Sunday, August 14, 2022

អាហារពេលល្ងាច

 អាហារពេលល្ងាច៖

ល្ងាចម្សិល (១៥ សីហា ២០១៦) ខ្ញុំបាននាំកូនស្រីខ្ញុំ (បងនាថ) ទៅញាំអាហារពេលល្ងាចពីរនាក់ នីស្ប៉ាកកាហ្វេ។ នៅទីនោះបរិយាកាសគឺល្អមែនទែន មានខ្យល់រំភើយ បក់មកត្រសៀកៗ មានម្ហូបអាហារក្លិនឈ្ងុយជះមកភាយៗ មានការបញ្ចាំងស្លាយបន្តផ្ទាល់បាល់ទាត់។ ខ្ញុំនៅអង្គុយពីរនាក់កូន ហៅបាយឆាមួយចាននិងម្ហូបមួយមុខទេ។ បងនាថ ល្ងាចនោះញាំបាយដោយខ្លួនឯងបានច្រើនណាស់ គឺជិតពីរចានចង្កឹះឯណោះ។ បងនាថ អាយុមិនទាន់បាន៥ឆ្នាំនៅឡើយទេ ប៉ុន្តែបងនាថ ចេះណាស់ នាំប៉ាប៉ានិយាយលេងរហូត សួរពីនេះពីនោះ ជជែកពីនេះពីនោះមិនដាច់សោះ។ នៅតុពីរនាក់ឪកូន គឺញឹកញាប់លឺសម្លេងសើច បូករួមនឹងកាយវិការម្តងម្កាល។ 

ក្រឡេកទៅតុម្ខាងទៀត ដែលនៅជិតតុខ្ញុំវិញ មានឃើញបុរសនារីវ័យក្មេងពីរនាក់ទំនងជាគូសង្សារនឹងគ្នា។ បានហៅម្ហូបជាច្រើនញាំ ព្រមទាំងមានប៊ីយែរ បីបួនដបផងដែរ។ ជាទៀងទាត់ ខ្ញុំតែងតែលួចមើលអ្នកទាំងពីរ។ ពួកគេញាំអាហារពេលល្ងាចយ៉ាងស្ងៀមស្ងាត់ មិនមាត់មិនក មិនមើលមុខគ្នា។ អ្នកទាំងពីរធ្វើអ្វីៗដោយខ្លួន។ ញាំបន្តើរ ចុចទូរស័ព្ទបន្តើរហាក់បីដូចជាគ្មានខ្វល់ខ្វាយនឹងគ្នា រហូតដល់ពួកគេទាំងពីរបានគិតលុយទៅផ្ទះ។

នៅពេលជុំគ្នាជាមួយអ្នកណាម្នាក់ ទូរស័ព្ទគួរបោះបង់ចោល ហើយចាប់យកការនិយាយគ្នាវិញ ព្រោះវានឹងផ្តល់អោយយើងនូវភាពស្និទស្នាល។ ខ្ញុំធ្វើមិនបានល្អទេ ប៉ុន្តែខ្ញុំតែងតែធ្វើវា។



No comments:

Post a Comment