Tuesday, November 15, 2022

រឿង ឳពុកនិងកូនស្រី ភាគទី១៨

 ភាពគ្រប់គ្រាន់

សុភនាថ កូនស្រីខ្ញុំ បានបង្រៀនអោយខ្ញុំយល់កាន់តែច្បាស់អំពីភាពគ្រប់គ្រាន់។ ទឹកក្រូចក្នុងហាងមួយកំប៉ុង៥ដុល្លា និងទឹកក្រូចតាមចិញ្ចើមថ្នល់មួយកំប៉ុង២០០០រៀល ក៏នាថនៅតែសប្បាយចិត្តនឹងញាំ។ ញាំបាយនៅក្នុងហាងធំៗ និងញាំបាយកញ្ចប់ទិញតាមចិញ្ចើមថ្នល់ក៏នាថ ញាំទៅឆ្ងាញ និងសប្បាយដូចគ្នា។ ពួកម៉ាកស្គាល់គ្នាយូរ និងពួកម៉ាកទើបនឹងស្គាល់គ្នា ក៏នាថ នៅតែអាចលេងជាមួយគ្នាយ៉ាងសប្បាយ ដរាបណាគ្មានអ្នកណាម្នាក់ដើរខ្សែលើនាថ។ នាំនាថទៅលេងកន្លែងណាដែលនាថ មិនចង់ទៅលេង ក៏នាថប្រាប់ថាសប្បាយ។ របស់លេងនាថ មិនថារបស់នោះថ្លៃប៉ុណ្ណា ថោកប៉ុណ្ណា ក៏នាថ នៅតែអាចលេងបាន។ ជិះម៉ូតូក្រោមកម្តៅថ្ងៃ នឹងហុយចង់ងាប់ ក៏នាថថាសប្បាយ មិនហត់ មិនរអ៊ូ...នាថ តែងតែសប្បាយនូវអ្វីដែលនាថមាន មិនថារបស់ទាំងនោះថ្លៃឬថោកប៉ុណ្ណា ពីព្រោះនាថយល់អំពីតម្លៃរបស់វា។




No comments:

Post a Comment