រឿងមួយអំពី ណាប៉ូឡេអុង ដែលខ្ញុំធ្លាប់លឺគេនិយាយ គឺ ថ្ងៃមួយ ណាប៉ូឡេអុង ត្រូវដឹកនាំទ័ពទៅច្បាំងជាមួយសត្រូវនៅលើកោះមួយ។ នៅពេលដែលទៅដល់លើកោះនោះហើយ ណាប៉ូឡេអុង បានបញ្ជាអោយកូនទ័ពរបស់ខ្លួនចាក់ទម្លុះទូកអោយអស់ ព្រមទាំងបំផ្លាញស្បៀង ដោយចាក់ចូលទៅក្នុងទឹកមួយចំនួនធំ។ ពិតណាស់ កាលណោះកម្លាំង ណាប៉ូឡេអុង គឺតិចជាងសត្រូវ ហើយស្បៀងត្រូវខើចទៀត។ ឃើញដូច្នោះកូនទ័ពទាំងអស់មានសេចក្តីងៀងឆ្ងល់ជាខ្លាំង ដោយគិតថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? កូនទ័ពយល់ថា ទង្វើនោះគឺជាទង្វើដ៏ឆ្កួតលីលា។ ណាប៉ូឡេអុង បាននិយាយថា នៅពេលនេះជម្រើសមានតែមួយទេ គឺប្រយុទ្ធអោយដល់ទីបំផុត។ យើងមិនអាចបកក្រោយបានទេ ព្រោះទូកក៏គ្មាន ស្បៀងក៏គ្មាន។ បើយើងមិនប្រយុទ្ធ យើងនឹងស្លាប់។ ទង្វើទាំងនោះ ពាក្យទាំងនោះ បានជម្រុញទឹកចិត្តកងទ័ព ណាប៉ូឡេអុង អោយប្រយុទ្ធរហូតដល់ទីបំផុតទទួលបាននូវជ័យជំនះ។
ស្រដៀងគ្នានេះដែរ បុរសម្នាក់បានសួរ សូក្រាត អំពីផ្លូវទៅកាន់ភាពជោគជ័យ។ សូក្រាត ក៏អោយបុរសនោះដើរតាមគាត់ចុះក្នុងទន្លេ។ លុះចុះដល់ទន្លេទឹកត្រឹមក សូក្រាត ក៏ចាប់ជ្រមុជបុរសនោះ បុរសនោះព្យាយាមរើបំរាស់ជាខ្លាំងរហូតស្ទើរតែគាត់ទ្រាំមិនបាន បុរសនោះក៏បានប្រើប្រាស់ថាមពលទាំងអស់របស់ខ្លួនទធាក់ដីឡើងមួយទំហឹង រហូតដល់គាត់អាចងើបផុតពីផ្ទៃទឹក ហើយដកដង្ហើមបានស្រួល។ បុរសនោះខឹងខ្លាំងណាស់ ហើយក៏បានសួរថា ហេតុម្តេចបានជាធ្វើដូច្នេះ? សូក្រាត តបថា ពេលអ្នកនៅក្នុងទឹកនោះ តើអ្នកត្រូវការអ្វីជាងគេ? បុរសនោះថា ខ្ញុំត្រូវការខ្យល់។ សូក្រាត តបថា អាថ៏កំបាំងនៃភាពជោគជ័យគឺគ្មានអ្វីជាពិសេសនោះឡើយ។ ចំណង់អោយខ្លាំង គឺជាមូលហេតុធ្វើអោយយើងជោគជ័យ ដែលគ្មានខុសពីអ្វីដែលអ្នកកំពុងនៅក្នុងទឹកហើយមានចំណង់ចង់បានខ្យល់ដកដង្ហើមខ្លាំង ហើយអ្នកបានប្រើប្រាស់ថាមពលក្នុងខ្លួនទាំងអស់ ហើយអ្នកក៏បានសម្រេចវាដោយជោគជ័យ។ មានចំណង់តិច ពិតណាស់គឺមិនខុសពីដុំភ្លើងដ៏តូចនោះទេ ព្រោះវាមិនអាចកំដៅខ្លួនអ្នកបានល្អនោះទេ។
ខ្ញុំបានអានរឿង សូក្រាត កាលពីព្រឹក ហើយបាននឹកដល់រឿង ណាប៉ូឡេអុង។ ខ្ញុំបានរៀនសូត្រពីរឿងនេះបានមួយចំនួនដែរ ហើយមិនដឹងថា លោកអ្នកចាប់បាននូវចំណុចដូចខ្ញុំដែរឬអត់នោះទេ?
No comments:
Post a Comment