VIDEO
នៅឃុំមួយនាស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានប្រទល់កៀកនឹងព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល មេភូមិសម បានចូលមកផ្ទះមីងនួន ហើយស្រែកប្រាប់ថា៖
មេភូមិសម - ប្អូននួន អឺយ ខ្ញុំសូមប្រាប់ប្អូននួនថា ថ្ងៃចូលឆ្នាំថ្មី ២០២០ នេះ ភូមិយើងនឹងមានរៀបចំកម្មវិធីបុណ្យប្រពៃណីចូលឆ្នាំ នៅឯវត្តក្នុងឃុំយើងហ្នឹងឯង។ អ្នកនួនឯង កុំភ្លេចចូលរួមផងណា ហើយប្រាប់កូនស្រីអ្នកនួន អោយចូលរួមនឹងគេទៅ ដើម្បីអោយគ្នាស្គាល់ប្រពៃណីខ្មែរនឹងគេ។
មីងនួន - ចា៎ អរគុណហើយពូសម។ ចាំខ្ញុំចូលរួម ហើយនឹងប្រាប់រ៉ូហ្សា អោយចូលរួមជាមួយដែរ ប៉ុន្តែមិនដឹងជាគ្នាទៅឬក៏អត់ទេ ព្រោះក្មេងជំនាន់នេះ វាមិនចូលចិត្តពិធីអស់ហ្នឹងទេ។ ណ្ហើយចុះសាកបញ្ចុះបញ្ចូលគ្នាសិន ព្រោះខ្ញុំក៏ចង់អោយកូនស្គាល់នូវអ្វីដែលហៅថាប្រពៃណីខ្មែរយើងដែរ។
មេភូមិសម - អញ្ចឹងល្អហើយអ្នក។ និយាយអញ្ចឹង ខ្ញុំគិតលាអ្នកទៅវិញហើយ ដើម្បីទៅប្រាប់ផ្ទះផ្សេងទៀត។
មីងនួន - ចា៎ អរគុណពូ!
បន្ទាប់ពីពូសម ចេញបាត់ទៅ មីងនួន ក៏បានចូលមកផ្ទះវិញ រួចដើរឆ្ពោះសំដៅទៅក្រោមគ្រែនដោយទាញហិបមួយចេញមក ព្រមទាំងបបោស និងជូតដីដែលប្រឡាក់លើហឹបនោះផងដែរ។ ជូតស្អាតហើយ មីងនួន ក៏បើកកេសនោះ ព្រមទាំងទាញយកនូវផាមួងកទា ព័ណ៌ស្វាយ ព្រមទាំងអាវប៉ាក់ព័ណ៌ស ឡើងមកមើលទាំងទឹកមុខញញឹមនឹកឃើញដល់អតីតកាល ដែលកាលណោះ មីងនួន ទើបមានអាយុ១៩ឆ្នាំ ជាឆ្នាំដែលត្រូវប្រឡងបាក់ឌុប ហើយឆ្នាំនោះនាខែចែត្ររដូវចូលឆ្នាំ វិទ្យាល័យសំរោងទង មានកម្មវិធីរៀបចំកម្មវិធីចូលរួមអបអរចូលឆ្នាំថ្មី មួយថ្ងៃមុនថ្ងៃវ៉ាកង។ ថ្ងៃនោះមីងនួន ស្លៀកផាមួងកទា ព្រមទាំងណាក់អាវប៉ាក់ព័ណ៌ស។ ដោយសារតែផាមួងកទានោះហើយ ទើបធ្វើអោយមីងនួន ជួបនឹងឪពុករ៉ូហ្សា...
ដើរចូលមកដល់ក្នុងផ្ទះ រ៉ូហ្សាក្នុងវ័យ១៨ឆ្នាំ ពាក់ខោខូវប៊យជើងរហែក អមជាមួយនឹងអាវយឺតសមខើចចេញក្បាលពោះ ព្រមទាំងមានសក់ហាយឡាយ ក៏បានឃើញម្តាយរបស់ខ្លួនកនកំពុងអង្គុយញញឹមម្នាក់ឯង...នាងក៏និយាយទៅកាន់ម្តាយ៖
រ៉ូហ្សា - ម៉ែ! ម៉ែកើតអីអត់ទេ? ម៉េចបានជាអង្គុយញញឹមម្នាក់៉ងអញ្ចឹង? ហើយនោះសំពត់ស្អីគេនឹងម៉ែ?
មីងនួន - អឺ រ៉ូហ្សាកូន ម៉ែមានកើតអីឯណា ម៉ែគ្រាន់តែនឹកឃើញកាលពីជួបប៉ារ៉ូហ្សាថ្ងៃដំបូងហ្នឹងណា។ ហើយនេះគេហៅថាផាមួងកទា។ កូនដឹងទេ ដោយសារតែវានេះហើយ ទើបម៉ែបានជួបប៉ាកូនឯង គឺជួបនៅឯសាលាក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅឯវិទ្យាល័យសំរោងទងហ្នឹងឯង។
រ៉ូហ្សា - ដឹងស្អីទេម៉ែ ចាស់ៗហើយ នៅសង់ទីម៉ង់អីទៀតទេ។ ហើយនិយាយអញ្ចឹង ម៉ែយកផាមួងនោះមកធ្វើអី?
មីងនួន - ម៉ែយកវាមកអោយកូនហ្នឹងណា!
រ៉ូហ្សា - អោយខ្ញុំ? អោយខ្ញុំធ្វើអី? ខ្ញុំមិនយកទេ! ហួសសម័យហើយ។ ឆ្នាំ២០២០ ហើយនៅស្លៀកវាទៀត?
មីងនួន - ទេកូន! វាអត់ហួសសម័យទេ។ នេះជាសំពត់ប្រពៃណីខ្មែរ ហើយគេក៏មិនចេះតែស្លៀកផ្តេសផ្តាស់ដែរ។ គេស្លៀកវាតែក្នុងកម្មវិធីសំខាន់ៗដូចជា ទៅវត្ត ឬកម្មវិធីមង្គលនានាតែប៉ុណ្ណោះ។ ម៉ែចាស់ហើយ ម៉ែស្លៀកវាលែងបានហើយ ម្លោះហើយម៉ែក៏ចង់អោយកូនស្លៀកវា។ ម៉ែចង់អោយកូនស្លៀកវាចូលរួមក្នុងកម្មវិធីបុណ្យអបអរចូលឆ្នាំថ្មី នៅវត្តក្នុងឃុំយើងហ្នឹងណា។
រ៉ូហ្សា - ងាប់ហើយម៉ែ ស្លៀកវាអញ្ចឹងខ្មាស់គេស្លាប់ហើយ ក្មេងៗគេមិនស្លៀកអញ្ចឹងទេ ខ្ញុំមិនស្លៀកទេម៉ែ ខ្មាស់គេណាស់។
មីងនួន - មានអីកូន គេស្លៀកវាគ្រប់តែគ្នាហ្នឹង ទាំងក្មេង ទាំងចាស់ គេស្លៀកទៅវត្ត។ ហើយក្នុងឆ្នាំនេះ មេភូមិយើងលើកទឹកចិត្តអោយក្មេងៗវ័យប៉ុនកូនឯងចូលរួមក្នុងកម្មវិធីនៅវត្ត ដោយចង់អោយពួកគេស្លៀកពាក់ប្រពៃណីខ្មែរ ប្រយោជន៏ចូលរួមការពារប្រពៃណីខ្មែរយើងផងដែរ។
រ៉ូហ្សា - ខ្ញុំមិនស្លៀកទេម៉ែ ដូចមិនទម្លាប់សោះ អាផាមួងនិងអាវប៉ាក់នោះ។ ស្លៀកខោខូវប៊យ និងអាវយឺត ស្រួលសឹងអី។
មីងនួន - អើ មិនអីទេកូន បើកូនមិនស្លៀកក៏ហីទៅចុះ ប៉ុន្តែនេះម៉ែអោយកូន កូនយកទៅទុកក្នុងទូកូនចុះ។
ថាហើយ មីងនួនក៏ហុចផាមួងនិងអាវប៉ាក់ទៅអោយរ៉ូហ្សា។ ហើយរ៉ូហ្សាក៏យកវាទៅទុកក្នុងទូបាត់ទៅ។
------ថ្ងៃចូលឆ្នាំក៏ចូលមកដល់
មីងនួន - រ៉ូហ្សាកូន កូនរួចឬនៅ? ម៉ែចាំនៅខាងក្រៅ។
រ៉ូហ្សា - ចា៎ ម៉ែ រួចហើយ។
រ៉ូហ្សា ដើរចេញមក ក៏ធ្វើអោយមីងនួន ស្រឡាំងកាំង។ រ៉ូហ្សូ នៅក្នុងឈុតផាមួងកទា និងអាវប៉ាក់ព័ណ៌ស គឺមានរូបរាងនិងមុខមាត់ដូចបេះបិទនឹងមីងនួនកាលពីមីងនួន ស្លៀកពាក់វានាថ្ងៃចូលរួមកម្មវិធីបុណ្យចូលឆ្នាំកាលពី២០ឆ្នាំមុន។
រ៉ូហ្សា - ម៉ែ មើលទៅម៉េចមិនដឹងទេ ដូចមិនសូវស្និទសោះ។ អៀនៗ ម៉េចទេ ម៉ែ?
មីងនួន និយាយទំងញញឹមថា៖
មីងនួន - ទេកូន! រ៉ូហ្សាកូនម៉ែ ស្រស់ស្អាតណាស់។ កូនម៉ែពិតជាសក្តិសមជានារីខ្មែរមែន។
រ៉ូហ្សា - មិនដឹងជាស្អីទេ ម៉ែ!
រ៉ូហ្សាតបទៅកាន់ម្តាយទាំងមុខអឹមអៀន...
មីងនួន - តោះកូន យើងចេញដំណើរទៅ។
ថាហើយ រ៉ូហ្សា ក៏ចេញម៉ូតូ Scoopy ព័ណ៌ ស សេរ៊ីឆ្នាំ២០១៩ ឌុបមីងនួន ទៅវត្ត ក្រោមក៏ឈរសម្លក់សម្លឹងមើលពីកម្លោះក្នុងភូមិយ៉ាងច្រើន នៅពេលដែលឃើញរ៉ូហ្សាក្នុងឈុត ផាមួងកទា...