Tuesday, September 6, 2022

សត្វទា

 អំពីសត្វទា៖

យប់នេះស្រាប់តែនឹកឃើញរៀងសត្វទា។ កាលខ្ញុំនៅពីក្មេង ខ្ញុំចាំបានយ៉ាងច្បាស់នូវពាក្យរបស់ម្តាយខ្ញុំ គាត់មានប្រសាសន៏ថា "សត្វទាវាមិនដែលដេកលើទ្រើងទេ បើទោះបីជាខំធ្វើទ្រើងយ៉ាងណាអោយវាដេកក៏វាមិនដេកដែរ វាដេកផ្ទាល់ដី"។ ពិតមែនហើយ សន្តានរបស់សត្វទា គឺវាមានជើងត្រប៉ែត គ្មានក្រញាំដូចអស់បក្សីផ្សេងនោះទេ ដូច្នោះហើយបានជាវាមិនអាចឈរជាប់លើទ្រើងបាន។ ក្នុងន៏យខាងលើនេះ គេចង់ប្រៀបធៀបមនុស្សដែលអន់យស់សក្តិ គ្មានគំនិត ហើយគេចង់លើកតម្កើងអោយបានខ្ពង់ខ្ពស់ បើទោះបីជាខំជម្រុញយ៉ាងណា ក៏នៅតែមិនទៅមុខ រហូតដល់គេប្រដូចមនុស្សប្រភេទនោះថាជាសត្វមិនចេះឡើងទ្រើង។ ប៉ុន្តែនៅពេលដែលយើងវិភាគអោយសីុជម្រៅទៅ សត្វទា មិនមែនជាសត្វអន់ឯណា? សត្វមាន់ក៏មិនប្រាកដជាគ្រាន់បើជាងទាដែរ សត្វហង្សក៏ដូចគ្នាដែរ ព្រោះអ្វី? សត្វទា ពិតណាស់ឈរលើទ្រើងមិនបាន ប៉ុន្តែទា អាចដើរបាន ជាពិសេសទាមានសមត្ថភាពដ៏អស្ចារ្យមួយគឺសត្វទា អាចហែលទឹកបាន ហើយក៏អាចច្រមុជទឹកចុះទៅបាតបឹងដើម្បីនឹងចាប់ត្រីឬខ្ចៅខ្ចងមកធ្វើជាចំណីបានទៀតផង។ ចុះសត្វមាន់វិញ ក្រៅពីដេកលើទ្រើង ដែលយើងគិតថាខ្ពង់ខ្ពស់នោះ តើសត្វមានមានសមត្ថភាពធ្វើបានដូចទាដែរឬទេ? មាន់ចេះហែលទឹកទេ? មានចេះជ្រមុជទឹកទេ? ពិតណាស់ អត់ទេ ព្រោះបើត្រាប់តាមទា មាន់ច្បាស់ជាងាប់មិនខាន។

ក្រឡេកមកមើលហង្សវិញ ដែលជាទូទៅគេហៅថាជាស្តេចបក្សី។ តើហង្សនោះល្អវិសេសជាងទាប៉ុន្មានទៅ? ពិតមែនហើយ ហង្ស ពិតជាមានរូបស្អាត មានរូបឆោមលោមព័ណ៌ គួរអោយចាប់ចិត្តបេតី ផ្ទុយពីទាដែលរស់នៅលើដីប្រឡាក់ភក់ លាមក មានក្លិនមិនល្អ។ ហង្សអាចហោះហើរលើអាកាសបាន ចង់ធ្វើដំណើរទៅណាក៏ហោះសម្តៅលើមេឃទៅ ផ្ទុយពីសត្វទា ដែលអាចហោះបានទាបៗនិងខ្លីៗ ពេលហោះម្តងៗគឺពិបាកមើលណាស់។ ក្រៅពីចំណុចទាំងពីរខាងលើ សត្វហង្សប្រហែលជាគ្មានចំណុចណាប្រសើរជាងទានោះទេ។ ហង្សបើទោះជាមានរូបឆោមលោមព័ណ៌ស្អាតយ៉ាងណាក៏ដោយ ក៏ពេលដែលត្រូវទឹកហង្ស តើមានអ្វីខុសពីទា? អាចហើរបានទេ? ពិតណាស់មិនបានទេ ទទឹកស្លាបនិងខ្លួនជោគហើយ ដែលខុសពីសត្វទា បើទោះបីជត្រូវត្រាំទឹក និងនៅជាមួយទឹករាប់ម៉ោងក៏ដោយក៏ខ្លួនរបស់ទាមិនទទឹកឡើយ។ នេះហើយជាសមត្ថភាពពិសេសមួយរបស់សត្វទា ដែលសត្វហង្សគ្មាន។ ចំណុចទី២ តើសត្វហង្សអាចអាចហែលទឹកបានទេ? អាចជ្រមុជទឹកបានទេ? ពិតណាស់ មិនអាចទេ បើសិនជាហ៊ានធ្វើដូចនេះ ហង្សពិតជាស្លាប់ខ្លួនមិនខាន។ ហង្សអាចមានសមត្ថភាព ចុះមកដើរផ្ទាល់ដី ដូចជាសត្វទាបានដែរឬទេ? ពិតជាបាន! ប៉ុន្តែត្រូវចាំថាសារជាតិហង្ស គឺជាសត្វស្អាត ហើយបើធ្វើដំណើរលើដី ច្បាស់ណាស់ពិតជាប្រឡាក់ដល់ដងខ្លួននិងរូបរាងកាយរបស់ហង្សជាមិនខាន ហើយបើដើរដីរហូតនោះ ច្បាស់ណាស់ហង្សដែលមានរូបឆោមលោមព័ណ៌ដ៏ផូរផង់នោះ នឹងមានខុសអ្វីពីសត្វទាដែលស្អុយឆ្អេះឆ្អាបនោះ? ដូច្នេះហង្សពិតជាមិនដើរលើដីឡើយ ហើយហង្សនឹងនៅលើមេឃ ដែលសត្វជាច្រើនគិតថាវាជារឿងមួយអស្ចារ្យណាស់។ គេយល់ថាជីវិតនៅលើមេឃគឺអស្ចារ្យ ក៏ព្រោះតែគេមិនទាន់បានស្វែងយល់អោយសីុជម្រៅអំពីរឿងរ៉ាវនៅលើមេឃ។ ពិតមែនហើយ បើបានឃើញម្តងពីរ ទំនងជាអស្ចារ្យហើយមើលទៅ ប៉ុន្តែធាតុពិតមិនមែនអញ្ចឹងឯណា នៅលើមេឃមានអ្វីប្លែកក្រៅពីពពកនិងខ្យល់នោះ? ខុសគ្នាពីនៅលើផែនដី គឺមានគ្រប់យ៉ាងទាំងអស់។ តើជីវិតនៅលើមេឃរបស់សត្វហង្ស តើមានអ្វីអស្ចារ្យទៅ? ពិតណាស់ហង្សពិតជាឯកាណាស់ ព្រោះនៅលើមេឃមិនមានបក្សីច្រើនប្រភេទទេដែលអាចរស់បានដូចជាសត្វហង្ស។ សត្វហង្សត្រូវរស់នៅតែជាមួយសង្គមរបស់គេតែប៉ុណ្ណោះ ដែលខុសពីសត្វទា ដែលអាចរស់ចុះសម្រុះបានជាមួយសត្វគ្រប់ប្រភេទទាំងអស់។

សរុបមកជីវិតរបស់សត្វមាន់ និងជីវិយរបស់សត្វហង្ស គឺមិនមានសភាពប្រសើរជាងទាប៉ុន្មានឡើយ ព្រោះបើពិនិត្យមើលតាមសមត្ថភាពធម្មជាតិរបស់សត្វទា គឺវាមានសមត្ថភាពច្រើនជាង ហើយអាចចេះបត់បែនបានគ្រប់កាលៈទេសៈ។ ចង់សីុចំណីលើគោកក៏បាន ចំណីក្នុងទឹកក៏បាន ដើរលើដីក៏បាន ហែលទឹកក៏បាន ជ្រមុជទឹកក៏បាន ហោះហើរទាបៗខ្លីៗក៏បាន។ មានអីទៅអាក្រក់ទៅ? ហើយទ្រើងនោះអស្ចារ្យប៉ុណ្ណាទៅ? ទឹកលិចមក មាន់ច្បាស់ជាជាប់លើទ្រើងហ្នឹងហើយ អត់អីសីុហ្នឹងហើយ ចំណែកសត្វទាវិញ អាចហែលទឹកចេញនិងចាប់សត្វក្នុងទឹកសីុយ៉ាងរីករាយ។ ថ្ងៃក្រោយ បើអាច តើយើងអាចផ្លាស់ប្តូរពាក្យថា "អាសត្វទាមិនចេះឡើងទ្រើង" មកជា "អាសត្វមាន់អត់ចេះហែលទឹក" វិញបានអត់? អាចហៅហង្សថា "អាសត្វហង្សអត់ចេះជ្រមុជទឹក" បានអត់?

សុខចិត្តធ្វើខ្លួនជាសត្វទាដែលមិនចេះដេកលើទ្រើង ជាជាងធ្វើជាសត្វហង្សក្នុងខណៈខ្លួនឯងជាសត្វទា។ Be yourself!

ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦

ដោយលោក វង្ស ភគីនី



No comments:

Post a Comment