ដោយស្មោះ នេះគឺជាសន្តានចិត្ត ការគិត និងការយល់ឃើញរបស់ខ្ញុំចំពោះសន្តានចិត្តរបស់ ប៊ីត។ ខ្ញុំចង់ឃើញ ជនកម្ពុជា ទាំងមូលសម្តែងនូវការគោរពដឹងគុណ ចំពោះគុណូបការៈរបស់លោក ចំពោះកុមារកម្ពុជា។ សម្រាប់ខ្ញុំ ខ្ញុំមានគំនិតគិតថា ដំណើរជីវៈប្រវត្តិរបស់ ប៊ីត គួរតែត្រូវបានថតជាខ្សែភាពយន្តកម្រិតហូលីវូត។ ខ្ញុំសូមលើកជាឆ្អឹងរឿងខ្លះ សម្រាប់អស់លោកអ្នកជួយគិតពិចារណា និងពាំនាំយកសម្លេងនេះ ដើម្បីថតចេញជាឯកសារ ឬភាពយន្តប្រវត្តិសាស្ត្រ ដើម្បីចារបញ្ជាក់ អោយពិភពលោកទាំងមូលបានដឹងបានលឺថា ស្រុកខ្មែរ គ្មានហេរ៉ូ ស៊ុបពើមែន ស្ប៉ាយឌ័រមែន avengers ដូចប្រទេស អាមេរិកទេ យើងត្រូវការ យើងមានហេរ៉ូ យើងម្នាក់ហើយ គឺហេរ៉ូពិត គឺហេរ៉ូសម្រាប់កុមារកម្ពុជា រាប់លាននាក់ ដែលត្រូវបានសង្គ្រោះដោយ ប៊ីត។
ចំណងជើង៖ The Real Hero of Cambodia Children
សាច់រឿងនោះគឺគួរតែចាប់ផ្តើមពីកំណើតរបស់ប៊ីត ដែលជាកុមារាម្នាក់ មានភាពអាណិតអាសូរចំពោះមនុស្សជាតិទាំងមូល។ ដោយប៊ីត បានយល់ បានឃើញ នូវផលវិបាក បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់ បានឃើញពីទុក្ខវេទនារបស់កុមារនៅទូរទាំងពិភពលោក បានជំរុញអោយកុមារាប៊ីត មានភាពក្លាហាន ខិតខំរៀនសូត្រដើម្បីជួយកុមារទាំងនោះ។ នៅពេលមួយនោះ នៅតែ២នាក់ម្តាយ ម្តាយបានសួរកុមារាប៊ីត ថា ពេលកូនធំឡើង កូនចង់ធ្វើអ្វី? ប៊ីតបានឆ្លើយទៅកាន់ម្តាយរបស់គេ ទាំងភាពជឿជាក់ ដោយភ្នែកកំពុងតែសម្លឹងទៅកាន់ទូរទស្សន៏ដែលបានបង្ហាញអំពី កុមារនៅប្រទេសក្រីក្រមួយកំពុងឈឹធ្ងន់ដេកនៅនឹងដី។ គេនិយាយប្រាប់ម្តាយគេ "ខ្ញុំចង់ធ្វើជាគ្រូពេទ្យ ចង់ធ្វើវាដើម្បីជួយមនុស្ស" លឺដូច្នោះ ម្តាយប៊ីតមានក្តីរំភើបខ្លាំងណាស់ ហើយបានយកប៊ីត មកអោបនឹងដើមទ្រូងប្រកបដោយទឹកភ្នែករលីងរលោង ព្រោះតែរំភើបនឹងសម្តីប៊ីត។
ពេលប៊ីតពេញវ័យ៖ ប៊ីតបានឈានជើងចូលទៅក្នុងមហាវិទ្យាល័យពេទ្យ ជំនាញកុមារ។ នៅក្នុងមហាវិទ្យាល័យនោះ ប៊ីតបានចាប់ផ្តើមប្រឡូកក្នុងសិល្បះ ស្ទីឡូ ដែលជាឩបករណ៏តន្ត្រីមួយ ដែលគាត់ស្រឡាញ់។ ប៊ីតជាសិសពូកែម្នាក់ នៅក្នុងថា្នក់ ក៏ដូចជាម៉ោងតន្ត្រី។ នៅពេលកំពុងរៀននោះ ប៊ីត បានចាប់ចិត្ត និងលួចស្រឡាញ់នារីម្នាក់ ដែលរៀននៅសាលានោះដែរ។ ពួកគេចាប់ផ្តើមស្គាល់គ្នា រាប់អានគ្នា ស្វែងយល់ចិត្តគ្នា ហើយរហូតដល់ក្លាយទៅជាគូសង្សារនិងគ្នា។ ប៊ីតពិតជាស្រឡាញ់នាងដែលជាសង្សារខ្លាំងណាស់ ហើតព្រមទាំងមានបំណងចង់រៀបការនឹងនាងផងដែរ។ ចប់ការសិក្សា ប៊ីតបន្តទំនាក់ទំនងជាមួយនាងទៀត ហលយប៊ីតបានក្លាយជាតន្ត្រីករ និងគ្រូពេទ្យកុមារមួយរូប។ ប៊ីតឩស្សាហ៏ឃើញព័តមាន៌របស់អឺរ៉ុបផ្សាយពីស្រុកខ្មែរ អំពីជំនាន់សីហនុ លន់នល់ ជាដើម។ ប៊ីតចាប់ផ្តើម ស្រាវជ្រាវអំពូប្រវត្តិសាស្ត្រកម្ពុជា រាមរយះសារព័តមាន វីដេអូ ឯកសារនានា។ ហើយក៏បានសម្រេចចិត្តថា នឹងមកស្រុកខ្មែរដើម្បីជួយទៅតាមលទ្ធភាព។ គាត់បានជួបមិត្តស្រីរបស់គាត់ ប្រាប់ពីគោលបំណងរបស់គាត់ អំពីការចង់មកស្រុកខ្មែរ។ នារីជាមិត្តស្រីគាត់ មិនសប្បាយចិត្តទេ នាងចង់រៀបការ ប៉ុន្តែប៊ីតនិយាយថា កុំទាល់អាលអី ចាំបងមកពីបេសកកម្មស្រុកខ្មែរវិញ គាត់នឹងមករៀបការជាមួយនាង។
មកដល់ស្រុកខ្មែរលើកដំបូង៖ ក្នុងឆ្នាំ១៩៧៥ ជាពេលដែលស្រុកខ្មែរកំពុងមានសង្គ្រាមយ៉ាងក្តៅគគុក រវាងលន់ណុល និងខ្មែរក្រហមនោះ។ ប៊ីត បានមកធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនៅមន្ទីរពេទ្យមួយ ដើម្បីព្យាបាលកុមារ។ ស្ថានភាពកុមារនៅពេលនោះ គឺពិបាកខ្លាំងណាស់ ព្រោះស្រុកកំពុងតែមានសង្គ្រាម ខ្វះថ្នាំសង្កូវ ខ្វះគ្រប់បែបយ៉ាង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប៊ីតបានរីករាយជាមួយនឹងការងាររបស់គាត់។ នៅស្រុកខ្មែរ គាត់បានខលទៅលេងសង្សារគាត់ម្តងម្កាល ដោយរៀបរាប់អំពីស្ថានភាពនៅស្រុកខ្មែរ។ សង្សារគាត់បានត្រឹមតែលើកទឹកចិត្ត ដោយខ្លាចប៊ីត មិនព្រមមកវិញ។ ថ្ងៃជាង១០ ខែមេសា ក៏បានចូលមកដល់ ពេលនោះនៅក្រុងភ្នំពេញកំពុងតែច្រួលច្របល់ខ្លាំងណាស់ នៅជុំវិញទីក្រុងភ្នំពេញ លឺសូរតែគ្រាប់ផ្លោង ក្ឌុងក្ឌាំង ហើយឃើញតែឡានពេទ្យដឹកអ្នកជំងឺដែលជាទាហាន និងកុមារចូលមកព្យាបាល ដោយសារត្រូវរបួស។ ចំណែកឯតាមវិទ្យុវិញ លឺសូរតែរដ្ឋាភិបាល ប្រកាសអោយបងប្អូនរក្សាភាពស្ងៀមស្ងាត់ ព្រោះរដ្ឋាភិបាលអាចធានាសុវត្ថិភាពបាន។ មិត្តភក្តិប៊ីត ដែលជាគ្រូពេទ្យដូចគ្នា បាននិយាយប្រាប់ប៊ីត អំពីស្ថានការណ៏ ស្រុកខ្មែរ ដែលឆាប់ៗ នឹងដួលរលំដោយស្នាដៃខ្មែរក្រហម។ គេបានបបួលប៊ីត ទៅស្វីសវិញ ប៉ុន្តែប៊ីត បានបដិសេធ។ មិត្តស្រីប៊ីត បារម្ភខ្លាំងណាស់ ហើយសំណូមពរអោយប៊ីតមកវិញ ប៊ីតបានលើកហេតុផលពីភាពចាំបាច់របស់ខ្លួនចំពោះកុមាេកម្ពុជា។ ប៊ីតថា ប។ីតនឹងនៅស្រុកខ្មែររហូត មិនចេញទៅណាដាច់ខាត។ ដាក់ទូរស័ព្ទចុះ មិត្តស្រីប៊ីត ខូចចិត្តខ្លាំងណាស់ បានត្រឹមតែលួចសម្រក់ទឹកភ្នែក និងស្រែកយំខ្លាំងៗតែប៉ុណ្ណោះ។ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ក៏បានមកដល់។ ខ្មែរក្រហមក៏បានវាយកាន់កាប់ទីក្រុងភ្នំពេញបាន ក្រោមការសាទរពីសំណាក់បងប្អូននៅភ្នំពេញទាំងអស់។ ដោយដឹងរឿងមិនស្រួលមុន មិត្តភក្តិប៊ីត ក៏បានមកជួបប៊ីតម្តងទៀតដោយបង្ខំប៊ីតអោយឡើងឩទ្ធម្ភាគចក្រជាមួយខ្លួនដើម្បីចេញពីស្រុកខ្មែរ។ ប៊ីតអត់ចង់ទៅទេ ព្រោះពេលនោះខ្លួនកំពុងសង្គ្រោះកុមារកម្ពុជា ដែលកំពុងបញ្ជូនជាបន្តបន្ទាប់។ ប៊ីតត្រូវបានមិត្តភក្តិអូសដៃទាញទៅជាមួយគាត់ ស្របពេលដែលប៊ីត ងាកក្រោយក្រលេកមើលមកកុមារកម្ពុជា ដែលកំពុងទួញស្រែកអោយគ្រូពេទ្យជួយ (រូបភាពនោះគួរតែយឺតៗ ដោយមាន រូបភាពកុមារកំពុងននៀលលើគ្រែដោយភាពឈឺចាប់នៃរបួស រូបភាពទាហាន ឬម្តាយឪពុកបីកុមារទាំងខ្លួនប្រឡាក់ដោយឈាម ចូលមកកាន់មន្ទីរពេទ្យ។ រីឯប៊ីតវិញបានត្រឹមតែឈោងដៃ ចង់ចូលទៅជួយ ក្រោមទឹកមុខសោកស្តាយ ប៉ុន្តែគាត់មិនអាចប្រកែកនឹងមិត្តភក្តិគាត់បាន)។ ដំណឹងបានលេចលឺដល់មិត្តស្រីប៊ីតថា មន្ទីរពេទ្យ ព្រមទាំងបុគ្គលិក ដែលប៊ីតធ្វើការនោះ ត្រូវបានបំផ្លាញដោយគ្រាប់ផ្លោង។ របាយការណ៏បញ្ជាក់ថា គ្រូពេទ្យនៅក្នុងនោះទាំងអស់សុទ្ធតែបាត់បង់ជីវិត។ នាងជាសង្សារខូចចិត្តខ្លាំងណាស់ ខំស្វែងរកដំណឹងពីប៊ីត ប៉ុន្តែរកមិនឃើញ (តាមពិតប៊ីត ត្រូវបានគេអោយទៅជួយប្រទេសមួយទៀត) ដោយបាត់ដំណឹងឈឹងរាប់ខែ នាងក៏បានរៀបការជាមួយបុរសម្នាក់ ហើយបានចាកចេញពីស្វីស ទៅនៅប្រទេសផ្សេង។ ថ្លែងពីប៊ីតវិញ មកដល់ស្វីសក៏ទទួលដំណឹងថា នាងជាសង្សារបានការចោលខ្លួន ខ្លួនខូចចិត្តខ្លាំងណាស់ ហើយបានត្រឹមតែលេងស្ទីឡូ កំដរការខូចចិត្តរបស់ខ្លួនតែប៉ុណ្ណោះ។
ក្នុងឆ្នាំ១៩៩១ ប៊ីតត្រូវបាន សម្តេចសីហនុ អញ្ជើញអោយមកជួយកុមារកម្ពុជាម្តងទៀត។ ទទួលបានសំណើរនេះ ប៊ីត សប្បាយចិត្តណាស់ ហើយបានធ្វើដំណើរមកកម្ពុជាជាលើកទី២។ ប្រសើរជាងលើកទីមួយបន្តិច ព្រោះថាមកលើកនេះ គឺមិនឃើញមានកុមាររបួសដោយគ្រាប់នោះទេ ប៉ុន្តែស្ថានភាពអាហាររូបត្ថមរបស់ពួកគេ គឺលំបាកណាស់។ ឃើញកុមារឈឺ គ្រុន ក្តៅ ក្អក ហៀរសំបោរ រាគ...ប៊ីតត្រូវបានស្នើអោយធ្វើជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា។ ប៊ីត មានបេសកកម្ម ទៅស្វីស ដើម្បីស្វែងរកជំនួយ។ នៅស្វីស ប៊ីត បានជួបនឹងអតីតសង្សារគាត់ម្តងទៀត។ នាងភ្ញាក់ផ្អើលណាស់ ដោយឃើញប៊ីតនៅរស់។ ប៊ីត រំភើប ព្រោះចិត្តនៅតែស្រឡាញ់។ ជជែកគ្នាមួយសន្ទុះធំមក ក៏ដឹងថា នាងបានលែងលះជាមួយប្តីនាងប្រមាណ៥ឆ្នាំហើយ។ ប៊ីត ពិតជាសប្បាយណាស់ ហើយចង់រៀបការនឹងនាង។ នាងក៏រំភើបដូចគ្នា។ ប៊ីត ស្នើនាងដោយនិយាយថា នឹងរៀបការហើយ ទៅនៅកម្ពុជា។ នាងបដិសេធ ដាច់អហង្ការ ដោយមិនព្រមជាដាច់ខាត។ នាងខ្លាចបាត់បងប៊ីតម្តងទៀត។ នាងអោយលក្ខណ្ឌ ថា បើទៅកម្ពុជា គឺអត់នាង បើមាននាង គឺអត់ទៅកម្ពុជា។ ជាវេលាមួយដ៏តឹងតែងសម្រាប់ប៊ីត។ ថ្ងៃនោះក៏បានមកដល់ ប៊ីតបានណាត់ជួបជាមួយនាងជាសង្សារ ម្តងទៀតជាលើកចុងក្រោយ ដោយប្រាប់នាងថា ខ្ញុំមិនមែនជាមនុស្សអាត្មានិយមទេ កុមារកម្ពុជា រាប់លាននាក់កំពុងត្រូវការខ្ញុំ កំពុងរង់ចាំខ្ញុំ។ អោយខ្ញុំសូមទោសផងដែលបងជ្រើសរើសយកកុមារកម្ពុជា ដោយមិនរើសយកអូន។ ថាហើយប៊ីតក៏បានអោយនាងជាសង្សារយ៉ាងណែន ហើយដើរចេញ ទាំងទឹកមុខមុខពោរពេញទៅដោយភាពជឿជាក់ ហើយបន្សល់ទុកអោយនារីជាសង្សារ ឈរយំម្នាក់ឯងក៏ព្រោះតែការសម្រេចចិត្តដ៏លីលារបសប៊ីត។
ឆ្នាំ១៩៩២ មន្ទីរពេទ្យគន្ធបុប្ផាក៏បានចាប់កំណើតឡើង ក្រោមការជួយជ្រោមជ្រែង ពីសម្តេចតា រដ្ឋាភិបាលកម្ពុជា។
(នៅចាប់ពីវគ្គនេះទៅ អាចថតបង្ហាញពីសកម្មភាពរបស់ប៊ីតក្នុងការជួួយសង្គ្រោះកុមារកម្ពុជា ការកៀងគរមូលនិធិ ការសម្តែងស្ទីឡូរបស់គាត់ដើម្បីរកមូលនិធិ ការលេងស្ទីឡូម្នាក់ឯងរបស់គាត់ ដោយការនឹកដល់សង្សារគាត់ ការទ្រុឌទ្រោមសុខភាពរបស់គាត់ ពីមួយថ្ងៃទីមួយថ្ងៃ ដោយសារតែការខិតខំប្រឹងប្រែងធ្វើការពេក រហូតដល់ថ្ងៃដែលប៊ីត ធ្លាក់ខ្លួនឈឺធ្ងន់...)
ភ្នំពេញ រាត្រីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៧។
គំនិតដោយ វង្ស ភគីនី
បញ្ជាក់៖ នេះមិនមែនជាជីវិតរបស់គាត់ទេ នេះគ្រាន់តែជាការនិពន្វរបស់ខ្ញុំបន្ថែមដើម្បីបង្ហាញពីការស្រឡាញ់ ការលះបង់របស់គាត់ចំពោះកុមារកម្ពុជា។ សម្រាប់ខ្ញុំ ខ្ញុំពិតជាមានចេតនាចង់អោយជីវៈប្រវត្តិរបស់គាត់បានលេចចេញជាវីដេអូ ដើម្បីទុកជាការរម្លឹក និងសម្តែអំណរអរគុណជូនចំពោះប៊ីត។ មន្ទីរពេទ្យគន្ធបុប្ផា ពិតជាមានគុណជួយសង្គ្រោះ ប្អូនស្រីរបស់ខ្ញុំ ព្រមទាំងកូនស្រីទាំងពីររបស់ខ្ញុំ ក៏ដូចជាកុមាររាប់លាននាក់ទៀតនៅកម្ពុជា។
ប៊ីត គឺជាវិរៈបុរសនៅលើដីពិតប្រាកដរបស់កុមារកម្ពុជាមែន។
No comments:
Post a Comment