Friday, November 25, 2022

ទឹកចិត្តអ្នកម្តាយ

ឈាមមួយប្លោកអាចជួយជីវិតមនុស្សម្នាក់បានដែរឬទេ? តើទឹកចិត្តម្តាយចំពោះកូន ខ្លាំងដល់កម្រិតណា?

 ខែវិច្ថ្នេះ ថ្លៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា ៨:០០យប់ ជាពេលដែលខ្ញុំកំពុងនាំកូនខ្ញុំដើរលេងនៅផ្សារអីុអន២ ស្រាប់តែមានទូរស័ព្ទមួយខលមកខ្ញុំថា គាត់ត្រូវបានមិត្តភក្តិគាត់អោយខលមកខ្ញុំដើម្បីសុំជំនួយរឿងបរិច្ចាកឈាម ចំនួន៣ប្លោក។ គាត់ប្រាប់ថា ប្អូនប្រុសគាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ គឺត្រូវការឈាមបន្ទាន់។ ម្តាយគាត់ និងបងស្រីគាត់នៅភ្នំពេញ នៅជួយមើលប្អូននិងកូន ចំណែកគាត់នៅកំពង់សោម។ គាត់ប្រាប់ថា ម្តាយគាត់និងបងប្អូមគាត់អត់ដែលស្គាល់ភ្នំពេញទេ គាត់មកតែ៣នាក់អ្នកជំងឺតែប៉ុណ្ណោះ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំអាចជួយសម្របសម្រួលបានជាមួយមិត្តរួមក្រុមខ្ញុំ ដោយឈរលើគោលការណ៏ស្ម័គ្រចិត្តទៀត ហើយមានបណ្ណមួយចំនួន ប៉ុន្តែខ្លាចក្រែងពេទ្យអនុញ្ញាតបានតែ១។ មកដល់មជ្ឈមណ្ឌលផ្តល់ឈាម ខ្ញុំបានជួបម្តាយនិងបងស្រីគាត់ គាត់ទាំងពីរពិតជាមិនស្គាល់ភ្នំពេញ និងរបៀបនៃការធ្វើការងារទេ ព្រោះនេះជាលើកទី១របស់គាត់។ ខ្ញុំបានសម្រសម្រួលនិងជជែកជាមួយពេទ្យអំពីលទ្ធភាពនៃការបរិច្ចាគ២ និងបើកឈាមមួយ។ ខ្ញុំសំណូមពរគ្រូពេទ្យ បើអាច សូមបូមតែកូនស្រីគាត់ម្នាក់បានហើយ ហើយម្តាយដែលមានវ័យ៥៣ឆ្នាំនោះ មើលទៅខ្លាចគាត់ទប់អត់ជាប់ ព្រោះខ្លាចគាត់ខ្សោយ ដោយសារអត់បានគេង។ លឺដូច្នោះ អ្នកម្តាយក៏បាននិយាយដោយទឹកមុខព្រួយបារម្ភថា អត់អីទេអ្នកគ្រូពេទ្យ ខ្ញុំអាចទប់ទល់បាន ដើម្បីតែកូនប្រុសរបស់ខ្ញុំ។ អ្នកគ្រូពេទ្យក៏បានពន្យល់ដែរថា អត់អីទេ ពេទ្យនឹងពិនិត្យលទ្ធភាពគាត់ វ័យប៉ុណ្ណេះអាចបរិច្ចាកបាន ហើយទាល់តែជាប់តេស្ត ទើបពេទ្យបូមចេញ ហើយករណីខ្វះឈាមអី ខាងមជ្ឈមណ្ឌលក៏អាចជួយសម្រួលអោយជំពាក់បានសិនដែរ ដោយយកមកសងវិញនៅថ្ងៃស្អែក។

វិនាទីនោះ ខ្ញុំពិតជាកោតសសើរនូវវិរៈភាពរបស់អ្នកមីងជាម្តាយពិតមែន ក៏ព្រោះតែកូនរបស់គាត់ គាត់នៅតែថែរក្សានិងស្រឡាញ់ការពារ ដោយមិនគិតពីខ្លួនឯង។ គាត់ធ្វើក៏ព្រោះតែកូន ដើម្បីតែភាពសុខដុមរម្យនារបស់កូន។ បងស្រីវិញក៏ដូចគ្នា ដើម្បីតែប្អូន បងស្រីបានលះបង់គ្រប់យ៉ាងដើម្បីតែប្អូនបានរស់។ ទឹកចិត្តនិងវិរៈភាពរបស់មីងជាម្តាយ និងបងស្រីនោះគឺពិតជាអស្ចារ្យខ្លាំងណាស់។

ខ្ញុំបានសួរបញ្ជាក់គាត់ថា មីងមកទីនេះជាមួយកូនស្រី តើបានអ្នកណានៅជាមួយអ្នកជំងឺ? គាត់ថា គ្មានជំរើសទេ គឺអ្នកជំងឺនៅតែម្នាក់ឯង។ ពិតជាស្លុតចិត្តណាស់ដែលលឺបែបនេះ។

ឈាមបានគ្រប់ទាំង៣ប្លោក។ អ្នកមីងនិងកូនស្រីក៏ប្រែជាស្រស់ថ្លា ហើយខ្ញុំបានជូនគាត់និងកូនស្រីត្រឡប់ទៅពេទ្យវិញ។ អ្នកមីងនិងប្អូនស្រីបានលើកដៃប្រណម្យ ថ្លែងអំណរអរគុណដល់ខ្ញុំព្រមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តផ្តល់ឈាមដើម្បីជួយជីវិតមនុស្ស និងជូនពរក្រុមការងារទាំងអស់ជួបតែក្តីសុខ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារយើងទាំងអស់ដែលបានជួយជ្រោមជ្រែងពាំនាំព័ត៌មាន និងមធ្យោបាយនានាដើម្បីជួយដល់បេសកកម្មមួយនេះ។ អរគុណដល់បង ចេវ ដែលជាសន្តិសុខគម្រូរបស់ អេអឹមខេ ផងដែរដែលបានខ្នះខ្នែង និងត្រៀមខ្លួនដើម្បីជួយជីវិតមនុស្ស។

អរគុណដល់បុគ្គលិកមជ្ឈមណ្ឌលផ្តល់ឈាមដែលបានជួយសម្របសម្រួលបំពេញសេវាកម្មជូនដល់អ្នកជំងឺ។ សេវាកម្មនៅទីនោះពិតជាល្អ និងមានតម្លាភាពណាស់។

នៅតែមិនភ្លេចដល់កូនស្រីទាំងពីររបស់ខ្ញុំ ដែលបានលះបង់សេចក្តីសុខ និងភាពរីករាយរបស់ខ្លួន ហើយអនុញ្ញាតអោយប៉ាប៉ាបំពេញកិច្ចការសប្បុរសធម៌នេះដោយជោគជ័យ។

សូមអ្នកទាំងអស់គ្នា ចូលរួមជាមួយយើងខ្ញុំ ដើម្បីជួយជីវិតមនុស្ស។ 

https://www.facebook.com/groups/voluntaryblooddonor/


ភ្នំពេញយប់ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៨ 



No comments:

Post a Comment