Friday, March 31, 2023

ឪសថការីស្អាត

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ 

ម្នីម្នារូតរះអូសម៉ូតូចេញពីអូហ្វីសសម្តៅមកផ្ទះ។ តាមផ្លូវចេះតែសម្លឹងមើលឱសថស្ថាន ប៉ុន្តែមិនមានសោះ ព្រោះម៉ោងជាង១០យប់ហើយ ឱសថស្ថានតាមផ្លូវបិទអស់ហើយ។ ជិះមកដល់មុខពេទ្យរុស្សីក្នុងក្តីរំពឹងថា នឹងបានជួបបុប្ផាមួយទងដែលរីកក្នុងឱសថស្ថាននោះ ក៏ប្រែជារលាយដូចអំបិលត្រូវទឹក។ ឱសថស្ថានមួយជួរនោះបិទអស់ហើយ ហើយខ្ញុំក៏ត្រូវអស់សង្ឃឹមសាជាថ្មី ត្បិតអី ក្អកចង់ធ្លាក់សួត បំពង់កស្ទើរតែរហែកជាពីរទៅហើយ ហើយបើមិនបានថ្នាំលេបយប់នេះ តើខ្ញុំនឹងទៅជាយ៉ាងណា? ក្តីសង្ឃឹមខ្ញុំចាប់កើតមានឡើងវិញពេលជិះមកដល់មុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឱសថស្ថាន៣ កំពុងបើកទទួលភ្ញៀវតើ។ អីយ៉ា ផ្ទះកណ្តាលគេ មានស្រីស្អាតពាក់អាវខ្មៅ កំពុងផ្សំថ្នាំអោយភ្ញៀវ។ ចូលទៅសិន។ ឈប់ម៉ូតូ វ៉ៃជន្ទល់រួច ខ្ញុំក៏ធ្វើដំណើរដើរចូលទៅទាំងរូបរាងសង្ហា-ខោខូវប៊យ តឺនុយនឹងអាវយឺតរឹបរាង ស្បែកជើងប៉ាតាខៀវ- រីឯដំណើរវិញធ្វើអោយនារីទាំងពួងភ្លឹកភ្លាំងស្មារតី។

ចូលទៅកៀក...លោកអឺយពិតជាស្អាតមែន ស្អាតជាងអ្នកគ្រូពេទ្យពាក់អាវលឿងដែលខ្ញុំជួបកាលពីបីឆ្នាំមុនទៀត។ ក្នុងឈុតខូវប៊យរឹប ជើងកំប៉ុង អាវយឺតរឹបរាងដៃខ្លីព័ណ៌ខ្មៅខើចចេញក្បាលពោះ សាច់សខ្ចីធម្មជាតិ សក់វែងដល់ចង្កេះ ភ្នែកមុតថ្លាធំៗសមនឹងវែនតាសមូល ច្រមុះតូចស្រួច បបូរមាត់ក្រាស់ក្រហមថ្លា សម្លេងគ្រលៗដូចប្រុស...អូហូ នាងពិតជាស្រស់ស្អាតមែន។ ចូលផ្ទះមួយនេះពិតជាមិនខុសមែន។ កំពុងស្លុង ស្រាប់តែមីងម្នាក់ (គាត់ក្មេងទេ អាយុបែបប្អូនខ្ញុំផង ប៉ុន្តែហៅអញ្ចឹងទៅសមនឹងគាត់បំផុតហើយ) សក់វែង មុខជាំ ចិញ្ចើមសាក់បែបស្លុយ ភ្នែកព្រឹមៗ សម្លេងពិរោះពិសារ បានសួរខ្ញុំក្នុងទឹកមុខប្រឹមប្រិយ។ ខ្ញុំតបបណ្តើរ អូសក្រឡាចាំនិយាយជាមួយគ្រូពេទ្យក្មេងបណ្តើរ ព្រោះគោលដៅខ្ញុំ អ្នកគ្រូពេទ្យក្មេងទេ។
អ្នកគ្រូពេទ្យ ងាកមកសួរខ្ញុំទាំងសម្លេងគ្រលៗ ពូឈឺអី? ខ្ញុំតបតាមរបៀបទិនហ្វីថា ពូក្អក ឡើងរង្គើរក្បាល ឈឺដល់ពោះ និងចុកដល់បេះដូង...នាងថា មិនដែលទេ គ្មានអ្នកណាអញ្ចឹងទេ ពូឯងចេះតែថាហ្មង។ ខ្ញុំតបថា មែនណា ពីរមុខនោះ ឈឺយូរហើយ ចំណែកបេះដូង ទើបនឹងឈឺទេ ចាប់ផ្តើមឈឺពេលឃើញអ្នកគ្រូពេទ្យ ដោយសារវាលោតឌុកដាក់ៗ ញាប់ៗ ខ្លាំងៗ...បើមិនជឿអ្នកគ្រូពេទ្យស្ទាបមើលទៅ។ លឺដូច្នោះ ថ្ពាល់នាងក៏ចាប់ផ្តើមក្រហម នាងសើច និងញញឹមលក្ខណៈអឹមអៀន ដែលគេហៅអៀនខ្វាច់។ នាងផ្សំថ្នាំអោយខ្ញុំបណ្តើរ ក៏និយាយប្រាប់ខ្ញុំបណ្តើរ។ ថ្នាំងនេះព្យាបាលក្អក នេះកាត់ស្លេស នេះព្យាបាលបំពង់ក ហើយនឹងព្យាបាលបេះដូងពូដែលឈឺ។ ខ្ញុំរាប់ទៅឃើញតែ៣មុខ ក៏សួរថា ចុះមួយទៀតនៅណា? អត់ឃើញអាព្យាបាលបេះដូងផង? នាងថា ពូមករាល់ថ្ងៃមក បេះដូងពូលែងឈឺហើយ....


No comments:

Post a Comment