពោងពីបងនាថ។

កូនស្រីទាំងពីររបស់ឳពុក! ប៉ាចង់អោយកូនចាំថា ធម្មជាតិនៃពេលវេលាគឺយុត្តិធម៌ណាស់ ទៀងណាស់ វាផ្តល់ជូនកូននិងមនុស្សផងទាំងពួងស្មើៗគ្នា ហើយវាក៏យកពីកូននិងមនុស្សផងទាំងពួងក៏ដូចៗគ្នា។ កូនមានពេលវេលាកំណត់ ហើយពីមួយពេលទៅមួយពេល ពេលវាលានោះកាន់តែខើចខ្លី។ ចូរកូនរីករាយជាមួយនឹងពេលវេលាដែលសេសសល់សម្រាប់កូន ដោយមិនត្រូវទោម្នេញនឹងរឿងអកុសលទាំងអម្បាលមាណដែលបាននុងកំពុងកើតមានចំពោះកូន។ ប៉ាក៏សូមអោយកូនស្រីទាំង២ជាមនុស្សដែលរីករាយនឹងអ្វីដែលខ្លួនកូនកំពុងមាន។

No comments:

Post a Comment