Friday, November 25, 2022

ទឹកចិត្តអ្នកម្តាយ

ឈាមមួយប្លោកអាចជួយជីវិតមនុស្សម្នាក់បានដែរឬទេ? តើទឹកចិត្តម្តាយចំពោះកូន ខ្លាំងដល់កម្រិតណា?

 ខែវិច្ថ្នេះ ថ្លៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា ៨:០០យប់ ជាពេលដែលខ្ញុំកំពុងនាំកូនខ្ញុំដើរលេងនៅផ្សារអីុអន២ ស្រាប់តែមានទូរស័ព្ទមួយខលមកខ្ញុំថា គាត់ត្រូវបានមិត្តភក្តិគាត់អោយខលមកខ្ញុំដើម្បីសុំជំនួយរឿងបរិច្ចាកឈាម ចំនួន៣ប្លោក។ គាត់ប្រាប់ថា ប្អូនប្រុសគាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ គឺត្រូវការឈាមបន្ទាន់។ ម្តាយគាត់ និងបងស្រីគាត់នៅភ្នំពេញ នៅជួយមើលប្អូននិងកូន ចំណែកគាត់នៅកំពង់សោម។ គាត់ប្រាប់ថា ម្តាយគាត់និងបងប្អូមគាត់អត់ដែលស្គាល់ភ្នំពេញទេ គាត់មកតែ៣នាក់អ្នកជំងឺតែប៉ុណ្ណោះ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំអាចជួយសម្របសម្រួលបានជាមួយមិត្តរួមក្រុមខ្ញុំ ដោយឈរលើគោលការណ៏ស្ម័គ្រចិត្តទៀត ហើយមានបណ្ណមួយចំនួន ប៉ុន្តែខ្លាចក្រែងពេទ្យអនុញ្ញាតបានតែ១។ មកដល់មជ្ឈមណ្ឌលផ្តល់ឈាម ខ្ញុំបានជួបម្តាយនិងបងស្រីគាត់ គាត់ទាំងពីរពិតជាមិនស្គាល់ភ្នំពេញ និងរបៀបនៃការធ្វើការងារទេ ព្រោះនេះជាលើកទី១របស់គាត់។ ខ្ញុំបានសម្រសម្រួលនិងជជែកជាមួយពេទ្យអំពីលទ្ធភាពនៃការបរិច្ចាគ២ និងបើកឈាមមួយ។ ខ្ញុំសំណូមពរគ្រូពេទ្យ បើអាច សូមបូមតែកូនស្រីគាត់ម្នាក់បានហើយ ហើយម្តាយដែលមានវ័យ៥៣ឆ្នាំនោះ មើលទៅខ្លាចគាត់ទប់អត់ជាប់ ព្រោះខ្លាចគាត់ខ្សោយ ដោយសារអត់បានគេង។ លឺដូច្នោះ អ្នកម្តាយក៏បាននិយាយដោយទឹកមុខព្រួយបារម្ភថា អត់អីទេអ្នកគ្រូពេទ្យ ខ្ញុំអាចទប់ទល់បាន ដើម្បីតែកូនប្រុសរបស់ខ្ញុំ។ អ្នកគ្រូពេទ្យក៏បានពន្យល់ដែរថា អត់អីទេ ពេទ្យនឹងពិនិត្យលទ្ធភាពគាត់ វ័យប៉ុណ្ណេះអាចបរិច្ចាកបាន ហើយទាល់តែជាប់តេស្ត ទើបពេទ្យបូមចេញ ហើយករណីខ្វះឈាមអី ខាងមជ្ឈមណ្ឌលក៏អាចជួយសម្រួលអោយជំពាក់បានសិនដែរ ដោយយកមកសងវិញនៅថ្ងៃស្អែក។

វិនាទីនោះ ខ្ញុំពិតជាកោតសសើរនូវវិរៈភាពរបស់អ្នកមីងជាម្តាយពិតមែន ក៏ព្រោះតែកូនរបស់គាត់ គាត់នៅតែថែរក្សានិងស្រឡាញ់ការពារ ដោយមិនគិតពីខ្លួនឯង។ គាត់ធ្វើក៏ព្រោះតែកូន ដើម្បីតែភាពសុខដុមរម្យនារបស់កូន។ បងស្រីវិញក៏ដូចគ្នា ដើម្បីតែប្អូន បងស្រីបានលះបង់គ្រប់យ៉ាងដើម្បីតែប្អូនបានរស់។ ទឹកចិត្តនិងវិរៈភាពរបស់មីងជាម្តាយ និងបងស្រីនោះគឺពិតជាអស្ចារ្យខ្លាំងណាស់។

ខ្ញុំបានសួរបញ្ជាក់គាត់ថា មីងមកទីនេះជាមួយកូនស្រី តើបានអ្នកណានៅជាមួយអ្នកជំងឺ? គាត់ថា គ្មានជំរើសទេ គឺអ្នកជំងឺនៅតែម្នាក់ឯង។ ពិតជាស្លុតចិត្តណាស់ដែលលឺបែបនេះ។

ឈាមបានគ្រប់ទាំង៣ប្លោក។ អ្នកមីងនិងកូនស្រីក៏ប្រែជាស្រស់ថ្លា ហើយខ្ញុំបានជូនគាត់និងកូនស្រីត្រឡប់ទៅពេទ្យវិញ។ អ្នកមីងនិងប្អូនស្រីបានលើកដៃប្រណម្យ ថ្លែងអំណរអរគុណដល់ខ្ញុំព្រមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តផ្តល់ឈាមដើម្បីជួយជីវិតមនុស្ស និងជូនពរក្រុមការងារទាំងអស់ជួបតែក្តីសុខ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារយើងទាំងអស់ដែលបានជួយជ្រោមជ្រែងពាំនាំព័ត៌មាន និងមធ្យោបាយនានាដើម្បីជួយដល់បេសកកម្មមួយនេះ។ អរគុណដល់បង ចេវ ដែលជាសន្តិសុខគម្រូរបស់ អេអឹមខេ ផងដែរដែលបានខ្នះខ្នែង និងត្រៀមខ្លួនដើម្បីជួយជីវិតមនុស្ស។

អរគុណដល់បុគ្គលិកមជ្ឈមណ្ឌលផ្តល់ឈាមដែលបានជួយសម្របសម្រួលបំពេញសេវាកម្មជូនដល់អ្នកជំងឺ។ សេវាកម្មនៅទីនោះពិតជាល្អ និងមានតម្លាភាពណាស់។

នៅតែមិនភ្លេចដល់កូនស្រីទាំងពីររបស់ខ្ញុំ ដែលបានលះបង់សេចក្តីសុខ និងភាពរីករាយរបស់ខ្លួន ហើយអនុញ្ញាតអោយប៉ាប៉ាបំពេញកិច្ចការសប្បុរសធម៌នេះដោយជោគជ័យ។

សូមអ្នកទាំងអស់គ្នា ចូលរួមជាមួយយើងខ្ញុំ ដើម្បីជួយជីវិតមនុស្ស។ 

https://www.facebook.com/groups/voluntaryblooddonor/


ភ្នំពេញយប់ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៨ 



Thursday, November 24, 2022

អាយធី

សម្លាញ់ពីរនាក់បានជួបគ្នាបន្ទាប់ពីរៀនចប់មហាវិទ្យាល័យ៖

បុរសទី១៖ ពួកម៉ាក ម៉េចហើយ តាំងពីរៀនចប់មហាវិទ្យាល័យ មកមិនដែលបានជួបគ្នាសោះវ៉ឺយ។ សុខទុក្ខម៉េចដែរអ្ហា?

បុរសទី២៖ អើ សុខនិងទុក្ខគឺជាគូនឹងគ្នា ដូចតាថ្ងៃនិងយប់ចឹង។

បុរសទី១៖ យីអើ អានេះតាំងពីបែកពីវាមក វាចេះគ្រាន់បើវ៉ឺយ។ ហើយនិយាយអញ្ចឹង ឥឡូវអ្ហែងធ្វើការនៅណា?

បុរសទី២៖ កន្លែងតូចតាចទេ គឺនៅក្រុមហ៊ុន តេឡេកំ telecom) តូចមួយប៉ុណ្ណឹងឯង។ ចុះអ្ហែងវិញ?

បុរសទី១៖ អើ អញសព្វថ្ងៃនេះគ្មានការងារកាន់ធំដុំទេអ្ហា។

បុរសទី២៖ ចុះអ្ហែងធ្វើនៅណា?

បុរសទី១៖ នៅតំណាងក្រុមហ៊ុន Microsoft ស្រុកខ្មែរ ហ្នឹងណា។

បុរសទី២៖ ស្អីអានេះ? ធ្វើការនៅក្រហ៊ុនធំហើយ នៅថាតូចទៀត? ចំជំនាញ IT យើងហើយ! ដាក់ខ្លួនម៉េសអ្ហែង? បែបប្រាក់ខែច្រើនណាស់ហើយមើលទៅ។

បុរសទី១៖ តិចតួចទេ ក្រោមម៉ាពាន់ដុល្លារតែប៉ុណ្ណោះឯង។

បុរសទី២៖ ស្អី? ក្រោមម៉ាពាន់ហើយនៅថាតិចទៀត? ឡូយជាងគេហើយ? និយាយអញ្ចឹង អ្ហែងធ្វើការនៅតំណាងក្រុមហ៊ុន Microsoft ប្រចាំស្រុកខ្មែរនោះ អ្ហែងកាន់តំណែងអី?

បុរសទី១៖ សន្តិសុខ!!!



រឿងឳពុកនិងកូនស្រី៖ ភាគទី១៩ - ធ្វើល្អបានអីមកវិញ?

ប្រហែលជាថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីខ្ញុំ សុភនាថ នាងសួរខ្ញុំថា "ប៉ា ធ្វើល្អបានអីមកវិញ?"។

 វាជាសំណួរមួយដែលលំបាកនឹងឆ្លើយ ព្រោះចម្លើយរបស់ខ្ញុំមិនស្រួល អាចនឹងបំផ្លាញទឹកចិត្តរបស់នាង។ អរគុណព្រះធម៌ដែលនាំអោយខ្ញុំអាចផ្តល់ចម្លើយជូននាងបាន ។

ខ្ញុំបានតបទៅកាន់សុភនាថ ថា "ធ្វើល្អបានអីមកវិញ? ចូរកូនចាំថា ការធ្វើល្អគឺជាទង្វើរបស់មនុស្សល្អ។ មនុស្សអាក្រក់មិនធ្វើទង្វើល្អនោះទេ។ ហើយបើកូនជាមនុស្សល្អ គឺច្បាស់ណាស់ថាកូននឹងធ្វើទង្វើល្អៗ"។ ហើយប៉ាសុំសួរវិញ តើអំពើល្អមានដូចជាអ្វីខ្លះ? ...ការសន្ទនាក៏បានបន្ត...នាងឆ្លើយបានយ៉ាងក្បោះក្បាយនូវអ្វីដែលហៅថាសេចក្តីល្អ។

រម្ងាប់កំហឹង

នៅក្នុងកម្មវិធីអប់រំផ្លូវចិត្ត និងការគ្រប់គ្រងកំហឹងមួយ លោកគ្រូគ្រប់គ្រងកំហឹងបានបង្រៀនសិក្ខាកាមទាំងអស់គ្នាអំពីការគ្រប់គ្រងកំហឹង ដោយលោកបានលើកយកទ្រឹស្តី និងឧទាហរណ៏ជាក់ស្តែងមកបង្ហាញសិក្ខាកាម។ លោកគ្រូបានមានប្រសាសន៏ថា៖

- លោកគ្រូ៖ នៅពេលដែលយើងមានកំហឹង ក្នុងខ្លួនយើងគឺពោរពេញទៅដោយកម្តៅ។ កម្តៅនៃកំហឹងបានដុតកម្លោចខ្លួនយើងមុនទៅហើយ មុននឹងយើងជះភ្លើងកំហឹងនោះទៅគេ។ ការមិនចេះគ្រប់គ្រងកំហឹងគឺនឹងធ្វើអោយយើងកើតបញ្ហាធំនៅពេលក្រោយមក ម្លោះហើយបានជាអ្នកទាំងអស់គ្នាត្រូវរៀនគ្រប់គ្រងកំហឹង។

- ប្រុញ៖ លោកគ្រូ តើយើងគ្រប់គ្រងកំហឹងបានយ៉ាងដូចម្តេច?

- លោកគ្រូ៖ មានវិធីរងាប់កំហឹងច្រើនណាស់ ហើយវិធីនោះងាយងាយទៀតផង ឧទាហរណ៏៖ ពេលយើងដឹងខ្លួនថាយើងកំពុងខឹង ចុះយើងធ្វើកិច្ចការអ្វីបន្លប់ ដូចជា ស្តាប់ចម្រៀង មើលទូរទស្សន៏ លេងកីឡា មើលកុន។ល។ មើលប្អូនៗ អាចប្រាប់ពីបទពិសោធន៏នៃការរងាប់កំហឹងរបស់ប្អូនដល់លោកគ្រូបានទេ? ប្រុញ ជួយឆ្លើយបន្តិចមក។

- ប្រុញ៖ បាទលោកគ្រូ អោយតែពេលខ្ញុំឈ្លោះគ្នាជាមួយបងខ្ញុំ ខ្ញុំដឹងថាខ្លួនឯងកំពុងខឹង ដូច្នោះហើយ ខ្ញុំដើរចេញពីបងខ្ញុំដើម្បីទៅដុសសម្អាតបង្គន់។

- លោកគ្រូ៖ ល្អណាស់ប្រុញ នេះគឺជាវិធីរម្ងាប់កំហឹងដ៏អស្ចារ្យមួយ។ ក្រៅពីរំងាប់កំហឹងហើយ គឺថែមទាំងបង្គន់បានស្អាតទៀត។

- ប្រុញ៖ បាទមែនហើយលោកគ្រូ បង្គន់នោះបានស្អាតដោយសារខ្ញុំយកច្រាសដុសធ្មេញបងខ្ញុំទៅដុស។



Tuesday, November 22, 2022

សុំពរពីព្រះច័ន្ទ

 នៅពីក្មេង ខ្ញុំធ្លាប់សុំពរពីព្រះច័ន្ទ នៅពេលដែលខ្ញុំឃើញព្រះច័ន្ទរះពេញបូណ៌។ នៅពេលនេះ បើសិនជាអាចសុំពរពីព្រះច័ន្ទបានមែននោះ ខ្ញុំសូមអោយខ្ញុំមានកម្លាំងគ្រប់គ្រាន់ដើម្បីនឹងប្រយុទ្ធជាបញ្ហាជីវិតដែលចេះតែកើតមានឥតស្រាកស្រាន្ត។

តាមពិតទៅវាគឺជារឿងផ្តេសផ្តាស់ប៉ុណ្ណោះ ព្រោះគ្មានសេចក្តីសម្រេចឯណាអាចកើតបានដោយការបន់ស្រន់នោះទេ។ មានតែការញ៊ាំងកិច្ចការទាំងពួងដោយសេចក្តីមិនប្រមាទនោះទេ ទើបយើងសម្រេចបាននូវរាល់កិច្ចការទាំងឡាយ។




Monday, November 21, 2022

ការឈ្នះដ៏សមប្រកប

 សេចក្តីពិត ឈ្មះគ្រប់យ៉ាងទាំងពួងនៅលើលោក។ ឈ្នះការឈឺចាប់នៃផ្លូវកាយ ឈ្នះការឈឺចាប់នៃផ្លូវចិត្ត ឈ្នះខ្លួនឯង ឈ្នះអ្នកដទៃ ឈ្នះសេចក្តីស្អប់ ឈ្នះលោភៈ ឈ្នះទោសៈ ឈ្នះមោហៈ ឈ្នះទុក្ខសោកទាំងពួង...សេចក្តីពិត គឺមានតែមួយប៉ុណ្ណោះឯង...ទទួលយកនូវការពិត ចិត្តនឹងមានសន្តិភាព :)



Saturday, November 19, 2022

កាត់ចិត្ត

 កើតទុក្ខធ្វើអ្វី? គិតច្រើនធ្វើអ្វី? កាត់ចិត្តទៅ!

កាត់ចិត្ត? ត្រឹមតែនិយាយគឺងាយស្រួលទេ ប៉ុន្តែការធ្វើ វាមិនងាយស្រួលដូចការនិយាយឡើយ។ យ៉ាងណាក៏ដោយ គ្មានអ្វីដែលលំបាករហូតយើងធ្វើមិនបាននោះទេ។

តើធ្វើដូចម្តេចទើបកាត់ចិត្តបាន? => សិក្សាពីមូលហេតុដែលបណ្តាលអោយឈឺចាប់សិន ចាំកាត់ចិត្ត។

មនុស្សភាគច្រើនប្រហែលជាបានគិតថា ព្រោះតែការបាត់បង់ បែកបាក់ បានជាបណ្តាលអោយគេទៅជាឈឺចាប់យ៉ាងនេះ។ ប៉ុន្តែមិនមែនទេ ការឈឺចាប់ដែលបានកើតឡើងនោះក៏ព្រោះតែចិត្តប្រកាន់ខ្ជាប់ អោបមិនលែងនូវតម្រូវការពីភាគីម្ខាងទៀត។ លះបង់ការប្រកាន់ខ្ជាប់បាន សេចក្តីទុក្ខសោកយ៉ាងណាក៏មិនអាចកើតឡើងចំពោះយើងដែរ។

លះបង់ការប្រកាន់ខ្ជាប់បាន គឺត្រូវចាប់ផ្តើមជាមួយនឹងការមិនប្រតិកម្មចំពោះសេចក្តីសុខ និងចំពោះសេចក្តីទុក្ខសោកទាំងពួងដែលបានកើតចំពោះយើង។ មុននឹងអាចធ្វើចិត្តមិនប្រតិកម្មចំពោះសុខឬទុក្ខ ក៏សូមទទួលស្គាល់នូវសេចក្តីពិតចំពោះធម្មជាតិដែលថា "គ្រប់យ៉ាងដែលកើតមកហើយ រមែងរលត់ទៅវិញជាធម្មតា"។ សុខឬទុក្ខ ក៏ដូចគ្នា បើវាកើតឡើងចំពោះយើងហើយ វានឹងរលត់ទៅវិញ។ បើដឹងថាវាគង់នឹងរលត់ទៅហើយ ម្លោះហើយយើងមិនចាំបាច់ប្រតិកម្មនឹងសុខឬទុក្ខនោះឡើយ គឺវានឹងរលត់បាត់។ នោះគឺជាវិធីរម្លត់ទុក្ខ។

សំណួរសួរថា ហេតុអ្វីបានជាមិនចាំបាច់ធ្វើប្រតិកម្មនឹងសុខឬទុក្ខ? តើការប្រតិកម្មនឹងសុខឬទុក្ខបានអ្វីមកវិញ? ធម្មជាតិនៃសេចក្តីពិតគឺថា " អ្វីមួយ មាន គឺនឹងនាំអោយអ្វីមួយទៀត កើតមាន ដែរ ហើយបើអ្វីមួយ គ្មាន វានឹងនាំអោយ គ្មាន អ្វីក៏ដូចគ្នាដែរ។ ដូច្នេះ ការធ្វើប្រតិកម្មនឹងសេចក្តីសុខ នឹងបង្កើតអោយមាន"លោភៈ" ដែលជាហេតុនាំអោយមានការប្រកាន់ខ្ជាប់ដ៏តឹងតែង ឬហៅថា "តណ្ហា"។ ការធ្វើប្រតិកម្មនឹងសេចក្តីទុក្ខ នឹងនាំអោយមាន "ទោសៈនិងមោហៈ" ដែលជាសេចក្តីល្ងង់ខ្លៅ។ ប្រកាន់ខ្ជាប់នូវសុខក៏ដោយ ប្រកាន់ខ្ជាប់នូវទុក្ខក៏ដោយ គឺជាទុក្ខ។ ម្លោះហើយការប្រតិកម្មនឹងសេចក្តីសុខឬសេចក្តីទុក្ខ នឹងនាំអោយកើតមាននូវសេចក្តីទុក្ខមិនលែង ប្រៀបដូចជា "កងច្រវ៉ាក់ដែលតភ្ជាប់គ្នាពីមួយទៅមួយរហូតគ្មានថ្ងៃបញ្ចប់"។



Tuesday, November 15, 2022

រឿង ឳពុកនិងកូនស្រី ភាគទី១៨

 ភាពគ្រប់គ្រាន់

សុភនាថ កូនស្រីខ្ញុំ បានបង្រៀនអោយខ្ញុំយល់កាន់តែច្បាស់អំពីភាពគ្រប់គ្រាន់។ ទឹកក្រូចក្នុងហាងមួយកំប៉ុង៥ដុល្លា និងទឹកក្រូចតាមចិញ្ចើមថ្នល់មួយកំប៉ុង២០០០រៀល ក៏នាថនៅតែសប្បាយចិត្តនឹងញាំ។ ញាំបាយនៅក្នុងហាងធំៗ និងញាំបាយកញ្ចប់ទិញតាមចិញ្ចើមថ្នល់ក៏នាថ ញាំទៅឆ្ងាញ និងសប្បាយដូចគ្នា។ ពួកម៉ាកស្គាល់គ្នាយូរ និងពួកម៉ាកទើបនឹងស្គាល់គ្នា ក៏នាថ នៅតែអាចលេងជាមួយគ្នាយ៉ាងសប្បាយ ដរាបណាគ្មានអ្នកណាម្នាក់ដើរខ្សែលើនាថ។ នាំនាថទៅលេងកន្លែងណាដែលនាថ មិនចង់ទៅលេង ក៏នាថប្រាប់ថាសប្បាយ។ របស់លេងនាថ មិនថារបស់នោះថ្លៃប៉ុណ្ណា ថោកប៉ុណ្ណា ក៏នាថ នៅតែអាចលេងបាន។ ជិះម៉ូតូក្រោមកម្តៅថ្ងៃ នឹងហុយចង់ងាប់ ក៏នាថថាសប្បាយ មិនហត់ មិនរអ៊ូ...នាថ តែងតែសប្បាយនូវអ្វីដែលនាថមាន មិនថារបស់ទាំងនោះថ្លៃឬថោកប៉ុណ្ណា ពីព្រោះនាថយល់អំពីតម្លៃរបស់វា។




Wednesday, November 2, 2022

រឿងឳពុកនិងកូនស្រី - ភាគទី១៧

ថ្ងៃនេះថ្ងៃទី១ ខែវិច្ឆិការ ឆ្នាំ២០១៨។ ខ្ញុំបានមកជួបកូនស្រីទាំងពីររបស់ខ្ញុំ។ អូនសួស្តីបានចូលសាលាបានតែ២ថ្ងៃ ក៏យំឈប់ទៅសាលា ទោះបីជាលួលោម លើកទឹកចិត្តយ៉ាងណាក៏អូនសួស្តីអត់ទៅដែរ។ អូនសួស្តីប្រើប្រាស់គ្រប់វិធីសាស្ត្រដើម្បីគេចមិនចូលរៀន។ ម្សិលមិញ អូនសួស្តីបានសម្រេចចិត្តថាទៅម្តងទៀត ព្រោះបានសន្យានឹងប៉ាប៉ាថាទៅ។ ល្ងាចមិញ ពេលឃើញប៉ាប៉ាទៅដល់ភ្លាម អូនស្តីក៏ស្ទុះវឹងហុចក្រដាសមួយសន្លឹកអោយប៉ាប៉ាមើល រួចនិយាយទាំងអារម្មណ៏មោទនៈភាព៖

- សួស្តី៖ ប៉ាប៉ា! អូនទៅរៀនហើយ ទៅព្រឹកមិញ។ នេះនែក រូបអូនគូរ។

ប៉ាប៉ាបានយកក្រដាសនោះមកមើលយ៉ាងភ្ញាក់ផ្អើល រួចពោល៖

- ប៉ាប៉ា៖ wow...រូបសួស្តីគូ និងផាត់ព័ណ៌? ប៉ាប៉ាមិនដែលឃើញរូបអ្នកណាគេផាត់ព័ណ៌បានស្អាតអញ្ចឹងទេ។ សួស្តី ពូកែរើសព័ណ៌ណាស់ ទាំងព័ណ៌សក់ និងព័ណ៌អាវ។ ពិតជាពូកែមែនអូនសួស្តី។

អូនសួស្តី សម្តែងអាការៈរីករាយ និងពោរពេញទៅដោយមោទនៈភាព ហើយពោលមកកាន់ប៉ាប៉ា៖

- សួស្តី៖ អូនទៅរៀន អូនចេះរាប់ខែទៀតហ្ន។

ថាហើយ អូនស្តី ក៏រាប់អោយប៉ាប៉ាស្តាប់ រួចហើយប៉ាប៉ាក៏ពោលទៅកាន់អូនស្តី៖

- ប៉ាប៉ា៖ wow...សួស្តីពូកែចាំម៉េស? ខែមានចំនួន១២ខែ សួស្តីរាប់ត្រូវរហូតដល់ទៅ៨ឯណោះ សួស្តីពិតជាពូកែមែន។ ទៅរៀនមួយថ្ងៃប៉ុណ្ណោះ ចេះបានប៉ុណ្ណឹងហើយ ចុះទម្រាំទៅរៀនរាល់ថ្ងៃទៀតនោះ?

សួស្តីញញឹម និងសើចទាំងរីករាយ។ ប៉ាប៉ា ក៏បានបន្ត៖

- ប៉ាប៉ា៖ អញ្ចឹងស្អែកទៅរៀនទៀត ដើម្បីអោយចេះកាន់តែច្រើន។

- សួស្តី៖ អត់ទេ អត់ទៅរៀនទេ ព្រោះសាលាអត់រៀន។

***ខំលើកទឹកចិត្ត ចុងក្រោយក៏ប្រកែកអត់ទៅដដែល។

****ថ្ងៃនេះ ថ្ងៃទី២ខែវិច្ឆិការ ឆ្នាំ២០១៨ សួស្តីក៏សម្រេចទៅរៀនទៀត ហើយចាំមើលល្ងាច តើមានរឿងអីដែលអូនសួស្តីចង់ប្រាប់ប៉ាប៉ា?