Saturday, August 5, 2023

ចេតនានៃចិត្ត

 មានគេសួរខ្ញុំមួយសំណួរ បន្ទាប់ពីឃើញផូសដែលខ្ញុំយកថវិការជូនលោកតាធាក់សីុក្លូដែលបានរងគ្រោះដោយរថយន្តបុក។ សំនួរនោះសួរថា បើធ្វើបុណ្យហេតុអ្វីចាំបាច់ថតផូសផ្សព្វផ្សាយក្នុងហ្វេសប៊ុក?


ពីខ្ញុំវិញ៖ ចេតនានៃចិត្ត។ ចេតនានៃចិត្តគឺសំខាន់ជាងអ្វីទាំងអស់ ហើយគ្មានអ្នកណាដឹងច្បាស់អំពីចេតនានៃចិត្តរបស់អ្នកផូសជាជាងអ្នកផូសខ្លួនឯងនោះទេ។ បើចេតនានៃចិត្តរបស់អ្នកផូស ផូសដើម្បីបំប៉ោងខ្លួននោះ នោះគេនឹងទទួលបានផលនោះពីហេតុដែលចេញមកទៅតាមនោះដែរ ហើយបើសិនជាចេតនានៃអ្នកផូសនោះ មានចេតនាជាកុសល ចេតនានៃការផ្សព្វផ្សាយមេត្តាធម៌នោះ នោះគេនឹងទទួលបាននូវផលពីចេតនានៃចិត្តរបស់គេដូចគ្នា។


ចេតនានៃចិត្តរបស់បុគ្គលម្នាក់ៗ មិនគួរត្រូវបានអ្នកដទៃយកទៅបកស្រាយនោះទេ។


សូមអោយមនុស្សទាំងឡាយបានទទួលការពិសោធន៏ឃើញនៃសេចក្តីសុខពីចិត្តដែលមានមេត្តាធម៌ ហើយនឹងបន្តផ្សព្វផ្សាយមេត្តាធម៌ដល់អ្នកដែលមានទុក្ខទាំងពួង។

ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩




ឳពុកនិងកូនស្រី ភាគ២៤

បងនាថ និងអូនសួស្តី ជាក្មេងងាយប្រដៅ និងស្តាប់បង្គាប់

រាងរវល់បន្តិចពេលមកដល់ផ្ទះ ហើយទើបតែទំនេរបន្តិចមុនគេង ក៏នឹកឃើញរឿងកាលពីល្ងាច។ 

បងនាង ធ្លាប់សុំប៉ាប៉ាច្រើនដងហើយ អំពីការមកលេងផ្សារសូរិយា។ លឺនាងធ្លាប់ប្រាប់ថា ចង់ទិញ BTS និង Black Pink ។ ខ្ញុំវិញលឺហើយ មិនដឹងថាជាអ្វីទេ នាងថាក្រុមកូរ៉េ ហើយគលក់នៅជាន់ទី៤។ អត់បានជូននាងមកពីរអាទិត្យ ហើយនេះជាអាទិត្យទី៣ បើទោះបីជារវល់យ៉ាងណាក៏ត្រូវរកមធ្យោបាយជូនពួកគេមក។ មកដល់ភ្លាម នាងស្ទុះទៅជាន់ទី៤ភ្លាម ដោយមិនខ្ចីចូលកន្លែងភ្លាម។ ដល់នោះ មើលទៅសុទ្ធតែរូបកូរ៉េ BTS គេឆ្នៃធ្វើរូប photo collage ផ្តិតវា ដាក់ក្នុងស៊ុម ធ្វើបន្តោងខ្សែក។ល។ ច្រើនណាស់។ រីឯតម្លៃវិញ ថ្លៃនោះថ្លៃ តាមមើលទៅថ្លៃព្រោះមុខក្រុមតារាទាំងនោះហើយ។ បងនាថ និងអូនសួស្តី ដែលជាអ្នកគាំទ្រតារាទាំងនោះ បានសុំប៉ាប៉ាទិញ។ ខ្ញុំបានត្រឹមឈរសម្លឹងមើលហើយសើច ដោយនិយាយថា "កូន កូនទិញធ្វើអី? អត់ប្រយោជន៏ផង។ ប៉ាស្មានតែរបសើមានប្រយោជន៏ ប៉ុន្តែមិននឹកស្មានថាជារបស់អស់ហ្នឹងទេ។ ណាមួយថ្លៃទៀតផង" ។ ពួកគេលឺហើយ ទំនងរាងអន់ចិត្តដែរ (ទឹកមុខបងនាថ បង្ហាញប្រាប់ខ្ញុំ)។ បើទោះបីជារាងអន់ចិត្តនឹងខ្ញុំមែន ប៉ុន្តែពួកគេទាំងពីរគឺជាក្មេងល្អ ចេះស្តាប់បង្គាប់ប៉ាប៉ាណាស់ បើប៉ាប៉ាមិនអោយទិញអ្វី គឺមិនទាមទារទេ មិនងរង៉ក់ទេ មិនយំស្រែកទេ។ អ្នកទាំងពីរគឺទទួលស្តាប់ហរតុផល។ ខ្ញុំបាននាំពួកគេចេញមកវិញ រួចអង្គុយទាបនឹងបងនាថ ដោយប្រាប់នាងថា "កូនដឹងទេ ថាហេតុអីប៉ាមិនទិញអោយ? កូនអាចធ្វើវាខ្លួនឯងបានតើ។ ចាំទេពេលជិះឡានមកជាមួយគ្នា ប៉ាលឺកូននិយាយថា កូនបានសសេរ search បទចម្រៀងមួយបទថា បបូរមាត់ក្រហមដូចគេលាបក្រែម (នាងចូលចិត្តបទចាស់ជូរឯម ប៉ុន្តែអត់ដឹងចំណងជើងហើយចាំតែទំនុកច្រៀង នាងក៏សាកសសេរ search ក្នុងយូធូប) កូនចេះរកនូវអ្វីដែលកូនចង់បានហើយ ហើយប៉ាចហ់អោយកូនរៀនធ្វើវាដោយខ្លួនឯង។ និយាយរួច ខ្ញុំក៏បង្ហាញនាងអំពី photo collageមដោយចាប់ផ្តើមជាមួយរូបនាង និងអូនសួស្តី។ នាងឃើញហើយ នាងសប្បាយចិត្តណាស់ ហើយនាងនឹងរៀនរៀបចំវាដោយខ្លួនឯងជាមួយនឹងរូបថតដែលប៉ាប៉ាផ្ញើរអោយ។ ខ្ញុំក៏បានប្រាប់នាងអំពីការរករូបពី Google និងការប្រើប្រាស់កម្មវិធីនោះ ហើយយកវាមកផ្តិត រួចហើយយកទៅបិទជាប់នឹងជញ្ជាំងបន្ទប់នាង។

បងនាថ អាយុត្រឹមតែ៨ឆ្នាំ  ប៉ុន្តែនាងចេះណាស់។ ភ្ញាក់ផ្អើលនឹងការចាប់ពាក្យពីបទចម្រៀងដែលនាងលឺ រួចយកទៅ search ក្នុងយូធូប ដែលនេះគឺជាចាប់ផ្តើមមួយដ៏ល្អក្នុងការប្រើប្រាស់ប្រព័ន្ធ digital អោយមានប្រយោជន៏។

អូនសួស្តី អាយុត្រឹមតែ ៥ឆ្នាំ ក៏ចំណាប់មិនខុសពីបងស្រីនាងដែរ។ ខ្ញុំបានប្រាប់នាងនៅលើឡានអំពី donation របស់ក្មេងលេង ដែលពួកគេទុកចោល ឈប់លេងដោយចង់យកទៅអោយកុមារក្រីក្រនៅខេត្តក្រចេះ។ នាងលឺដូច្នោះ នាងថាទាំងសម្លេងនិយាយមិនច្បាស់ អត់ទេអូនអត់អោយគេទេ អូនទុកលេងខ្លួនឯង។ ខ្ញុំបន្តថា ក្មេងៗក្រីក្រទាំងនោះអត់មានសម្ភារះលេងដូចកូនទេ ហើយកូនមានរបស់ទាំងនោះហើយ កូនក៏អាចចែករម្លែកគេបានដែរតើ។ លឺដូច្នោះ នាងក៏សម្រេចចិត្តដោយអត់រួញរា ព្រមទាំងនិយាយថា "អោយគេក៏បាន តែប៉ាប៉ា ត្រូវទិញអាថ្មីអោយអូនវិញ"។

ថ្ងៃទី៥ ខែសីហា ២០១៩







Wednesday, July 12, 2023

ឪពុកនិងកូនស្រី ភាគទី២៣

 ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២១

ថ្ងៃនេះ ថ្ងៃខួបកំណើតកូនស្រីពៅ សួស្តី គម្រប់៧ឆ្នាំ ឈានចូល៨។ ថ្ងៃនេះ ខ្ញុំអត់មានពេលសូម្បីតែខលទៅជូនពរ ឬឆាតសោះទៅលេងកូនស្រី ក៏ព្រោះតែកាតព្វកិច្ចដ៏មមារញឹកចំពោះការងារ ស្ទើរតែដកឃ្លាមិនរួច។ ដល់ពេលរួចដៃក៏ស្ទើរតែដល់ពាក់កណ្តាលអធ្រាត្រចូលថ្ងៃថ្មីទៅហើយ ហើយជាពេលដែលកូនស្រីកំពុងគេងលក់ទៅទៀត។ រាល់ឆ្នាំ ថ្ងៃនេះគឺខ្ញុំតែងតែដាក់ច្បាប់ឈប់មួយថ្ងៃដើម្បីរៀបចំពិធីអោយកូនស្រី បើទោះបីជាមិនបានធំដុំ ក៏ត្រូវមាននំ កាដូ និងអាហារ សម្រាប់ សួស្តី ដែរ។ 

គ្មានវេលាណាសំខាន់ជាងវេលាល្អៗជាមួយអ្នកជាទីស្រឡាញ់របស់យើងទេ។ វេលានៅខ្លីណាស់ដើម្បីយើងមានភាពរីករាយនឹងវា សូមប្រើប្រាស់ពេលវេលារបស់លោកអ្នកអោយមានប្រយោជន៍ និងអោយមានប្រសិទ្ធិភាពជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

ជូនពរកូនស្រី មានសុខភាពល្អ ប្រាជ្ញាវាងវៃ ក្លាយជាក្មេងល្អ ស្តាប់បង្គាប់ចាស់ទុំលោកគ្រូអ្នកគ្រ ព្រមទាំងខំរៀនអោយបានពូកែ ដើម្បីធំឡើងកូនស្រីនឹងក្លាយជាមនុស្សល្អក្នុងសង្គម និងក្លាយជាទីបង្អែកសម្រាប់អ្នកដទៃ។



Saturday, July 8, 2023

បទពិសោធន៍ផ្សេងគ្នា

 អម្បាញ់មិញនេះខ្ញុំបានរៀនពីកូនខ្ញុំ៖

អោយនាងញាំបាយជាមួយស៊ុប ដួសស៊ុបនិងបាយរួចភ្លុំមួយសន្ទុះ ក៏គិតត្រជាក់ហើយ ហើយក៏បញ្ចុកនាង។ បាយ និងស៊ុបដល់មាត់ភ្លាម នាងក៏ខ្ជាក់ចេញទាំងអស់ធ្វើអោយប្រឡាក់អាវរបស់នាង ព្រមទាំងនិយាយថា ក្តៅណាស់ៗ។ លឺដូចច្នោះ ខ្ញុំក៏ដួសបាយលាយស៊ុបក្នុងចានរបស់នាងដដែល ព្រមទាំងយកមកញាំសាកខ្លួនឯង។ វាក្តៅមែន ប៉ុន្តែខ្ញុំអាចគ្រប់គ្រងវាបាន ហើយខ្ញុំបានលេបវាចូលពោះបាត់ទៅ។


មែនហើយ ទំនងជានាងនៅក្មេង បានជាមិនអាចទប់នឹងកំដៅស៊ុបបាន ហើយក៏ខ្ជាក់ចោល ហើយទំនងមកពីខ្ញុំជាមនុស្សចាស់ ហើយមានបទពិសោធន៏នៃការគ្រប់គ្រងកំដៅស៊ុបក្នុងមាត់ ទើបធ្វើអោយខ្ញុំមិនបានខ្ជាក់ចោលស៊ុបដ៏ក្តៅនោះ ហើយបានលេបចូលពោះប្រកបដោយឱជារសដ៏ឆ្ងាញ់ពិសារ។


រឿងនេះគឺលើសពីបទពិសោធន៏នៃការញាំទឹកស៊ុបក្តៅលាយបាយ។


សូមជួបតែសំណាងល្អ។


ថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ១៩:៥៣នាទី នៅរង្វង់មូលទួលគោក




Friday, July 7, 2023

ទំនុកចិត្ត

 ទំនុកចិត្ត៖


បើអ្នកមិនទុកចិត្តខ្ញុំ យើងគួរតែបែកគ្នាទៅ! មែនហើយ រឿងវាងាយយល់ណាស់ នៅពេលមនុស្សម្នាក់គ្មានជំនឿ និងគ្មានទំនុកចិត្តលើមនុស្សម្នាក់ទៀត ច្បាស់ណាស់នឹងមានម្ខាងដើរចេញ ត្បិតអីអ្នកទាំងពីរមិនទុកចិត្តគ្នាផងនោះ។ ផលវាកើតអំពីហេតុ។ ទំនុកចិត្តដែលបានបាត់បង់ក៏សុទ្ធតែមានមូលហេតុរបស់វាដែរ។ បុគ្គលដែលបន្តសកម្មភាពទាំងឡាយណា ដែលជាអាថ៌នាំអោយមានភាពមិនទុកចិត្តនោះទៅវិញទេ ដែលគួរតែជាហេតុ។ មើលមិនឃើញសោះឡើយថាអ្វីជាហេតុ និងអ្វីជាផល។

ក្នុងទំនាក់ទំនងណាមួយក៏ដោយ សូមចាំថា ចូរពិនិត្យអោយឃើញខ្លួនឯងនូវសកម្មភាពណាខ្លះដែលអាចបំផ្លាញដល់ទំនុកចិត្តអ្មកដទៃ។ សូមមើលអោយឃើញវាដោយខ្លួនឯង ជាជាងមើលវាឃើញតែអ្នកម្ខាងទៀត។



Wednesday, July 5, 2023

មកដល់ពេលនេះ

 ឈរនៅទីតាំងនេះ ខ្ញុំបានក្រលេកមើលទៅក្រោយវិញ ហើយបានសួរខ្លួនឯងថា មុនពេលដែលខ្ញុំបានមកឈរនៅទីតាំងនេះ តើខ្ញុំជួបប្រទះនូវរឿងរ៉ាវអ្វីខ្លះបទពិសោធន៍អ្វីខ្លះដែលខ្ញុំបានរៀនសូត្រពីវា?


ផ្តើមចេញពីចូលចិត្តសង្កេត យកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង...បន្តិចម្តងៗ ខ្ញុំក៏ចាប់ផ្តើមចូលចិត្តសសេរ ដោយរៀនសរសេរពីរឿងរ៉ាវនិងបទពិសោធរបស់ខ្លួនឯង ព្រោះវាងាយនឹងរំលេចចេញនូវទិដ្ឋភាពជាក់ស្តែង។ ពីការសសេរខ្លីៗ រហូតដល់ចូលចិត្តសសេររឿងរ៉ាវខ្នាតតូចៗ រួចផូសក្នុងបណ្តាញសង្គម។ វាបានធ្វើអោយខ្ញុំហាក់បីដូចជាកាន់តែមានជំនឿលើខ្លួនឯងថា ខ្លួនឯងពិតជាចូលចិត្តការសសេរ។ ខ្ញុំសរសេរភាគច្រើនគឺក្នុងទូរស័ព្ទដៃខ្ញុំ ដោយសរសេរទុកក្នុង note នឹកឃើញអី ខ្ញុំក៏កត់វាទុក គឺដូចរបៀបដែលលោកគង្គ ប៊ុនឈឿន កត់ត្រានូវរាល់ការចងចាំរបស់គាត់នៅក្នុងកូនសៀវភៅតូចមួយរបស់គាត់ដូច្នោះដែរ។ 


រឿងឳពុកអ្នកក្រ បានសរសេរមុនគេ ប៉ុន្តែមិនបានយកមកផលិតជាខ្សែរឿងអប់រំខ្លិនោះទេ។ ខ្ញុំនៅចាំបានអំពីភាពជូរចត់ នៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងគោលបំណងចង់អោយរឿង ឳពុកអ្នកក្រ នេះបានចេញជារឿងខ្លី។ ខ្ញុំនឹងសរសេរវានៅក្នុង blogpost របស់ខ្ញុំនៅពេលក្រោយ។ ផ្ទុយពីរឿងឳពុកអ្នកក្រ រឿងស្បែកជើងអត់គូ ក៏បានផលិតមុន បន្ទាប់ពីក្រុមការងារនាយកដ្ឋានម៉ាឃីតធីងនៅអេអឹមខេ ចាប់ផ្តើមទទួលស្គាល់ពីការសសេររឿងឳពុកអ្នកក្ររបស់ខ្ញុំ។ យើងបានចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះដើម្បីនឹងថតវាដែលទីតាំងថតនោះ នៅភូមិត្រពាំងសាប ស្រុកបាទី (មានបទចម្រៀងរបស់លោកស្រីសុទ្ធាមួយបទ បានច្រៀងរៀបរាប់អំពីភូមិនោះដែលមានចំណងជើងថា ត្រពាំងសាបកូឡាបរោយ) បន្ទាប់ពីកាត់តនិងបញ្ជូលសម្លេងរួចរាល់ វីដេអូនោះត្រូវបានយកទៅផូសក្នុងផេក អេអឹមខេ។ ត្រឹមតែរយៈពេល១៤ថ្ងៃ គឹមានការមើលវារហូតដល់ជាងមួយលានដង ហើយមួយខែត្រឹម វីដេអូនោះមានការមើលរហូតដល់ជាង ,១លានដង ដែលត្រូវបានរាប់ថាជាវីដេអូដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់អេអឹមខេ។ ដោយមើលឃើញសន្ទុះខ្លាំង បុគ្គលិកម៉ាឃីតធីងពិភាក្សាជាមួយខ្ញុំដោយគិតចង់ប៊ូស ប៉ុន្តែខ្ញុំសុំគាត់ថា មិនគួរទេ បើវាមានតម្លៃពិតប្រាកដក៏គួរអោយវាទៅតាម organic ទៅ។ គឺក៏ព្រមព្រៀងតាមហើយទូកអោយវានៅ organicរហូតដល់សព្វថ្ងៃ។


រឿងលោកឳពុក រំលេចចេញពីការព្រួយបារម្ភរបស់បុរសម្នាក់ដែលជាអ្នកបើកបរ នៅពេលដែលគាត់បើកឡានជូនខ្ញុំ និងក្រុមការងារមកពីក្រសួងពាណិជ្ជកម្មវិញ។ ជារឿងទី២ និងជារឿងចុងក្រោយរបស់ខ្ញុំ មុននឹងខ្ញុំលាឈប់ពីអេអឹមខេ នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩។


ថ្ងៃមួយ មិត្តភក្តិខ្ញុំណាត់ជួបខ្ញុំនៅវិមានឯករាជ្យ ទល់មុខផ្ទះសម្តេច ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមប្រកួតប្រជែងខ្សែភាពយន្តអប់រំខ្នាតខ្លី ស្តីពីចំណេះដឹងហិរញ្ញវត្ថុ...រឿងឳពុកអ្នកក្រ ក៏ចាប់ផ្តើមយកមកជជែកគ្នា...


ដូចដែលខ្ញុំបញ្ជាក់នៅខាងលើ ខ្ញុំចូលចិត្តសសេររឿងទាក់ទងនឹងបទពិសោធខ្លួនឯង ចំណែកឯរឿងខ្ចីលុយ ក៏ជានិទានតំណាលអំពីរឿងរ៉ាវពិតរបស់ខ្ញុំផងដែរ ហើយត្រូវបានក្រុមការងារសម្រេចយកមកថតជារឿងខ្លី ដើម្បីការពារតំណែងជើងឯក...


ដោយនៅពីក្មេង ខ្ញុំចូលចិត្តអានសៀវភៅរឿងនិទាន ម្លោះហើយខ្ញុំចាំបានរឿងនិទានច្រើនណាស់។ មានរឿងនិទានប្រមាណជាបួនទៅប្រាំរឿង ដែលធ្វើអោយខ្ញុំដក់ជាប់នៅក្នុងចិត្ត ហើយរឿងភួងម្លិះតម្លៃ៥ម៉ឺនរៀល ត្រូវបានយកមកថត តាមការចងចាំរបស់ខ្ញុំពីរឿង កុមារស្មោះត្រង់...


ប្រវត្តិនៃរឿងដែលបានចេញជាវីដេអូទាំងនោះ នឹងត្រូវសរសេរទុកជូនអ្នកចូលចិត្តអាន ហើយនឹងផូសចូល blogpost របស់ខ្ញុំ។


ក្រៅពីរឿងខាងលើ នៅមានរឿងច្រើនទៀតដែលខ្ញុំមិនទាន់យកមកសសេរ និងថតជារឿងខ្លី ដែលមានដូចជា៖

  • ឳពុកអ្នកមាន
  • កូនអ្នកមាន និងកូនអ្នកក្រ
  • ស៊ុបមាន់ស្នាដៃម៉ែ
  • សម្តែង
  • ខ្ញុំចង់ហាត់គុន
  • បព្វហេតុនៃការរស់នៅ
  • ...។ល។


មកដល់ថ្ងៃនេះ គ្មានពេលណាមួយឡើយដែលខ្ញុំបោះបង់។ បញ្ហា ឧបសគ្គ ជាច្រើនបានរារាំងខ្ញុំ មិនអោយសម្រេចនូវកិច្ចការទាំងនោះបាន។ ប៉ុន្តែដោយសារតែខ្ញុំជាមនុស្សរឹងរូស នឹងការចុះចាញ់ ខ្ញុំមិនដែលនិយាយថា ខ្ញុំចាញ់នោះទេ គឹខ្ញុំតែងតែបន្តធ្វើវាយ៉ាងស្ងៀមស្ងាត់ និងតែម្នាក់ឯង បើទោះបីជាគេមើលទៅថា ខ្ញុំមិនអាចនឹងទៅរួចក៏ដោយ ក៏ខ្ញុំមិនដែលឈប់ឡើយ។ បន្តិចម្តងៗ ខ្ញុំធ្វើវាបាន ហើយធ្វើវាបានរហូតជោគជ័យ...ហើយអ្វីដែលខ្ញុំត្រូវការចាំបាច់បំផុតនោះគឺ ថាមពលរាង្គកាយរបស់ខ្ញុំតែប៉ុណ្ណោះដើម្បីនឹងអាចអោយខ្ញុំមានកម្លាំងគ្រប់គ្រាន់ នឹងឆ្លងកាត់បញ្ហានានា...


ចំការដូង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣:៥៦នាទី







Monday, July 3, 2023

ឳពុក និងកូនស្រី ភាគទី២២ - បងនាថ ពូកែតែងកំណាព្យ

 ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

ពេលរៀបចំបង្រៀនអូនសួស្តី ពីវិធីចែកលេខ បងនាថ ក៏ទាញប៉ិក និងសៀវភៅឡើងមកសសេរ។ ខ្ញុំសួរនាងថា ធ្វើហូមវ៉ើកឬ? ម្សិលមិញប្រាប់ប៉ាថាសសេរហើយកាលពីនៅសាលា? នាងថា ការសសេរមេរៀនចប់ហើយ នៅអានេះមួយទៀត។ ថាហើយនាងក៏ចាប់ផ្តើមសសេរ រីឯខ្ញុំក៏ចាប់ផ្តើមបង្រៀនអូនសួស្តី។ ឃើញនាងហែកក្រដាសសៀវភៅដែលសសេរខុសនោះចោលបីបួនសន្លឹកដែរ ហើយខ្ញុំក៏ទៅសួរនាង នាងថានាងនិពន្ធកំណាព្យមិនត្រូវទេ។ ខ្ញុំថា ប៉ាអាចជួយប្រាប់បាន ប៉ុន្តែនាងដិសេធ ហើយក៏និយាយទាំងរីករាយថា កូននឹកឃើញហើយ ហើយក៏ចាប់ផ្តើមម្តងទៀត។ ៥ នាទីក្រោយ នាងថា ប៉ា! កូនសសេរចប់ហើយ ហើយក៏យកអោយខ្ញុំអាន។ មានអី ទឹកដៃល្អណាស់ មានឃ្លាឃ្លោង និងអត្ថន័យមែនទែន។



Friday, June 30, 2023

ចន្ទ្រារះហើយ

 តារារាប់លាននៅលើមេឃ ប៉ុន្តែគ្មានសមត្ថភាពនឹងបំភ្លឺផែនដីបាន។ ត្រឹមតែចន្ទ្រាតែមួយប៉ុណ្ណោះ ក៏អាចបំភ្លឺស្បៃរាត្រីបានដែរ។

ចន្ទ្រារះហើយ តើដួងព្រះចន្ទ្រារះនៅក្នុងដួងចិត្តអ្នកណា?



មោទនភាពដ៏ហួសហេតុ

 មោទនភាពដ៏ហួសហេតុ នាំអោយបរាជ័យ។ ខ្ញុំបានរៀនពីបរាជ័យដ៏ធ្ងន់ធ្ងរនេះ។ បន្ទាប់ពីទទួលជ័យជំនះជើងឯកជាតិឆ្នាំ២០០១ មក ខ្ញុំបានប្រែក្លាយជាកីឡាករម្នាក់ដែលពោរពេញទៅដោយមោទនភាពដ៏ហួសហេតុ។ លោកពុកខ្ញុំធ្លាប់បានប្រាប់ខ្ញុំ បន្ទាប់ពីខ្ញុំបានទទួលជ័យជំនះជើងឯកជាតិឆ្នាំ២០០១ មក គាត់ថា "មោទនភាពដ៏ហួសហេតុនៃកីឡាករ នឹងធ្វើអោយកីឡាករនោះបរាជ័យយ៉ាងអាម៉ាស់"។ មែន ពិតមែនហើយ ខ្ញុំបានដឹងច្បាស់ពីវា បន្ទាប់ពីខ្ញុំប្រកួតចាញ់គេ តាំងតែពីជុំទី១។ សម្តីលោកពុកខ្ញុំបានលាន់លឺពេញត្រចៀកខ្ញុំ  សម្តីដែលខ្ញុំនិយាយទៅកាន់សិស្សប្អូនខ្ញុំ "គីឡូ៦៣-៦៧ នេះគ្មានអ្នកណាស៊ីខ្ញុំបានឡើយ" ពាក្យទាំងនោះបានលាន់លឺពេញត្រចៀករបស់ខ្ញុំពេញមួយថ្ងៃនោះតែម្តង។ ខ្ញុំបានផ្លាស់ប្តូរ ហើយក៏សម្រេចនូវជ័យជំនះបន្តបន្ទាប់ទៀតចាប់ពីជើងឯកជាតិ២០០២ ២០០៣ និងរហូតតមកដល់ឆ្នាំ២០០៥ ដែលជាឆ្នាំខ្ញុំចូលនិវត្តន៍ក្នុងនាមកីឡាករប្រយុទ្ធ។

រូបនោះគឺក្នុងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១ ក្នុងខែមេសា ឆ្នាំ២០០២។ ខ្ញុំបរាជ័យយ៉ាងអាម៉ាស់ ប៉ុន្តែក្លឹបខ្ញុំ ក្រោមការដឹកនាំពីលោកគ្រូ សក្ខិដា ធ្វើអោយក្លឹបប៉ូលីស២ ទទួលបានេជើងឯក៤ ប្រភេទទំងន់ផ្សេងគ្នា ក្នុងចំណោមសរុប៨ប្រភេទទំងន់។




Monday, June 19, 2023

ការងារសហគមន៍

 ម្តាយឪពុកកូនសិស្សតេក្វាន់ដូ យកមកជូនដល់ផ្ទះ។ គាត់លើកឡើងថា អរគុណបងហើយដែលបានបង្ហាត់ក្មេងៗនៅទីនេះ នេះជាទឹកចិត្តបន្តិចបន្តួច។ ខ្ញុំក៏ទទួលយកទាំងរីករាយ និងស្នាមញញឹម ព្រមទាំងពោលពាក្យអរគុណ និងនិយាយថា វាជាកាតព្វកិច្ចរបស់ខ្ញុំទេ ព្រោះខ្ញុំស្រឡាញ់កិច្ចការមួយនេះ។ ម្សិលមិញដូង ថ្ងៃនេះទៀប និងសាប៊ូ ព្រមទាំងថ្នាំដុសធ្មេញ។

ធ្វើអោយខ្ញុំនឹកឃើញកាលនៅពីតូច។ ផ្ទះខ្ញុំសំបូររបស់គេយកមកជូនណាស់ ស្ទើរមិនលោះសប្តាហ៍ ជាពិសេសរដូវចូលឆ្នាំចិន ចូលឆ្នាំខ្មែរ សែនលោកខែ និងអុំទូក គឺមានកាដូជូនលោកពុកខ្ញុំមិនដែលខានទេ។ កាលណោះមិនមានកន្ត្រកស្រាឬផ្លែឈើដូចឥឡូវទេ គឺមានភាគច្រើននំធុង បារី ស្រា ស្រាបៀរ ផ្លែឈើកំប៉ុង។ បើខែសែនលោកខែ គឺសំបូរណាស់នំលោកខែ (ភាគច្រើន ហាងនំអប្សរា) ចូលសិបប្រអប់។ បើមិនប៉ះបុណ្យទានទេ ខែបង្កង គឺមានគេផ្ញើរមកដល់ៗផ្ទះ ផ្លែឈើក្នុងស្រុកក៏មាន មាន់ទាបោចស្អាតៗក៏មាន ជួនកាលការីមួយឆ្នាំង។ 

ខ្ញុំបានសួរម៉ែ ម៉េចបានផ្ទះយើងឧស្សាហ៍គេយករបស់មកជូនម្លេះ? ម៉ែថាមកពីប៉ាអ្ហែងជួយយកអាសារគេច្រើនណាស់ មានគេស្រឡាញ់ចូលចិត្ត គោរព រាប់អានច្រើន ម្លោះហើយ បានជាមានគេយករបស់មកជូនគាត់។ 

ប្រហែលជាឈាមជ័រពីលោកពុក ទើបខ្ញុំអាចជួយធ្វើកិច្ចការសង្គមបានច្រើន ហើយក៏ទទួលស្គាល់ថាមានមនុស្សជួយយកអាសារខ្ញុំវិញមិនដែលខានដូចគ្នា។ ហើយខ្ញុំនៅតែចងចាំសម្តីម្តាយរបស់ខ្ញុំដែលគាត់ជារឿយៗលើកឡើងថា អានី! អានីឯងធ្វើល្អអោយបានច្រើនៗទៅ ព្រោះថាទេវតាមានពិត ទេវតាមានភ្នែក ទេវតាមិនអោយយើងងាប់ទេ។ ខ្ញុំជឿថាទេវតាពិតជាមានមែន គឺអានិស្សងដែលបានមកពីកម្មជាកុសលឲ្យរបស់យើងនោះឯង ដែលជាទេវតា។


ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០:៤៥នាទី





Monday, June 12, 2023

ជម្រើស

 រឿងមួយអំពី ណាប៉ូឡេអុង ដែលខ្ញុំធ្លាប់លឺគេនិយាយ គឺ ថ្ងៃមួយ ណាប៉ូឡេអុង ត្រូវដឹកនាំទ័ពទៅច្បាំងជាមួយសត្រូវនៅលើកោះមួយ។ នៅពេលដែលទៅដល់លើកោះនោះហើយ ណាប៉ូឡេអុង បានបញ្ជាអោយកូនទ័ពរបស់ខ្លួនចាក់ទម្លុះទូកអោយអស់ ព្រមទាំងបំផ្លាញស្បៀង ដោយចាក់ចូលទៅក្នុងទឹកមួយចំនួនធំ។ ពិតណាស់ កាលណោះកម្លាំង ណាប៉ូឡេអុង គឺតិចជាងសត្រូវ ហើយស្បៀងត្រូវខើចទៀត។ ឃើញដូច្នោះកូនទ័ពទាំងអស់មានសេចក្តីងៀងឆ្ងល់ជាខ្លាំង ដោយគិតថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? កូនទ័ពយល់ថា ទង្វើនោះគឺជាទង្វើដ៏ឆ្កួតលីលា។  ណាប៉ូឡេអុង បាននិយាយថា នៅពេលនេះជម្រើសមានតែមួយទេ គឺប្រយុទ្ធអោយដល់ទីបំផុត។ យើងមិនអាចបកក្រោយបានទេ ព្រោះទូកក៏គ្មាន ស្បៀងក៏គ្មាន។ បើយើងមិនប្រយុទ្ធ យើងនឹងស្លាប់។ ទង្វើទាំងនោះ ពាក្យទាំងនោះ បានជម្រុញទឹកចិត្តកងទ័ព ណាប៉ូឡេអុង អោយប្រយុទ្ធរហូតដល់ទីបំផុតទទួលបាននូវជ័យជំនះ។

ស្រដៀងគ្នានេះដែរ បុរសម្នាក់បានសួរ សូក្រាត អំពីផ្លូវទៅកាន់ភាពជោគជ័យ។ សូក្រាត ក៏អោយបុរសនោះដើរតាមគាត់ចុះក្នុងទន្លេ។ លុះចុះដល់ទន្លេទឹកត្រឹមក សូក្រាត ក៏ចាប់ជ្រមុជបុរសនោះ បុរសនោះព្យាយាមរើបំរាស់ជាខ្លាំងរហូតស្ទើរតែគាត់ទ្រាំមិនបាន បុរសនោះក៏បានប្រើប្រាស់ថាមពលទាំងអស់របស់ខ្លួនទធាក់ដីឡើងមួយទំហឹង រហូតដល់គាត់អាចងើបផុតពីផ្ទៃទឹក ហើយដកដង្ហើមបានស្រួល។ បុរសនោះខឹងខ្លាំងណាស់ ហើយក៏បានសួរថា ហេតុម្តេចបានជាធ្វើដូច្នេះ? សូក្រាត តបថា ពេលអ្នកនៅក្នុងទឹកនោះ តើអ្នកត្រូវការអ្វីជាងគេ? បុរសនោះថា ខ្ញុំត្រូវការខ្យល់។ សូក្រាត តបថា អាថ៏កំបាំងនៃភាពជោគជ័យគឺគ្មានអ្វីជាពិសេសនោះឡើយ។ ចំណង់អោយខ្លាំង គឺជាមូលហេតុធ្វើអោយយើងជោគជ័យ ដែលគ្មានខុសពីអ្វីដែលអ្នកកំពុងនៅក្នុងទឹកហើយមានចំណង់ចង់បានខ្យល់ដកដង្ហើមខ្លាំង ហើយអ្នកបានប្រើប្រាស់ថាមពលក្នុងខ្លួនទាំងអស់ ហើយអ្នកក៏បានសម្រេចវាដោយជោគជ័យ។ មានចំណង់តិច ពិតណាស់គឺមិនខុសពីដុំភ្លើងដ៏តូចនោះទេ ព្រោះវាមិនអាចកំដៅខ្លួនអ្នកបានល្អនោះទេ។

ខ្ញុំបានអានរឿង សូក្រាត កាលពីព្រឹក ហើយបាននឹកដល់រឿង ណាប៉ូឡេអុង។ ខ្ញុំបានរៀនសូត្រពីរឿងនេះបានមួយចំនួនដែរ ហើយមិនដឹងថា លោកអ្នកចាប់បាននូវចំណុចដូចខ្ញុំដែរឬអត់នោះទេ?



Monday, May 29, 2023

សុំពរ

 ពីរឿងទិនហ្វី៖

កុមារាម្នាក់ កំពុងសម្លឹងមើកទៅព្រះច័ន្ទដ៏ស្រស់ស្អាត។ ឃើញដូច្នោះ ម្តាយគេក៏និយាយថា "ពេលកូនឃើញព្រះច័ន្ទស្រស់ស្អាតអញ្ចឹង កូនអាចសុំប៉ងប្រាថ្នាអ្វីក៏បានពីព្រះច័ន្ទ ព្រះច័ន្ទនឹងជួយសម្រេចបំណងប្រាថ្នាអោយកូន"។ លឺម្តាយប្រាប់រួច កុមារាក៏បានលើកដៃបង្គុំឡើងសំពះ ព្រមទាំងបិទភ្នែក រួចនិយាយថា "ព្រះច័ន្ទអឺយព្រះច័ន្ទ ពេលខ្ញុំធំឡើង សូមអោយខ្ញុំក្លាយខ្លួនជាមន្ត្រីល្អ ស្មោះត្រង់ បម្រើប្រជាជន ហើយកំចាត់ជនពុករលួយ"។

កូនស្រីមាសឪពុក៖ ប៉ាសូមផ្តាំដល់កូនថា ការបន់ស្រន់មិនអាចជួយអ្វីដល់កូនបានឡើយ។ ដំណើរជីវិតរបស់កូន សម្រេចឬមិនសម្រេច គឺអាស្រ័យលើការប្រព្រិត្តបស់កូន។ បើកូនប្រព្រិត្តនូវកម្មដែលជាកុសល កូននឹងបានផលជាកុសល ប៉ុន្តែបើកូនប្រព្រឹត្តនូវកម្មដែលជាអកុសល នោះកូនពិតណាស់នឹងទទួលផលជាអកុសល។

បើកូនធំឡើងចង់ក្លាយជាមន្តី្រ ក៏សូមអោយកូនពេលនៅពីក្មេង ចូរកូនខិតខំញាំអាហារល្អៗ ដើម្បីអោយកូនមានសុខភាពមាំមួន មានឱកាសនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀនសូត្រ។ កូនក៏ត្រូវជាមនុស្សចេះស្វាតធ្យាយ ស្វ័យសិក្សាដោយខ្លួនឯង ខិតខំរឿនសូត្រអោយបានខ្ជាប់ខ្ជួន គោរនិងបដិបត្តិតាមឱវាទរបស់លោកគ្រូអ្នកគ្រូ នោះពេលធំឡើង កូននឹងមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់ដើម្បីប្រលងជាប់ជាមន្ត្រី។

ដើម្បីក្លាយជាមន្ត្រីល្អ ប៉ាក៏សូមអោយកូនជាមនុស្សលុះដោយ គុណធម៌ ចេះស្គាល់គុណនិងទោស ខុសនិងត្រូវ ប្រកាន់ពាក្យសច្ចះ មិនលម្អៀង។ ហើយដើម្បីនឹងអោយកូនសម្រេចបានរឿងទាំងនោះ ប៉ាសូមអោយកូនសេពគប់នឹងព្រះធម៌។ មានតែព្រះធម៌ទេដែលអាចនាំកូនអោយក្លាយជាមនុស្សដែលជាទីស្រឡាញ់រាប់អានពីមនុស្សផងទាំងពួង។


បើសិនជាកូនធ្វើអ្វីៗដើម្បីតែខ្លួនឯងនោះ នោះកូននឹងរស់នៅបានតែមួយជីវិតនេះប៉ុណ្ណោះ។ ប៉ុន្តែបើកូនធ្វើអ្វីៗដើម្បីអ្នកដទៃ នោះកូនអាចនឹងរស់នៅក្នុងបេះដូងរបស់ពួកគេជារៀងដរាប។





ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

 ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

នេះជាលើកទី២ហើយដែលខ្ញុំត្រូវបានកន្លែងការងារបានផ្តល់ឪកាសអោយខ្ញុំធ្វើដំណើរក្នុងក្របខណ្ឌការងារ ទៅកាន់ទីក្រុងប៉ារីស។ លើកនេះ ខ្ញុំមានអារម្មណ៏ថាវាហាក់បីដូចជាខុសប្លែកពីលើកមុន ដែលកាលណោះ ខ្ញុំហាក់បីដូចជាជ្រួលជ្រើមទៅនឹងការធ្វើដំណើរទៅកាន់ទីក្រុងនៃក្តីស្រម៉ៃរបស់ខ្ញុំ។ នេះទំនងជាបទពិសោធពីលើកមុនដែលបានធ្វើអោយខ្ញុំហាក់បីដូចជាមានអារម្មណ៏ lonely ម្លោះហើយវាអាចជាមូលហេតុដែលធ្វើអោយខ្ញុំមិនសូវជ្រួលជ្រើម។

ព្រឹមម៉ោង៩ជាង ចៅហ្វាយរបស់ខ្ញុំបានមកទទួលខ្ញុំដើម្បីនឹងធ្វើដំណើរទៅព្រលានយន្តហោះទាំងអស់គ្នា។ តាមផ្លូវ ស្ងាត់ណាស់ បើទោះបីថ្ងៃនេះជាថ្ងៃច័ន្ទ ហើយជាម៉ោងដ៏មមាញឹកក៏ដោយ នេះដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ហើយជាថ្ងៃដែលបងប្អូនយើងត្រឡប់ពីស្រុកកំណើតចូលមករាជធានីវិញ។ ដល់ព្រលានយន្តហោះម៉ោងជិត១០ ខ្ញុំនិងបងវ៉ាន់ឌីក៏សម្រាកមួយភ្លេតដើម្បីអោយគេបើក gate ដើម្បី check-in។ នៅទីនោះ ស្ងាត់ណាស់ មនុស្សប្រមាណជាជាង១០០នាក់តែប៉ុណ្ណោះ ដែលខុសកាលពីការធ្វើដំណើររាល់ដង ដែលមនុស្សយ៉ាងតិចក៏ជាង៣០០ទៅ៤០០នាក់ដែរ។ គេក៏បានបើកអោយ check-in ខ្ញុំក៏រូតរះទៅ check-in អោយបានលឿន នឹងអាលបានសម្រាកនៅកន្លែងរង់ចាំ។ ខ្ញុំសូមយកឳកាសនេះជម្រាបជូនបងប្អូនយើងអោយដឹងផងដែរថា ឥឡូវនេះគេបានផ្លាស់ប្តូរគោលនយោបាយ check-in ហើយ ដោយរាល់ការ check-in ទាំងអស់គឺត្រូវធ្វើនៅ counter។ កំពុងតែរង់ចាំ check-in ក៏ស្រាប់តែមានមនុស្សមួយហ្វូងធំ ប្រមាណជា៥០នាក់ ស្លៀកសំលៀកបំពាក់ឈុតកូវីដ ចូលមក check-in នៅ counter ជាប់ខ្ញុំដែលជាកន្លែង check-in ទៅទីក្រុងឃុនមិញ ប្រទេសចិន។ ខ្ញុំបានស៊ើបសួរអ្នកធ្វើការនៅទីនោះ ហើយក៏ដឹងថា ការវិលចូលប្រទេសចិន គឺតម្រូវអោយធ្វើដូច្នោះ មិនលើកលែងសូម្បីតែជនពិការ ឬទារកអាយុក្រោម១ឆ្នាំ ក៏តម្រូវអោយពាក់ឈុតកូវីដ១៩ដែរ។

យើងបានធ្វើដំណើរមកខាងលើដែលជាផ្លូវឆ្ពោះទៅកន្លែងរង់ចាំ។ គេបានបែងចែកកន្លែងអន្តោប្រវេសន៏ជាពីរ គឺសម្រាប់ប៉់ាស្ព័រចាស់ និងសម្រាប់ប៉ាស្ព័រថ្មី។ លើកនេះគេបានកែតម្រូវយន្តការនៃការពិនិត្យអន្តោប្រវេសន៏ដោយកាត់ចោលទាំងស្រុងការបំពេញទម្រងចាកចេញពីប្រទេស និងទម្រង់ចូលប្រទេសវិញ ដោយអ្នកមានប៉ាស្ព័រថ្មី គ្រាន់តែយកសំបុត្រុយន្តហោះ ប៉ាស្ព័រទៅស្កេននៅក្នុងម៉ាស៊ីនអូតូម៉ាទិក និងស្កេនចង្អុរដៃមួយប៉ុណ្ណោះ។ នៅទីនោះមានមន្ត្រីអន្តោប្រវេសជួយជម្រាបជូនយើងអំពីដំណើរការនេះដោយទឹកមុខរីករាយ និងជួយយ៉ាងពេញទំហឹង។ ដំណើរការនេះស៊ីពេលយើងមិនដល់មួយនាទីឡើយ។

ខ្ញុំបានឡើងមកកាន់យន្តហោះ។ ពីភ្នំពេញទៅទីក្រុងប៉ារីស ខ្ញុំបានជ្រើសរើសយកការ transit ចំនួន២ដង គឺលើកទីមួយនៅទីក្រុងបាងកក និងលើកទី២នៅទីក្រុងដូហា ប្រទេសកាតា ដែលសរុបការធ្វើដំណើរ ព្រមទាំង transit ពីរដងនេះ ខ្ញុំត្រូវចំណាយពេលធ្វើដំណើរជាង២៤ម៉ោង។ បើ direct fly ពីបាងកកទៅប៉ារីស គឺចំណាយពេលតែ១៤ទៅ១៥ម៉ោងទេ ប៉ុន្តែខ្ញុំមិនចង់នៅលើយន្តហោះយូរ ព្រោះវាមិនស្រួលដូចនៅលើដីទេ។ ចូលដល់យន្តហោះ បានជួបបាហុនិការ Bankok airway ពីរនាក់។ នាងពិតជាស្អាតណាស់ ម្នាក់សក់ខ្លីមានដំណើរស្វាហាប់ ម្នាក់ទៀតសក់វែង កែវភ្នែកនាងមុតថ្លា សាច់សរលោង បានលើកដៃជម្រាបសួរ និយាយស្វាគមន៏ខ្ញុំដែលចូលមកមុនគេ និងនាំខ្ញុំទៅកាន់កន្លែងអង្គុយរបស់ខ្ញុំ ដែលជួរខ្ញុំមាន៦នាក់ពេញ។ លើកនេះបានអង្គុយជាមួយនារីម្នាក់ដែលមកពីរតនៈគិរី (មិនបានប្រើស្ទាយទិនហ្វីអីទេលើកនេះ)។ នាងអង្គុយកៀនជាប់កញ្ចក់ បងវ៉ាន់ឌីអង្គុយកណ្តាល ខ្ញុំអង្គុយជាប់ផ្លូវដើរ។ យើងបានជជែកពីនេះពីនោះ ពីរឿងការងារ ពីការរស់នៅរបស់បងប្អូននៅរតនៈគីរី។ល។ ជជែកៗ ក៏ស្រាប់តែបុរសចំណាស់ដែលជាជនជាតិបរទេសម្នាក់ (អាយុមិនក្រោម៧០ទេ) អង្គុកៅអីមុខខ្ញុំជាប់បង្អួច បានស្រែកថាអោយយើងឈប់ជជែក ដោយប្រើពាក្យអសុរសស្ទើរតែទទួលយកមិនបាន។ យើងជជែគគ្នាធម្មតា មិននិយាយលឺៗ មិនស្រែក មិនប៉ះពាល់ដល់អ្នកណាទាំងអស់ ប៉ុន្តែគាត់ហាក់បីដូចជាមិនបើកចិត្តទូលាយសោះ។ គាត់ហាមមិនអោយយើងជជែក ប៉ុន្តែគាត់បែរជាជជែកជាមួយអ្នកជាប់គាត់បាន។ មើលទៅ គាត់ទំនងជាមានបញ្ហាផ្លូវចិត្តផង ម្លោះហើយយើងក៏មិនបានតបតអីដែរ។ ប្រហែលជាពៀរគាត់ក៏មិនដឹង មួយយន្តហោះ មានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះដែលពុល ក្អួតច្រងាប់ច្រងិលតែម្នាក់ឯង។ ទាំងអ្នកអង្គុយមុខបុរសចំណាស់ ទាំងអ្នកនៅក្បែរខាង មិនមានអ្នកណាពេញចិត្តនឹងទង្វើដែលគ្មានសិលធម៌របស់បុរសម្នាក់នោះឡើយ។ ម៉ាស់ក៏មិនពាក់ ក្អកជាប់រហូត ព្រមទាំងក្អួតទៀតផង។

យើងបានចុះមកកាន់កន្លែង transit។ រឿងបន្ទាប់ដែលយើងត្រូវធ្វើបន្ទាប់ពីចេញពីបន្ទប់ទឹកគឺត្រូវតម្រង់ទៅកន្លែង check-in Qatar airway ដើម្នីស្នើរសុំប្តូរកន្លែងអង្គុយដែលអាចអោយបងវ៉ាន់ឌី និងខ្ញុំអង្គុយសណ្តូកជើងបានវែង។ ដោយសារខ្ញុំបានចរចរជាមួយអ្នកនៅភ្នំពេញហើយ ហើយគេក៏បាន note អោយខ្ញុំទៅនិយាយជាមួយ Qatar airway ដើម្បីប្តូរកៅអី។ ធម្មតាការប្តូរកៅអី គឺត្រូវចាយលុយថ្លៃណាស់ ខ្ញុំបានឆែកមុនហើយ គឺការប្តូរកៅអីនៅ Qatar airway គេគិតថ្លៃជាង៨០ដុល្លារ ប៉ុន្តែដោយសារខ្ញុំមានមធ្យោបាយទំនាក់ទំនង និងពន្យល់គេបាន គេក៏ប្តូរអោយខ្ញុំនិងបងវ៉ាន់ឌីដោយមិនបានចាយលុយមួយរៀល។ ប្តូររួចហើយ ខ្ញុំក៏ម្នីម្នារូតរះឡើងមកកាន់តូបអាហារខាងលើដើម្បីរកអីស្រស់ស្រូប។ មកលើកនេះប្លែកណាស់ ស្ងប់ស្ងាត់មែនទែន បាត់អស់ហើយសម្លេងទីងទីង ប្រកូកប្រកាសពពាយនាយហៅភ្ញៀវ បាត់ភ្ញៀវមិនក្រោម៥០%ទេ។ មកទីនេះ បានធ្វើអោយខ្ញុំនឹកឃើញកាលពីមកជាមួយក្រុម Hot News (អ្នកដឹងបានដឹង អ្នកមិនដឹងគឺមិនដឹងថាក្រុម Hot News នោះគឺអ្វីទេ) និងកាលទៅប៉ារីសម្នាក់ឯងកាលពីឆ្នាំ២០១៩។ ការរៀបចំនៅដដែល ខុសទាស់តែមនុស្សតិចជាងមុនតែប៉ុណ្ណោះ។

ខ្ញុំបានមកកាន់អាហារដ្ឋានថៃមួយ។ ឃើញគេតម្រង់ជួរមួយហ្វូង ខ្ញុំនិងបងវ៉ាន់ឌីក៏តម្រង់ជួរដែរ។ តម្រង់ជួរចាំមួយសន្ទុះក៏ស្រាប់តែមាននារីម្នាក់បីទឹកក្រូចមួយយួរហើយញញឹម ព្រមទាំងសួរយ៉ាងទន់ភ្លន់មកកាន់បងវ៉ាន់ឌីថា  “Are you from Korea?” បងវ៉ាន់ឌីស្តាប់មិនបាន ក៏សួរគាត់បញ្ជាក់ នាងក៏សួរសំណួរដដែលថា “Are you from Korea?” បងវ៉ាន់ឌីក៏តបវិញ “I don’t understand” ហើយនាងក៏តបថា “you take away or eat here?” ។ តាមពិតទៅស្មានតែនាងជាអ្នកដំណើរ តាមពិតនាងជាបុគ្គលិកនៅអាហារដ្ឋាននោះ។ យើងបានចូលក្នុង អង្គុយរង់ចាំ។ ខ្ញុំចេះតែសម្លឹងនាង នាងចេះតែម្លឹងខ្ញុំ ញញឹមដាក់ខ្ញុំ។ សង្ស័យនាងលង់នឹងសម្រស់ខ្ញុំទៀតហើយមើលទៅ កុម្ម៉ង់ហើយ នាងក៏យកម្ហូបដាក់មកអោយ ដោយប្រើក្រសែភ្នែក និងស្នាមញញឹមដ៏មានន័យ (បើទោះបីជានាងពាក់ម៉ាស់ក៏ដោយ ក៏យើងអាចដឹងថាគេញញឹមឬអត់គឺអាស្រ័យលើភ្នែក)។ ម្ហូប២មុខដូចក្នុងរូបថតនោះ និងទឹក២ដប មានតម្លៃរហូតដល់ជិត៤០ដុល្លារ ប៉ុន្តែវាធម្មតាទេ ព្រោះនេះជាព្រលានយន្តហោះ យូរៗមកម្តងក៏មិនបញ្ហាដែរ។ ទៅឈរកន្លែងរង់ចាំគិតលុយ នាងក៏លួចមើលខ្ញុំទៀត។ គិតលុយរួច ខ្ញុំដើរមកយកកាតាប នាងក៏មកជិត សម្លឹងមុខខ្ញុំក្នុងក្រសែភ្នែកហាក់បីដូចជាត្រៀមនឹងបាត់បង់អ្វីម្យ៉ាង...ខ្ញុំក៏សម្លឹងនាងវិញ រួចក៏ចាប់ដៃទាំងពីររបស់នាង កាន់អោបជួបនឹងទ្រូង ព្រមទាំងអោនទៅដើម្បីក្រេបថ្ពាល់ដ៏ក្រពុំ និងសរលោងរបស់នាង....ក៏ស្រាប់តែសម្លេងមួយបន្លឺឡើង “ក្រោកឡើង ក្រោកឡើងគីនី យន្តហោះចេញចោលឥឡូវហើយ” ។ តាមពិតខ្ញុំយល់សប្តិសោះ រៀបបានសម្រេចហើយហ្នឹង។ ខ្ញុំក៏បានជូតទឹកមាត់ដែលហៀរប្រឡាក់ពេលគេងលក់នោះចេញ ព្រមទាំងយកចាហួយលាបសក់ និងក្រាសមកសម្អិតសម្អាងសក់ខ្ញុំអោយស្អាត ដើម្បីមើលទៅអោយកាន់តែស្អាត និងសង្ហា នឹងអាលអោយនាងកាន់តែលង់ស្រឡាញ់ខ្ញុំ។

ថ្នើរណេះ ម៉ោងនេះ ម៉ោង៦:៣២ នាទីល្ងាច ម៉ោងនៅព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកកប្រទេសថៃ។ ៥០នាទី ទៀតខ្ញុំត្រូវឡើងទៅដូហាហើយ ហើយត្រូវនៅលើយន្តហោះ៧ម៉ោង១៥នាទីទៀត ហើយរំពឹងថា នឹងដល់ដូហាវេលាម៉ោង១០យប់ ម៉ោងនៅដូហា។

បើមានពេលត្រឹម២ម៉ោង ខ្ញុំនឹងសសេររៀបរាប់ជូនបងប្អូនបន្តទៀត។ នេះលេងលេងទេ បាន៤ទំព័រត្រឹម។

សូមអរគុណចំពោះការចំណាយពេលវេលាអានសំណេរដ៏វែងនេះ។

ព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកកប្រទេសថៃ វេលាម៉ោង៦និង៣៦នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

គីនី











ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី២

ថ្ងៃទី២ នៃដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ


វេលាម៉ោង ៨:៣០នាទីយប់ ម៉ោងនៅប៉ារីស ត្រូវនឹងម៉ោង១:៣០នាទីទាបភ្លឺ ម៉ោងនៅកម្ពុជា។ ជាធម្មតា ម៉ោង៨កន្លះយប់ម៉ោងនៅស្រុកខ្មែរ គឺមេឃច្បាស់ជាងងឹតហើយ ប៉ុន្តែកណ្តាលទីក្រុងប៉ារីសថ្មើរនេះ ក៏ដូចជាប្រទេសនៅអ៊ឺរ៉ុបមួយចំនួន គឺកំពុងភ្លឺនៅឡើយ គឺភ្លឺដូចម៉ោង៤រសៀលស្រុកយើងអញ្ចឹង ដោយសារពេលនេះគឺជារដូវក្តៅដែលថ្ងៃមានរយះពេលវែងជាងយប់។ នៅទីនេះបរិយាកាសល្អណាស់ នៅតាមដងផ្លូវខ្យល់បក់យ៉ាងត្រជាក់ ព្រោះកម្តៅនៅទីនេះគឺ២៩អង្សារ ហើយកាន់តែចុះទាបមកនៅត្រឹម ២១អង្សារសេតែប៉ុណ្ណោះ។ 


ខ្ញុំស្នាក់នៅ apartment មួយប្របនឹងស្ទឹងសែនដែលមានចំងាយប្រមាណជា១គីឡូម៉ែត្រពីទួអេហ្វែល។ ទឹកស្ទឹងសែនគេគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងស្ទឹងសែនកំពង់ធំយើងដាច់ (មិនដូចបទស្នឹងសែនប៉ារីស ដែលអ្នកចម្រៀងយើងច្រៀងលើកស្ទឹងសែនយើង ហើយហាក់ដូចជាបង្អាប់ស្ទឹងសែនគេ)។ ទឹកស្ទឹងឡើងថ្លារហូតចេញព័ណ៌បៃតង។ មានកាណូតជិះលម្ហែធំៗតាមដងស្ទឹង។ មាត់ស្ទឹង ត្រូវបានគេរៀបចំយ៉ាងមានសណ្តាប់ធ្នាប់គឺសម្រាប់អោយអ្នកថ្មើរជើង អ្នកជិះកង់ គេបានធ្វើដំណើរទៅមក។ ក្រៅពីរៀបចំផ្លូវដើរដ៏មានរបៀបរៀបរយ នៅតាមផ្លូវឯនោះសោតគឺពោរពេញទៅដោយដើមឈើធំៗ ម្លប់ត្រឈឹងត្រឈៃ។ ឡានម៉ូតូនៅទីនោះបើកលឿនៗណាស់។ ឡានពេញនិយមនៅទីនោះគឺរាងតូចៗ រីឯម៉ូតូវិញគឺធំៗ រាងដូច PCX ប៉ុន្តែធំជាង PCX ឆ្ងាយណាស់។ មធ្យោបាយដ៏ពេញនិយមមួយទៀតនៅទីនេះ ដែលខ្ញុំសម្គាល់ឃើញគឺ ស្កុតទ័រ។ គេប្រើវាទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី ហើយគេបើកបរលាយឡំនឹងឡានម៉ូតូ ដែលមើលទៅខ្ញុំស្រៀវជំនួស។ ក្រឡេកមើលមាត់ស្ទឹងប្របនឹងទឹកវិញ គេបានរៀបឥដ្ឋទុកអោយមនុស្សម្នាអង្គុយលេងមើលទេសភាពទួអេហ្វេល ព្រមទាំងបក្សីនានាដែលរួមមាន ទា ក្ងាន ក្អែក ចុះលេងទឹក និងចាប់ត្រីស៉ី។ អ្នកអង្គុយលេងតាមប្របមាត់ស្ទឹងនោះ ក៏អាចគយគន់នូវទូកទេសចរណ៏ដែលបើកបរតាមដងស្ទឹងសែនផងដែរ។


មកដល់តំបន់ទួអេហ្វេល មនុស្សច្រើនណាស់ មានចម្រុះជាតិសាសន៏ មានក្មេងមានចាស់ កាន់កាំម៉េរ៉ា និងទូរស័ព្ទ ថតយករូបភាពទុកជាអនុស្សាវរីយ៌។ គ្មានអីចម្លែកទេដែលនៅទីនេះមានអ្នកនិយាយច្រើនអំពីចោរលូកកាបូប ព្រោះជនមួយចំនួន (ស្បែកខ្មៅ ក៏មាន អាស៊ី ខាងមជ្ឈឹមបូពា៌ក៏មាន អ៊ឺរ៉ុបខាងកើតក៏មាន) សម្លឹងមើលមកយើងហាក់បីដូចយើងជាក្តាន់។ មានជនជាតិអឺរ៉ុបមួយក្រុមចង់ធ្វើស៉ីខ្ញុំដែរ ប៉ុន្តែដោយខ្ញុំមិនចេះលោភលន់ ម្លោះហើយគេបោកមិនបានឡើយ។ ឃើញខ្ញុំដើរចូលមកដល់ម្នាក់ឯងដើម្បីដាក់ជើងថត បុរសម្នាក់ក៏ស្ទុះមករៀបចំលេងល្បែងស៉ីសងមួយប្រភេទគឺជាការទាយគ្រាប់ក្នុងកំប៉ុង៣។ គេបង្វិលអោយយើងងាយមើលឃើញ ងាយចាក់ត្រូវ។ ខ្ញុំមិនខ្វល់ពីពួកគេ ដោយសារខ្ញុំធ្លាប់ដឹងល្បិចនេះយូរហើយ ប៉ុន្តែខ្ញុំបានឃើញឆាកល្ខោនគេលេងដែលមានអ្នកចូលរួមមិនតិចជាង១០នាក់ទេ មានស្រីក្មេងៗអាយុប្រមាណ១៧ទៅ១៨ឆ្នាំ មានមនុស្សចាស់អាយុជាង៦០ តែងខ្លួនធ្វើជាអ្នកទេសចរណ៏។ គេធ្វើជាស្ទុះចូលមកមើល ហើយចាក់ ចាក់ត្រូវគ្រប់ដៃ ចាក់ម្តងមិនចេះតិច សុទ្ធតែ១០០អឺរ៉ូ។ រីឯអ្នកសងវិញ សងទាំងសប្បាយចិត្ត។ តាម្នាក់មើលឃើញហើយបានស្ទុះទៅចាក់ (គេបង្ហាញយឺតៗអោយឃើញច្បាស់) ប៉ុន្តែតានោះទៅធ្វើជាចាក់ខុស ដែលធ្វើអោយអ្នកមិនដឹងនឹងមានអារម្មណ៏ហួសចិត្ត។ តានោះរើសខុសហើយ ហើយអ្នកអោយគេទាយធ្វើជាសួរខ្ញុំ។ ខ្ញុំថា អាកណ្តាល វាសប្បាយចិត្តណាស់ ហើយវាហុចលុយ១០០អឺរ៉ូ មកអោយខ្ញុំដោយនិយាយថា អ្នកឯងទាយត្រូវហើយ។ ខ្ញុំបដិសេធ ហើយប្រាប់វិញថា ខ្ញុំអត់លេងទេ។ ថារួចខ្ញុំក៏ដើរចេញទៅ។


ចេញផុតពីនោះបានបន្តិច ក៏ស្រាប់តែមានអារម្មណ៏ថាធុំក្លិនបៀរយ៉ាងខ្លាំង។ ក្រឡេករកមើលក៏ស្រាប់តែឃើញមនុស្សជាច្រើនដើរលក់ស្រាបៀរ ដែលអ្នកលក់នោះភាគច្រើនទំនងជាជនជាតិ ឥណ្ឌា នេប៉ាល់ ស្រីលង្ការ ជនជាតិស្បែកខ្មៅ មួយចំនួនផងដែរ។ គេដាក់បៀរក្នុងធុងរួចដើរសួរម្តងមួយៗ។ អ្នកទិញនោះភាគច្រើនគឺក្មេងៗដែលមានចរឹកជើងកាង ព្រមទាំងទេសចរណ៏ចាស់ៗមួយចំនួន។ ក្មេងៗទំនងជាជើងកាងទាំងនោះ អ្នកខ្លះផឹកឡើងស្រវឹងអួទីនួ បង្ហាញអាការះច្រឡើសបើស។ សម្រាមចោលទំពាស មានកំប៉ុង ដបស្រាបៀរ កន្ទុយបារី សម្បកបារី ដែលច្រើនជាងគេគឺកន្ទុយបារី បើទោះបីជាយ៉ាងនេះក៏ដោយ ក៏ឃើញមានបុគ្គលិកស៉ីនទ្រីគេ២នាក់ដើរប្រមូលសម្រាមដែលនៅពាសវាលពាសកាលនោះដែរ។


បន្តដំណើរមកដល់ខាងមុខចំទួអេហ្វេលដែលមានទឹកបាញ់ មានរូបក្បាលគោដុះស្នែង គឺមានវិមានមួយ ទំនងជាវិមានរដ្ឋ ដែលក្រោយមកខ្ញុំស្គាល់ថាជា Trocadero ហើយនៅវាលនោះមានគេចាក់ភ្លេង ចង្វាក់ waltz និង slow ហើយមានអ្នកចូលរួមជាគូៗ ដែលភាគច្រើនជាវ័យចាស់។ មិនដឹងជាចេតនានោះដើម្បីអីទេ អ្នករាំអាចជាគ្នាអ្នកចាក់ឬមិនដឹង។ ខ្ញុំអង្គុយសសេរក្បែរនោះជាងកន្លះម៉ោងទៅហើយ ហើយគេនៅតែចាក់ភ្លេង រីឯចាស់ៗទាំងនោះនៅតែរាំ ហើយថែមទាំងមានគូស្នេហ៍វ័យកណ្តាលមួយចំនួនចាប់ផ្តើមចូលរាំផងដែរ។ អ្នកឈរមើលជុំវិញ ទាំងគូៗសម្តែងអាការះសប្បាយ កាន់ដៃ អោបចង្កេះគ្នា សម្លឹងមើលមុខគ្នាយ៉ាងរ៉ូមេនតិក។ ម្តងៗពួកគេបានថើបជញ្ជក់មាត់គ្នា (french kiss) ដោយមិនខ្មាស់អ្នកណាគេ។ ក្រឡេកមើលទៅអ្នកថតរូបវិញ ទាំងគូៗ ថតជាមួយគ្នា ជញ្ជក់មាត់គ្នា មានចាស់ មានក្មេង មើលទៅសប្បាយរីករាយមែនទែន ខុសអីតែខ្ញុំដែលអង្គុយឈ្ងោកមុខសសេរអក្សរលើទូរស័ព្ទម្នាក់ឯង...។ មើលទិដ្ឋភាពទាំងអស់នោះ ភាពស្រងូតស្រងាត់ក៏បានកើតឡើងចំពោះខ្ញុំ។ បានមកដល់កន្លែងដែលខ្លួនចង់មកបំផុត គឺជារឿងរំភើបខ្លាំងណាស់ ប៉ុន្តែនៅពេលនេះខ្ញុំហាក់បីដូចជាខ្វះអ្វីម្យ៉ាង។

 មែនហើយ ធ្លាប់គិតតាំងពីដើមមកថា ខ្ញុំនឹងបានមកជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានមកដល់មែន គឺមកដល់តែម្នាក់ឯង...សែនឯកា

ប៉ារីស ថ្ងៃទី២ មិថុនា ឆ្នាំន២០១៩ វេលាម៉ោង ២១:១៧នាទី ត្រូវនឹងម៉ោង ២:១៧នាទីព្រឹក ម៉ោងនៅកម្ពុជា។ 

**** នៅមានព្រឹត្តិការណ៍មួយដែលខ្ញុំមិនបានសសេរ គឺហេតុនៅព្រលានយន្តហោះ ហ្សាលដឺហ្គោល (CDG2) ព្រមទាំងមធ្យោបាយទៅអូតែល។ កំសត់ណាស់ថ្ងៃនោះ ចង់ស្រក់ទឹកភ្នែក។ នៅតែចងចាំមិនភ្លេច។















ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី២

 ដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ ថ្ងៃទី២ - ព្រលានយន្តហោះ Abu Dhabi 

ចុះពីលើយន្តហោះ Airbus ដ៏ធំ ក្រឡេកមើលទៅម៉ោងក្នុងទូរស័ព្ទ គឺម៉ោង ៨:៤៨នាទី។ ខ្ញុំបានដើរចេញម្នាក់ឯងក្រោយគេ ព្រោះអង្គុយនៅកាប៊ីនក្រោយគេ ហើយយកឥវ៉ាន់ក្រោយគេ។ មើលទៅបង្អួចតាមផ្លូវដើរ ព្រះអាទិត្យលើកទី១ សម្រាប់ខ្ញុំនៃទឹកដី អារ៉ាប់អេមីរ៉ាត បានរះឡើង។ វាមានទំហំធំ និងមិនសូវខុសប្លែកពីស្រុកខ្មែរឡើយ។ ដើរចូលមកដល់ច្រកអាគារ រឿងដំបូងដែលខ្ញុំត្រូវធ្វើ ដូចដែលលោកអ្នកដឹងស្រាប់ហើយ គឺរកបន្ទប់ទឹក។ ខំទប់ជាង៦ម៉ោងលើយន្តហោះ គឺនឹងត្រូវជំរុះចោល បើទោះបីជាអាចដឹងថា គេនៅប្រើក្រដាសដដែល។ Oh god, I am in heaven! ខ្ញុំនឹកភ្នកក្នុងចិត្តម្នាក់ឯងយ៉ាងរីករាយ។ នោះគឺថា បង្គន់គេមានទឹកលាង :) ហើយឡើងត្រជាក់។ ក្តីមួហ្មងក៏រលាយអស់។ នៅទីនេះពិតជាខុសពីការគិតរបស់ខ្ញុំមែន។ ប្រទេសនៅលើវាលខ្សាច់ដ៏ក្តៅ គ្មានទឹក ប៉ុន្តែបែរជាពួកគេយកទឹកមកលាងសម្អាតទៅវិញ។ គេច្បាស់ជាមានប្រព័ន្ធគ្រប់គ្រងទឹកល្អហើយ។ ព្រលានយន្តហោះនេះ គឺមានសភាពល្អប្រសើរជាង សុវណ្ណភូមិ ព្រោះវារាងតូច និងស្ងាត់។ ត្រជាក់ស្រួល ទាំងទឹក ទាំងសីតណ្ហភាព។ ខ្ញុំដើរឆ្ពោះទៅកន្លែងពិនិត្យឥវ៉ាន់មុន transit ។ សូមលោកអ្នកចងចាំថា ភាសាអង់គ្លេសគឺសំខាន់ណាស់ លោកអ្នកត្រូវមើលអោយយល់នូវសញ្ញា និងអានអក្សរបញ្ជា។ សូមកុុំរំពឹងលើការប្រកាសតាមមេក្រូ។ សូមលោកអ្នកតាមដានអោយបានជាប់នូវក្តារព័ត៌មានដែលគេដាក់តាមផ្លូវ។ ឆ្លងកាត់កន្លែងត្រួតពិនិត្យហើយ ខ្ញុំបានមកដល់កន្លែងគេលក់ឥវ៉ាន់ផ្សេងៗ។ ប្រទេសនេះ រាងចម្លែកបន្តិច ព្រោះអ្នកលក់ភាគច្រើនគឺប្រុសៗ រាងខ្ពស់ៗសង្ហាៗ មានពុកមាត់ (បើចេកៗមកច្បាស់ជាលាន់មាត់ថា Oh god, I am in heaven មិនខាន)។ គ្រឿងលក់នៅក្នុងនោះសុទ្ធតែជារបស់ថ្លៃ មានច្រើនសម្បើមណាស់នូវគ្រឿងអលង្ការ និងទឹកអប់។ ខ្ញុំមិនបានឆែកតម្លៃទេ ព្រោះសល់ពេលខ្លី ហើយអ្វីដែលសំខាន់នោះគឺ អាហារពេលព្រឹក។

ទីនោះដូចកន្លែងដទៃទៀតដែរ គឺគេតម្រូវអោយចាយលុយគេ គឺ AED ដែលពាក្យពេញវាទំនងជា Arab Emirate Dollar ហើយមើលទៅ។ ខ្ញុំដូរ៥០ដុល្លារ គឺបានប្រមាណជា AED160 ហើយក៏ស្ទុះវឹងទៅរកអាហារពេលព្រឹក។ លោកព្រះ គុយទាវគេមួយចាន បង្គារខ្នាតមធ្យមប្រហែល៥ដុំ គឺថ្លៃ AED 51 ប្រមាណជិត១៥ដុល្លារ។ គ្មានជំរើសល្អទេក៏ញាំវាទៅកុំអោយឃ្លាន។ ក្រឡេកមើលទឹកសុទ្ធវិញ គឺមានតម្លៃទាបបំផុត AED11 ។ សុខចិត្តអត់ ក៏ដើរទៅតាម gate ផ្សេងរកទឹកញាំ ក៏ដូចជាដើរមើលគេផង។ បានដូចចិត្ត រកទឹកញាំអត់បានសោះ ក៏ប្រទះម៉ាសីុនលក់ទឹក។ ធូរថ្លៃជាងនោះឆ្ងាយណាស់ គឺថ្លៃតែ AED 2 ទេ។ ចង់ញាំកាហ្វេ ចុចមិនចេញ ខ្លាចខ្មាស់គេ ក៏ទម្លាក់កាក់មកវិញទៅ។ 

ខ្ញុំត្រូវរង់ចាំជិតពីរម៉ោងទៀតដើម្បីហោះទៅប៉ារីស។ នៅទីនេះស្ងាត់ស្ងៀមល្អណាស់ មិនមានសម្លេងរំខាន។ កន្លែងអង្គុយក៏ធំទូលាយ ត្រជាក់ស្រួល...។ល។ 

មើលម៉ោងក្នុងទូរស័ព្ទខ្ញុំគឺម៉ោង ១០:៥០នាទីហើយ ហើយសល់មួយម៉ោងប្រាំនាទីទៀតខ្ញុំនឹងបានឡើងយន្តហោះទៅកាន់ទីក្រុងនៃក្តីស្រម៉ៃហើយ។ ៦ម៉ោងជាងលើយន្តហោះ លឿនឬឆាប់ អាស្រ័យលើអ្នកអង្គុយជិត។ 

បងប្អូនជូនពរអោយអង្គុយក្បែរស្រីស្អាតមក នឹងអាលខ្ញុំប្រើជំនាញទិនហ្វីបន្ត  :)

គេជិតដល់ម៉ោងប្រកាសអោយចូលយន្តហោះហើយ ហើយខ្ញុំក៏ត្រៀមខ្លួនដែរ។ ជួបគ្នានៅប៉ារីស ក្នុង៧ម៉ោងទៀត។

Abu Dhabi Airport ថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧:៥៤នាទីព្រឹក