Saturday, July 23, 2022

ច្បាប់ស្រី

 ច្បាប់ស្រី!

ខ្ញុំធ្លាប់បាន download ច្បាប់ស្រី ជាសម្លេងបានកាលពីឆ្នាំ២០១១។ ខ្ញុំបានចាក់វាស្តាប់ស្ទើរតែរៀងរាល់ចុងសប្តាហ៏ គឺនៅពេលខ្ញុំសម្រាកពីការងារហើយធ្វើការងារផ្ទះមួយចំនួន។ ស្តាប់វា ធ្វើអោយខ្ញុំនឹកឃើញអនុស្សាវរីយ៏កាលពីខ្ញុំនៅកុមារ ដែលកាលណោះខ្ញុំរៀនថ្នាក់ទី៤។ បងប្រុសខ្ញុំរៀនថ្នាក់ទី៦ ដែលជំនាន់នោះ បងខ្ញុំបានចេះវា ហើយសូត្រអោយខ្ញុំស្តាប់។ គាត់ថាកំណាព្យនោះជាប្រភេទបទភុជ្ជង្គលីលា ដែលជាបទមួយមានចង្វាក់គួរអោយចូលចិត្ត។ គាត់បានសូត្រអោយខ្ញុំស្តាប់ ដោយមើលសៀវភៅ។ ដោយទាក់ចិត្ត ខ្ញុំក៏យកវាមកសូត្រតាមសៀវភៅ ហើយក៏ត្រូវបានលើកទឹកចិត្តដោយម្តាយរបស់ខ្ញុំដូចគ្នា។ គាត់ថាកំណាព្យនោះល្អណាស់ គាត់ក៏ធ្លាប់ចេះចាំកាលពីគាត់នៅរៀនអនុវិទ្យាល័យដូចគ្នា។ គាត់ថា ឳពុកគាត់តឹងតែងណាស់ បង្ខំអោយកូនៗរបស់គាត់ដែលភាគច្រើនគឺជាស្រី សូត្រនូុវកំណាព្យទាំងនោះ ព្រោះគាត់ដឹងថាវាល្អសម្រាប់កូនស្រី។

ក្រោយមកនៅពេលដែលខ្ញុំចូលមកថ្នាក់អនុវិទ្យាល័យ ខ្ញុំធ្វើរឿងសូត្រកំណាព្យនោះបានយ៉ាងល្អ ហើយត្រូវបានអ្នកគ្រូខ្មែរកោតសសើរ មិនថាអោយខ្ញុំត្រូវសូត្រនូវល្បះណាមួយក៏ខ្ញុំអាចសូត្រនិងចាំបានយ៉ាងល្អៗ

មកទល់ពេលនេះ ខ្ញុំនៅតែចាំបានមួយចំនួនអំពីកំណាព្យនោះ ហើយនៅតែអោយតម្លៃទៅលើវា។ ចិត្តខ្ញុំនៅតែរំពឹងថា ពេលកូនស្រីទាំងពីររបស់ខ្ញុំធំឡើង ខ្ញុំនឹងចាក់កំណាព្យនេះអោយគ្នាស្តាប់ដើម្បីអោយគ្នាបដិបត្តិតាម ដោយខ្ញុំមិនមានការសង្ស័យសោះឡើយថា ច្បាប់ស្រី នេះគឺជាមើលងាយមើលថោកស្ត្រី ឬក៏ជំរុញអោយស្ត្រីនៅក្រោមបុរសនោះទេ។ គ្មានឳពុកណាចង់អោយកូនស្រីរបស់ខ្លួនអាក្រក់នោះទេ គ្មានឳពុកម្តាយណា ចង់អោយកូនស្រីខ្លួនត្រូវគេមើលងាយនោះឡើយ គឺមានតែចង់អោយកូនស្រីបានខ្ពង់ខ្ពស់ រស់នៅដោយសុខសន្តិភាព ព្រោះខ្លួនជាឳពុក ដែលជាប្រុសម្នាក់ពិតជាយល់ច្បាស់ណាស់នូវអ្វីដែលខ្លួនចង់បានពីមនុស្សស្រី ដែលការអោយរបស់មនុស្សស្រីនោះនឹងធ្វើអោយខ្លួនជាបុរសមានការក្រែងរអារចិត្ត អាណិត ស្រឡាញ់ គោរព ផ្តល់តម្លៃ ដល់ស្ត្រីវិញ។ ស្ត្រីដែលអាចបដិបត្តិតាមច្បាប់ស្រីនេះដោយខ្ជាប់ខ្ជួននោះ នោះពិតណាស់ នាងនឹងទទួលបាននូវការគោរព ស្រឡាញ់ ផ្តល់កិត្តយស ពីសំណាក់បុរសវិញមិនខាន ហើយក៏គ្មានបុរសពិតឯណា ដែលទៅមើលងាយ មើលថោកដល់ស្ត្រីដែលបដិបត្តិបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ស្រីនេះទេ។

ជូនកូនស្រីមាសឳពុក ក្នុងនាមជាឳពុក នៅពេលកូនធំដឹងក្តីឡើង ប៉ាសូមអោយកូនជាបុគ្គលដែលមានសត្ថភាពយល់ដឹងនិងបដិបត្តិនូវច្បាប់ស្រីនេះ អោយបានកាន់តែច្រើនកាន់តែល្អ ពីព្រោះវានឹងនាំអោយកូនទទួលបាននូវតម្លៃមួយដែលមិនអាច មានអ្វីនឹងកាត់ថ្លៃបាន។ កូននឹងទទួលបាននូវការគោរព ស្រឡាញ់ លើកតម្កើង ព្រមទាំងទទួលបាននូវភាពសុខដុមរម្យនាពិតប្រាកដ សេចក្តីសុខពិតប្រាកដ និងសន្តិភាពពិតប្រាកដ។





No comments:

Post a Comment