Wednesday, July 5, 2023

មកដល់ពេលនេះ

 ឈរនៅទីតាំងនេះ ខ្ញុំបានក្រលេកមើលទៅក្រោយវិញ ហើយបានសួរខ្លួនឯងថា មុនពេលដែលខ្ញុំបានមកឈរនៅទីតាំងនេះ តើខ្ញុំជួបប្រទះនូវរឿងរ៉ាវអ្វីខ្លះបទពិសោធន៍អ្វីខ្លះដែលខ្ញុំបានរៀនសូត្រពីវា?


ផ្តើមចេញពីចូលចិត្តសង្កេត យកចិត្តគេដាក់ក្នុងចិត្តខ្លួនឯង...បន្តិចម្តងៗ ខ្ញុំក៏ចាប់ផ្តើមចូលចិត្តសសេរ ដោយរៀនសរសេរពីរឿងរ៉ាវនិងបទពិសោធរបស់ខ្លួនឯង ព្រោះវាងាយនឹងរំលេចចេញនូវទិដ្ឋភាពជាក់ស្តែង។ ពីការសសេរខ្លីៗ រហូតដល់ចូលចិត្តសសេររឿងរ៉ាវខ្នាតតូចៗ រួចផូសក្នុងបណ្តាញសង្គម។ វាបានធ្វើអោយខ្ញុំហាក់បីដូចជាកាន់តែមានជំនឿលើខ្លួនឯងថា ខ្លួនឯងពិតជាចូលចិត្តការសសេរ។ ខ្ញុំសរសេរភាគច្រើនគឺក្នុងទូរស័ព្ទដៃខ្ញុំ ដោយសរសេរទុកក្នុង note នឹកឃើញអី ខ្ញុំក៏កត់វាទុក គឺដូចរបៀបដែលលោកគង្គ ប៊ុនឈឿន កត់ត្រានូវរាល់ការចងចាំរបស់គាត់នៅក្នុងកូនសៀវភៅតូចមួយរបស់គាត់ដូច្នោះដែរ។ 


រឿងឳពុកអ្នកក្រ បានសរសេរមុនគេ ប៉ុន្តែមិនបានយកមកផលិតជាខ្សែរឿងអប់រំខ្លិនោះទេ។ ខ្ញុំនៅចាំបានអំពីភាពជូរចត់ នៃការខិតខំប្រឹងប្រែងរបស់ខ្ញុំ ក្នុងគោលបំណងចង់អោយរឿង ឳពុកអ្នកក្រ នេះបានចេញជារឿងខ្លី។ ខ្ញុំនឹងសរសេរវានៅក្នុង blogpost របស់ខ្ញុំនៅពេលក្រោយ។ ផ្ទុយពីរឿងឳពុកអ្នកក្រ រឿងស្បែកជើងអត់គូ ក៏បានផលិតមុន បន្ទាប់ពីក្រុមការងារនាយកដ្ឋានម៉ាឃីតធីងនៅអេអឹមខេ ចាប់ផ្តើមទទួលស្គាល់ពីការសសេររឿងឳពុកអ្នកក្ររបស់ខ្ញុំ។ យើងបានចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះដើម្បីនឹងថតវាដែលទីតាំងថតនោះ នៅភូមិត្រពាំងសាប ស្រុកបាទី (មានបទចម្រៀងរបស់លោកស្រីសុទ្ធាមួយបទ បានច្រៀងរៀបរាប់អំពីភូមិនោះដែលមានចំណងជើងថា ត្រពាំងសាបកូឡាបរោយ) បន្ទាប់ពីកាត់តនិងបញ្ជូលសម្លេងរួចរាល់ វីដេអូនោះត្រូវបានយកទៅផូសក្នុងផេក អេអឹមខេ។ ត្រឹមតែរយៈពេល១៤ថ្ងៃ គឹមានការមើលវារហូតដល់ជាងមួយលានដង ហើយមួយខែត្រឹម វីដេអូនោះមានការមើលរហូតដល់ជាង ,១លានដង ដែលត្រូវបានរាប់ថាជាវីដេអូដែលមានអ្នកមើលច្រើនជាងគេបំផុតរបស់អេអឹមខេ។ ដោយមើលឃើញសន្ទុះខ្លាំង បុគ្គលិកម៉ាឃីតធីងពិភាក្សាជាមួយខ្ញុំដោយគិតចង់ប៊ូស ប៉ុន្តែខ្ញុំសុំគាត់ថា មិនគួរទេ បើវាមានតម្លៃពិតប្រាកដក៏គួរអោយវាទៅតាម organic ទៅ។ គឺក៏ព្រមព្រៀងតាមហើយទូកអោយវានៅ organicរហូតដល់សព្វថ្ងៃ។


រឿងលោកឳពុក រំលេចចេញពីការព្រួយបារម្ភរបស់បុរសម្នាក់ដែលជាអ្នកបើកបរ នៅពេលដែលគាត់បើកឡានជូនខ្ញុំ និងក្រុមការងារមកពីក្រសួងពាណិជ្ជកម្មវិញ។ ជារឿងទី២ និងជារឿងចុងក្រោយរបស់ខ្ញុំ មុននឹងខ្ញុំលាឈប់ពីអេអឹមខេ នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩។


ថ្ងៃមួយ មិត្តភក្តិខ្ញុំណាត់ជួបខ្ញុំនៅវិមានឯករាជ្យ ទល់មុខផ្ទះសម្តេច ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចូលរួមប្រកួតប្រជែងខ្សែភាពយន្តអប់រំខ្នាតខ្លី ស្តីពីចំណេះដឹងហិរញ្ញវត្ថុ...រឿងឳពុកអ្នកក្រ ក៏ចាប់ផ្តើមយកមកជជែកគ្នា...


ដូចដែលខ្ញុំបញ្ជាក់នៅខាងលើ ខ្ញុំចូលចិត្តសសេររឿងទាក់ទងនឹងបទពិសោធខ្លួនឯង ចំណែកឯរឿងខ្ចីលុយ ក៏ជានិទានតំណាលអំពីរឿងរ៉ាវពិតរបស់ខ្ញុំផងដែរ ហើយត្រូវបានក្រុមការងារសម្រេចយកមកថតជារឿងខ្លី ដើម្បីការពារតំណែងជើងឯក...


ដោយនៅពីក្មេង ខ្ញុំចូលចិត្តអានសៀវភៅរឿងនិទាន ម្លោះហើយខ្ញុំចាំបានរឿងនិទានច្រើនណាស់។ មានរឿងនិទានប្រមាណជាបួនទៅប្រាំរឿង ដែលធ្វើអោយខ្ញុំដក់ជាប់នៅក្នុងចិត្ត ហើយរឿងភួងម្លិះតម្លៃ៥ម៉ឺនរៀល ត្រូវបានយកមកថត តាមការចងចាំរបស់ខ្ញុំពីរឿង កុមារស្មោះត្រង់...


ប្រវត្តិនៃរឿងដែលបានចេញជាវីដេអូទាំងនោះ នឹងត្រូវសរសេរទុកជូនអ្នកចូលចិត្តអាន ហើយនឹងផូសចូល blogpost របស់ខ្ញុំ។


ក្រៅពីរឿងខាងលើ នៅមានរឿងច្រើនទៀតដែលខ្ញុំមិនទាន់យកមកសសេរ និងថតជារឿងខ្លី ដែលមានដូចជា៖

  • ឳពុកអ្នកមាន
  • កូនអ្នកមាន និងកូនអ្នកក្រ
  • ស៊ុបមាន់ស្នាដៃម៉ែ
  • សម្តែង
  • ខ្ញុំចង់ហាត់គុន
  • បព្វហេតុនៃការរស់នៅ
  • ...។ល។


មកដល់ថ្ងៃនេះ គ្មានពេលណាមួយឡើយដែលខ្ញុំបោះបង់។ បញ្ហា ឧបសគ្គ ជាច្រើនបានរារាំងខ្ញុំ មិនអោយសម្រេចនូវកិច្ចការទាំងនោះបាន។ ប៉ុន្តែដោយសារតែខ្ញុំជាមនុស្សរឹងរូស នឹងការចុះចាញ់ ខ្ញុំមិនដែលនិយាយថា ខ្ញុំចាញ់នោះទេ គឹខ្ញុំតែងតែបន្តធ្វើវាយ៉ាងស្ងៀមស្ងាត់ និងតែម្នាក់ឯង បើទោះបីជាគេមើលទៅថា ខ្ញុំមិនអាចនឹងទៅរួចក៏ដោយ ក៏ខ្ញុំមិនដែលឈប់ឡើយ។ បន្តិចម្តងៗ ខ្ញុំធ្វើវាបាន ហើយធ្វើវាបានរហូតជោគជ័យ...ហើយអ្វីដែលខ្ញុំត្រូវការចាំបាច់បំផុតនោះគឺ ថាមពលរាង្គកាយរបស់ខ្ញុំតែប៉ុណ្ណោះដើម្បីនឹងអាចអោយខ្ញុំមានកម្លាំងគ្រប់គ្រាន់ នឹងឆ្លងកាត់បញ្ហានានា...


ចំការដូង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣:៥៦នាទី







No comments:

Post a Comment