Monday, May 29, 2023

ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី២

 ដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ ថ្ងៃទី២ - ព្រលានយន្តហោះ Abu Dhabi 

ចុះពីលើយន្តហោះ Airbus ដ៏ធំ ក្រឡេកមើលទៅម៉ោងក្នុងទូរស័ព្ទ គឺម៉ោង ៨:៤៨នាទី។ ខ្ញុំបានដើរចេញម្នាក់ឯងក្រោយគេ ព្រោះអង្គុយនៅកាប៊ីនក្រោយគេ ហើយយកឥវ៉ាន់ក្រោយគេ។ មើលទៅបង្អួចតាមផ្លូវដើរ ព្រះអាទិត្យលើកទី១ សម្រាប់ខ្ញុំនៃទឹកដី អារ៉ាប់អេមីរ៉ាត បានរះឡើង។ វាមានទំហំធំ និងមិនសូវខុសប្លែកពីស្រុកខ្មែរឡើយ។ ដើរចូលមកដល់ច្រកអាគារ រឿងដំបូងដែលខ្ញុំត្រូវធ្វើ ដូចដែលលោកអ្នកដឹងស្រាប់ហើយ គឺរកបន្ទប់ទឹក។ ខំទប់ជាង៦ម៉ោងលើយន្តហោះ គឺនឹងត្រូវជំរុះចោល បើទោះបីជាអាចដឹងថា គេនៅប្រើក្រដាសដដែល។ Oh god, I am in heaven! ខ្ញុំនឹកភ្នកក្នុងចិត្តម្នាក់ឯងយ៉ាងរីករាយ។ នោះគឺថា បង្គន់គេមានទឹកលាង :) ហើយឡើងត្រជាក់។ ក្តីមួហ្មងក៏រលាយអស់។ នៅទីនេះពិតជាខុសពីការគិតរបស់ខ្ញុំមែន។ ប្រទេសនៅលើវាលខ្សាច់ដ៏ក្តៅ គ្មានទឹក ប៉ុន្តែបែរជាពួកគេយកទឹកមកលាងសម្អាតទៅវិញ។ គេច្បាស់ជាមានប្រព័ន្ធគ្រប់គ្រងទឹកល្អហើយ។ ព្រលានយន្តហោះនេះ គឺមានសភាពល្អប្រសើរជាង សុវណ្ណភូមិ ព្រោះវារាងតូច និងស្ងាត់។ ត្រជាក់ស្រួល ទាំងទឹក ទាំងសីតណ្ហភាព។ ខ្ញុំដើរឆ្ពោះទៅកន្លែងពិនិត្យឥវ៉ាន់មុន transit ។ សូមលោកអ្នកចងចាំថា ភាសាអង់គ្លេសគឺសំខាន់ណាស់ លោកអ្នកត្រូវមើលអោយយល់នូវសញ្ញា និងអានអក្សរបញ្ជា។ សូមកុុំរំពឹងលើការប្រកាសតាមមេក្រូ។ សូមលោកអ្នកតាមដានអោយបានជាប់នូវក្តារព័ត៌មានដែលគេដាក់តាមផ្លូវ។ ឆ្លងកាត់កន្លែងត្រួតពិនិត្យហើយ ខ្ញុំបានមកដល់កន្លែងគេលក់ឥវ៉ាន់ផ្សេងៗ។ ប្រទេសនេះ រាងចម្លែកបន្តិច ព្រោះអ្នកលក់ភាគច្រើនគឺប្រុសៗ រាងខ្ពស់ៗសង្ហាៗ មានពុកមាត់ (បើចេកៗមកច្បាស់ជាលាន់មាត់ថា Oh god, I am in heaven មិនខាន)។ គ្រឿងលក់នៅក្នុងនោះសុទ្ធតែជារបស់ថ្លៃ មានច្រើនសម្បើមណាស់នូវគ្រឿងអលង្ការ និងទឹកអប់។ ខ្ញុំមិនបានឆែកតម្លៃទេ ព្រោះសល់ពេលខ្លី ហើយអ្វីដែលសំខាន់នោះគឺ អាហារពេលព្រឹក។

ទីនោះដូចកន្លែងដទៃទៀតដែរ គឺគេតម្រូវអោយចាយលុយគេ គឺ AED ដែលពាក្យពេញវាទំនងជា Arab Emirate Dollar ហើយមើលទៅ។ ខ្ញុំដូរ៥០ដុល្លារ គឺបានប្រមាណជា AED160 ហើយក៏ស្ទុះវឹងទៅរកអាហារពេលព្រឹក។ លោកព្រះ គុយទាវគេមួយចាន បង្គារខ្នាតមធ្យមប្រហែល៥ដុំ គឺថ្លៃ AED 51 ប្រមាណជិត១៥ដុល្លារ។ គ្មានជំរើសល្អទេក៏ញាំវាទៅកុំអោយឃ្លាន។ ក្រឡេកមើលទឹកសុទ្ធវិញ គឺមានតម្លៃទាបបំផុត AED11 ។ សុខចិត្តអត់ ក៏ដើរទៅតាម gate ផ្សេងរកទឹកញាំ ក៏ដូចជាដើរមើលគេផង។ បានដូចចិត្ត រកទឹកញាំអត់បានសោះ ក៏ប្រទះម៉ាសីុនលក់ទឹក។ ធូរថ្លៃជាងនោះឆ្ងាយណាស់ គឺថ្លៃតែ AED 2 ទេ។ ចង់ញាំកាហ្វេ ចុចមិនចេញ ខ្លាចខ្មាស់គេ ក៏ទម្លាក់កាក់មកវិញទៅ។ 

ខ្ញុំត្រូវរង់ចាំជិតពីរម៉ោងទៀតដើម្បីហោះទៅប៉ារីស។ នៅទីនេះស្ងាត់ស្ងៀមល្អណាស់ មិនមានសម្លេងរំខាន។ កន្លែងអង្គុយក៏ធំទូលាយ ត្រជាក់ស្រួល...។ល។ 

មើលម៉ោងក្នុងទូរស័ព្ទខ្ញុំគឺម៉ោង ១០:៥០នាទីហើយ ហើយសល់មួយម៉ោងប្រាំនាទីទៀតខ្ញុំនឹងបានឡើងយន្តហោះទៅកាន់ទីក្រុងនៃក្តីស្រម៉ៃហើយ។ ៦ម៉ោងជាងលើយន្តហោះ លឿនឬឆាប់ អាស្រ័យលើអ្នកអង្គុយជិត។ 

បងប្អូនជូនពរអោយអង្គុយក្បែរស្រីស្អាតមក នឹងអាលខ្ញុំប្រើជំនាញទិនហ្វីបន្ត  :)

គេជិតដល់ម៉ោងប្រកាសអោយចូលយន្តហោះហើយ ហើយខ្ញុំក៏ត្រៀមខ្លួនដែរ។ ជួបគ្នានៅប៉ារីស ក្នុង៧ម៉ោងទៀត។

Abu Dhabi Airport ថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧:៥៤នាទីព្រឹក














No comments:

Post a Comment