ថ្ងៃទី២ នៃដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ
វេលាម៉ោង ៨:៣០នាទីយប់ ម៉ោងនៅប៉ារីស ត្រូវនឹងម៉ោង១:៣០នាទីទាបភ្លឺ ម៉ោងនៅកម្ពុជា។ ជាធម្មតា ម៉ោង៨កន្លះយប់ម៉ោងនៅស្រុកខ្មែរ គឺមេឃច្បាស់ជាងងឹតហើយ ប៉ុន្តែកណ្តាលទីក្រុងប៉ារីសថ្មើរនេះ ក៏ដូចជាប្រទេសនៅអ៊ឺរ៉ុបមួយចំនួន គឺកំពុងភ្លឺនៅឡើយ គឺភ្លឺដូចម៉ោង៤រសៀលស្រុកយើងអញ្ចឹង ដោយសារពេលនេះគឺជារដូវក្តៅដែលថ្ងៃមានរយះពេលវែងជាងយប់។ នៅទីនេះបរិយាកាសល្អណាស់ នៅតាមដងផ្លូវខ្យល់បក់យ៉ាងត្រជាក់ ព្រោះកម្តៅនៅទីនេះគឺ២៩អង្សារ ហើយកាន់តែចុះទាបមកនៅត្រឹម ២១អង្សារសេតែប៉ុណ្ណោះ។
ខ្ញុំស្នាក់នៅ apartment មួយប្របនឹងស្ទឹងសែនដែលមានចំងាយប្រមាណជា១គីឡូម៉ែត្រពីទួអេហ្វែល។ ទឹកស្ទឹងសែនគេគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងស្ទឹងសែនកំពង់ធំយើងដាច់ (មិនដូចបទស្នឹងសែនប៉ារីស ដែលអ្នកចម្រៀងយើងច្រៀងលើកស្ទឹងសែនយើង ហើយហាក់ដូចជាបង្អាប់ស្ទឹងសែនគេ)។ ទឹកស្ទឹងឡើងថ្លារហូតចេញព័ណ៌បៃតង។ មានកាណូតជិះលម្ហែធំៗតាមដងស្ទឹង។ មាត់ស្ទឹង ត្រូវបានគេរៀបចំយ៉ាងមានសណ្តាប់ធ្នាប់គឺសម្រាប់អោយអ្នកថ្មើរជើង អ្នកជិះកង់ គេបានធ្វើដំណើរទៅមក។ ក្រៅពីរៀបចំផ្លូវដើរដ៏មានរបៀបរៀបរយ នៅតាមផ្លូវឯនោះសោតគឺពោរពេញទៅដោយដើមឈើធំៗ ម្លប់ត្រឈឹងត្រឈៃ។ ឡានម៉ូតូនៅទីនោះបើកលឿនៗណាស់។ ឡានពេញនិយមនៅទីនោះគឺរាងតូចៗ រីឯម៉ូតូវិញគឺធំៗ រាងដូច PCX ប៉ុន្តែធំជាង PCX ឆ្ងាយណាស់។ មធ្យោបាយដ៏ពេញនិយមមួយទៀតនៅទីនេះ ដែលខ្ញុំសម្គាល់ឃើញគឺ ស្កុតទ័រ។ គេប្រើវាទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី ហើយគេបើកបរលាយឡំនឹងឡានម៉ូតូ ដែលមើលទៅខ្ញុំស្រៀវជំនួស។ ក្រឡេកមើលមាត់ស្ទឹងប្របនឹងទឹកវិញ គេបានរៀបឥដ្ឋទុកអោយមនុស្សម្នាអង្គុយលេងមើលទេសភាពទួអេហ្វេល ព្រមទាំងបក្សីនានាដែលរួមមាន ទា ក្ងាន ក្អែក ចុះលេងទឹក និងចាប់ត្រីស៉ី។ អ្នកអង្គុយលេងតាមប្របមាត់ស្ទឹងនោះ ក៏អាចគយគន់នូវទូកទេសចរណ៏ដែលបើកបរតាមដងស្ទឹងសែនផងដែរ។
មកដល់តំបន់ទួអេហ្វេល មនុស្សច្រើនណាស់ មានចម្រុះជាតិសាសន៏ មានក្មេងមានចាស់ កាន់កាំម៉េរ៉ា និងទូរស័ព្ទ ថតយករូបភាពទុកជាអនុស្សាវរីយ៌។ គ្មានអីចម្លែកទេដែលនៅទីនេះមានអ្នកនិយាយច្រើនអំពីចោរលូកកាបូប ព្រោះជនមួយចំនួន (ស្បែកខ្មៅ ក៏មាន អាស៊ី ខាងមជ្ឈឹមបូពា៌ក៏មាន អ៊ឺរ៉ុបខាងកើតក៏មាន) សម្លឹងមើលមកយើងហាក់បីដូចយើងជាក្តាន់។ មានជនជាតិអឺរ៉ុបមួយក្រុមចង់ធ្វើស៉ីខ្ញុំដែរ ប៉ុន្តែដោយខ្ញុំមិនចេះលោភលន់ ម្លោះហើយគេបោកមិនបានឡើយ។ ឃើញខ្ញុំដើរចូលមកដល់ម្នាក់ឯងដើម្បីដាក់ជើងថត បុរសម្នាក់ក៏ស្ទុះមករៀបចំលេងល្បែងស៉ីសងមួយប្រភេទគឺជាការទាយគ្រាប់ក្នុងកំប៉ុង៣។ គេបង្វិលអោយយើងងាយមើលឃើញ ងាយចាក់ត្រូវ។ ខ្ញុំមិនខ្វល់ពីពួកគេ ដោយសារខ្ញុំធ្លាប់ដឹងល្បិចនេះយូរហើយ ប៉ុន្តែខ្ញុំបានឃើញឆាកល្ខោនគេលេងដែលមានអ្នកចូលរួមមិនតិចជាង១០នាក់ទេ មានស្រីក្មេងៗអាយុប្រមាណ១៧ទៅ១៨ឆ្នាំ មានមនុស្សចាស់អាយុជាង៦០ តែងខ្លួនធ្វើជាអ្នកទេសចរណ៏។ គេធ្វើជាស្ទុះចូលមកមើល ហើយចាក់ ចាក់ត្រូវគ្រប់ដៃ ចាក់ម្តងមិនចេះតិច សុទ្ធតែ១០០អឺរ៉ូ។ រីឯអ្នកសងវិញ សងទាំងសប្បាយចិត្ត។ តាម្នាក់មើលឃើញហើយបានស្ទុះទៅចាក់ (គេបង្ហាញយឺតៗអោយឃើញច្បាស់) ប៉ុន្តែតានោះទៅធ្វើជាចាក់ខុស ដែលធ្វើអោយអ្នកមិនដឹងនឹងមានអារម្មណ៏ហួសចិត្ត។ តានោះរើសខុសហើយ ហើយអ្នកអោយគេទាយធ្វើជាសួរខ្ញុំ។ ខ្ញុំថា អាកណ្តាល វាសប្បាយចិត្តណាស់ ហើយវាហុចលុយ១០០អឺរ៉ូ មកអោយខ្ញុំដោយនិយាយថា អ្នកឯងទាយត្រូវហើយ។ ខ្ញុំបដិសេធ ហើយប្រាប់វិញថា ខ្ញុំអត់លេងទេ។ ថារួចខ្ញុំក៏ដើរចេញទៅ។
ចេញផុតពីនោះបានបន្តិច ក៏ស្រាប់តែមានអារម្មណ៏ថាធុំក្លិនបៀរយ៉ាងខ្លាំង។ ក្រឡេករកមើលក៏ស្រាប់តែឃើញមនុស្សជាច្រើនដើរលក់ស្រាបៀរ ដែលអ្នកលក់នោះភាគច្រើនទំនងជាជនជាតិ ឥណ្ឌា នេប៉ាល់ ស្រីលង្ការ ជនជាតិស្បែកខ្មៅ មួយចំនួនផងដែរ។ គេដាក់បៀរក្នុងធុងរួចដើរសួរម្តងមួយៗ។ អ្នកទិញនោះភាគច្រើនគឺក្មេងៗដែលមានចរឹកជើងកាង ព្រមទាំងទេសចរណ៏ចាស់ៗមួយចំនួន។ ក្មេងៗទំនងជាជើងកាងទាំងនោះ អ្នកខ្លះផឹកឡើងស្រវឹងអួទីនួ បង្ហាញអាការះច្រឡើសបើស។ សម្រាមចោលទំពាស មានកំប៉ុង ដបស្រាបៀរ កន្ទុយបារី សម្បកបារី ដែលច្រើនជាងគេគឺកន្ទុយបារី បើទោះបីជាយ៉ាងនេះក៏ដោយ ក៏ឃើញមានបុគ្គលិកស៉ីនទ្រីគេ២នាក់ដើរប្រមូលសម្រាមដែលនៅពាសវាលពាសកាលនោះដែរ។
បន្តដំណើរមកដល់ខាងមុខចំទួអេហ្វេលដែលមានទឹកបាញ់ មានរូបក្បាលគោដុះស្នែង គឺមានវិមានមួយ ទំនងជាវិមានរដ្ឋ ដែលក្រោយមកខ្ញុំស្គាល់ថាជា Trocadero ហើយនៅវាលនោះមានគេចាក់ភ្លេង ចង្វាក់ waltz និង slow ហើយមានអ្នកចូលរួមជាគូៗ ដែលភាគច្រើនជាវ័យចាស់។ មិនដឹងជាចេតនានោះដើម្បីអីទេ អ្នករាំអាចជាគ្នាអ្នកចាក់ឬមិនដឹង។ ខ្ញុំអង្គុយសសេរក្បែរនោះជាងកន្លះម៉ោងទៅហើយ ហើយគេនៅតែចាក់ភ្លេង រីឯចាស់ៗទាំងនោះនៅតែរាំ ហើយថែមទាំងមានគូស្នេហ៍វ័យកណ្តាលមួយចំនួនចាប់ផ្តើមចូលរាំផងដែរ។ អ្នកឈរមើលជុំវិញ ទាំងគូៗសម្តែងអាការះសប្បាយ កាន់ដៃ អោបចង្កេះគ្នា សម្លឹងមើលមុខគ្នាយ៉ាងរ៉ូមេនតិក។ ម្តងៗពួកគេបានថើបជញ្ជក់មាត់គ្នា (french kiss) ដោយមិនខ្មាស់អ្នកណាគេ។ ក្រឡេកមើលទៅអ្នកថតរូបវិញ ទាំងគូៗ ថតជាមួយគ្នា ជញ្ជក់មាត់គ្នា មានចាស់ មានក្មេង មើលទៅសប្បាយរីករាយមែនទែន ខុសអីតែខ្ញុំដែលអង្គុយឈ្ងោកមុខសសេរអក្សរលើទូរស័ព្ទម្នាក់ឯង...។ មើលទិដ្ឋភាពទាំងអស់នោះ ភាពស្រងូតស្រងាត់ក៏បានកើតឡើងចំពោះខ្ញុំ។ បានមកដល់កន្លែងដែលខ្លួនចង់មកបំផុត គឺជារឿងរំភើបខ្លាំងណាស់ ប៉ុន្តែនៅពេលនេះខ្ញុំហាក់បីដូចជាខ្វះអ្វីម្យ៉ាង។
មែនហើយ ធ្លាប់គិតតាំងពីដើមមកថា ខ្ញុំនឹងបានមកជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានមកដល់មែន គឺមកដល់តែម្នាក់ឯង...សែនឯកា
ប៉ារីស ថ្ងៃទី២ មិថុនា ឆ្នាំន២០១៩ វេលាម៉ោង ២១:១៧នាទី ត្រូវនឹងម៉ោង ២:១៧នាទីព្រឹក ម៉ោងនៅកម្ពុជា។
**** នៅមានព្រឹត្តិការណ៍មួយដែលខ្ញុំមិនបានសសេរ គឺហេតុនៅព្រលានយន្តហោះ ហ្សាលដឺហ្គោល (CDG2) ព្រមទាំងមធ្យោបាយទៅអូតែល។ កំសត់ណាស់ថ្ងៃនោះ ចង់ស្រក់ទឹកភ្នែក។ នៅតែចងចាំមិនភ្លេច។
No comments:
Post a Comment