ទឹកចិត្តនៃការចែករម្លែក៖
នៅចាំបានថា កាលពីពីរអាទិត្យមុន (ប្រហែលពាក់កណ្តាលខែ៨ ឆ្នាំ២០១៩ា )យាយតាទួលគោកបានអោយលុយពួកគេមួយចំនួនដើម្បីដាក់កូនជ្រូក។ នៅតាមផ្លូវមកវិញ អូនស្តីប្រាប់ប៉ាប៉ាថា អូនបាត់លុយមួយម៉ឺន។ មកដល់ផ្ទះ ខ្ញុំបានឃើញលុយនោះនៅក្នុងឡានខ្ញុំ ហើយក៏ទុកវាដើម្បីនឹងយកទៅអោយអូនសួស្តីវិញ។ មួយអាទិត្យក្រោយមក ក៏ទៅយកពួកគេដើរលេង និងញ៉ាំភីហ្សាដូចធម្មតា បន្ទាប់ពីញាំរួចហើយ ខ្ញុំក៏ហុចលុយអូនសួស្តីដែលខ្ញុំរើសបានអោយអូនសួស្តីវិញ ហើយគ្នាក៏កាន់លុយហ្នឹងទុកដោយដើរមកជាមួយខ្ញុំមកកន្លែងគិតលុយ។ គិតលុយរួចហើយ អូនសួស្តីក៏ស្ទុះមកនិយាយជាមួយប៉ាប៉ា៖
អូនសួស្តី៖ ប៉ាប៉ា ដាក់លុយចូលក្នុងធុងគន្ធបុប្ផា។
ប៉ាប៉ា៖ ចុះលុយកូនកាន់នោះ ម៉េចមិនដាក់ទៅ?
អូនសួស្តី៖ អូនអត់ដាក់ទេ ព្រោះជាលុយអូន។
ប៉ាប៉ា៖ ចុះកូនធ្លាប់ប្រាប់ប៉ាប៉ាថា ចង់ជួយកុមារក្រីក្រអោយទទួលបានការព្យាបាលជំងឺដូចកូនដែរឬ? ហើយហេតុអ្វីបានជាកូនអត់ចង់ដាក់?
អូនសួស្តី៖ លុយនេះលុយកូន កូនទុកដាក់ក្នុងកូនជ្រូកកូនតើ។
ប៉ាប៉ា៖ ចុះក្រែងកូនធ្លាប់ប្រាប់ថា នឹងយកលុយមួយចំនួនពីកូនជ្រូកនោះជួយគន្ធបុប្ផាហើយឥឡូវនេះមានខុសគ្នាឯណាកូន?
លឺដូច្នោះ អូនសួស្តីរាង អេះអុញៗ មើលទៅដូចស្តាយលុយ។ ឃើញដូច្នោះ ខ្ញុំក៏ហូតលុយក្រដាស់៥០០០ពីរសន្លឹកអោយបងនាថមួយសន្លឹក និងអូនសួស្តីមួយសន្លឹក ដោយគិតថា អូនសួស្តីនឹងយកលុយក្រដាស់៥០០០នោះដាក់ចូលហិប ប៉ុន្តែមានឯណា បានលុយភ្លាម បងនាថ និង អូនសួស្តីបានយកលុយទាំងអស់របស់ខ្លួន ទាំងលុយខ្ញុំអោយ និងលុយមួយម៉ឺនរបស់អូនសួស្តី ដាក់ចូលហិបនោះដោយគ្មានរួញរា ជាមួយនឹងទឹកចិត្តសប្បាយរីករាយ។ ក្រោមក្រសែភ្នែក និងស្នាមញញឹមរបស់បុគ្គលិក និងអតិថិននៅក្បែរនោះមួយចំនួន។
****បងនាថ និងអូនសួស្តី គឺជាកុមារី ដែលមានចិត្តទូលាយ ចូលចិត្តចែករម្លែក។ គ្មានពេលណាដែលពួកគេឃើញហិបមូលនិធិ ហើយមិនបានដាក់លុយនោះទេ ពួកគេតែងតែសុំប្រាក់ខ្ញុំដាក់ចូលហិបជានិច្ច។
ខ្ញុំជាទូទៅ តែងតែទុកឱកាសអោយពួកគេបានទទួលនូវការពិសោធន៍អោយឃើញដោយខ្លួនគេនូវភាពរីករាយ ដែលបានមកពីការចែករម្លែ។ ជាទូទៅ ខ្ញុំបន្ទាប់ពីបង្ហាញពីគម្រូរបស់ខ្ញុំក្នុងការចែករម្លែកហើយ (ទិញរបស់ញ៉ាំ ឬលុយកាក់ ដោយអោយពួកគេយកទៅអោយទុរគតជន) ខ្ញុំតែងតែសួរពួកគេពីអារម្មណ៍តបស់ទុរគតជន ថាគេសប្បាយរីករាយឬទេ? កំពុងឃ្លាន ក៏ស្រាប់តែមានគេយកបាយមកអោយ? ពួកអាចឆ្លើយបានយ៉ាងល្អថា "សប្បាយ" ហើយខ្ញុំចេះតែបន្តជជីកដេញដោលដើម្បីអោយពួកគេបានយល់ពីអារម្មណ៍ដែលរីករាយក្រោយពីបានចែករម្លែក។
មកទល់នឹងពេលនេះ (ថ្ងៃសសេរ ផូសនេះ) ពួកគេទាំងពីរនៅតែជាក្មេងដែលចេះចែករម្លែក...
******
បន្ទាប់ពីដាក់លុយហើយពួកយើងក៏ដើរតម្រង់ទៅឡានវិញ ចំណែកឯបងនាថ ក៏ដើរជិតប៉ាប៉ា រួចនិយាយយ៉ាង មានមោទនភាពថា "ប៉ាប៉ា លុយពូសន្តិសុខទុកអោយកូនជាអ្នកចេញអោយ ព្រោះកូនមាន៣០០០រៀលដែរ"។
ហេហេ ធ្វើបុណ្យភ្លាម អនិសង្សក៏បានទទួលភ្លាមៗឈិបៗហ្មង។
No comments:
Post a Comment