Friday, March 31, 2023

ជណ្តើរយន្ត

 ជណ្តើរយន្ត!

មិត្តខ្ញុំធ្លាប់ប្រាប់ខ្ញុំថា នៅទីណាក៏ដោយ ពេលយប់ នៅម្នាក់ឯង ហាមជិះជណ្តើរយន្ត ព្រោះអាចនឹងមានហេតុភេទកើតឡើងចៃដន្យណាមួយចំពោះយើង។ រឿងនេះបានកើតឡើងចំពោះខ្ញុំ។
រម្លឹករឿងរ៉ាវប្រមាណជា ឆ្នាំ២០១៣ ជារឿងដែលបានកើតឡើងនៅក្នុង office ចាស់ខ្ញុំ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ ស្នាក់ការកណ្តាល នៅជាន់ទី៥។ ហេតុការណ៏ថ្ងៃនោះ គឺធ្វើអោយខ្ញុំចងចាំមិនភ្លេចទេ។ ដោយហេតុថាថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំរវល់ត្រៀមបង្ហាញរបាយការណ៏ ម្លោះហើយខ្ញុំត្រូវនៅបន្តការងាររបស់ខ្ញុំតែម្នាក់ឯងរហូតដល់ម៉ោងជាង៧យប់។ សំណាងដែរដែលខ្ញុំត្រៀមអាហារសម្រន់មកទុកញាំរហូតអាចអោយខ្ញុំបន្តការងាររហូតដល់ថ្មើរនោះបាន។
ក្នុងស្ថានភាពស្ងាត់ជ្រងំ និងបើកភ្លើងត្រឹមតែមួយជួរខាងខ្ញុំ ខ្ញុំក៏ម្នីម្នារៀបចំខ្លួននិងឥវ៉ាន់ចេញទៅផ្ទះវិញ ទាំងមានអារម្មណ៍ហាក់បីដូចជាស្រៀវ និងព្រឺឆ្អឹងខ្នងចម្លែកខុសពីធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ខ្ញុំព្យាយាមច្រៀងបន្លប់តាមបទភ្លេង ដែលខ្ញុំចាក់ពីទូរស័ព្ទដោយបើក loud speaker ហើយកែវភ្នែកខ្ញុំម្តងម្កាលក្រឡេកទៅទ្វាចូលដែលងងឹតឈឹង ខុសពីថ្ងៃធម្មតា ដែលភ្លើងត្រង់មាត់ទ្វាចូលនោះតែងតែបើកចោល។ ទិដ្ឋភាពនោះញ៉ាំងអោយអារម្មណ៍ខ្ញុំអណ្តែតអណ្តូង រវើរវាយគិតដល់ហេតុការណ៍ផ្សេងៗដែលខ្ញុំតែងតែខ្លាច។ គិតវាប៉ុណ្ណឹងសោះ វាបានធ្វើអោយខ្ញុំព្រឺសម្បុរបាត់ទៅហើយ។ ឥវ៉ាន់បានរៀបចំរួចរាល់ ខ្ញុំក៏ដើរតម្រង់ទៅកាន់ទ្វារចេញដែលធ្វើពីកញ្ចក់ និងនៅជិតនោះមានកុងតាក់បិទភ្លើងជាន់។ យប់នោះពិតជាងងឹតខុសប្លែកពីធម្មតា ត្បិតជាន់លើខ្ញុំ ជាន់ក្រោមខ្ញុំមួយជាន់ក៏បិទភ្លើងអស់ ដែលបញ្ជាក់ថា ទាំងបីជាន់នោះ ខ្ញុំនៅម្នាក់ឯង។ គ្រាន់តែបិទភ្លើងភ្លាម សម្បុរខ្ញុំក៏ចាប់ផ្តើមព្រឺខ្ញាកម្តងទៀត ហើយខ្ញុំក៏ចុចកុងតាក់បើកទ្វាចេញទៅរកជណ្តើរយន្តដោយមិនទាំងខ្ចីមើលក្រោយ។
ដល់មុខជណ្តើរយន្ត កាន់តែងងឹត ខ្ញុំរឹតតែមិនហ៊ានសម្លឹងទម្លុះចូលបន្ទប់ធ្វើការនោះទេ ព្រោះខ្ញុំជាមនុស្សខ្លាចខ្មោចណាស់។ ខ្ញុំក៏ប្រញាប់ចុចប៊ូតុងចុះទៅក្រោម។ ជណ្តើរយន្តក៏បញ្ជូនសញ្ញាចុះពីជាន់ទី៧មក។ ខ្ញុំប្លែកក្នុងចិត្តខ្លាំងថា ថ្មើរណេះទៅហើយ តើមានអ្នកណាទៅជាន់លើទៀត? គិតដូច្នោះអារម្មណ៍ខ្ញុំកាន់តែច្របូកច្របល់ ដោយនឹកដល់សម្តីមិត្តភក្តិខ្ញុំប្រាប់ថា ពេលយប់ចុះម្នាក់ឯង សូមកុំចុះតាមជណ្តើរយន្ត ព្រោះខ្លាចដាច់ភ្លើងឬជាប់ក្នុងជណ្តើរយន្ត។ យ៉ាងណាក៏ដោយក៏ខ្ញុំខំតាំងចិត្តថាមិនអីទេ យ៉ាងណាមនុស្សល្អក៏គង់មានអ្នកជួយថែរក្សា។ ជណ្តើរយន្តក៏ចុះមកដល់ជាន់ខ្ញុំ ក៏ស្រាប់តែលឺសូរភឹប ដូចស្អីប៉ះនៅកញ្ចក់ក្រោយឈៀងខាងឆ្វេងដៃខ្ញុំ។ ខ្ញុំក៏ក្រឡេកមើលទៅឆ្វេងខាងក្រោយខ្នងខ្ញុំដោយងាកតាមប្រឡោះស្មាដោយឃើញសត្វចង្រឹតដូងហោះពីរបីនៅជិតនោះ។ ខ្ញុំក៏ងាកមកជណ្តើរយន្ត ដែលទ្វាជណ្តើរយន្តនោះបានបើកល្មម។ វាបានបានធ្វើអោយខ្ញុំប៉ះសក់ជ្រោង និងព្រឺសម្បុរពេញទាំងខ្លួនដោយខ្ញុំបានភ្ញាក់នឹងរូបខ្លួនឯងនៅក្នុងកញ្ចក់ជណ្តើរយន្តនោះ។


No comments:

Post a Comment