ការធ្វើបុណ្យ៖
វេលាព្រឹកថ្ងៃសៅរ៏ នៅហាងគុយទាវប្រហិតសាច់ជ្រូកផ្សារចាស់ ស្ត្រីវ័យកណ្តាលម្នាក់កំពុងរអ៊ូតែម្នាក់ឯង៖
- ស្ត្រី៖ ថ្មើរណេះទៅហើយ លោកនិមន្តមកបានតែមួយអង្គអញ្ចឹង?
ដោយក្រឡេកមើលទៅនាឡិការ ក៏ឃើញថាម៉ោងប្រមាណជា ១០និង១០នាទីទៅហើយ ហើយក្រឡេកទៅធុងទឹកកកនៅខាងស្តាំដៃគាត់ គឺឃើញមានថង់អាហារ ចេក កញ្ចប់បាយ មួយចំនួននៅលើនោះ។ ខ្ញុំបានតបទៅថា៖
- ខ្ញុំ៖ បងស្រី! គ្រាន់តែបងមករង់ចាំដាក់បាត្រដល់ព្រះសង្ឃក៏រាប់ថាបងស្រីបានបុណ្យទៅហើយ។ ចេតនានៃចិត្តរបស់បងគឺជ្រះថ្លាជាមួយនឹងការធ្វើបុណ្យ ហើយបើទោះបីជាព្រះសង្ឃមិននិមន្តមកក៏ដោយ ក៏បងនៅតែបានបុណ្យ។ អាហារនៅសល់ បើបងមិនញាំទេ បងអាចយកទៅចែកដល់ចាស់ៗ ក្មេងៗ ដែលជាស្មូមយាចកទាំងនោះក៏បានដែរ។
ខ្ញុំនិយាយដោយសម្លឹងទៅកាន់កុមារសុំទាន២នាក់បងប្អូនដែលឈរនៅក្បែរនោះ។ និយាយរួច ក៏ស្រាប់តែមានអ៊ំស្រីអ៊ំប្រុសដែលជាប្តីប្រពន្ធនឹងគ្នាបានចូលមកដល់ ហើយក៏កុម្ម៉ង់គុយទាវញាំ។ បងស្រីដែលជាអ្នករង់ចាំដាក់បាត្រលោក ក៏បាននិយាយរៀបរាប់អំពីការដែលគាត់ចាំដាក់បាត្រលោក គឺចង់ឩទិស្ទកុសល់ជូនដល់អ្នកជិតខាងគាត់ម្នាក់ដែលបានស្លាប់ដោយ ការកាប់សម្លាប់គ្នារឿងកេរ្តិ៏មរតក។ កំពុងតែនិយាយ ក៏ស្រាប់តែមានស្មូមយាចកម្នាក់ដែលជាស្ត្រីចំណាស់ បានមកសុំទានប្តីប្រពន្ធពីរនាក់ ហើយគាត់ទាំងពីរក៏បានអោយទានទៅ ដោយស្របពេលដែលបងស្រីម្នាក់នោះក្រលេកឃើញលោកមួយអង្គកំពុងនិមន្តហួស។ គាត់ក៏ស្រែកឃាត់ និងស្ទុះវឹងដេញតាមលោក ហើយក៏និមន្តលោកមកទទួលចង្ហាន់ ដោយអមដោយបច្ច័យចំនួន១០០០រៀល និងទឹកសុទ្ធត្រជាក់មួយដបផង។ ដាក់រួច គាត់ក៏ត្រឡប់មកកន្លែងដើមវិញ ដោយអ៊ំស្រីកំពុងហូបគុយទាវជាអ្នកចាប់ផ្តើមកិច្ចសន្ទនាវិញម្តង។
អ៊ំស្រី៖ សព្វថ្ងៃនេះ ខ្ញុំអស់អារម្មណ៏នឹងធ្វើបុណ្យជាមួយលោកទៅហើយ។ លោកដែលខ្ញុំគោរពជឿជាក់ និងក្រាបថ្វាយបង្គំស្ទើរតែរាល់ថ្ងៃនោះ បានយកសាសនាមកបិទបាំងនូវទង្វើអាក្រក់របស់ខ្លួន។ លួចផឹកស្រា ញ៉ែស្រី យកស្រីមកដេករួមរក្សក្នុងកុដិ លេងទូរស័ព្ទទំនើប ស្តាប់បទចម្រៀងស្នេហាអូនបង ប្រកាន់មានក្រ។ អ្នកក្រមកពឹងពាក់លោក លោកថាមិនដែលទំនេរទេ ចំណែកឯឩកញ្ញា ឯកឧត្តមលោកជំទាវ ឬអ្នកមានមករក គឺលោកទំនេរណាស់។ លោកខ្លះពេលទេសនាចប់ឃើញបច្ច័យតិច ក៏រអ៊ូរទាំថាបានបច្ច័យតិច។ល។ រឿងទាំងនោះគឺខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំសោកស្តាយណាស់ដែលខ្ញុំខំធ្វើបុណ្យជាមួយលោកទាំងនោះ។ ឥឡូវនេះ ខ្ញុំបែរមកធ្វើបុណ្យជាមួយអ្នកក្រ អ្នកអត់ឃ្លាន កុមារកំព្រា ចាស់ៗជរាអនាថា មន្ទីរពេទ្យគន្ធបុប្ផាអីវិញល្អជាង។ កិច្ចសន្ទនា ក៏បានបន្តដោយនិយាយអំពីសង្ឃអាក្រក់ដែលយកសាសនាមកបិទបាំងនូវទង្វើរបស់ខ្លួន...។
បុណ្យ កើតមកអំពីចិត្តដ៏ជ្រះថ្លាដើម្បីជំរុះអស់អញនៅក្នុងខ្លួន។
គេមិនអាចនឹងទៅកាន់ ទីដែលគ្មានលោភៈ ដោយបង្កើតនូវលោភៈបាននោះទេ។
No comments:
Post a Comment