Friday, March 31, 2023

បុណ្យសុំសេចក្តីសុខ

បុណ្យ សុំសេចក្តីសុខ៖

នាវេលារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវខ្នងប្រឡាយនាតំបន់មួយក្នុងទីក្រុងភ្នំពេញ មានរោងបុណ្យមួយត្រូវបានគេតម្លើងក្នុងដីទំនេរមួយជាប់មាត់ផ្លូវ។ ស្លាកកម្មវិធីបុណ្យនោះមានឈ្មោះថា កម្មវិធីបុណ្យ សុំសេចក្តីសុខ។ ក្រឡេកមើលទៅក្នុងរោង យើងឃើញថាមានការរៀបរណ្តាប់អាសនៈដែលទំនងជាសម្រាប់ព្រះសង្ឃគង់ ដែលនោះគឺជាគ្រែមានក្រាលព្រំ អមដោយតុមួយនៅពីមុខ។ នៅចំហៀងគ្រែ គឺមានរូបគំនូរព្រះសម្មាសម្ពុទ្ធ ពីរសន្លឹកធំៗដែលគេដាក់តំំណាង ដែលទំនងជាដើម្បីរម្លឹកគុណ (យើងតែតែមានឃើញការរៀបចំបែបនេះគ្រប់កម្មវិធីដែលទាក់ទងទៅនឹងពុទ្ធសាសនា)។ យប់ឡើងម៉ោងប្រមាណជាជាង៩ នៅរោងបុណ្យដដែលនោះ បានប្រែក្លាយទៅជារោងសម្រាប់រាំកំសាន្តយ៉ាងទ្រហឹងអឺងកង ដែលអ្នករាំទាំងនោះ មានស្រី មានប្រុស ហើយភាគច្រើនគឺក្មេងស្ទាវ។ នៅជុំវិញនោះ គេបានរៀបចំតុអាហារ ដែលឃើញមាន មីរដេរដាស់នៅលើតុនូវ ចានប្រឡាក់ កែវប្រឡាក់ ស្លាបព្រា សម ព្រមទាំងកំប៉ុងស្រាបៀរ។ ក្មេងៗកំពុងរាំហើយហ៊ោកញ្ច្រៀវយ៉ាងកងរំពង នៅពីមុខរូបគំនូរព្រះពុទ្ធអង្គដែលគេចងនៅពីថ្ងៃ (ខ្ញុំមើលទៅ គឺខ្ញុំអាចប្រដូចសកម្មភាពនេះ គឺដូចគ្នាទៅនឹងសកម្មភាពកូនស្រីរបស់មារ ទាំង៣នាក់ មករាំច្រៀងទាក់ទាញព្រះសាមណៈគោត្តម អោយស្រើបស្រាលលុះដោយកាមតណ្ហា ប្រយោជន៏អោយព្រះអង្គលាចាកសិក្ខាបទ) ចំណែកឯចាស់ៗមួយចំនួននៅឯតុវិញ ឃើញកំពុងអង្គុយជំនំុគ្នា ឆ្កាដៃជើង ខ្លះគ្រវីក្បាលតាមបទភ្លេង ខ្លះទះដៃហ៊ោ ខ្លះរាំនៅតុ ខ្លះកាន់កែវស្រា ខ្លះជល់កែវស្រា ខ្លះកំពុងផឹកស្រា គឺមិនខុសអីពីទិដ្ឋភាពដែលព្រះសត្ថទ ទតឃើញមុនពេលដែលព្រះអង្គចេញទៅសាងភ្នួសនោះឡើយ...

វេលានោះ ទំនងជាពួកគេមានសេចក្តីសុខណាស់មើលទៅ គឺទំនងជាការបន់ស្រន់របស់គេបានលទ្ធផលភ្លាមៗហើយមើលទៅ។ តើការបន់ស្រន់អាចអោយពួកគេមានសេចក្តីសុខដោយរបៀបណា? សុខក៏ដោយ ទុក្ខក៏ដោយ ក៏វាជាទុក្ខ ដរាបណាអ្នកទាំងនោះនៅតែប្រកាន់ខ្ជាប់មិនលែង។

#សូមអ្នកទាំងឡាយញាំងនូវកិច្ចការទាំងឡាយអោយបានសម្រេចដោយសេចក្តីមិនប្រមាថ។



No comments:

Post a Comment