Friday, March 31, 2023

អ្នកលក់ថ្នាំពេទ្យ

 ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១

ចេញពីដើរហាត់ប្រាណនិងវ៉ៃសីរួចមក ខ្ញុំក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ហើយឈៀងចូលទិញថ្នាំផ្តាសាយ ត្បិតខ្ញុំទ្រាំមិនបាន។ ក៏បត់ចូលឪសថស្ថានដ៏ស្រស់ស្អាត មានស្តង់ដារមួយនៅចំមន្ទីរពេទ្យរុស្ស៊ី។ ក្នុងឧសថស្ថាននោះ គ្មានមនុស្សសោះ ខ្ញុំក៏ស្រែកហៅពីរបីម៉ាត់ ក៏ស្រាប់តែលេចចេញនូវនារីវ័យក្មេងដ៏ស្រស់សោភាម្នាក់ ក្នុងឈុតខោខូវប៊យ អាវយឺតព័ណលឿងវាលក សក់ខ្លី ភ្នែកធំៗ ច្រមុះស្រួចនបបូរមាត់ស្តើងក្រហមស្រស់...នាងបានចាប់ផ្តើមសួរសំណួរខ្ញុំថា បងត្រូវការអី? ខ្ញុំមិនបានតបតនឹងនាងទេ ព្រោះត្បិតអី ខ្ញុំបានភ័ន្តភាំង ហាមាត់ស្តីមិនរួចដោយសារសម្រស់ដ៏ផូផង់របស់នាង។ នាងបញ្ជាក់ខ្ញុំម្តងទៀត ក្នុងសម្លេងលឺជាងមុនដើម្បីដាស់តឿនខ្ញុំ។ ខ្ញុំក៏ប្រាប់ថា ខ្ញុំផ្តាសាយ ឈឺក និយាយក្ងួរៗ ពីរថ្ងៃហើយ។ នាងក៏សួរបញ្ជាក់ខ្ញុំថា បងយកប៉ុន្មានថ្ងៃ? ខ្ញុំតបថា អូនគិតមើលថាអ្នកជំងឺដូចបងគួរលេបប៉ុន្មានថ្ងៃ។ នាងងាមុកចេញញញឹមរាងអៀដោយសារវោហាស័ព្ទដ៏ផ្អែមដូចស្កររបស់ខ្ញុំ អមដោយក្រសែភ្នែកដែលសម្លឹងនាងយ៉ាងមុត។ នាងក៏ផ្សំថ្នាំអោយខ្ញុំ ហើយយកវាមកអោយខ្ញុំដោយសម្លឹងមើលមកភ្នែកខ្ញុំដោយកែវភ្នែកភ្លឺថ្លា ហើយនិយាយយ៉ាងពីរោះថា ថ្នាំនេះលេបមួយថ្ងៃបីដង ហើយលេប២ថ្ងៃ។ ខ្ញុំញញឹមហើយក៏លានាងចេញទៅ ក៏ស្រាប់តែនាងហៅ បង! ខ្ញុំងាកមកក្រោយវិញ ញញឹមដាក់នាងយ៉ាងស្រស់។ នាងតបថា បងភ្លេចអោយលុយហើយ ៨០០០រៀល។ ឆ្លៀតឱកាសនោះខ្ញុំក៏បានផ្តោះផ្តងសួរនាងនូវសំនួរមួយចំនួនទៀត ហើយក៏បានដឹងថា នាងទើបតែអាយុ១៩ឆ្នាំ ហើយមិនដែលរៀនពេទ្យទេ។
សំនួរសួរថា៖ តើខ្ញុំគួរលេបថ្នាំនេះឬទេ? ហេតុអ្វី?

No comments:

Post a Comment