Saturday, December 3, 2022

ស្រណោះម្ហូបការ

កាលពី៦ឆ្នាំមុន ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦!

ស្រណោះម្ហូបការ៖

រឿងនេះនិទានអំពីការយល់ឃើញលុះដោយគិតពិចារណាទៅលើហេតុនិងផល។ ម្សិលមិញ ខ្ញុំបានទៅញាំការជំនួសឪពុកខ្ញុំ។ កម្មវិធីអាពាហិពាហិនោះធំណាស់ ហើយពោរពេញទៅដោយភ្ញៀវកិត្តយសដែលមានឋានះធំដុំ។ ចំណែកឯម្ហូបអាហារវិញគឺសុទ្ធតែជាម្ហូបល្អៗ ពោរពាសនៅលើទុក អមដោយស្រាថ្លៃៗ។ ការហូបចុក និងរាំរែកបានចាប់ផ្តើមឡើង ចំណែកឯអាហារក៏ចេះតែផ្លាស់ប្តូរពីមួយមុខៗ រហូតដល់មហូបចុងក្រោយ ដែលមានបាយស បាយមាន់ហៃណាំ មីឆាពិសេស ម្ជូរពងត្រី ព្រមទាំងបង្អែមបាយតំណើបសង់ខ្យា។ ក្រលេកឃើញម្ហូបនៅសល់ពេញតុ ដោយគ្មានអ្នកណាអាចញាំតទៅទៀតបាន បានឃើញអ្នកចូលរួមទាំងឡាយកំពុងតែរាំយ៉ាងសប្បាយជាមួយនឹងភ្លេង លេងនិងច្រៀងដោយតារាល្បីៗ បានឃើញនូវទិដ្ឋភាពសប្បាយខ្ញៀវខ្ញារនៃអ្នកហូបសុរា បានឃើញនូវបុគ្គលិកចាប់ទឹកកកនិងអ្នកនាំភ្ញៀវអង្គុយប្រជ្រៀតគ្នាញាំម្ហូបការដែលម្ចាស់កម្មវិធីអោយមួយតុ...ទិដ្ឋភាពទាំងនោះវាបានធ្វើអោយខ្ញុំនឹកឃើញស្រម័យទៅដល់ទិដ្ឋភាពមួយទៀតដែលផ្ទុយគ្នាស្រឡះពីនោះ គឺទិដ្ឋភាពកុមារ មនុស្សជរាគ្មានទីពឹង មនុស្ស អនាថា អ្នក្រីក្ររស់នៅក្រោមដំបូលរហែក គ្មានបាយ គ្មានទឹក គ្មានអ្វីហូបចុក...មួយជីវិតពួកគេ ពិតណាស់ទំនងជាពួកគេមិនដែលស្គាល់ឡើយនូវរស់ជាតិម្ហូបការលំដាប់ថ្នាក់កំពូលនោះទេមើលទៅ សូម្បីតែម្ហូបការធម្មតាក៏ពួកគេមិនដែលទាំងនឹកនាឃើញផង។ គិតឃើញដូច្នោះ គំនិតមួយក៏ស្រាប់តែផុសមកកាន់ខួរក្បាលខ្ញុំម្តងទៀត គឺគំនិតនៃការខ្ចប់ម្ហូបអារហារដែលនៅសល់ញាំមិនអស់នោះ យកទៅអោយមនុស្សអនាថា ចាស់ជរាគ្មានទីពឹងទាំងនោះ។ ប៉ុន្តែអ្វីមួយបានមករាំងខ្ទប់នូវការសម្រេចចិត្តរបស់ខ្ញុំ វានោះគឺ បើសិនជាខ្ញុំខ្ចប់កាន់យួរវាទៅ តើមនុស្សផងទាំងពួងដែលនៅក្នុងកម្មវិធីនោះ នឹងមើលមកខ្ញុំជាមនុស្សយ៉ាងណា? ស៊ីហើយខ្ចប់យកទៅផ្ទះទៀត។ ខ្ចប់យកអោយឆ្កែ? បែបមិនទេ! ខ្ចប់យកអោយមនុស្សអនាថា? បែបមិនទេ! ទំនងជាគាត់ហ្នឹងខ្ចប់យកទៅអោយប្រពន្ធកូននៅផ្ទះតែម្តងហើយ មនុស្សប្រុសនេះមើលទៅយ៉ាប់ណាស់ ស៊ីហើយខ្ចប់ទៀតនោះ!។ ទាំងនោះគឺជាសម្តីដែលអាចនឹងលឺពីមនុស្សទាំងនោះ បន្ទាប់បីឃើញមនុស្សខ្ចប់អាហារចេញទៅក្រៅ។ ពិតណាស់ហើយ ខ្ញុំមិនគួរណាយករឿងទាំងនោះមកដាក់នៅក្នុងចិត្តរបស់ខ្ញុំនោះទេ ខ្ញុំគួរតែជាមនុស្សដែលជឿជាក់ជាក់ខ្លួនឯង ធ្វើជាមនុស្សខ្វាក់មើលមិនឃើញ ធ្វើជាមនុស្សថ្លង់មិនខ្ចីលឺនូវពាក្យសម្តីនិន្ទារបស់មនុស្សទាំងនោះ ប៉ុន្តែធាតុពិតមានឯណា ខ្ញុំជាមនុស្សមានភ្នែកភ្លឺខ្ញុំអាចមើលឃើញនូវក្រសែភ្នែកដែលមើលមកខ្ញុំដោយភាពនិន្ទា ត្រចៀកខ្ញុំនៅស្តាប់លឺពាក្យសម្តីរបស់គេដែលអាចនិន្ទាខ្ញុំ...ទាំងនោះហើយវាបានធ្វើអោយខ្ញុំសម្រេចចិត្តមិនខ្ចប់វាយកទៅក្រៅ ហើយបានតែសម្លឹងនូវម្ហូបអាហារទាំងនោះទាំងក្នុងចិត្តសោកស្តាយ។

សម្រាប់ខ្ញុំនៅពេលនេះ ខ្ញុំមានចេតនាមួយគឺចង់អោយមនុស្សទាំងអស់មានការចែករម្លែក គឺចែករម្លែកនូវអាហាររបស់យើងដែលនៅសល់ ដើម្បីជាសេចក្តីសុខជូនដល់មនុស្សអនាថា ជនចាសជរា អ្នកក្រីក្រទុរគតទាំងឡាយអោយបានទទួលនូវរស់ជាតិមួយដែលពួកគេមិនធ្លាប់បានហូបពីមុនមក ឬក៏មិនដែលធ្លាប់នឺងស្រមៃដល់។

បើអាចទៅរួច ខ្ញុំសូមសំណូមពរដល់មិត្តភក្តិភក្តិខ្ញុំទាំងឡាយ ឬម្ចាស់ដើមការទាំងឡាយ នៅពេលមានកម្មវិធីរៀបអាពាហិពាហិ លោកអ្នកគួរគ្រប់គ្រងម្ហូបអាហារនៅសល់ទាំងនោះ ដោយរៀបចំទុកដាក់អោយបានស្រួលតាមមុខម្ហូបទាំងនោះ ហើយធ្វើការវេចខ្ចប់ដាក់ក្នុងប្រអប់អោយបានរៀបរយ ដោយអាចមាន បាយ ឬមីឆាមួយកញ្ចប់ បូករួមជាមួយម្ហូបក្រៀមក្រោះដែលនៅសល់ពីតុដូចជា ដុំសាច់ជ្រូកខ្វៃ សាច់ទាខ្វៃ គ្រៀងក្លែម៨មុខដែលនៅសល់តិចតួច ក្បាលត្រី...។ល។ រៀបចំហើយ គួរតែយកអាហារខ្ចប់ទាំងនោះមកដាក់នៅជិតផ្លូវចេញ ដោយសសេរអក្សរថា “នេះជាម្ហូបសម្រាប់យកទៅចែកចាយដល់មនុស្សអនាថានៅតាមផ្លូវ លោកអ្នកអាចយកវាទៅជាមួយ។” ។ ធ្វើបែបនេះ គឺមានន័យថា ម្ហូបអាហារដែលសល់នោះនឹងត្រូវបាននាំយកចេញទៅភ្លាមៗដោយមិនចាំបាច់យប់ជ្រោពេកដែលអាចនាំអោយម្ហូបអាហារនោះផ្អូម។ ខ្ញុំជឿថាមិនខ្វះមនុស្សដែលជិះនាំយកអាហារនោះទៅអោយពួកគេនោះទេ ប្រសិនជាមានការរៀបចំទុកដាក់បានស្រួល។ ចំពោះអ្នកទៅញាំការវិញ បើអាច លោកអ្នកអាចយកថង់ទៅជាមួយដើម្បីខ្ចប់ទុកម្ហូបនោះដោយខ្លួនឯង ដើម្បីយកទៅអោយជនអនាថាទាំងឡាយ។ ចំណែកមនុស្សផងឯទៀត នៅពេលដែលឃើញគេធ្វើបែបនោះ គប្បីមានគំនិតវិជ្ជមានថា ទំនងជាគេយកទៅចែកអោយអនាថាហើយមើលទៅ។ 

យើងសាកស្រមើលស្រមៃទៅមើលថា បន្ទាប់ពីបានកញ្ចប់អាហារពីយើងរួចមក បងស្រីអនាថាម្នាក់ដែលមានកូន៣ នឹងសប្បាយចិត្តយ៉ាងណាទៅ នៅពេលដែលឃើញនៅក្នុងនោះជាជ្រូកខ្វៃ ទាខ្វៃដ៏មានឳជារសឈ្ងុយឆ្ងាញ់។ ពេលនោះកូនគាត់នឹងប្រញាយដណ្តើមគ្នា ហើយនាំគ្នាញាំយ៉ាងសប្បាយ...ពេលឃើញទិដ្ឋភាពនោះ អារម្មណ៏រីករាយនឹងមកដល់ខ្លួនយើង។ អារម្មណ៏រីករាយសប្បាយចិត្តទាំងនោះហើយ គឺជាបុណ្យ។​

សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលយកវា ហើយចែករម្លែកបន្ត ដើម្បីបង្កើនការយល់ដឹងអំពីការគ្រប់គ្រងម្ហូបអាហារដែលសល់នៅរោងការ។

សូមអរគុណ។

គីនី



No comments:

Post a Comment