Saturday, August 5, 2023

ឳពុកនិងកូនស្រី ភាគ២៤

បងនាថ និងអូនសួស្តី ជាក្មេងងាយប្រដៅ និងស្តាប់បង្គាប់

រាងរវល់បន្តិចពេលមកដល់ផ្ទះ ហើយទើបតែទំនេរបន្តិចមុនគេង ក៏នឹកឃើញរឿងកាលពីល្ងាច។ 

បងនាង ធ្លាប់សុំប៉ាប៉ាច្រើនដងហើយ អំពីការមកលេងផ្សារសូរិយា។ លឺនាងធ្លាប់ប្រាប់ថា ចង់ទិញ BTS និង Black Pink ។ ខ្ញុំវិញលឺហើយ មិនដឹងថាជាអ្វីទេ នាងថាក្រុមកូរ៉េ ហើយគលក់នៅជាន់ទី៤។ អត់បានជូននាងមកពីរអាទិត្យ ហើយនេះជាអាទិត្យទី៣ បើទោះបីជារវល់យ៉ាងណាក៏ត្រូវរកមធ្យោបាយជូនពួកគេមក។ មកដល់ភ្លាម នាងស្ទុះទៅជាន់ទី៤ភ្លាម ដោយមិនខ្ចីចូលកន្លែងភ្លាម។ ដល់នោះ មើលទៅសុទ្ធតែរូបកូរ៉េ BTS គេឆ្នៃធ្វើរូប photo collage ផ្តិតវា ដាក់ក្នុងស៊ុម ធ្វើបន្តោងខ្សែក។ល។ ច្រើនណាស់។ រីឯតម្លៃវិញ ថ្លៃនោះថ្លៃ តាមមើលទៅថ្លៃព្រោះមុខក្រុមតារាទាំងនោះហើយ។ បងនាថ និងអូនសួស្តី ដែលជាអ្នកគាំទ្រតារាទាំងនោះ បានសុំប៉ាប៉ាទិញ។ ខ្ញុំបានត្រឹមឈរសម្លឹងមើលហើយសើច ដោយនិយាយថា "កូន កូនទិញធ្វើអី? អត់ប្រយោជន៏ផង។ ប៉ាស្មានតែរបសើមានប្រយោជន៏ ប៉ុន្តែមិននឹកស្មានថាជារបស់អស់ហ្នឹងទេ។ ណាមួយថ្លៃទៀតផង" ។ ពួកគេលឺហើយ ទំនងរាងអន់ចិត្តដែរ (ទឹកមុខបងនាថ បង្ហាញប្រាប់ខ្ញុំ)។ បើទោះបីជារាងអន់ចិត្តនឹងខ្ញុំមែន ប៉ុន្តែពួកគេទាំងពីរគឺជាក្មេងល្អ ចេះស្តាប់បង្គាប់ប៉ាប៉ាណាស់ បើប៉ាប៉ាមិនអោយទិញអ្វី គឺមិនទាមទារទេ មិនងរង៉ក់ទេ មិនយំស្រែកទេ។ អ្នកទាំងពីរគឺទទួលស្តាប់ហរតុផល។ ខ្ញុំបាននាំពួកគេចេញមកវិញ រួចអង្គុយទាបនឹងបងនាថ ដោយប្រាប់នាងថា "កូនដឹងទេ ថាហេតុអីប៉ាមិនទិញអោយ? កូនអាចធ្វើវាខ្លួនឯងបានតើ។ ចាំទេពេលជិះឡានមកជាមួយគ្នា ប៉ាលឺកូននិយាយថា កូនបានសសេរ search បទចម្រៀងមួយបទថា បបូរមាត់ក្រហមដូចគេលាបក្រែម (នាងចូលចិត្តបទចាស់ជូរឯម ប៉ុន្តែអត់ដឹងចំណងជើងហើយចាំតែទំនុកច្រៀង នាងក៏សាកសសេរ search ក្នុងយូធូប) កូនចេះរកនូវអ្វីដែលកូនចង់បានហើយ ហើយប៉ាចហ់អោយកូនរៀនធ្វើវាដោយខ្លួនឯង។ និយាយរួច ខ្ញុំក៏បង្ហាញនាងអំពី photo collageមដោយចាប់ផ្តើមជាមួយរូបនាង និងអូនសួស្តី។ នាងឃើញហើយ នាងសប្បាយចិត្តណាស់ ហើយនាងនឹងរៀនរៀបចំវាដោយខ្លួនឯងជាមួយនឹងរូបថតដែលប៉ាប៉ាផ្ញើរអោយ។ ខ្ញុំក៏បានប្រាប់នាងអំពីការរករូបពី Google និងការប្រើប្រាស់កម្មវិធីនោះ ហើយយកវាមកផ្តិត រួចហើយយកទៅបិទជាប់នឹងជញ្ជាំងបន្ទប់នាង។

បងនាថ អាយុត្រឹមតែ៨ឆ្នាំ  ប៉ុន្តែនាងចេះណាស់។ ភ្ញាក់ផ្អើលនឹងការចាប់ពាក្យពីបទចម្រៀងដែលនាងលឺ រួចយកទៅ search ក្នុងយូធូប ដែលនេះគឺជាចាប់ផ្តើមមួយដ៏ល្អក្នុងការប្រើប្រាស់ប្រព័ន្ធ digital អោយមានប្រយោជន៏។

អូនសួស្តី អាយុត្រឹមតែ ៥ឆ្នាំ ក៏ចំណាប់មិនខុសពីបងស្រីនាងដែរ។ ខ្ញុំបានប្រាប់នាងនៅលើឡានអំពី donation របស់ក្មេងលេង ដែលពួកគេទុកចោល ឈប់លេងដោយចង់យកទៅអោយកុមារក្រីក្រនៅខេត្តក្រចេះ។ នាងលឺដូច្នោះ នាងថាទាំងសម្លេងនិយាយមិនច្បាស់ អត់ទេអូនអត់អោយគេទេ អូនទុកលេងខ្លួនឯង។ ខ្ញុំបន្តថា ក្មេងៗក្រីក្រទាំងនោះអត់មានសម្ភារះលេងដូចកូនទេ ហើយកូនមានរបស់ទាំងនោះហើយ កូនក៏អាចចែករម្លែកគេបានដែរតើ។ លឺដូច្នោះ នាងក៏សម្រេចចិត្តដោយអត់រួញរា ព្រមទាំងនិយាយថា "អោយគេក៏បាន តែប៉ាប៉ា ត្រូវទិញអាថ្មីអោយអូនវិញ"។

ថ្ងៃទី៥ ខែសីហា ២០១៩







No comments:

Post a Comment