កូនស្រីខ្ញុំនាងធំហើយ!
ថ្ងៃស្រាប់តែចាប់អារម្មណ៏ថា កូនស្រីខ្ញុំ សុភនាថ នាងធំហើយ។ អារម្មណ៏បែបនេះកើតឡើងចំពោះខ្ញុំ គឺបន្ទាប់ពីឃើញវត្ថុទាំងនេះ ព្រមទាំងការនឹកឃើញកាលពីដើមខែ កក្កដា ឆ្នាំ២០១៩។ ខ្ញុំចាំបានថា កាលណោះនាងបានមកគេងនៅផ្ទះខ្ញុំមួយយប់។ ចូលមកដល់មាត់ទ្វារធំភ្លាម នាងបានទម្លាក់ឥវ៉ាន់សម្រាប់នាងញាំចោលនៅលើតុមួយ រួចស្ទុះទៅទាញអំបោះសមកបោសក្នុងផ្ទះ ទីដែលខ្ញុំចតម៉ូតូ រួចកើបដីដែលប្រឡាក់ទាំងនោះចេញ ដែលជាទូទៅខ្ញុំមិនដែលខ្វល់នឹងបោសសម្អាតវាឡើយ ព្រោះផ្ទះខ្ញុំ ព្រឹកចេញ យប់ចូល គឺ៧ថ្ងៃក្នុងមួយសប្តាហ៏។
ថ្ងៃនេះតាំងពីម្សិល នាងមកគេងមួយយប់ទៀតពីរនាក់អូនសួស្តី។ ព្រឹកឡើងបន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយ បីនាក់ឪកូនក៏ចាប់ផ្តើមការងារហត្ថកម្ម បិទរូបតាមជញ្ជាំងបន្ទប់។ បន្ទប់តូចខាងក្រោយនោះគឺជារបស់ពួកគេទាំងពីរ ហើយដោយមិនទាន់បានរៀបចំអោយបានស្រួលបួល ខ្ញុំក៏យកបន្ទប់នោះដាក់ឥវ៉ាន់ ពូកសម្រាប់ភ្ញៀវ វ៉ាលីស កំណាត់ជូតជើង ម៉ាស៊ីនបូមធូលី ។ល។ ហើយបិទទ្វារចោលរហូត។ បិទរួច ក៏បិទទ្វារចោលដោយបន្សល់នូវសំណល់ ក្រដាសផ្លាស្ទិក និងរបស់ផ្សេងៗចោលពង្រាយពេញហ្នឹង ហើយ៏ចាប់ផ្តើមរៀបចំបាយទឹកអោយពួកគេញាំ។ ញាំរួចក៏សម្រាកមើលទូរទស្សន៏ជាមួយគេរហូតលង់លក់ទៅ។ គេបានដាស់ខ្ញុំអោយទៅមើលបន្ទប់ដែលគេបានរៀបចំ។ ទៅដល់ គឺខ្ញុំភ្ញាក់ផ្អើលមែនទែន។ អ្វីៗត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់និងរៀបរយ ព្រមទាំងមិនឃើញមានក្រដាស សម្រាម ដីនៅក្នុងនោះទៀតឡើយ។ នាងបានរៀបចំវាយ៉ាងរៀបរយ ដែលស្ទើរតែមិនជឿថាក្មេងអាយុមិនទាន់ដល់៨ឆ្នាំស្រួលបួលផងបែរជាអាចរៀបចំបានយ៉ាងរៀបរយដូច្នោះ ដែលលោកអ្នកអាចសម្គាល់បានអំពីការដាក់អំបោសបញ្ឈរដែលជាទូទៅក្មេងៗមិនដែលដឹងថាត្រូវដាក់បញ្ឈរបែបនោះឡើយ។
ខ្ញុំបានសួរនាងថា បន្ទប់របស់កូន កូនរៀបយ៉ាងស្អាត រីឯបន្ទប់របស់ប៉ាប៉ា កូនពង្រាយឡើងវ៉ល់ពេញហ្នឹងហើយ។ នាងបានតបថា បន្ទប់ប៉ាប៉ា ប៉ាប៉ាខ្ជិលអញ្ចឹងហើយ។ ខ្ញុំបានតបថា ចុះកូនគិតមើលប៉ាប៉ាត្រូវរៀបចំធ្វើម្ហូប បាយទឹក លាងចាននោះ ម៉េចមានពេលមករៀបទៅ? នាងថា បើប៉ាប៉ាទុកចិត្តអោយកូនលាងចាន ធ្វើម្ហូបក៏បានដែរ ប៉ុន្តែកូននៅតូចពេក អត់ទាន់ចេះធ្វើម្ហូបទេ ហើយបើលាងចាន ខ្លាចបែក។ លឺហើយក៏អស់យោបល់
No comments:
Post a Comment