Saturday, November 19, 2022

កាត់ចិត្ត

 កើតទុក្ខធ្វើអ្វី? គិតច្រើនធ្វើអ្វី? កាត់ចិត្តទៅ!

កាត់ចិត្ត? ត្រឹមតែនិយាយគឺងាយស្រួលទេ ប៉ុន្តែការធ្វើ វាមិនងាយស្រួលដូចការនិយាយឡើយ។ យ៉ាងណាក៏ដោយ គ្មានអ្វីដែលលំបាករហូតយើងធ្វើមិនបាននោះទេ។

តើធ្វើដូចម្តេចទើបកាត់ចិត្តបាន? => សិក្សាពីមូលហេតុដែលបណ្តាលអោយឈឺចាប់សិន ចាំកាត់ចិត្ត។

មនុស្សភាគច្រើនប្រហែលជាបានគិតថា ព្រោះតែការបាត់បង់ បែកបាក់ បានជាបណ្តាលអោយគេទៅជាឈឺចាប់យ៉ាងនេះ។ ប៉ុន្តែមិនមែនទេ ការឈឺចាប់ដែលបានកើតឡើងនោះក៏ព្រោះតែចិត្តប្រកាន់ខ្ជាប់ អោបមិនលែងនូវតម្រូវការពីភាគីម្ខាងទៀត។ លះបង់ការប្រកាន់ខ្ជាប់បាន សេចក្តីទុក្ខសោកយ៉ាងណាក៏មិនអាចកើតឡើងចំពោះយើងដែរ។

លះបង់ការប្រកាន់ខ្ជាប់បាន គឺត្រូវចាប់ផ្តើមជាមួយនឹងការមិនប្រតិកម្មចំពោះសេចក្តីសុខ និងចំពោះសេចក្តីទុក្ខសោកទាំងពួងដែលបានកើតចំពោះយើង។ មុននឹងអាចធ្វើចិត្តមិនប្រតិកម្មចំពោះសុខឬទុក្ខ ក៏សូមទទួលស្គាល់នូវសេចក្តីពិតចំពោះធម្មជាតិដែលថា "គ្រប់យ៉ាងដែលកើតមកហើយ រមែងរលត់ទៅវិញជាធម្មតា"។ សុខឬទុក្ខ ក៏ដូចគ្នា បើវាកើតឡើងចំពោះយើងហើយ វានឹងរលត់ទៅវិញ។ បើដឹងថាវាគង់នឹងរលត់ទៅហើយ ម្លោះហើយយើងមិនចាំបាច់ប្រតិកម្មនឹងសុខឬទុក្ខនោះឡើយ គឺវានឹងរលត់បាត់។ នោះគឺជាវិធីរម្លត់ទុក្ខ។

សំណួរសួរថា ហេតុអ្វីបានជាមិនចាំបាច់ធ្វើប្រតិកម្មនឹងសុខឬទុក្ខ? តើការប្រតិកម្មនឹងសុខឬទុក្ខបានអ្វីមកវិញ? ធម្មជាតិនៃសេចក្តីពិតគឺថា " អ្វីមួយ មាន គឺនឹងនាំអោយអ្វីមួយទៀត កើតមាន ដែរ ហើយបើអ្វីមួយ គ្មាន វានឹងនាំអោយ គ្មាន អ្វីក៏ដូចគ្នាដែរ។ ដូច្នេះ ការធ្វើប្រតិកម្មនឹងសេចក្តីសុខ នឹងបង្កើតអោយមាន"លោភៈ" ដែលជាហេតុនាំអោយមានការប្រកាន់ខ្ជាប់ដ៏តឹងតែង ឬហៅថា "តណ្ហា"។ ការធ្វើប្រតិកម្មនឹងសេចក្តីទុក្ខ នឹងនាំអោយមាន "ទោសៈនិងមោហៈ" ដែលជាសេចក្តីល្ងង់ខ្លៅ។ ប្រកាន់ខ្ជាប់នូវសុខក៏ដោយ ប្រកាន់ខ្ជាប់នូវទុក្ខក៏ដោយ គឺជាទុក្ខ។ ម្លោះហើយការប្រតិកម្មនឹងសេចក្តីសុខឬសេចក្តីទុក្ខ នឹងនាំអោយកើតមាននូវសេចក្តីទុក្ខមិនលែង ប្រៀបដូចជា "កងច្រវ៉ាក់ដែលតភ្ជាប់គ្នាពីមួយទៅមួយរហូតគ្មានថ្ងៃបញ្ចប់"។



No comments:

Post a Comment