Friday, December 30, 2022

ធ្វើល្អ

 ហេតុអ្វីបានជាត្រូវធ្វើល្អរៀងរាល់ខណៈ? ពីព្រោះថា បើសិនជាខណៈក្រោយ ជីវិតយើងរបស់យើងត្រូវបញ្ចប់មែននោះ នោះមានន័យថាយើងបញ្ចប់វាដោយសេចក្តីល្អ។

គ្រប់យ៉ាងលើលោកយើងនេះ រមែងកើតហើយ ហើយក៏រលត់ទៅវិញជាធម្មតា។ អ្នកទាំងឡាយ ចូរញាំងនូវកិច្ចផងទាំងពួងអោយសម្រេចដោយសេចក្តីមិនប្រមាថ។



Saturday, December 3, 2022

គ្រូទាយ ម្តាយថា

នឹកឃើញដល់ឬកនិងសម្តីរបស់កុមារ២នាក់ដែលជាបងប្អូននិងគ្នា អាប្អូនគឺជាកូនសិស្សរបស់ខ្ញុំ ឯអាបងវាអត់ហាត់ជាមួយខ្ញុំទេ វាទៅប្រដាល់សេរី។ វាធ្លាប់សុំខ្ញុំហាត់បានពីរបីថ្ងៃដែរ វាហៅខ្ញុំថាលោកគ្រូៗពេញមាត់។ កុមារបងគឺជាមនុស្សអួតអាង ហើយមកថ្ងៃហាត់ដំបូងគ្នាចាប់ផ្តើមបង្កររឿងជាមួយសិស្សក្នុងក្លឹបចាស់ៗ ដោយយកភាពអួតអាងរបស់ខ្លួនលើកីឡាប្រដាល់សេរី យកមកច្របូកច្របល់ ផ្លែផ្កា ដៀមដាមដាក់សិស្សដទៃទៀត។ ថ្ងៃបន្តបន្ទាប់ក៏ដូចគ្នាដែរ ហើយខ្ញុំបានហៅគ្នាមិននិយាយប្រាប់ ក្នុងនាមជាគ្រូ ដោយគេមិនស្តាប់ ខ្ញុំក៏បានបញ្ឈប់គេពីក្លឹប ដោយប្អូនរបស់គេនៅហាត់ដដែល។ មុននឹងគេចេញទៅ ខ្ញុំបាននិយាយថា បើសិនជាប្អូនមិនចោលចរឹកអួតអាងបែបនេះទេ ថ្ងៃណាមួយប្អូននឹងទទួលជួបនូវគ្រោះកាច។ កុំអោយគ្រូទាយ ម្តាយថា អោយសោះ។ គេបាននិយាយថា បងឯងមិនមែនគ្រូខ្ញុំទេ។ ហើយគេក៏បានដើរចេញទៅ។ មិនបានខឹងមិនបានទោមនស្សជាមួយនឹងសម្តីក្មេងម្នាក់នោះឡើយ ព្រោះខ្ញុំបានមើលឃើញនូវអនាគតជីវិតរបស់ហើយ ហើយបានត្រឹមតែនិយាយប្រាប់ប្អូនរបស់គេអោយប្រយ័ត្នខ្លួន កុំព្យាយាមដើរជាមួយគ្នា ដោយរម្លឹកនូវពាក្យគ្រូទាយម្តាយថាដល់គេរហូត។ កុមារប្អូនក៏មិនជឿខ្ញុំដែរ។

ថ្ងៃស្រាប់តែកុមារប្អូនបានមកជួបទាំងយំសស្រាក់ ហយលើកដៃសំពះថា លោកគ្រូអើយ អោយខ្ញុំសូមទោសដោយខ្ញុំអត់ជឿលោកគ្រូ។ នៅពេលនេះខ្ញុំយល់ហើយ ហើយក៏ដឹងពីបំណងល្អរបស់លោកគ្រូដែរ។ ដោយមិនស្តាប់ពាក្យលោកគ្រូ ពេលនេះបងខ្ញុំស្លាប់បាត់ហើយ គឺស្លាប់ដោយភាពអួតអាងរបស់គាត់ គឺសិស្សរៀននៅជាមួយគាត់ជាអ្នកវ៉ៃគាត់ពីក្រោយ ធ្វើអោយដួល រួចហើយក៏ទាត់គាត់មួយជើងចំមុខពេញទំហឹង។ គាត់ស្លាប់ពេលបញ្ជូនទៅពេទ្យតាមផ្លូវ។ និយាយហើយ កុមារនោះក៏លាចេញទៅ ហើយសន្យានឹងគោរពចងចាំពាក្យសម្តីរបស់ខ្ញុំ។



ស្រណោះម្ហូបការ

កាលពី៦ឆ្នាំមុន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦!

ស្រណោះម្ហូបការ៖

រឿងនេះនិទានអំពីការយល់ឃើញលុះដោយគិតពិចារណាទៅលើហេតុនិងផល។ ម្សិលមិញ ខ្ញុំបានទៅញាំការជំនួសឪពុកខ្ញុំ។ កម្មវិធីអាពាហិពាហិនោះធំណាស់ ហើយពោរពេញទៅដោយភ្ញៀវកិត្តយសដែលមានឋានះធំដុំ។ ចំណែកឯម្ហូបអាហារវិញគឺសុទ្ធតែជាម្ហូបល្អៗ ពោរពាសនៅលើទុក អមដោយស្រាថ្លៃៗ។ ការហូបចុក និងរាំរែកបានចាប់ផ្តើមឡើង ចំណែកឯអាហារក៏ចេះតែផ្លាស់ប្តូរពីមួយមុខៗ រហូតដល់មហូបចុងក្រោយ ដែលមានបាយស បាយមាន់ហៃណាំ មីឆាពិសេស ម្ជូរពងត្រី ព្រមទាំងបង្អែមបាយតំណើបសង់ខ្យា។ ក្រលេកឃើញម្ហូបនៅសល់ពេញតុ ដោយគ្មានអ្នកណាអាចញាំតទៅទៀតបាន បានឃើញអ្នកចូលរួមទាំងឡាយកំពុងតែរាំយ៉ាងសប្បាយជាមួយនឹងភ្លេង លេងនិងច្រៀងដោយតារាល្បីៗ បានឃើញនូវទិដ្ឋភាពសប្បាយខ្ញៀវខ្ញារនៃអ្នកហូបសុរា បានឃើញនូវបុគ្គលិកចាប់ទឹកកកនិងអ្នកនាំភ្ញៀវអង្គុយប្រជ្រៀតគ្នាញាំម្ហូបការដែលម្ចាស់កម្មវិធីអោយមួយតុ...ទិដ្ឋភាពទាំងនោះវាបានធ្វើអោយខ្ញុំនឹកឃើញស្រម័យទៅដល់ទិដ្ឋភាពមួយទៀតដែលផ្ទុយគ្នាស្រឡះពីនោះ គឺទិដ្ឋភាពកុមារ មនុស្សជរាគ្មានទីពឹង មនុស្ស អនាថា អ្នក្រីក្ររស់នៅក្រោមដំបូលរហែក គ្មានបាយ គ្មានទឹក គ្មានអ្វីហូបចុក...មួយជីវិតពួកគេ ពិតណាស់ទំនងជាពួកគេមិនដែលស្គាល់ឡើយនូវរស់ជាតិម្ហូបការលំដាប់ថ្នាក់កំពូលនោះទេមើលទៅ សូម្បីតែម្ហូបការធម្មតាក៏ពួកគេមិនដែលទាំងនឹកនាឃើញផង។ គិតឃើញដូច្នោះ គំនិតមួយក៏ស្រាប់តែផុសមកកាន់ខួរក្បាលខ្ញុំម្តងទៀត គឺគំនិតនៃការខ្ចប់ម្ហូបអារហារដែលនៅសល់ញាំមិនអស់នោះ យកទៅអោយមនុស្សអនាថា ចាស់ជរាគ្មានទីពឹងទាំងនោះ។ ប៉ុន្តែអ្វីមួយបានមករាំងខ្ទប់នូវការសម្រេចចិត្តរបស់ខ្ញុំ វានោះគឺ បើសិនជាខ្ញុំខ្ចប់កាន់យួរវាទៅ តើមនុស្សផងទាំងពួងដែលនៅក្នុងកម្មវិធីនោះ នឹងមើលមកខ្ញុំជាមនុស្សយ៉ាងណា? ស៊ីហើយខ្ចប់យកទៅផ្ទះទៀត។ ខ្ចប់យកអោយឆ្កែ? បែបមិនទេ! ខ្ចប់យកអោយមនុស្សអនាថា? បែបមិនទេ! ទំនងជាគាត់ហ្នឹងខ្ចប់យកទៅអោយប្រពន្ធកូននៅផ្ទះតែម្តងហើយ មនុស្សប្រុសនេះមើលទៅយ៉ាប់ណាស់ ស៊ីហើយខ្ចប់ទៀតនោះ!។ ទាំងនោះគឺជាសម្តីដែលអាចនឹងលឺពីមនុស្សទាំងនោះ បន្ទាប់បីឃើញមនុស្សខ្ចប់អាហារចេញទៅក្រៅ។ ពិតណាស់ហើយ ខ្ញុំមិនគួរណាយករឿងទាំងនោះមកដាក់នៅក្នុងចិត្តរបស់ខ្ញុំនោះទេ ខ្ញុំគួរតែជាមនុស្សដែលជឿជាក់ជាក់ខ្លួនឯង ធ្វើជាមនុស្សខ្វាក់មើលមិនឃើញ ធ្វើជាមនុស្សថ្លង់មិនខ្ចីលឺនូវពាក្យសម្តីនិន្ទារបស់មនុស្សទាំងនោះ ប៉ុន្តែធាតុពិតមានឯណា ខ្ញុំជាមនុស្សមានភ្នែកភ្លឺខ្ញុំអាចមើលឃើញនូវក្រសែភ្នែកដែលមើលមកខ្ញុំដោយភាពនិន្ទា ត្រចៀកខ្ញុំនៅស្តាប់លឺពាក្យសម្តីរបស់គេដែលអាចនិន្ទាខ្ញុំ...ទាំងនោះហើយវាបានធ្វើអោយខ្ញុំសម្រេចចិត្តមិនខ្ចប់វាយកទៅក្រៅ ហើយបានតែសម្លឹងនូវម្ហូបអាហារទាំងនោះទាំងក្នុងចិត្តសោកស្តាយ។

សម្រាប់ខ្ញុំនៅពេលនេះ ខ្ញុំមានចេតនាមួយគឺចង់អោយមនុស្សទាំងអស់មានការចែករម្លែក គឺចែករម្លែកនូវអាហាររបស់យើងដែលនៅសល់ ដើម្បីជាសេចក្តីសុខជូនដល់មនុស្សអនាថា ជនចាសជរា អ្នកក្រីក្រទុរគតទាំងឡាយអោយបានទទួលនូវរស់ជាតិមួយដែលពួកគេមិនធ្លាប់បានហូបពីមុនមក ឬក៏មិនដែលធ្លាប់នឺងស្រមៃដល់។

បើអាចទៅរួច ខ្ញុំសូមសំណូមពរដល់មិត្តភក្តិភក្តិខ្ញុំទាំងឡាយ ឬម្ចាស់ដើមការទាំងឡាយ នៅពេលមានកម្មវិធីរៀបអាពាហិពាហិ លោកអ្នកគួរគ្រប់គ្រងម្ហូបអាហារនៅសល់ទាំងនោះ ដោយរៀបចំទុកដាក់អោយបានស្រួលតាមមុខម្ហូបទាំងនោះ ហើយធ្វើការវេចខ្ចប់ដាក់ក្នុងប្រអប់អោយបានរៀបរយ ដោយអាចមាន បាយ ឬមីឆាមួយកញ្ចប់ បូករួមជាមួយម្ហូបក្រៀមក្រោះដែលនៅសល់ពីតុដូចជា ដុំសាច់ជ្រូកខ្វៃ សាច់ទាខ្វៃ គ្រៀងក្លែម៨មុខដែលនៅសល់តិចតួច ក្បាលត្រី...។ល។ រៀបចំហើយ គួរតែយកអាហារខ្ចប់ទាំងនោះមកដាក់នៅជិតផ្លូវចេញ ដោយសសេរអក្សរថា “នេះជាម្ហូបសម្រាប់យកទៅចែកចាយដល់មនុស្សអនាថានៅតាមផ្លូវ លោកអ្នកអាចយកវាទៅជាមួយ។” ។ ធ្វើបែបនេះ គឺមានន័យថា ម្ហូបអាហារដែលសល់នោះនឹងត្រូវបាននាំយកចេញទៅភ្លាមៗដោយមិនចាំបាច់យប់ជ្រោពេកដែលអាចនាំអោយម្ហូបអាហារនោះផ្អូម។ ខ្ញុំជឿថាមិនខ្វះមនុស្សដែលជិះនាំយកអាហារនោះទៅអោយពួកគេនោះទេ ប្រសិនជាមានការរៀបចំទុកដាក់បានស្រួល។ ចំពោះអ្នកទៅញាំការវិញ បើអាច លោកអ្នកអាចយកថង់ទៅជាមួយដើម្បីខ្ចប់ទុកម្ហូបនោះដោយខ្លួនឯង ដើម្បីយកទៅអោយជនអនាថាទាំងឡាយ។ ចំណែកមនុស្សផងឯទៀត នៅពេលដែលឃើញគេធ្វើបែបនោះ គប្បីមានគំនិតវិជ្ជមានថា ទំនងជាគេយកទៅចែកអោយអនាថាហើយមើលទៅ។ 

យើងសាកស្រមើលស្រមៃទៅមើលថា បន្ទាប់ពីបានកញ្ចប់អាហារពីយើងរួចមក បងស្រីអនាថាម្នាក់ដែលមានកូន៣ នឹងសប្បាយចិត្តយ៉ាងណាទៅ នៅពេលដែលឃើញនៅក្នុងនោះជាជ្រូកខ្វៃ ទាខ្វៃដ៏មានឳជារសឈ្ងុយឆ្ងាញ់។ ពេលនោះកូនគាត់នឹងប្រញាយដណ្តើមគ្នា ហើយនាំគ្នាញាំយ៉ាងសប្បាយ...ពេលឃើញទិដ្ឋភាពនោះ អារម្មណ៏រីករាយនឹងមកដល់ខ្លួនយើង។ អារម្មណ៏រីករាយសប្បាយចិត្តទាំងនោះហើយ គឺជាបុណ្យ។​

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកវា ហើយចែករម្លែកបន្ត ដើម្បីបង្កើនការយល់ដឹងអំពីការគ្រប់គ្រងម្ហូបអាហារដែលសល់នៅរោងការ។

សូមអរគុណ។

គីនី



Friday, November 25, 2022

ទឹកចិត្តអ្នកម្តាយ

ឈាមមួយប្លោកអាចជួយជីវិតមនុស្សម្នាក់បានដែរឬទេ? តើទឹកចិត្តម្តាយចំពោះកូន ខ្លាំងដល់កម្រិតណា?

 ខែវិច្ថ្នេះ ថ្លៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា ៨:០០យប់ ជាពេលដែលខ្ញុំកំពុងនាំកូនខ្ញុំដើរលេងនៅផ្សារអីុអន២ ស្រាប់តែមានទូរស័ព្ទមួយខលមកខ្ញុំថា គាត់ត្រូវបានមិត្តភក្តិគាត់អោយខលមកខ្ញុំដើម្បីសុំជំនួយរឿងបរិច្ចាកឈាម ចំនួន៣ប្លោក។ គាត់ប្រាប់ថា ប្អូនប្រុសគាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ គឺត្រូវការឈាមបន្ទាន់។ ម្តាយគាត់ និងបងស្រីគាត់នៅភ្នំពេញ នៅជួយមើលប្អូននិងកូន ចំណែកគាត់នៅកំពង់សោម។ គាត់ប្រាប់ថា ម្តាយគាត់និងបងប្អូមគាត់អត់ដែលស្គាល់ភ្នំពេញទេ គាត់មកតែ៣នាក់អ្នកជំងឺតែប៉ុណ្ណោះ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំអាចជួយសម្របសម្រួលបានជាមួយមិត្តរួមក្រុមខ្ញុំ ដោយឈរលើគោលការណ៏ស្ម័គ្រចិត្តទៀត ហើយមានបណ្ណមួយចំនួន ប៉ុន្តែខ្លាចក្រែងពេទ្យអនុញ្ញាតបានតែ១។ មកដល់មជ្ឈមណ្ឌលផ្តល់ឈាម ខ្ញុំបានជួបម្តាយនិងបងស្រីគាត់ គាត់ទាំងពីរពិតជាមិនស្គាល់ភ្នំពេញ និងរបៀបនៃការធ្វើការងារទេ ព្រោះនេះជាលើកទី១របស់គាត់។ ខ្ញុំបានសម្រសម្រួលនិងជជែកជាមួយពេទ្យអំពីលទ្ធភាពនៃការបរិច្ចាគ២ និងបើកឈាមមួយ។ ខ្ញុំសំណូមពរគ្រូពេទ្យ បើអាច សូមបូមតែកូនស្រីគាត់ម្នាក់បានហើយ ហើយម្តាយដែលមានវ័យ៥៣ឆ្នាំនោះ មើលទៅខ្លាចគាត់ទប់អត់ជាប់ ព្រោះខ្លាចគាត់ខ្សោយ ដោយសារអត់បានគេង។ លឺដូច្នោះ អ្នកម្តាយក៏បាននិយាយដោយទឹកមុខព្រួយបារម្ភថា អត់អីទេអ្នកគ្រូពេទ្យ ខ្ញុំអាចទប់ទល់បាន ដើម្បីតែកូនប្រុសរបស់ខ្ញុំ។ អ្នកគ្រូពេទ្យក៏បានពន្យល់ដែរថា អត់អីទេ ពេទ្យនឹងពិនិត្យលទ្ធភាពគាត់ វ័យប៉ុណ្ណេះអាចបរិច្ចាកបាន ហើយទាល់តែជាប់តេស្ត ទើបពេទ្យបូមចេញ ហើយករណីខ្វះឈាមអី ខាងមជ្ឈមណ្ឌលក៏អាចជួយសម្រួលអោយជំពាក់បានសិនដែរ ដោយយកមកសងវិញនៅថ្ងៃស្អែក។

វិនាទីនោះ ខ្ញុំពិតជាកោតសសើរនូវវិរៈភាពរបស់អ្នកមីងជាម្តាយពិតមែន ក៏ព្រោះតែកូនរបស់គាត់ គាត់នៅតែថែរក្សានិងស្រឡាញ់ការពារ ដោយមិនគិតពីខ្លួនឯង។ គាត់ធ្វើក៏ព្រោះតែកូន ដើម្បីតែភាពសុខដុមរម្យនារបស់កូន។ បងស្រីវិញក៏ដូចគ្នា ដើម្បីតែប្អូន បងស្រីបានលះបង់គ្រប់យ៉ាងដើម្បីតែប្អូនបានរស់។ ទឹកចិត្តនិងវិរៈភាពរបស់មីងជាម្តាយ និងបងស្រីនោះគឺពិតជាអស្ចារ្យខ្លាំងណាស់។

ខ្ញុំបានសួរបញ្ជាក់គាត់ថា មីងមកទីនេះជាមួយកូនស្រី តើបានអ្នកណានៅជាមួយអ្នកជំងឺ? គាត់ថា គ្មានជំរើសទេ គឺអ្នកជំងឺនៅតែម្នាក់ឯង។ ពិតជាស្លុតចិត្តណាស់ដែលលឺបែបនេះ។

ឈាមបានគ្រប់ទាំង៣ប្លោក។ អ្នកមីងនិងកូនស្រីក៏ប្រែជាស្រស់ថ្លា ហើយខ្ញុំបានជូនគាត់និងកូនស្រីត្រឡប់ទៅពេទ្យវិញ។ អ្នកមីងនិងប្អូនស្រីបានលើកដៃប្រណម្យ ថ្លែងអំណរអរគុណដល់ខ្ញុំព្រមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តផ្តល់ឈាមដើម្បីជួយជីវិតមនុស្ស និងជូនពរក្រុមការងារទាំងអស់ជួបតែក្តីសុខ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារយើងទាំងអស់ដែលបានជួយជ្រោមជ្រែងពាំនាំព័ត៌មាន និងមធ្យោបាយនានាដើម្បីជួយដល់បេសកកម្មមួយនេះ។ អរគុណដល់បង ចេវ ដែលជាសន្តិសុខគម្រូរបស់ អេអឹមខេ ផងដែរដែលបានខ្នះខ្នែង និងត្រៀមខ្លួនដើម្បីជួយជីវិតមនុស្ស។

អរគុណដល់បុគ្គលិកមជ្ឈមណ្ឌលផ្តល់ឈាមដែលបានជួយសម្របសម្រួលបំពេញសេវាកម្មជូនដល់អ្នកជំងឺ។ សេវាកម្មនៅទីនោះពិតជាល្អ និងមានតម្លាភាពណាស់។

នៅតែមិនភ្លេចដល់កូនស្រីទាំងពីររបស់ខ្ញុំ ដែលបានលះបង់សេចក្តីសុខ និងភាពរីករាយរបស់ខ្លួន ហើយអនុញ្ញាតអោយប៉ាប៉ាបំពេញកិច្ចការសប្បុរសធម៌នេះដោយជោគជ័យ។

សូមអ្នកទាំងអស់គ្នា ចូលរួមជាមួយយើងខ្ញុំ ដើម្បីជួយជីវិតមនុស្ស។ 

https://www.facebook.com/groups/voluntaryblooddonor/


ភ្នំពេញយប់ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៨ 



Thursday, November 24, 2022

អាយធី

សម្លាញ់ពីរនាក់បានជួបគ្នាបន្ទាប់ពីរៀនចប់មហាវិទ្យាល័យ៖

បុរសទី១៖ ពួកម៉ាក ម៉េចហើយ តាំងពីរៀនចប់មហាវិទ្យាល័យ មកមិនដែលបានជួបគ្នាសោះវ៉ឺយ។ សុខទុក្ខម៉េចដែរអ្ហា?

បុរសទី២៖ អើ សុខនិងទុក្ខគឺជាគូនឹងគ្នា ដូចតាថ្ងៃនិងយប់ចឹង។

បុរសទី១៖ យីអើ អានេះតាំងពីបែកពីវាមក វាចេះគ្រាន់បើវ៉ឺយ។ ហើយនិយាយអញ្ចឹង ឥឡូវអ្ហែងធ្វើការនៅណា?

បុរសទី២៖ កន្លែងតូចតាចទេ គឺនៅក្រុមហ៊ុន តេឡេកំ telecom) តូចមួយប៉ុណ្ណឹងឯង។ ចុះអ្ហែងវិញ?

បុរសទី១៖ អើ អញសព្វថ្ងៃនេះគ្មានការងារកាន់ធំដុំទេអ្ហា។

បុរសទី២៖ ចុះអ្ហែងធ្វើនៅណា?

បុរសទី១៖ នៅតំណាងក្រុមហ៊ុន Microsoft ស្រុកខ្មែរ ហ្នឹងណា។

បុរសទី២៖ ស្អីអានេះ? ធ្វើការនៅក្រហ៊ុនធំហើយ នៅថាតូចទៀត? ចំជំនាញ IT យើងហើយ! ដាក់ខ្លួនម៉េសអ្ហែង? បែបប្រាក់ខែច្រើនណាស់ហើយមើលទៅ។

បុរសទី១៖ តិចតួចទេ ក្រោមម៉ាពាន់ដុល្លារតែប៉ុណ្ណោះឯង។

បុរសទី២៖ ស្អី? ក្រោមម៉ាពាន់ហើយនៅថាតិចទៀត? ឡូយជាងគេហើយ? និយាយអញ្ចឹង អ្ហែងធ្វើការនៅតំណាងក្រុមហ៊ុន Microsoft ប្រចាំស្រុកខ្មែរនោះ អ្ហែងកាន់តំណែងអី?

បុរសទី១៖ សន្តិសុខ!!!



រឿងឳពុកនិងកូនស្រី៖ ភាគទី១៩ - ធ្វើល្អបានអីមកវិញ?

ប្រហែលជាថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីខ្ញុំ សុភនាថ នាងសួរខ្ញុំថា "ប៉ា ធ្វើល្អបានអីមកវិញ?"។

 វាជាសំណួរមួយដែលលំបាកនឹងឆ្លើយ ព្រោះចម្លើយរបស់ខ្ញុំមិនស្រួល អាចនឹងបំផ្លាញទឹកចិត្តរបស់នាង។ អរគុណព្រះធម៌ដែលនាំអោយខ្ញុំអាចផ្តល់ចម្លើយជូននាងបាន ។

ខ្ញុំបានតបទៅកាន់សុភនាថ ថា "ធ្វើល្អបានអីមកវិញ? ចូរកូនចាំថា ការធ្វើល្អគឺជាទង្វើរបស់មនុស្សល្អ។ មនុស្សអាក្រក់មិនធ្វើទង្វើល្អនោះទេ។ ហើយបើកូនជាមនុស្សល្អ គឺច្បាស់ណាស់ថាកូននឹងធ្វើទង្វើល្អៗ"។ ហើយប៉ាសុំសួរវិញ តើអំពើល្អមានដូចជាអ្វីខ្លះ? ...ការសន្ទនាក៏បានបន្ត...នាងឆ្លើយបានយ៉ាងក្បោះក្បាយនូវអ្វីដែលហៅថាសេចក្តីល្អ។

រម្ងាប់កំហឹង

នៅក្នុងកម្មវិធីអប់រំផ្លូវចិត្ត និងការគ្រប់គ្រងកំហឹងមួយ លោកគ្រូគ្រប់គ្រងកំហឹងបានបង្រៀនសិក្ខាកាមទាំងអស់គ្នាអំពីការគ្រប់គ្រងកំហឹង ដោយលោកបានលើកយកទ្រឹស្តី និងឧទាហរណ៏ជាក់ស្តែងមកបង្ហាញសិក្ខាកាម។ លោកគ្រូបានមានប្រសាសន៏ថា៖

- លោកគ្រូ៖ នៅពេលដែលយើងមានកំហឹង ក្នុងខ្លួនយើងគឺពោរពេញទៅដោយកម្តៅ។ កម្តៅនៃកំហឹងបានដុតកម្លោចខ្លួនយើងមុនទៅហើយ មុននឹងយើងជះភ្លើងកំហឹងនោះទៅគេ។ ការមិនចេះគ្រប់គ្រងកំហឹងគឺនឹងធ្វើអោយយើងកើតបញ្ហាធំនៅពេលក្រោយមក ម្លោះហើយបានជាអ្នកទាំងអស់គ្នាត្រូវរៀនគ្រប់គ្រងកំហឹង។

- ប្រុញ៖ លោកគ្រូ តើយើងគ្រប់គ្រងកំហឹងបានយ៉ាងដូចម្តេច?

- លោកគ្រូ៖ មានវិធីរងាប់កំហឹងច្រើនណាស់ ហើយវិធីនោះងាយងាយទៀតផង ឧទាហរណ៏៖ ពេលយើងដឹងខ្លួនថាយើងកំពុងខឹង ចុះយើងធ្វើកិច្ចការអ្វីបន្លប់ ដូចជា ស្តាប់ចម្រៀង មើលទូរទស្សន៏ លេងកីឡា មើលកុន។ល។ មើលប្អូនៗ អាចប្រាប់ពីបទពិសោធន៏នៃការរងាប់កំហឹងរបស់ប្អូនដល់លោកគ្រូបានទេ? ប្រុញ ជួយឆ្លើយបន្តិចមក។

- ប្រុញ៖ បាទលោកគ្រូ អោយតែពេលខ្ញុំឈ្លោះគ្នាជាមួយបងខ្ញុំ ខ្ញុំដឹងថាខ្លួនឯងកំពុងខឹង ដូច្នោះហើយ ខ្ញុំដើរចេញពីបងខ្ញុំដើម្បីទៅដុសសម្អាតបង្គន់។

- លោកគ្រូ៖ ល្អណាស់ប្រុញ នេះគឺជាវិធីរម្ងាប់កំហឹងដ៏អស្ចារ្យមួយ។ ក្រៅពីរំងាប់កំហឹងហើយ គឺថែមទាំងបង្គន់បានស្អាតទៀត។

- ប្រុញ៖ បាទមែនហើយលោកគ្រូ បង្គន់នោះបានស្អាតដោយសារខ្ញុំយកច្រាសដុសធ្មេញបងខ្ញុំទៅដុស។



Tuesday, November 22, 2022

សុំពរពីព្រះច័ន្ទ

 នៅពីក្មេង ខ្ញុំធ្លាប់សុំពរពីព្រះច័ន្ទ នៅពេលដែលខ្ញុំឃើញព្រះច័ន្ទរះពេញបូណ៌។ នៅពេលនេះ បើសិនជាអាចសុំពរពីព្រះច័ន្ទបានមែននោះ ខ្ញុំសូមអោយខ្ញុំមានកម្លាំងគ្រប់គ្រាន់ដើម្បីនឹងប្រយុទ្ធជាបញ្ហាជីវិតដែលចេះតែកើតមានឥតស្រាកស្រាន្ត។

តាមពិតទៅវាគឺជារឿងផ្តេសផ្តាស់ប៉ុណ្ណោះ ព្រោះគ្មានសេចក្តីសម្រេចឯណាអាចកើតបានដោយការបន់ស្រន់នោះទេ។ មានតែការញ៊ាំងកិច្ចការទាំងពួងដោយសេចក្តីមិនប្រមាទនោះទេ ទើបយើងសម្រេចបាននូវរាល់កិច្ចការទាំងឡាយ។




Monday, November 21, 2022

ការឈ្នះដ៏សមប្រកប

 សេចក្តីពិត ឈ្មះគ្រប់យ៉ាងទាំងពួងនៅលើលោក។ ឈ្នះការឈឺចាប់នៃផ្លូវកាយ ឈ្នះការឈឺចាប់នៃផ្លូវចិត្ត ឈ្នះខ្លួនឯង ឈ្នះអ្នកដទៃ ឈ្នះសេចក្តីស្អប់ ឈ្នះលោភៈ ឈ្នះទោសៈ ឈ្នះមោហៈ ឈ្នះទុក្ខសោកទាំងពួង...សេចក្តីពិត គឺមានតែមួយប៉ុណ្ណោះឯង...ទទួលយកនូវការពិត ចិត្តនឹងមានសន្តិភាព :)



Saturday, November 19, 2022

កាត់ចិត្ត

 កើតទុក្ខធ្វើអ្វី? គិតច្រើនធ្វើអ្វី? កាត់ចិត្តទៅ!

កាត់ចិត្ត? ត្រឹមតែនិយាយគឺងាយស្រួលទេ ប៉ុន្តែការធ្វើ វាមិនងាយស្រួលដូចការនិយាយឡើយ។ យ៉ាងណាក៏ដោយ គ្មានអ្វីដែលលំបាករហូតយើងធ្វើមិនបាននោះទេ។

តើធ្វើដូចម្តេចទើបកាត់ចិត្តបាន? => សិក្សាពីមូលហេតុដែលបណ្តាលអោយឈឺចាប់សិន ចាំកាត់ចិត្ត។

មនុស្សភាគច្រើនប្រហែលជាបានគិតថា ព្រោះតែការបាត់បង់ បែកបាក់ បានជាបណ្តាលអោយគេទៅជាឈឺចាប់យ៉ាងនេះ។ ប៉ុន្តែមិនមែនទេ ការឈឺចាប់ដែលបានកើតឡើងនោះក៏ព្រោះតែចិត្តប្រកាន់ខ្ជាប់ អោបមិនលែងនូវតម្រូវការពីភាគីម្ខាងទៀត។ លះបង់ការប្រកាន់ខ្ជាប់បាន សេចក្តីទុក្ខសោកយ៉ាងណាក៏មិនអាចកើតឡើងចំពោះយើងដែរ។

លះបង់ការប្រកាន់ខ្ជាប់បាន គឺត្រូវចាប់ផ្តើមជាមួយនឹងការមិនប្រតិកម្មចំពោះសេចក្តីសុខ និងចំពោះសេចក្តីទុក្ខសោកទាំងពួងដែលបានកើតចំពោះយើង។ មុននឹងអាចធ្វើចិត្តមិនប្រតិកម្មចំពោះសុខឬទុក្ខ ក៏សូមទទួលស្គាល់នូវសេចក្តីពិតចំពោះធម្មជាតិដែលថា "គ្រប់យ៉ាងដែលកើតមកហើយ រមែងរលត់ទៅវិញជាធម្មតា"។ សុខឬទុក្ខ ក៏ដូចគ្នា បើវាកើតឡើងចំពោះយើងហើយ វានឹងរលត់ទៅវិញ។ បើដឹងថាវាគង់នឹងរលត់ទៅហើយ ម្លោះហើយយើងមិនចាំបាច់ប្រតិកម្មនឹងសុខឬទុក្ខនោះឡើយ គឺវានឹងរលត់បាត់។ នោះគឺជាវិធីរម្លត់ទុក្ខ។

សំណួរសួរថា ហេតុអ្វីបានជាមិនចាំបាច់ធ្វើប្រតិកម្មនឹងសុខឬទុក្ខ? តើការប្រតិកម្មនឹងសុខឬទុក្ខបានអ្វីមកវិញ? ធម្មជាតិនៃសេចក្តីពិតគឺថា " អ្វីមួយ មាន គឺនឹងនាំអោយអ្វីមួយទៀត កើតមាន ដែរ ហើយបើអ្វីមួយ គ្មាន វានឹងនាំអោយ គ្មាន អ្វីក៏ដូចគ្នាដែរ។ ដូច្នេះ ការធ្វើប្រតិកម្មនឹងសេចក្តីសុខ នឹងបង្កើតអោយមាន"លោភៈ" ដែលជាហេតុនាំអោយមានការប្រកាន់ខ្ជាប់ដ៏តឹងតែង ឬហៅថា "តណ្ហា"។ ការធ្វើប្រតិកម្មនឹងសេចក្តីទុក្ខ នឹងនាំអោយមាន "ទោសៈនិងមោហៈ" ដែលជាសេចក្តីល្ងង់ខ្លៅ។ ប្រកាន់ខ្ជាប់នូវសុខក៏ដោយ ប្រកាន់ខ្ជាប់នូវទុក្ខក៏ដោយ គឺជាទុក្ខ។ ម្លោះហើយការប្រតិកម្មនឹងសេចក្តីសុខឬសេចក្តីទុក្ខ នឹងនាំអោយកើតមាននូវសេចក្តីទុក្ខមិនលែង ប្រៀបដូចជា "កងច្រវ៉ាក់ដែលតភ្ជាប់គ្នាពីមួយទៅមួយរហូតគ្មានថ្ងៃបញ្ចប់"។



Tuesday, November 15, 2022

រឿង ឳពុកនិងកូនស្រី ភាគទី១៨

 ភាពគ្រប់គ្រាន់

សុភនាថ កូនស្រីខ្ញុំ បានបង្រៀនអោយខ្ញុំយល់កាន់តែច្បាស់អំពីភាពគ្រប់គ្រាន់។ ទឹកក្រូចក្នុងហាងមួយកំប៉ុង៥ដុល្លា និងទឹកក្រូចតាមចិញ្ចើមថ្នល់មួយកំប៉ុង២០០០រៀល ក៏នាថនៅតែសប្បាយចិត្តនឹងញាំ។ ញាំបាយនៅក្នុងហាងធំៗ និងញាំបាយកញ្ចប់ទិញតាមចិញ្ចើមថ្នល់ក៏នាថ ញាំទៅឆ្ងាញ និងសប្បាយដូចគ្នា។ ពួកម៉ាកស្គាល់គ្នាយូរ និងពួកម៉ាកទើបនឹងស្គាល់គ្នា ក៏នាថ នៅតែអាចលេងជាមួយគ្នាយ៉ាងសប្បាយ ដរាបណាគ្មានអ្នកណាម្នាក់ដើរខ្សែលើនាថ។ នាំនាថទៅលេងកន្លែងណាដែលនាថ មិនចង់ទៅលេង ក៏នាថប្រាប់ថាសប្បាយ។ របស់លេងនាថ មិនថារបស់នោះថ្លៃប៉ុណ្ណា ថោកប៉ុណ្ណា ក៏នាថ នៅតែអាចលេងបាន។ ជិះម៉ូតូក្រោមកម្តៅថ្ងៃ នឹងហុយចង់ងាប់ ក៏នាថថាសប្បាយ មិនហត់ មិនរអ៊ូ...នាថ តែងតែសប្បាយនូវអ្វីដែលនាថមាន មិនថារបស់ទាំងនោះថ្លៃឬថោកប៉ុណ្ណា ពីព្រោះនាថយល់អំពីតម្លៃរបស់វា។




Wednesday, November 2, 2022

រឿងឳពុកនិងកូនស្រី - ភាគទី១៧

ថ្ងៃនេះថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៨។ ខ្ញុំបានមកជួបកូនស្រីទាំងពីររបស់ខ្ញុំ។ អូនសួស្តីបានចូលសាលាបានតែ២ថ្ងៃ ក៏យំឈប់ទៅសាលា ទោះបីជាលួលោម លើកទឹកចិត្តយ៉ាងណាក៏អូនសួស្តីអត់ទៅដែរ។ អូនសួស្តីប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីគេចមិនចូលរៀន។ ម្សិលមិញ អូនសួស្តីបានសម្រេចចិត្តថាទៅម្តងទៀត ព្រោះបានសន្យានឹងប៉ាប៉ាថាទៅ។ ល្ងាចមិញ ពេលឃើញប៉ាប៉ាទៅដល់ភ្លាម អូនស្តីក៏ស្ទុះវឹងហុចក្រដាសមួយសន្លឹកអោយប៉ាប៉ាមើល រួចនិយាយទាំងអារម្មណ៏មោទនៈភាព៖

- សួស្តី៖ ប៉ាប៉ា! អូនទៅរៀនហើយ ទៅព្រឹកមិញ។ នេះនែក រូបអូនគូរ។

ប៉ាប៉ាបានយកក្រដាសនោះមកមើលយ៉ាងភ្ញាក់ផ្អើល រួចពោល៖

- ប៉ាប៉ា៖ wow...រូបសួស្តីគូ និងផាត់ព័ណ៌? ប៉ាប៉ាមិនដែលឃើញរូបអ្នកណាគេផាត់ព័ណ៌បានស្អាតអញ្ចឹងទេ។ សួស្តី ពូកែរើសព័ណ៌ណាស់ ទាំងព័ណ៌សក់ និងព័ណ៌អាវ។ ពិតជាពូកែមែនអូនសួស្តី។

អូនសួស្តី សម្តែងអាការៈរីករាយ និងពោរពេញទៅដោយមោទនៈភាព ហើយពោលមកកាន់ប៉ាប៉ា៖

- សួស្តី៖ អូនទៅរៀន អូនចេះរាប់ខែទៀតហ្ន។

ថាហើយ អូនស្តី ក៏រាប់អោយប៉ាប៉ាស្តាប់ រួចហើយប៉ាប៉ាក៏ពោលទៅកាន់អូនស្តី៖

- ប៉ាប៉ា៖ wow...សួស្តីពូកែចាំម៉េស? ខែមានចំនួន១២ខែ សួស្តីរាប់ត្រូវរហូតដល់ទៅ៨ឯណោះ សួស្តីពិតជាពូកែមែន។ ទៅរៀនមួយថ្ងៃប៉ុណ្ណោះ ចេះបានប៉ុណ្ណឹងហើយ ចុះទម្រាំទៅរៀនរាល់ថ្ងៃទៀតនោះ?

សួស្តីញញឹម និងសើចទាំងរីករាយ។ ប៉ាប៉ា ក៏បានបន្ត៖

- ប៉ាប៉ា៖ អញ្ចឹងស្អែកទៅរៀនទៀត ដើម្បីអោយចេះកាន់តែច្រើន។

- សួស្តី៖ អត់ទេ អត់ទៅរៀនទេ ព្រោះសាលាអត់រៀន។

***ខំលើកទឹកចិត្ត ចុងក្រោយក៏ប្រកែកអត់ទៅដដែល។

****ថ្ងៃនេះ ថ្ងៃទី២ខែវិច្ឆិការ ឆ្នាំ២០១៨ សួស្តីក៏សម្រេចទៅរៀនទៀត ហើយចាំមើលល្ងាច តើមានរឿងអីដែលអូនសួស្តីចង់ប្រាប់ប៉ាប៉ា?


Thursday, October 27, 2022

ហួសពេលនឹងស្តាយ

 រៀនរស់ជាមួយនឹងសេចក្តីពិតដែលឈឺចាប់ ជាជាងរស់នៅក្នុងភាពរីករាយដែលពោរពេញទៅដោយភាពបោកប្រាស់។

សេចក្តីពិតនោះគឺថា គ្រប់យ៉ាងដែលយើងគិតថាវាជារបស់យើងនោះ គឺវាមិនមែនជារបស់យើងនោះឡើយ... ការបោក ប្រាស់នោះគឺ អ្វីដែលយើងគិតថាវានឹងស្ថិតស្ថេរនោះ តាមពិតគឺវាមិនស្ថិតស្ថេរឡើយ។

រស់នៅក្នុងសភាពសោកស្តាយ គឺមានសភាពឈឺចាប់ហួសនឹងថ្លែងជាជាងស្លាប់ដោយសភាពអស់ចិត្ត។

ធ្វើអ្វីដែលអ្នកចង់ធ្វើ និយាយអ្វីដែលអ្នកចង់និយាយ សោះអ្នកនឹងមិនស្តាយក្រោយ :)

គ្រប់យ៉ាងកើតមកក្នុងលោកនេះ រមែងរលត់ទៅវិញជាធម្មតា សូមអ្នកទាំងអស់គ្នាញាំងនូវកិច្ចការទាំងឡាយដោយសេចក្តីមិនប្រមាថ។

#សូមអោយអ្នកទាំងអស់គ្នាពិសោធន៏ឃើញនូវសេចក្តីពិតពីខ្លួនអ្នកផ្ទាល់


ហួសនឹងស្តាយ!


Thursday, October 13, 2022

រឿង ឳពុកនិងកូនស្រី ភាគទី១៦ - សម្លៀកបំពាក់ចាស់ៗ

ឃើញរូបនេះ ធ្វើអោយខ្ញុំនឹកឃើញអាទិត្យមុន (ថ្ងៃ១១ វិច្ឆិការ ២០១៨) មុនថ្ងៃកំណើតអូនសួស្តីមួយថ្ងៃ ខ្ញុំបាននាំបងនាថ និងអូនសួស្តិីទៅញាំប័រហ្កឺនៅបឹងកេងកង។ ចុះពីឡានភ្លាមក៏ក្រលេកឃើញអ្នកសុំទានពីរនាក់ឪពុកកូនដើរផ្លុំខ្លុយសុំទានគេតាមផ្លូវ។ ខ្ញុំក៏បានហុចលុយ១០០០រៀលអោយបងនាថ រួចចង្អុលទៅកាន់ ឳកូននោះ។ បងនាថ និងអូនសួស្តីឃើញដូច្នោះ ហាក់ដូចជាយល់ការណ៏ គេទាំងពីរក៏ស្ទុះវឹងហៅអ្នកសុំទានទាំងពីរនាក់អោយឈប់ រួចផ្លោះរបងថ្មកំពស់៨តឹក រួចហុចលុយអោយ។ មកវិញ បងនាថប្រាប់ថា ប៉ា បងនោះគាត់អរគុណកូន។ រួចហើយខ្ញុំក៏បានសួរបងនាថ ថា៖

ប៉ាប៉ា៖ មើលទៅឳពុកកូនអ្នកសុំទាននោះគួរអោយអាណិតទេ?

នាថ៖ ចាស ប៉ា គួរអោយអាណិតណាស់។

ប៉ាប៉ា៖ កូនចង់ជួយពួកគាត់ទេ?

នាថ៖ កូនចង់ជួយតើ

ប៉ាប៉ា៖ បើកូនចង់ជួយ តើកូនត្រូវធ្វើម៉េច?

នាថ៖ កូនត្រូវខំរៀនដើម្បីអោយមានចំណេះ ពេលនោះកូនអាចនឹងជួយពួកគាត់បាន។

ថាហើយ បងនាថក៏បន្តទៀតថា៖

នាថ៖ ប៉ា! កូនចង់យកខោអាវចាស់ របស់កូន និងអាសួស្តីដែលកូននិងអាសួស្តីឈប់ស្លៀក ដើម្បីយកទៅអោយអ្នកសុំទាន។

ប៉ាប៉ា៖ ម៉េចបានជាចង់យកខោអាវទៅចែកគេអញ្ចឹងកូន?

នាថ៖ មកពីពួកគាត់អត់មានខោអាវស្លៀក គឺមានតែមួយទេ។ ពេលទៅជិត គឺធុំក្លិនស្អុយ។

ប៉ាប៉ា៖ ល្អហើយកូន ចាំកូនទៅផ្ទះ ហើយប្រមូលអាចាស់ៗលែងស្លៀកមក ចាំប៉ានាំកូនទៅចែកអោយគេ។

បងនាថ និងអូនសួស្តី ចង់កៀងគររកសម្លៀកបំពាក់ចាស់ដែលកូនៗ ពូមីង អ៊ុំ ឈប់ប្រើ ដើម្បីយកទៅចែកជូនកុមារទាំងនោះ។ តើពូមីងនិងអ៊ុំ គាំទ្រទេ?

សៀវភៅអានចាស់ៗរបស់ក្មេងៗ ក៏បងនាថ និងអូនសួស្តីទទួលដែរ គឺទទួលយកទៅចែកអោយបណ្ណាល័យសម្រាប់ក្មេងៗដែលបោះបង់ការសិក្សាមួយចំនួន។ 






Tuesday, October 4, 2022

និយាយពីរឿងទិញលក់ឈាម

នេះគឺជា comment របស់អ្នកធ្វើការជាមួយខ្ញុំមួយនាក់។

សូមសរសើរបងគីនីចំណាយពេលពន្យល់ ខ្ញុំធ្លាប់ឃើញផ្ទាល់គឺនៅពេទ្យគន្ធបុប្ផា អ្នកជម្ងឺគាត់មានជម្ងឺខ្វះគ្រាប់ឈាមក្រហម តម្រូវឲ្យបញ្ចូលឈាមដើម្បីសង្រ្គោះជីវិតគាត់ ហើយពេទ្យប្រាប់ម្តាយអ្នកជម្ងឺថា ត្រូវរកបងប្អូន ឬសាច់ញាតិមកសងឈាមវិញ។ មុនថ្ងៃត្រូវចេញពីពេទ្យ  ឪពុករបស់អ្នកជម្ងឺក៏នាំអ្នកដែលត្រូវសងឈាមវិញដូចអ្វីដែលបានសន្យាជាមួយពេទ្យ តែលុះពេលពេទ្យសួរសំនួរ  ឲ្យថ្លឹងគីឡូ និងសុំឲ្យសើយដៃអាវដើម្បីពិនិត្យមើល  ស្រាប់តែពេទ្យគាត់សួរដេញដោលទៅ អ្នកនោះមិនដែលស្គាល់អ្នកជម្ងឺសោះ គាត់គ្រាន់តែជាអ្នកលក់ឈាមតែប៉ុណ្ណោះ។ ហើយពេទ្យបានធ្វើការពន្យល់ម្តាយអ្នកជម្ងឺស្រដៀងនឹងបងបរិយាយខាងលើ ។ សរុបមកពេទ្យក៏បានអនុញ្ញាត្តិឲ្យអ្នកជំងឺ បានសងឈាម គ្រាន់តែពេទ្យបានប្រាប់ថាឈាមមិនមែនជាការទិញឬលក់លើទីផ្សារឡើយ ពេលណាមានសូមមកសងវិញបានហើយ ព្រោះកូនមីងមានជម្ងឺនេះវាមិនងាយនឹងជាទេ អាចនឹងមកគេងវិញជាមិនខាន។ ជារួមនេះគ្រាន់តែជាការសន្និដ្ឋានរបស់ខ្ញុំបើគាត់មិនសង ឈាមនឹងអាចមិនគ្រប់ក្នុងស្តុក ទើបនៅពេលត្រូវការឈាមតម្រូវឲ្យធ្វើការដូរនោះ។ គ្រាន់តែការយល់ឃើញរបស់ខ្ញុំគួរពុំគួរសូមយោគយល់ផងទាន។



អាត្មានិយម

 រឿងក្នុងចិត្ត៖ អាត្មានិយម

ព្រោះតែភាពអាត្មានិយមរបស់ខ្លួនឯង បានធ្វើអោយអ្នកដទៃរងទុក្ខ។

ព្រោះតែភាពអាត្មានិយមរបស់គេ បានជាអ្នកឈប់ធ្វើទង្វើល្អ។

បើសិនជាគេធ្វើអំពើអាក្រក់ទៅហើយ ហេតុម្តេចឡើយបានជាយើងឈប់ធ្វើអំពើល្អធ្វើអី?

បើធ្វើអំពើល្អ ដើម្បីតែរំពឹងផលល្អមកវិញនោះ នោះគឺស្មើនឹងអាត្មានិយម!



Tuesday, September 20, 2022

មនុស្ស

សារជាតិរបស់មនុស្ស៖

- បុគ្គលដែលជាផ្លែល្វា ល្អតែសម្បកក្រៅ ប៉ុន្តែក្នុងចិត្តពិសពុល សាហាវព្រៃផ្សៃ។ នៅចំពោះមុខអ្នកផងទាំងពួងគឺជាកំពូលអ្នកសប្បុរស ប៉ុន្តែធាតុពិតគឺបិសាច។

- បុគ្គលដែលជាមនុស្សមានខួរក្បាល មានសតិសម្បជញ្ញៈ ប៉ុន្តែមិនបានចេះប្រើប្រាស់អ្វីដែលខ្លួនឯងមាននោះទេ ប៉ុន្តែបែរជាបណ្តោយអោយខួរក្បាលនិងចិត្តរបស់ខ្លួនឯងត្រួវបាន ពង្វក់ដោយការមើលឃើញល្អអំពីភ្នែក ពង្វក់ដោយការស្តាប់លឺល្អអំពីត្រចៀក ដោយមិនបានឆ្លងការវិភាគនៅក្នុងខួរក្បាលនិងវិចារណៈញ្ញាណ។

-បុគ្គលដែលប្រើឱកាសក្នុងការរណេបរណប អែបអប ព្រោះដោយយល់អំពីលាភសក្ការៈដែលបានមកដោយងាយស្រួល។

ត្រូវចាំថា សត្វជ្រូកមួយក្បាលដែលម្ចាស់មិនអោយធ្វើអ្វី គឺអោយតែដេកនិងស៊ីនោះ គឺម្ចាស់គេមានចេតនាអោយជ្រូកនោះសប្បាយចិត្ត ឆាប់ធំធាត់នឹងអាលលក់ចេញបានថ្លៃ។



Sunday, September 18, 2022

រឿង ឳពុកនិងកូនស្រី - ភាគទី១៥៖ បងនាង ពូកែខាងអក្សរសាស្ត្រខ្មែរ

ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ពេលរៀបចំបង្រៀនអូនសួស្តី ពីវិធីចែកលេខ បងនាថ ក៏ទាញប៉ិក និងសៀវភៅឡើងមកសសេរ។ ខ្ញុំសួរនាងថា ធ្វើហូមវ៉ើកឬ? ម្សិលមិញប្រាប់ប៉ាថាសសេរហើយកាលពីនៅសាលា? នាងថា ការសសេរមេរៀនចប់ហើយ នៅអានេះមួយទៀត។ ថាហើយនាងក៏ចាប់ផ្តើមសសេរ រីឯខ្ញុំក៏ចាប់ផ្តើមបង្រៀនអូនសួស្តី។ ឃើញនាងហែកក្រដាសសៀវភៅដែលសសេរខុសនោះចោលបីបួនសន្លឹកដែរ ហើយខ្ញុំក៏ទៅសួរនាង នាងថានាងនិពន្ធកំណាព្យមិនត្រូវទេ។ ខ្ញុំថា ប៉ាអាចជួយប្រាប់បាន ប៉ុន្តែនាងដិសេធ ហើយក៏និយាយទាំងរីករាយថា កូននឹកឃើញហើយ ហើយក៏ចាប់ផ្តើមម្តងទៀត។ ៥ នាទីក្រោយ នាងថា ប៉ា! កូនសសេរចប់ហើយ ហើយក៏យកអោយខ្ញុំអាន។ មានអី ទឹកដៃល្អណាស់ មានឃ្លាឃ្លោង និងអត្ថន័យមែនទែន។ យ៉ាងណាក៏ដោយ បងនាថ ត្រូវព្យាយាមបន្ថែមទៀត ដើម្បីអោយកាន់តែល្អ






រឿង ឳពុក និងកូនស្រី ភាគទី១៤ - កូនប្រុស

ជួបប្អូនស្រីដែលជាអ្នកស្គាល់គ្នាម្នាក់កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧។ គាត់បានឃើញបងនាថហើយនិងអូនសួស្តី។ និយាយបានមួយសន្ទុះ នាងក៏បាននិយាយប្រាប់ខ្ញុំថា "កូនប្រុសបងស្អាតណាស់" ។

ហេហេ មិនមានអីចម្លែកទេ ដែលគេថាអូនសួស្តីជាកូនប្រុស ព្រោះប៉ាប៉ាអូនក៏យល់ឃើញដូចគេដែរ។ ហេហេ ប៉ុន្តែធំឡើង អូនសួស្តីស្រស់ស្អាតណាស់ ហើយឆ្លាតទៀតផង



រឿង ឳពុក និងកូនស្រី ភាគទី១៣ - កូនពៅបារម្ភពីប៉ាប៉ាដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នា២០១៨ នៅផ្សារម៉ាក្រូ អូនសួស្តី និយាយប្រាប់ប៉ាប៉ា កាយវិការផង រៀបរាប់ផង ចង្អុលទៅទូរទស្សន៏ផង និយាយមិនច្បាស់ផង ហើយទម្រាំនឹងយល់បានគឺទាល់តែ បងនាថ បកប្រែអោយ។ នាងនិយាយប្រាប់ខ្ញុំព្រមទាំងចង្អុលទៅកាន់ទូរទស្សន៏ផ្សាយពាណិជ្ជកម្មម៉ូតូ៖ 

សួស្តី៖ ប៉ាប៉ា ពេលប៉ាប៉ាជិះម៉ូតូ ប៉ាប៉ាត្រូវពាក់មួកផង។ ប៉ាប៉ាជិះម៉ូតូ អត់ដែលពាក់មួកសុវត្ថិភាពទេ។

លឺដូច្នោះ ខ្ញុំភ្ញាក់ព្រឺតដូចត្រូវគេធាក់។ សួស្តី តូចណាស់ អាយុទើប៣ឆ្នាំកន្លះទេ ប៉ុន្តែនាងចេះសង្កេតពីខ្ញុំ នាងដឹងថាអ្វីគួរធ្វើ អ្វីដែលមិនគួរធ្វើ នាងចេះគិតបារម្ភពីឳពុករបស់នាង ខណៈពេលដែលខ្ញុំមិនបានគិតរឿងពាក់មួកនោះគឺជារឿងបារម្ភសម្រាប់ពួកគេទាំងពីរនាក់ឡើយ។ អរគុណកូនស្រីដែលបានរម្លឹក ហើយប៉ាប៉ាសូមសន្យាថា នឹងពាក់មួកសុវត្ថិភាពគ្រប់ពេលដែលប៉ាប៉ាជិះម៉ូតូ។

ចប់ពីនោះមក ខ្ញុំក៏បានអរគុណនាងដែលបានរម្លឹក និងដាស់តឿន រួចហើយក៏សួរនាងវិញថា ហេតុអីបានជាយើងចាំបាច់ពាក់មួកសុវត្ថិភាព? ដោយមិនរួញរា បងនាថ បានឆ្លើយយ៉ាងលឿន ហើយបន្តដោយអូនសួស្តី៖

បងនាថ អូនសួស្តី៖ ដើម្បីការពារកុំអោយគ្រោះថ្នាក់ចរាចរណ៏។

ប៉ាប៉ា៖ កូន! ពាក់មួកសុវត្ថិភាព មិនអាចការពារយើងមិនអោយមានគ្រោះថ្នាក់ចរាចរណ៏បានទេ ប៉ុន្តែវាអាចការពារក្បាលយើងកុំអោយរងរបួសនៅពេលមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង។ កូនពាក់មួកសុវត្ថិភាព ហើយកូនជិះលឿន មិនគោរពច្បាប់ចរាចរណ៏នោះ មួកគឺមិនបានជួយមិនអោយគ្រោះថ្នាក់បានទេ។

ហេតុ ហើយនិង ផល!








រឿង ឳពុក និងកូនស្រី - ភាគទី១២៖ កូនស្រីខ្ញុំ ពួកគេកាន់តែធំ

កូនស្រីខ្ញុំនាងធំហើយ!

ថ្ងៃស្រាប់តែចាប់អារម្មណ៏ថា កូនស្រីខ្ញុំ សុភនាថ នាងធំហើយ។ អារម្មណ៏បែបនេះកើតឡើងចំពោះខ្ញុំ គឺបន្ទាប់ពីឃើញវត្ថុទាំងនេះ ព្រមទាំងការនឹកឃើញកាលពីដើមខែ កក្កដា ឆ្នាំ២០១៩។ ខ្ញុំចាំបានថា កាលណោះនាងបានមកគេងនៅផ្ទះខ្ញុំមួយយប់។ ចូលមកដល់មាត់ទ្វារធំភ្លាម នាងបានទម្លាក់ឥវ៉ាន់សម្រាប់នាងញាំចោលនៅលើតុមួយ រួចស្ទុះទៅទាញអំបោះសមកបោសក្នុងផ្ទះ ទីដែលខ្ញុំចតម៉ូតូ រួចកើបដីដែលប្រឡាក់ទាំងនោះចេញ ដែលជាទូទៅខ្ញុំមិនដែលខ្វល់នឹងបោសសម្អាតវាឡើយ ព្រោះផ្ទះខ្ញុំ ព្រឹកចេញ យប់ចូល គឺ៧ថ្ងៃក្នុងមួយសប្តាហ៏។

ថ្ងៃនេះតាំងពីម្សិល នាងមកគេងមួយយប់ទៀតពីរនាក់អូនសួស្តី។ ព្រឹកឡើងបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយ បីនាក់ឪកូនក៏ចាប់ផ្តើមការងារហត្ថកម្ម បិទរូបតាមជញ្ជាំងបន្ទប់។ បន្ទប់តូចខាងក្រោយនោះគឺជារបស់ពួកគេទាំងពីរ ហើយដោយមិនទាន់បានរៀបចំអោយបានស្រួលបួល ខ្ញុំក៏យកបន្ទប់នោះដាក់ឥវ៉ាន់ ពូកសម្រាប់ភ្ញៀវ វ៉ាលីស កំណាត់ជូតជើង ម៉ាស៊ីនបូមធូលី ។ល។ ហើយបិទទ្វារចោលរហូត។ បិទរួច ក៏បិទទ្វារចោលដោយបន្សល់នូវសំណល់ ក្រដាសផ្លាស្ទិក និងរបស់ផ្សេងៗចោលពង្រាយពេញហ្នឹង ហើយ៏ចាប់ផ្តើមរៀបចំបាយទឹកអោយពួកគេញាំ។ ញាំរួចក៏សម្រាកមើលទូរទស្សន៏ជាមួយគេរហូតលង់លក់ទៅ។ គេបានដាស់ខ្ញុំអោយទៅមើលបន្ទប់ដែលគេបានរៀបចំ។ ទៅដល់ គឺខ្ញុំភ្ញាក់ផ្អើលមែនទែន។ អ្វីៗត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់និងរៀបរយ ព្រមទាំងមិនឃើញមានក្រដាស សម្រាម ដីនៅក្នុងនោះទៀតឡើយ។ នាងបានរៀបចំវាយ៉ាងរៀបរយ ដែលស្ទើរតែមិនជឿថាក្មេងអាយុមិនទាន់ដល់៨ឆ្នាំស្រួលបួលផងបែរជាអាចរៀបចំបានយ៉ាងរៀបរយដូច្នោះ ដែលលោកអ្នកអាចសម្គាល់បានអំពីការដាក់អំបោសបញ្ឈរដែលជាទូទៅក្មេងៗមិនដែលដឹងថាត្រូវដាក់បញ្ឈរបែបនោះឡើយ។

ខ្ញុំបានសួរនាងថា បន្ទប់របស់កូន កូនរៀបយ៉ាងស្អាត រីឯបន្ទប់របស់ប៉ាប៉ា កូនពង្រាយឡើងវ៉ល់ពេញហ្នឹងហើយ។ នាងបានតបថា បន្ទប់ប៉ាប៉ា ប៉ាប៉ាខ្ជិលអញ្ចឹងហើយ។ ខ្ញុំបានតបថា ចុះកូនគិតមើលប៉ាប៉ាត្រូវរៀបចំធ្វើម្ហូប បាយទឹក លាងចាននោះ ម៉េចមានពេលមករៀបទៅ? នាងថា បើប៉ាប៉ាទុកចិត្តអោយកូនលាងចាន ធ្វើម្ហូបក៏បានដែរ ប៉ុន្តែកូននៅតូចពេក អត់ទាន់ចេះធ្វើម្ហូបទេ ហើយបើលាងចាន ខ្លាចបែក។ លឺហើយក៏អស់យោបល់









Thursday, September 15, 2022

ថ្ងៃស្អែកអាចនឹងលែងមាន

ធម្មជាតិបានផ្តល់អោយមនុស្សស្មើៗគ្នានូវពេលវេលា។ ពីមួយវិនាទីទៅមួយវិនាទី ពេលវេលាគឺមិនរង់ចាំយើងឡើយ វាធ្វើដំណើរទៅមុខបន្តិចម្តងៗ រហូតដល់អ្នកមិនបានចាប់អារម្មណ៏នឹងវាសូម្បីតែបន្តិច។

-គិតថាចង់និយាយប្រាប់គេនៅពេលណាក៍បាន...
-គិតថានឹងធ្វើវាជាមួយគេនៅពេលណាក៍បាន...
-គិតថានៅមានពេលវេលាច្រើនណាស់ដែលអាចអោយយើងធ្វើរឿងទាំងអស់នោះ នៅពេលណាមួយក៍បាន...

ប៉ុន្តែ...នៅនាទីចុងក្រោយ គ្រប់អនុស្សា គ្រប់វិនាទីដែលបានកន្លងផុតទៅ គឺមិនអាចនឹងយកវាមកវិញបាននោះឡើយ។ ហើយអ្វីៗដែលយើងធ្លាប់បានគិតនោះ នៅទីបំផុតគឺបានត្រឹមតែសោកស្តាយតែប៉ុណ្ណោះ។

- សូមអោយអ្នករីករាយនូវអ្វីដែលអ្នកកំពុងមាន។
- សូមអ្នកធ្វើនូវអ្វីដែលអ្នកចង់ធ្វើ។
- សូមអ្នកនិយាយនូវវអ្វីដែលអ្នកចង់និយាយ។
- សូមអ្នកធ្វើរឿងទាំងនោះ និយាយពាក្យទាំងនោះ ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នក ព្រោះអ្នកអាចនឹងមិនមានឱកាសនឹងធ្វើរឿងទាំងនោះ ដោយសារតែ "ថ្ងៃស្អែកអាចនឹងលែងមាន"។

សូមអោយអ្នកនិយាយពាក្យល្អៗ ធ្វើនូវរឿងល្អៗ ព្រោះថាប្រសិនបើ "ថ្ងៃស្អែកលែងមាន" មែននោះ នោះមានន័យថា អ្នកបានបញ្ចប់វាទៅដោយរឿងរ៉ាវល្អៗ។



Friday, September 9, 2022

រឿង ឳពុកនិងកូនស្រី - ភាគ១១៖ កូនពៅចង់ស្អាត

មិញនេះនៅ ធីខេ យកកូនស្រីទាំង២មកញាំអាហារនៅហាងចិន។ អោយគ្នាលេងប៉ាក់ប៉ើកនៅខាងក្រៅ ខ្ញុំរៀបចំញាំអាហារនៅខាងក្នុង។ ទាំងអូនសួស្តី និងបងនាថ ចេញចូលៗដើម្បីញាំអាហារផងលេងខាងក្រៅផង។ មួយសន្ទុះក្រោយមក បងនាថរត់មកប្រាប់ថាបាត់អូនសួស្តីហើយ រកអត់ឃើញទេ។ ដោយគិតថានាងមិនទៅណាឆ្ងាយ ខ្ញុំក៏អោយបងនាថតាមរកមើលម្តងទៀត។ ចាំយូរមិនឃើញទាំងពីរនាក់ ខ្ញុំក៏ភ័យឆោឡោហើយស្ទុះចេញមកតាមរកខាងក្រៅ ព្រោះទៅបាត់ទាំងពីរនាក់ ភ័យខ្លាចគេល្បួងចាប់។ តាមរកមកឃើញសោះអស់មួយសន្ទុះធំហើយ ហើយក៏ស្រាប់តែឃើញកូនស្រីទាំងពីររបស់ខ្ញុំនៅក្នុងហាងលក់គ្រឿងសម្អាង ដោយកំពុងអោយគេលាបក្រែមអោយ។ ហៅមកហាងញាំអាហារវិញ ដោយបញ្ជុកអូនសួស្តី ហើយនាងក៏និយាយថា ឈប់ញាំហើយ ខ្លាចជ្រះក្រែមអស់។

ឱកូនស្រីក្បាលត្រងោលរបស់ខ្ញុំ ចេះចង់ស្អាតតាំងពីតូច។


៩កញ្ញា២០១៧







Tuesday, September 6, 2022

សេចក្តីប្រមាទ

ឱអញអើយអញ ប្រសិនជាពេលនេះខ្លួនអញ បានជាពីជំងឺទាំងអស់នេះ អញនឹងឈប់ផឹកស្រា និងឈប់ប្រព្រឹត្តអំពើអ្វីដែលនាំអោយប៉ះពាល់សុខភាពទៀតហើយ។ អញនឹងឈប់ធ្វើវាហើយ ឈប់រៀងរហូតហើយ...ក្រោយពីបានជាសះស្បើយពីរោគាទាំងពួង ហឺុ...ខ្លួនអញក៍ភ្លេចអស់រលីងនូវពាក្យពេជន៍ដែលបានសច្ចានៅក្នុងពេលកំពុងតែឈឺ ហើយដែលនាំមកនូវលទ្ធផលវិនាសអន្តរាយ។

រស់នៅដោយការប្រមាទ ពិតណាស់ ថ្ងៃណាមួយនឹងវិនាសអន្តរាយ ដែលមិនខុសអ្វីអំពីសត្វមមាចដែលប្រមាថនឹងភ្លើង ហើយទីបញ្ចប់ក៍វិនាសដោយសារភ្លើង។

ជីវិតរបស់មនុស្សយើង គឺខ្លីណាស់ ខ្លីណាស់រហូតដល់គ្មានពេលគ្រប់គ្រាន់ធ្វើអ្វីដែលយើងចង់ធ្វើ។ ដូចនេះចូរប្រើប្រាស់ខ្សែជីវិតដែលនៅសេសសល់របស់យើងទាំងអម្បាលមាណរស់នៅដោយសេចក្តីមិនប្រមាថ។

ថ្ងៃណាមួយខ្ញុំនឹងបានទៅទីនេះ - ទឹកដីនៃផ្កាសាគូរ៉ា




សត្វជ្រូក

សត្វជ្រូក៖

សត្វជ្រូកដែលម្ចាស់របស់វាមិនអោយវាធ្វើអីសោះ ចាំតែដេក និងស៊ី និងបោសលាងសម្អាតរាល់ថ្ងៃ គឺក្នុងគោលបំណងអោយវាសប្បាយចិត្ត មានសុខភាពល្អ ឆាប់ធំធាត់ នឹងអាលលក់បានថ្លៃនៅរដូវចូលឆ្នាំចិន ឆេងម៉េង និងសែនក្បាលទឹក តែប៉ុណ្ណោះឯង!

សូមកុំសប្បាយចិត្តដូចសត្វជ្រូក!



សត្វទា

 អំពីសត្វទា៖

យប់នេះស្រាប់តែនឹកឃើញរៀងសត្វទា។ កាលខ្ញុំនៅពីក្មេង ខ្ញុំចាំបានយ៉ាងច្បាស់នូវពាក្យរបស់ម្តាយខ្ញុំ គាត់មានប្រសាសន៏ថា "សត្វទាវាមិនដែលដេកលើទ្រើងទេ បើទោះបីជាខំធ្វើទ្រើងយ៉ាងណាអោយវាដេកក៏វាមិនដេកដែរ វាដេកផ្ទាល់ដី"។ ពិតមែនហើយ សន្តានរបស់សត្វទា គឺវាមានជើងត្រប៉ែត គ្មានក្រញាំដូចអស់បក្សីផ្សេងនោះទេ ដូច្នោះហើយបានជាវាមិនអាចឈរជាប់លើទ្រើងបាន។ ក្នុងន៏យខាងលើនេះ គេចង់ប្រៀបធៀបមនុស្សដែលអន់យស់សក្តិ គ្មានគំនិត ហើយគេចង់លើកតម្កើងអោយបានខ្ពង់ខ្ពស់ បើទោះបីជាខំជម្រុញយ៉ាងណា ក៏នៅតែមិនទៅមុខ រហូតដល់គេប្រដូចមនុស្សប្រភេទនោះថាជាសត្វមិនចេះឡើងទ្រើង។ ប៉ុន្តែនៅពេលដែលយើងវិភាគអោយសីុជម្រៅទៅ សត្វទា មិនមែនជាសត្វអន់ឯណា? សត្វមាន់ក៏មិនប្រាកដជាគ្រាន់បើជាងទាដែរ សត្វហង្សក៏ដូចគ្នាដែរ ព្រោះអ្វី? សត្វទា ពិតណាស់ឈរលើទ្រើងមិនបាន ប៉ុន្តែទា អាចដើរបាន ជាពិសេសទាមានសមត្ថភាពដ៏អស្ចារ្យមួយគឺសត្វទា អាចហែលទឹកបាន ហើយក៏អាចច្រមុជទឹកចុះទៅបាតបឹងដើម្បីនឹងចាប់ត្រីឬខ្ចៅខ្ចងមកធ្វើជាចំណីបានទៀតផង។ ចុះសត្វមាន់វិញ ក្រៅពីដេកលើទ្រើង ដែលយើងគិតថាខ្ពង់ខ្ពស់នោះ តើសត្វមានមានសមត្ថភាពធ្វើបានដូចទាដែរឬទេ? មាន់ចេះហែលទឹកទេ? មានចេះជ្រមុជទឹកទេ? ពិតណាស់ អត់ទេ ព្រោះបើត្រាប់តាមទា មាន់ច្បាស់ជាងាប់មិនខាន។

ក្រឡេកមកមើលហង្សវិញ ដែលជាទូទៅគេហៅថាជាស្តេចបក្សី។ តើហង្សនោះល្អវិសេសជាងទាប៉ុន្មានទៅ? ពិតមែនហើយ ហង្ស ពិតជាមានរូបស្អាត មានរូបឆោមលោមព័ណ៌ គួរអោយចាប់ចិត្តបេតី ផ្ទុយពីទាដែលរស់នៅលើដីប្រឡាក់ភក់ លាមក មានក្លិនមិនល្អ។ ហង្សអាចហោះហើរលើអាកាសបាន ចង់ធ្វើដំណើរទៅណាក៏ហោះសម្តៅលើមេឃទៅ ផ្ទុយពីសត្វទា ដែលអាចហោះបានទាបៗនិងខ្លីៗ ពេលហោះម្តងៗគឺពិបាកមើលណាស់។ ក្រៅពីចំណុចទាំងពីរខាងលើ សត្វហង្សប្រហែលជាគ្មានចំណុចណាប្រសើរជាងទានោះទេ។ ហង្សបើទោះជាមានរូបឆោមលោមព័ណ៌ស្អាតយ៉ាងណាក៏ដោយ ក៏ពេលដែលត្រូវទឹកហង្ស តើមានអ្វីខុសពីទា? អាចហើរបានទេ? ពិតណាស់មិនបានទេ ទទឹកស្លាបនិងខ្លួនជោគហើយ ដែលខុសពីសត្វទា បើទោះបីជត្រូវត្រាំទឹក និងនៅជាមួយទឹករាប់ម៉ោងក៏ដោយក៏ខ្លួនរបស់ទាមិនទទឹកឡើយ។ នេះហើយជាសមត្ថភាពពិសេសមួយរបស់សត្វទា ដែលសត្វហង្សគ្មាន។ ចំណុចទី២ តើសត្វហង្សអាចអាចហែលទឹកបានទេ? អាចជ្រមុជទឹកបានទេ? ពិតណាស់ មិនអាចទេ បើសិនជាហ៊ានធ្វើដូចនេះ ហង្សពិតជាស្លាប់ខ្លួនមិនខាន។ ហង្សអាចមានសមត្ថភាព ចុះមកដើរផ្ទាល់ដី ដូចជាសត្វទាបានដែរឬទេ? ពិតជាបាន! ប៉ុន្តែត្រូវចាំថាសារជាតិហង្ស គឺជាសត្វស្អាត ហើយបើធ្វើដំណើរលើដី ច្បាស់ណាស់ពិតជាប្រឡាក់ដល់ដងខ្លួននិងរូបរាងកាយរបស់ហង្សជាមិនខាន ហើយបើដើរដីរហូតនោះ ច្បាស់ណាស់ហង្សដែលមានរូបឆោមលោមព័ណ៌ដ៏ផូរផង់នោះ នឹងមានខុសអ្វីពីសត្វទាដែលស្អុយឆ្អេះឆ្អាបនោះ? ដូច្នេះហង្សពិតជាមិនដើរលើដីឡើយ ហើយហង្សនឹងនៅលើមេឃ ដែលសត្វជាច្រើនគិតថាវាជារឿងមួយអស្ចារ្យណាស់។ គេយល់ថាជីវិតនៅលើមេឃគឺអស្ចារ្យ ក៏ព្រោះតែគេមិនទាន់បានស្វែងយល់អោយសីុជម្រៅអំពីរឿងរ៉ាវនៅលើមេឃ។ ពិតមែនហើយ បើបានឃើញម្តងពីរ ទំនងជាអស្ចារ្យហើយមើលទៅ ប៉ុន្តែធាតុពិតមិនមែនអញ្ចឹងឯណា នៅលើមេឃមានអ្វីប្លែកក្រៅពីពពកនិងខ្យល់នោះ? ខុសគ្នាពីនៅលើផែនដី គឺមានគ្រប់យ៉ាងទាំងអស់។ តើជីវិតនៅលើមេឃរបស់សត្វហង្ស តើមានអ្វីអស្ចារ្យទៅ? ពិតណាស់ហង្សពិតជាឯកាណាស់ ព្រោះនៅលើមេឃមិនមានបក្សីច្រើនប្រភេទទេដែលអាចរស់បានដូចជាសត្វហង្ស។ សត្វហង្សត្រូវរស់នៅតែជាមួយសង្គមរបស់គេតែប៉ុណ្ណោះ ដែលខុសពីសត្វទា ដែលអាចរស់ចុះសម្រុះបានជាមួយសត្វគ្រប់ប្រភេទទាំងអស់។

សរុបមកជីវិតរបស់សត្វមាន់ និងជីវិយរបស់សត្វហង្ស គឺមិនមានសភាពប្រសើរជាងទាប៉ុន្មានឡើយ ព្រោះបើពិនិត្យមើលតាមសមត្ថភាពធម្មជាតិរបស់សត្វទា គឺវាមានសមត្ថភាពច្រើនជាង ហើយអាចចេះបត់បែនបានគ្រប់កាលៈទេសៈ។ ចង់សីុចំណីលើគោកក៏បាន ចំណីក្នុងទឹកក៏បាន ដើរលើដីក៏បាន ហែលទឹកក៏បាន ជ្រមុជទឹកក៏បាន ហោះហើរទាបៗខ្លីៗក៏បាន។ មានអីទៅអាក្រក់ទៅ? ហើយទ្រើងនោះអស្ចារ្យប៉ុណ្ណាទៅ? ទឹកលិចមក មាន់ច្បាស់ជាជាប់លើទ្រើងហ្នឹងហើយ អត់អីសីុហ្នឹងហើយ ចំណែកសត្វទាវិញ អាចហែលទឹកចេញនិងចាប់សត្វក្នុងទឹកសីុយ៉ាងរីករាយ។ ថ្ងៃក្រោយ បើអាច តើយើងអាចផ្លាស់ប្តូរពាក្យថា "អាសត្វទាមិនចេះឡើងទ្រើង" មកជា "អាសត្វមាន់អត់ចេះហែលទឹក" វិញបានអត់? អាចហៅហង្សថា "អាសត្វហង្សអត់ចេះជ្រមុជទឹក" បានអត់?

សុខចិត្តធ្វើខ្លួនជាសត្វទាដែលមិនចេះដេកលើទ្រើង ជាជាងធ្វើជាសត្វហង្សក្នុងខណៈខ្លួនឯងជាសត្វទា។ Be yourself!

ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦

ដោយលោក វង្ស ភគីនី



Saturday, September 3, 2022

ជម្រើសដ៏ត្រឹមត្រូវ

អំណាចបុណ្យសក្តិ មាសប្រាក់ និងបញ្ញា តើកូននឹងរើសយកមួយណា?

យកទាំង៣?

មានអំណាច នឹងនាំអោយមានមាសប្រាក់ ប៉ុន្តែមិនអាចនឹងកើតបាននូវបញ្ញា។

មានមាសប្រាក់ នឹងនាំមកនូវ អំណាចបុណ្យសក្តិ បញ្ញាអាចនឹងមិនកើតមានឡើងបានដូចគ្នា។

មានបញ្ញា នឹងនាំអោយមានមាសប្រាក់ ហើយនឹងនាំទៅរកអំណាច។

ទាំងឡាយនោះ បើគ្មានគុណធម៌ វានឹងមិនស្ថិតស្ថេរនោះទេ គឺវានឹងបំផ្លាញកូនវិញនៅពេលណាមួយមិនខាន។ ម្លោះហើយ ដើម្បីរក្សារបស់ទាំង៣នោះអោយបានល្អ ហើយកើតបានជាប្រយោជន៏ទៅទៀតនោះ សូមកូនប្រកាន់ខ្ជាប់នូវ "គុណធម៌" ក្នុងនាមជាមនុស្ស។ គឺមានតែគុណធម៌តែមួយគត់ដែលអាចរក្សាវាបានរហូតតទៅ។

មានអំណាចដោយគ្មានគុណធម៌ គឺព្រៃផ្សៃ។

មានមាសប្រាក់ដោយគ្មានគុណធម៌ គឺអាត្មានិយម។

មានបញ្ញាដោយគ្មានគុណធម៌ គឺល្ងង់ក្នុងសេចក្តីពិត។

កូនស្រីមាសឳពុក កូនស្រីត្រូវចាំថា គុណធម៌ គឺយកឈ្នះអំពើអាក្រក់ទាំងពួង ហើយកូននឹងរស់នៅដោយមានសេចក្តីសុខ។



កញ្ចក់ក្នុងបន្ទប់ទឹក

ថ្ងៃនេះធ្វើអោយខ្ញុំនឹកឃើញរឿងមួយដែលបានកើតមានឡើងនៅ office ខ្ញុំកាលពីប្រមាណជា ៨ឆ្នាំមុន គឺឆ្នាំ២០១៤ នៅវេលាម៉ោងប្រមាណជា ជាង១រសៀល។ កាលណោះខ្ញុំនៅធ្វើការម្នាក់ឯង ព្រោះជាថ្ងៃឈប់ ហើយត្រូវត្រៀមឯកសារសម្រាប់ប្រជុំក្រុមប្រឹក្សាភិបាល។ ម៉ោងប្រមាណជាជិតមួយ ខ្ញុំក៍បានទៅទិញបាយនៅខាងក្រៅ ដើម្បីយកមកញាំនៅ office ម្នាក់ឯង។ ទិញមកហើយក៍បានអង្គុយញាំនៅផ្ទះបាយតែម្នាក់ឯង យ៉ាងស្ងប់ស្ងាត់ ព្រោះអីនៅម៉ោងថ្មើរនេះ បើអត់ធ្វើការចឹង គឺគេទៅញាំខាងក្រៅ ឬទៅផ្ទះតែម្តង។ ញាំរួចហើយក៍មកដល់តុវិញ ចាប់ផ្តើមបន្តការងារ។ ចាប់ផ្តើមបានបន្តិចក៍ស្រាប់តែ ខ្ញុំ នឹកឃើញថា ខ្ញុំបានបាត់កាត ដែលជាសោរទ្វាសម្រាប់ចេញចូល office។ រកមិនឃើញសោះ រកនៅលើតុ ក្នុងកាតាប ក្នុងថតតុ ក្នុងសៀវភៅ គឺរកសព្វអស់ហើយ នៅតែមិនឃើញទៀត។ ទៅរកនៅផ្ទះបាយក៍អត់ឃើញទៀត។ រកអស់ចិត្តហើយ ក៍ស្រាប់តែ លេចចេញនូវចម្ងល់មួយមកថា ពេលចូលមក តើខ្ញុំចូលមកយ៉ាងម៉េច បើកាតដែលបាត់នោះ អត់នៅក្នុង office ផងហ្នឹង? គិតហើយក៍ស្រាប់តែ ខ្ញុំនឹកឃើញថា ច្បាស់ណាស់ ច្បាស់ជាភ្លេចនៅក្នុងបន្ទប់ទឹក។ ទោះបីជាយ៉ាងណាក៍ដោយក៍ចម្ងល់នៅតែកើតមានជាមួយខ្ញុំដដែលថា បើភ្លេចនៅបន្ទប់ទឹក តើធ្វើម៉េចខ្ញុំអាចចូលមក office បាន? គិតភ្លាមសម្បុររបស់ខ្ញុំក៍ស្រាប់តែព្រឺ ក៍ប៉ុន្តែខ្ញុំនៅតែតាំងចិត្តថាមិនខ្លាច បើទោះបីជាធ្លាប់លឺគេនិយាយថា ខ្មោចបីសាច ចេញមកលងនៅតែពេលថ្ងៃត្រង់ក៍ដោយ។ ខ្ញុំក៍ដើរទៅកាន់បន្ទប់ទឹកទាំងព្យាយកុហក់ខ្លួនឯងថា មិនខ្លាចអ្វីទាំងអស់។ បើកទ្វាចូលទៅដល់បន្ទប់ទឹកហើយ ខ្ញុំក៍ចាប់ផ្តើមបើកកុងតាក់ភ្លើង ហើយក៍ស្រាប់តែបានឃើញ កាតរបស់ខ្ញុំព្យួរនៅក របស់ខ្ញុំសោះ។

ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាភ្លេចភ្លាំងច្រើនមែនឥឡូវនេះ 😃



រឿងពិតមួយអំពីពេទ្យដែលគេមើលរំលង

រឿងពិតមួយអំពីពេទ្យ ដែលគេមើលរំលង។ បើយើងមានជម្លោះជាមួយអ្នកសង្គ្រោះយើងទៅហើយ តើយើងនឹងនៅសល់អ្វីទៀត?