Saturday, September 3, 2022

កញ្ចក់ក្នុងបន្ទប់ទឹក

ថ្ងៃនេះធ្វើអោយខ្ញុំនឹកឃើញរឿងមួយដែលបានកើតមានឡើងនៅ office ខ្ញុំកាលពីប្រមាណជា ៨ឆ្នាំមុន គឺឆ្នាំ២០១៤ នៅវេលាម៉ោងប្រមាណជា ជាង១រសៀល។ កាលណោះខ្ញុំនៅធ្វើការម្នាក់ឯង ព្រោះជាថ្ងៃឈប់ ហើយត្រូវត្រៀមឯកសារសម្រាប់ប្រជុំក្រុមប្រឹក្សាភិបាល។ ម៉ោងប្រមាណជាជិតមួយ ខ្ញុំក៍បានទៅទិញបាយនៅខាងក្រៅ ដើម្បីយកមកញាំនៅ office ម្នាក់ឯង។ ទិញមកហើយក៍បានអង្គុយញាំនៅផ្ទះបាយតែម្នាក់ឯង យ៉ាងស្ងប់ស្ងាត់ ព្រោះអីនៅម៉ោងថ្មើរនេះ បើអត់ធ្វើការចឹង គឺគេទៅញាំខាងក្រៅ ឬទៅផ្ទះតែម្តង។ ញាំរួចហើយក៍មកដល់តុវិញ ចាប់ផ្តើមបន្តការងារ។ ចាប់ផ្តើមបានបន្តិចក៍ស្រាប់តែ ខ្ញុំ នឹកឃើញថា ខ្ញុំបានបាត់កាត ដែលជាសោរទ្វាសម្រាប់ចេញចូល office។ រកមិនឃើញសោះ រកនៅលើតុ ក្នុងកាតាប ក្នុងថតតុ ក្នុងសៀវភៅ គឺរកសព្វអស់ហើយ នៅតែមិនឃើញទៀត។ ទៅរកនៅផ្ទះបាយក៍អត់ឃើញទៀត។ រកអស់ចិត្តហើយ ក៍ស្រាប់តែ លេចចេញនូវចម្ងល់មួយមកថា ពេលចូលមក តើខ្ញុំចូលមកយ៉ាងម៉េច បើកាតដែលបាត់នោះ អត់នៅក្នុង office ផងហ្នឹង? គិតហើយក៍ស្រាប់តែ ខ្ញុំនឹកឃើញថា ច្បាស់ណាស់ ច្បាស់ជាភ្លេចនៅក្នុងបន្ទប់ទឹក។ ទោះបីជាយ៉ាងណាក៍ដោយក៍ចម្ងល់នៅតែកើតមានជាមួយខ្ញុំដដែលថា បើភ្លេចនៅបន្ទប់ទឹក តើធ្វើម៉េចខ្ញុំអាចចូលមក office បាន? គិតភ្លាមសម្បុររបស់ខ្ញុំក៍ស្រាប់តែព្រឺ ក៍ប៉ុន្តែខ្ញុំនៅតែតាំងចិត្តថាមិនខ្លាច បើទោះបីជាធ្លាប់លឺគេនិយាយថា ខ្មោចបីសាច ចេញមកលងនៅតែពេលថ្ងៃត្រង់ក៍ដោយ។ ខ្ញុំក៍ដើរទៅកាន់បន្ទប់ទឹកទាំងព្យាយកុហក់ខ្លួនឯងថា មិនខ្លាចអ្វីទាំងអស់។ បើកទ្វាចូលទៅដល់បន្ទប់ទឹកហើយ ខ្ញុំក៍ចាប់ផ្តើមបើកកុងតាក់ភ្លើង ហើយក៍ស្រាប់តែបានឃើញ កាតរបស់ខ្ញុំព្យួរនៅក របស់ខ្ញុំសោះ។

ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាភ្លេចភ្លាំងច្រើនមែនឥឡូវនេះ 😃



No comments:

Post a Comment