Monday, May 29, 2023

ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

 ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

នេះជាលើកទី២ហើយដែលខ្ញុំត្រូវបានកន្លែងការងារបានផ្តល់ឪកាសអោយខ្ញុំធ្វើដំណើរក្នុងក្របខណ្ឌការងារ ទៅកាន់ទីក្រុងប៉ារីស។ លើកនេះ ខ្ញុំមានអារម្មណ៏ថាវាហាក់បីដូចជាខុសប្លែកពីលើកមុន ដែលកាលណោះ ខ្ញុំហាក់បីដូចជាជ្រួលជ្រើមទៅនឹងការធ្វើដំណើរទៅកាន់ទីក្រុងនៃក្តីស្រម៉ៃរបស់ខ្ញុំ។ នេះទំនងជាបទពិសោធពីលើកមុនដែលបានធ្វើអោយខ្ញុំហាក់បីដូចជាមានអារម្មណ៏ lonely ម្លោះហើយវាអាចជាមូលហេតុដែលធ្វើអោយខ្ញុំមិនសូវជ្រួលជ្រើម។

ព្រឹមម៉ោង៩ជាង ចៅហ្វាយរបស់ខ្ញុំបានមកទទួលខ្ញុំដើម្បីនឹងធ្វើដំណើរទៅព្រលានយន្តហោះទាំងអស់គ្នា។ តាមផ្លូវ ស្ងាត់ណាស់ បើទោះបីថ្ងៃនេះជាថ្ងៃច័ន្ទ ហើយជាម៉ោងដ៏មមាញឹកក៏ដោយ នេះដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ហើយជាថ្ងៃដែលបងប្អូនយើងត្រឡប់ពីស្រុកកំណើតចូលមករាជធានីវិញ។ ដល់ព្រលានយន្តហោះម៉ោងជិត១០ ខ្ញុំនិងបងវ៉ាន់ឌីក៏សម្រាកមួយភ្លេតដើម្បីអោយគេបើក gate ដើម្បី check-in។ នៅទីនោះ ស្ងាត់ណាស់ មនុស្សប្រមាណជាជាង១០០នាក់តែប៉ុណ្ណោះ ដែលខុសកាលពីការធ្វើដំណើររាល់ដង ដែលមនុស្សយ៉ាងតិចក៏ជាង៣០០ទៅ៤០០នាក់ដែរ។ គេក៏បានបើកអោយ check-in ខ្ញុំក៏រូតរះទៅ check-in អោយបានលឿន នឹងអាលបានសម្រាកនៅកន្លែងរង់ចាំ។ ខ្ញុំសូមយកឳកាសនេះជម្រាបជូនបងប្អូនយើងអោយដឹងផងដែរថា ឥឡូវនេះគេបានផ្លាស់ប្តូរគោលនយោបាយ check-in ហើយ ដោយរាល់ការ check-in ទាំងអស់គឺត្រូវធ្វើនៅ counter។ កំពុងតែរង់ចាំ check-in ក៏ស្រាប់តែមានមនុស្សមួយហ្វូងធំ ប្រមាណជា៥០នាក់ ស្លៀកសំលៀកបំពាក់ឈុតកូវីដ ចូលមក check-in នៅ counter ជាប់ខ្ញុំដែលជាកន្លែង check-in ទៅទីក្រុងឃុនមិញ ប្រទេសចិន។ ខ្ញុំបានស៊ើបសួរអ្នកធ្វើការនៅទីនោះ ហើយក៏ដឹងថា ការវិលចូលប្រទេសចិន គឺតម្រូវអោយធ្វើដូច្នោះ មិនលើកលែងសូម្បីតែជនពិការ ឬទារកអាយុក្រោម១ឆ្នាំ ក៏តម្រូវអោយពាក់ឈុតកូវីដ១៩ដែរ។

យើងបានធ្វើដំណើរមកខាងលើដែលជាផ្លូវឆ្ពោះទៅកន្លែងរង់ចាំ។ គេបានបែងចែកកន្លែងអន្តោប្រវេសន៏ជាពីរ គឺសម្រាប់ប៉់ាស្ព័រចាស់ និងសម្រាប់ប៉ាស្ព័រថ្មី។ លើកនេះគេបានកែតម្រូវយន្តការនៃការពិនិត្យអន្តោប្រវេសន៏ដោយកាត់ចោលទាំងស្រុងការបំពេញទម្រងចាកចេញពីប្រទេស និងទម្រង់ចូលប្រទេសវិញ ដោយអ្នកមានប៉ាស្ព័រថ្មី គ្រាន់តែយកសំបុត្រុយន្តហោះ ប៉ាស្ព័រទៅស្កេននៅក្នុងម៉ាស៊ីនអូតូម៉ាទិក និងស្កេនចង្អុរដៃមួយប៉ុណ្ណោះ។ នៅទីនោះមានមន្ត្រីអន្តោប្រវេសជួយជម្រាបជូនយើងអំពីដំណើរការនេះដោយទឹកមុខរីករាយ និងជួយយ៉ាងពេញទំហឹង។ ដំណើរការនេះស៊ីពេលយើងមិនដល់មួយនាទីឡើយ។

ខ្ញុំបានឡើងមកកាន់យន្តហោះ។ ពីភ្នំពេញទៅទីក្រុងប៉ារីស ខ្ញុំបានជ្រើសរើសយកការ transit ចំនួន២ដង គឺលើកទីមួយនៅទីក្រុងបាងកក និងលើកទី២នៅទីក្រុងដូហា ប្រទេសកាតា ដែលសរុបការធ្វើដំណើរ ព្រមទាំង transit ពីរដងនេះ ខ្ញុំត្រូវចំណាយពេលធ្វើដំណើរជាង២៤ម៉ោង។ បើ direct fly ពីបាងកកទៅប៉ារីស គឺចំណាយពេលតែ១៤ទៅ១៥ម៉ោងទេ ប៉ុន្តែខ្ញុំមិនចង់នៅលើយន្តហោះយូរ ព្រោះវាមិនស្រួលដូចនៅលើដីទេ។ ចូលដល់យន្តហោះ បានជួបបាហុនិការ Bankok airway ពីរនាក់។ នាងពិតជាស្អាតណាស់ ម្នាក់សក់ខ្លីមានដំណើរស្វាហាប់ ម្នាក់ទៀតសក់វែង កែវភ្នែកនាងមុតថ្លា សាច់សរលោង បានលើកដៃជម្រាបសួរ និយាយស្វាគមន៏ខ្ញុំដែលចូលមកមុនគេ និងនាំខ្ញុំទៅកាន់កន្លែងអង្គុយរបស់ខ្ញុំ ដែលជួរខ្ញុំមាន៦នាក់ពេញ។ លើកនេះបានអង្គុយជាមួយនារីម្នាក់ដែលមកពីរតនៈគិរី (មិនបានប្រើស្ទាយទិនហ្វីអីទេលើកនេះ)។ នាងអង្គុយកៀនជាប់កញ្ចក់ បងវ៉ាន់ឌីអង្គុយកណ្តាល ខ្ញុំអង្គុយជាប់ផ្លូវដើរ។ យើងបានជជែកពីនេះពីនោះ ពីរឿងការងារ ពីការរស់នៅរបស់បងប្អូននៅរតនៈគីរី។ល។ ជជែកៗ ក៏ស្រាប់តែបុរសចំណាស់ដែលជាជនជាតិបរទេសម្នាក់ (អាយុមិនក្រោម៧០ទេ) អង្គុកៅអីមុខខ្ញុំជាប់បង្អួច បានស្រែកថាអោយយើងឈប់ជជែក ដោយប្រើពាក្យអសុរសស្ទើរតែទទួលយកមិនបាន។ យើងជជែគគ្នាធម្មតា មិននិយាយលឺៗ មិនស្រែក មិនប៉ះពាល់ដល់អ្នកណាទាំងអស់ ប៉ុន្តែគាត់ហាក់បីដូចជាមិនបើកចិត្តទូលាយសោះ។ គាត់ហាមមិនអោយយើងជជែក ប៉ុន្តែគាត់បែរជាជជែកជាមួយអ្នកជាប់គាត់បាន។ មើលទៅ គាត់ទំនងជាមានបញ្ហាផ្លូវចិត្តផង ម្លោះហើយយើងក៏មិនបានតបតអីដែរ។ ប្រហែលជាពៀរគាត់ក៏មិនដឹង មួយយន្តហោះ មានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះដែលពុល ក្អួតច្រងាប់ច្រងិលតែម្នាក់ឯង។ ទាំងអ្នកអង្គុយមុខបុរសចំណាស់ ទាំងអ្នកនៅក្បែរខាង មិនមានអ្នកណាពេញចិត្តនឹងទង្វើដែលគ្មានសិលធម៌របស់បុរសម្នាក់នោះឡើយ។ ម៉ាស់ក៏មិនពាក់ ក្អកជាប់រហូត ព្រមទាំងក្អួតទៀតផង។

យើងបានចុះមកកាន់កន្លែង transit។ រឿងបន្ទាប់ដែលយើងត្រូវធ្វើបន្ទាប់ពីចេញពីបន្ទប់ទឹកគឺត្រូវតម្រង់ទៅកន្លែង check-in Qatar airway ដើម្នីស្នើរសុំប្តូរកន្លែងអង្គុយដែលអាចអោយបងវ៉ាន់ឌី និងខ្ញុំអង្គុយសណ្តូកជើងបានវែង។ ដោយសារខ្ញុំបានចរចរជាមួយអ្នកនៅភ្នំពេញហើយ ហើយគេក៏បាន note អោយខ្ញុំទៅនិយាយជាមួយ Qatar airway ដើម្បីប្តូរកៅអី។ ធម្មតាការប្តូរកៅអី គឺត្រូវចាយលុយថ្លៃណាស់ ខ្ញុំបានឆែកមុនហើយ គឺការប្តូរកៅអីនៅ Qatar airway គេគិតថ្លៃជាង៨០ដុល្លារ ប៉ុន្តែដោយសារខ្ញុំមានមធ្យោបាយទំនាក់ទំនង និងពន្យល់គេបាន គេក៏ប្តូរអោយខ្ញុំនិងបងវ៉ាន់ឌីដោយមិនបានចាយលុយមួយរៀល។ ប្តូររួចហើយ ខ្ញុំក៏ម្នីម្នារូតរះឡើងមកកាន់តូបអាហារខាងលើដើម្បីរកអីស្រស់ស្រូប។ មកលើកនេះប្លែកណាស់ ស្ងប់ស្ងាត់មែនទែន បាត់អស់ហើយសម្លេងទីងទីង ប្រកូកប្រកាសពពាយនាយហៅភ្ញៀវ បាត់ភ្ញៀវមិនក្រោម៥០%ទេ។ មកទីនេះ បានធ្វើអោយខ្ញុំនឹកឃើញកាលពីមកជាមួយក្រុម Hot News (អ្នកដឹងបានដឹង អ្នកមិនដឹងគឺមិនដឹងថាក្រុម Hot News នោះគឺអ្វីទេ) និងកាលទៅប៉ារីសម្នាក់ឯងកាលពីឆ្នាំ២០១៩។ ការរៀបចំនៅដដែល ខុសទាស់តែមនុស្សតិចជាងមុនតែប៉ុណ្ណោះ។

ខ្ញុំបានមកកាន់អាហារដ្ឋានថៃមួយ។ ឃើញគេតម្រង់ជួរមួយហ្វូង ខ្ញុំនិងបងវ៉ាន់ឌីក៏តម្រង់ជួរដែរ។ តម្រង់ជួរចាំមួយសន្ទុះក៏ស្រាប់តែមាននារីម្នាក់បីទឹកក្រូចមួយយួរហើយញញឹម ព្រមទាំងសួរយ៉ាងទន់ភ្លន់មកកាន់បងវ៉ាន់ឌីថា  “Are you from Korea?” បងវ៉ាន់ឌីស្តាប់មិនបាន ក៏សួរគាត់បញ្ជាក់ នាងក៏សួរសំណួរដដែលថា “Are you from Korea?” បងវ៉ាន់ឌីក៏តបវិញ “I don’t understand” ហើយនាងក៏តបថា “you take away or eat here?” ។ តាមពិតទៅស្មានតែនាងជាអ្នកដំណើរ តាមពិតនាងជាបុគ្គលិកនៅអាហារដ្ឋាននោះ។ យើងបានចូលក្នុង អង្គុយរង់ចាំ។ ខ្ញុំចេះតែសម្លឹងនាង នាងចេះតែម្លឹងខ្ញុំ ញញឹមដាក់ខ្ញុំ។ សង្ស័យនាងលង់នឹងសម្រស់ខ្ញុំទៀតហើយមើលទៅ កុម្ម៉ង់ហើយ នាងក៏យកម្ហូបដាក់មកអោយ ដោយប្រើក្រសែភ្នែក និងស្នាមញញឹមដ៏មានន័យ (បើទោះបីជានាងពាក់ម៉ាស់ក៏ដោយ ក៏យើងអាចដឹងថាគេញញឹមឬអត់គឺអាស្រ័យលើភ្នែក)។ ម្ហូប២មុខដូចក្នុងរូបថតនោះ និងទឹក២ដប មានតម្លៃរហូតដល់ជិត៤០ដុល្លារ ប៉ុន្តែវាធម្មតាទេ ព្រោះនេះជាព្រលានយន្តហោះ យូរៗមកម្តងក៏មិនបញ្ហាដែរ។ ទៅឈរកន្លែងរង់ចាំគិតលុយ នាងក៏លួចមើលខ្ញុំទៀត។ គិតលុយរួច ខ្ញុំដើរមកយកកាតាប នាងក៏មកជិត សម្លឹងមុខខ្ញុំក្នុងក្រសែភ្នែកហាក់បីដូចជាត្រៀមនឹងបាត់បង់អ្វីម្យ៉ាង...ខ្ញុំក៏សម្លឹងនាងវិញ រួចក៏ចាប់ដៃទាំងពីររបស់នាង កាន់អោបជួបនឹងទ្រូង ព្រមទាំងអោនទៅដើម្បីក្រេបថ្ពាល់ដ៏ក្រពុំ និងសរលោងរបស់នាង....ក៏ស្រាប់តែសម្លេងមួយបន្លឺឡើង “ក្រោកឡើង ក្រោកឡើងគីនី យន្តហោះចេញចោលឥឡូវហើយ” ។ តាមពិតខ្ញុំយល់សប្តិសោះ រៀបបានសម្រេចហើយហ្នឹង។ ខ្ញុំក៏បានជូតទឹកមាត់ដែលហៀរប្រឡាក់ពេលគេងលក់នោះចេញ ព្រមទាំងយកចាហួយលាបសក់ និងក្រាសមកសម្អិតសម្អាងសក់ខ្ញុំអោយស្អាត ដើម្បីមើលទៅអោយកាន់តែស្អាត និងសង្ហា នឹងអាលអោយនាងកាន់តែលង់ស្រឡាញ់ខ្ញុំ។

ថ្នើរណេះ ម៉ោងនេះ ម៉ោង៦:៣២ នាទីល្ងាច ម៉ោងនៅព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកកប្រទេសថៃ។ ៥០នាទី ទៀតខ្ញុំត្រូវឡើងទៅដូហាហើយ ហើយត្រូវនៅលើយន្តហោះ៧ម៉ោង១៥នាទីទៀត ហើយរំពឹងថា នឹងដល់ដូហាវេលាម៉ោង១០យប់ ម៉ោងនៅដូហា។

បើមានពេលត្រឹម២ម៉ោង ខ្ញុំនឹងសសេររៀបរាប់ជូនបងប្អូនបន្តទៀត។ នេះលេងលេងទេ បាន៤ទំព័រត្រឹម។

សូមអរគុណចំពោះការចំណាយពេលវេលាអានសំណេរដ៏វែងនេះ។

ព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកកប្រទេសថៃ វេលាម៉ោង៦និង៣៦នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

គីនី











No comments:

Post a Comment