Sunday, September 18, 2022

រឿង ឳពុក និងកូនស្រី ភាគទី១៣ - កូនពៅបារម្ភពីប៉ាប៉ាដែលជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នា២០១៨ នៅផ្សារម៉ាក្រូ អូនសួស្តី និយាយប្រាប់ប៉ាប៉ា កាយវិការផង រៀបរាប់ផង ចង្អុលទៅទូរទស្សន៏ផង និយាយមិនច្បាស់ផង ហើយទម្រាំនឹងយល់បានគឺទាល់តែ បងនាថ បកប្រែអោយ។ នាងនិយាយប្រាប់ខ្ញុំព្រមទាំងចង្អុលទៅកាន់ទូរទស្សន៏ផ្សាយពាណិជ្ជកម្មម៉ូតូ៖ 

សួស្តី៖ ប៉ាប៉ា ពេលប៉ាប៉ាជិះម៉ូតូ ប៉ាប៉ាត្រូវពាក់មួកផង។ ប៉ាប៉ាជិះម៉ូតូ អត់ដែលពាក់មួកសុវត្ថិភាពទេ។

លឺដូច្នោះ ខ្ញុំភ្ញាក់ព្រឺតដូចត្រូវគេធាក់។ សួស្តី តូចណាស់ អាយុទើប៣ឆ្នាំកន្លះទេ ប៉ុន្តែនាងចេះសង្កេតពីខ្ញុំ នាងដឹងថាអ្វីគួរធ្វើ អ្វីដែលមិនគួរធ្វើ នាងចេះគិតបារម្ភពីឳពុករបស់នាង ខណៈពេលដែលខ្ញុំមិនបានគិតរឿងពាក់មួកនោះគឺជារឿងបារម្ភសម្រាប់ពួកគេទាំងពីរនាក់ឡើយ។ អរគុណកូនស្រីដែលបានរម្លឹក ហើយប៉ាប៉ាសូមសន្យាថា នឹងពាក់មួកសុវត្ថិភាពគ្រប់ពេលដែលប៉ាប៉ាជិះម៉ូតូ។

ចប់ពីនោះមក ខ្ញុំក៏បានអរគុណនាងដែលបានរម្លឹក និងដាស់តឿន រួចហើយក៏សួរនាងវិញថា ហេតុអីបានជាយើងចាំបាច់ពាក់មួកសុវត្ថិភាព? ដោយមិនរួញរា បងនាថ បានឆ្លើយយ៉ាងលឿន ហើយបន្តដោយអូនសួស្តី៖

បងនាថ អូនសួស្តី៖ ដើម្បីការពារកុំអោយគ្រោះថ្នាក់ចរាចរណ៏។

ប៉ាប៉ា៖ កូន! ពាក់មួកសុវត្ថិភាព មិនអាចការពារយើងមិនអោយមានគ្រោះថ្នាក់ចរាចរណ៏បានទេ ប៉ុន្តែវាអាចការពារក្បាលយើងកុំអោយរងរបួសនៅពេលមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង។ កូនពាក់មួកសុវត្ថិភាព ហើយកូនជិះលឿន មិនគោរពច្បាប់ចរាចរណ៏នោះ មួកគឺមិនបានជួយមិនអោយគ្រោះថ្នាក់បានទេ។

ហេតុ ហើយនិង ផល!








No comments:

Post a Comment