Monday, June 19, 2023

ការងារសហគមន៍

 ម្តាយឪពុកកូនសិស្សតេក្វាន់ដូ យកមកជូនដល់ផ្ទះ។ គាត់លើកឡើងថា អរគុណបងហើយដែលបានបង្ហាត់ក្មេងៗនៅទីនេះ នេះជាទឹកចិត្តបន្តិចបន្តួច។ ខ្ញុំក៏ទទួលយកទាំងរីករាយ និងស្នាមញញឹម ព្រមទាំងពោលពាក្យអរគុណ និងនិយាយថា វាជាកាតព្វកិច្ចរបស់ខ្ញុំទេ ព្រោះខ្ញុំស្រឡាញ់កិច្ចការមួយនេះ។ ម្សិលមិញដូង ថ្ងៃនេះទៀប និងសាប៊ូ ព្រមទាំងថ្នាំដុសធ្មេញ។

ធ្វើអោយខ្ញុំនឹកឃើញកាលនៅពីតូច។ ផ្ទះខ្ញុំសំបូររបស់គេយកមកជូនណាស់ ស្ទើរមិនលោះសប្តាហ៍ ជាពិសេសរដូវចូលឆ្នាំចិន ចូលឆ្នាំខ្មែរ សែនលោកខែ និងអុំទូក គឺមានកាដូជូនលោកពុកខ្ញុំមិនដែលខានទេ។ កាលណោះមិនមានកន្ត្រកស្រាឬផ្លែឈើដូចឥឡូវទេ គឺមានភាគច្រើននំធុង បារី ស្រា ស្រាបៀរ ផ្លែឈើកំប៉ុង។ បើខែសែនលោកខែ គឺសំបូរណាស់នំលោកខែ (ភាគច្រើន ហាងនំអប្សរា) ចូលសិបប្រអប់។ បើមិនប៉ះបុណ្យទានទេ ខែបង្កង គឺមានគេផ្ញើរមកដល់ៗផ្ទះ ផ្លែឈើក្នុងស្រុកក៏មាន មាន់ទាបោចស្អាតៗក៏មាន ជួនកាលការីមួយឆ្នាំង។ 

ខ្ញុំបានសួរម៉ែ ម៉េចបានផ្ទះយើងឧស្សាហ៍គេយករបស់មកជូនម្លេះ? ម៉ែថាមកពីប៉ាអ្ហែងជួយយកអាសារគេច្រើនណាស់ មានគេស្រឡាញ់ចូលចិត្ត គោរព រាប់អានច្រើន ម្លោះហើយ បានជាមានគេយករបស់មកជូនគាត់។ 

ប្រហែលជាឈាមជ័រពីលោកពុក ទើបខ្ញុំអាចជួយធ្វើកិច្ចការសង្គមបានច្រើន ហើយក៏ទទួលស្គាល់ថាមានមនុស្សជួយយកអាសារខ្ញុំវិញមិនដែលខានដូចគ្នា។ ហើយខ្ញុំនៅតែចងចាំសម្តីម្តាយរបស់ខ្ញុំដែលគាត់ជារឿយៗលើកឡើងថា អានី! អានីឯងធ្វើល្អអោយបានច្រើនៗទៅ ព្រោះថាទេវតាមានពិត ទេវតាមានភ្នែក ទេវតាមិនអោយយើងងាប់ទេ។ ខ្ញុំជឿថាទេវតាពិតជាមានមែន គឺអានិស្សងដែលបានមកពីកម្មជាកុសលឲ្យរបស់យើងនោះឯង ដែលជាទេវតា។


ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០:៤៥នាទី





No comments:

Post a Comment