Monday, May 29, 2023

ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី១

ថ្ងៃទី១ នៃដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ

ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខ្ញុំបានចេញដំណើរតាំងពីផ្ទះម៉ោង៣កន្លះដើម្បីអោយទាន់ការធ្វើដំណើរ តាមរយៈ passapp។ តាមពិតទៅមានអ្នកស្ម័គ្រចិត្តជូនខ្ញុំទៅច្រើនណាស់ មានទាំងអ្នកម្តាយ អ្នកធ្វើការជាមួយគ្នឆ មិត្តភក្តិ ប្អូន បង តាមរយៈមធ្យោបាយនានាជាច្រើន មានទាំងឡាន មានទាំង passapp មានទាំងទុកទុក ។ល។ ប៉ុន្តែខ្ញុំមានទម្លាប់មួយទៅណាតែម្នាក់ឯងស្រាប់ហើយ ហើយក៏បានបដិសេធនូវសណ្តានចិត្តរបស់ពួកគាត់។ អរគុណជាពន្លឹកចំពោះការយកចិត្តទុកដាក់ដែលមានចំពោះខ្ញុំ។ ម៉ោងជាង៤ភ្លឺ ខ្ញុំបានមកដល់ព្រលានយន្តហោះភ្នំពេញ។ ថ្មើរណេះ នៅព្រលានយន្តហោះគឺសូវមានមនុស្សច្រើនទេ។ ខ្ញុំត្រូវអង្គុយរង់ចាំគេបើកកន្លែងឆែកអ៉ីន មុននឹងចូលឆែកអ៉ីន។រហូតដល់ម៉ោង៥កន្លះដើម្បីអោយបានចូលឆែកអ៉ីន។

**************

 ខ្ញុំសូមលើកយកឱកាសនេះពន្យល់និងសម្រាប់ជូនបងប្អូនយើងណាដែលមិនដែលមានបទពិសោធន៍ធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេស ដើម្បីអោយពួកគេមានលទ្ធភាពអាចធ្វើដំណើរដោយខ្លួនឯងបាន។ បងប្អូនត្រូវចាំថា មុននឹងធ្វើដំណើរទៅក្រៅប្រទេស បងប្អូនត្រូវចាំបាច់ពិនិត្យមើលជាមុនសិនថាតើប្រទេសយើងចង់ទៅនោះតម្រូវអោយមានវីហ្សា មុនឬអត់? វីហ្សា មានន័យថាលិខិតអនុញ្ញាតអោយចូលទៅប្រទេសមួយ ដែលជាទូទៅគេអាចស្នើសុំជាមុនតាមរយៈស្ថានទូតនៅក្នុងប្រទេសយើងជាមុនសិន ហើយជាទូទៅប្រទេសអឺរ៉ុបគឺភាគច្រើនឬទាំងអស់គឺតម្រូវអោយសុំមុន ដូចករណីខ្ញុំ គឺខ្ញុំត្រូវសុំទៅស្ថានទូតបារាំងនៅក្រុងភ្នំពេញជាមុន មិននឹងខ្ញុំទៅ។ ដំណើរការនៃការសុំវីហ្សា គឺមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយខ្ញុំអាចនឹងលើកយកមកជម្រាបជូនពេលក្រោយ ឬបងប្អូនអាចឆាយឬខលមកសួរខ្ញុំបាន។ ប្រទេសមួយចំនួន គឺគេអោយវីហ្សាពេលមកដល់ប្រទេសគេតែម្តង (visa on arrival) ឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ានគឺគេអោយវីហ្សាពេលមកដល់ គឺគេអោយនៅក្នុងព្រលានតែម្តង។ ដោយមិននិយាយតពីវីហ្សា បងប្អូនត្រូវមានសំបុត្រយន្ត ដែលបងប្អូនត្រូវកក់និងបង់លុយទុកជាមុន ដែលការទិញសំបុត្រយន្តហោះគឺធ្វើឡើងតាម internet ឬភ្នាក់ងារទេសចរណ៍។ ការទិញឬលក់សំបុត្រយន្តគឺមិនដូចជាការទិញឬកក់សំបុត្រឡានក្រុងស្រុកយើងទេ។ បើយើងមិនចេះភាសារអង់គ្លេស ឬមានភាពលំបាក បារម្ភ សូមទាក់ទងភ្នាក់ងារទេសចរណ៍ គឺគេនឹងជួយសម្រួលយើងអោយម៉ាស្រួល។ បន្ទាប់ពីកក់ហើយ យើងនឹងបានលិខិតមួយដែលបញ្ជាក់ពីការទិញសំបុត្រយន្តហោះ ដែលក្នុងលិខិតនោះ គេបញ្ជាក់ច្បាស់ពីជើងហោះហើរ ម៉ោងចេញដំណើរ គោលដៅត្រូវទៅ ម៉ោងដល់ (ម៉ោងនៅប្រទេសគោលដៅ)។ល។ បងប្អូនត្តូវយកលិខិតនោះទៅឆែកអ៉ីន។ បងប្អូនត្រូវចាំថា ការឆែកអ៉ីនគឺចំណាយពេលយូរគួរសម បងប្អូនត្រូវយកចិត្តទុកដាក់បន្តិចរឿងម៉ោងពេល មានន័យថា ត្រូវទៅដល់ព្រលានមុន២ម៉ោងនៃយន្តហោះចេញដំណើរ។ ពេលចូលទៅក្នុងព្រលាន សូមបងប្អូនក្រលេកមើលរកទូរទស្សន៍ដែលបង្ហាញពីព័ត៌មាននៃជើងហោះហើរ ទីក្រុងគោលដៅ ម៉ោងចេញដំណើរ ព្រមទាំងកន្លែងដែលត្រូវទៅឆែកអ៉ីន។ បើគេបើកកន្លែងឆែកអ៉ីន គឺវានឹងចេញ ហើយកាន់តែងាយស្រួល គឺបងប្អូនសូមមើលតាមស្លាកសញ្ញាក្រុមហ៊ុនអាកាសចរណ៏ក៏បាន។ សូមបងប្អូនផ្ទៀងផ្ទាត់ជាមួយលិខិតបញ្ជាក់ពីការទិញសំបុត្រយន្តហោះរបស់បងប្អូន រួចទៅតម្រង់ជួរចាំឆែកអ៉ីន។ កុំភ្លេចយកវ៉ាលីទៅជាមួយផងដើម្បីគេថ្លឹងគីឡូ។ ពេលឆែកអ៉ីន ត្រូវមានប៉ាស្ព័រទីជាមួយ និង/ឬលិខិតបញ្ជាក់ពីការទិញសំបុត្រយន្តហោះ បើអត់មានលិខិតនោះក៏មិនអីដែរ អោយតែយើងមានប៉ាស្ព័រ ព្រោះគេអាចផ្ទៀងជាមួយប្រព័ន្ធទិន្នន័យគេដែលបងប្អូនបានកក់រួចជាមុននោះ។ ពេលឆែកអ៉ីនចប់ គេនឹងអោយសំបុត្រយន្តហោះមកយើង ហលយសូមបងប្អូនទុកវាអោយស្រួលជាមួយប៉ាស្ព័រកុំអោយបាត់ ប៉ុន្តបើបាត់សំបុត្រយន្តហោះក៏មិនអីដែរ វាគ្រាន់តែបង្ករការលំបាកដល់យើងតែប៉ុណ្ណោះ។ បានសំបុត្រហើយ សូមទៅបើកយកប្រាក់ពន្ធមកវិញផង (សូមសួរគេឯង គេនឹងប្រាប់មិនខាន)។ រួចរាល់ហើយសូមបងប្អូនឡលងទៅលើ ដើម្បីជួបក្រុមអន្តោប្រវេសន៍។ ខ្ញុំសូមអត់និយាយរឿងនេះទេ ព្រោះខ្លាចដាច់សាច់រឿងខ្ញុំ។

*****************

ម៉ោងជិត៧ព្រឹក ខ្ញុំក៏បានចូលយន្តហោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏នោះ គឺបាហុនិកា របស់ Bangkok Airway ស្រីៗគឺមានសម្រស់ស្អាតមែនទែន រួសរាយទន់ភ្លន់ ញញឹមស្រស់ ទាក់ទាញ ចំណែកឯបាហុនិកាប្រុស វិញ គឺសង្ហា ហើយមានលក្ខណះដូចជាចេកៗ ទន់ៗ ម្ញិម្ញ៉ក់ ប៉ុន្តែគាត់បំពេញតួនាទីបានយ៉ាងល្អជាបាហុនិកានារីទៅទៀត។ 

ពនិត្យលើយន្តហោះទៅ ឃើញថាសំណាងដែរ ជើងនោះមិនសូវមានមនុស្ស ដោយជួរខ្ញុំ៣កៅអី មានមនុស្សតែ២នាក់ គឺខ្ញុំនិងនារីជនជាតិអឺរ៉ុបម្នាក់។ នាងមានសម្រស់ស្អាតមែនទែន រាងស្គម ស្តើង សក់រួញ ស្បែកស ភ្លឺរលោង ញញឹមស្រស់ កែវភ្នែកមុតថ្លា បបូរមាត់ស្តើហងមើលទៅទន់និងក្រហម។ នាងទំនងជាមានអាយុ ២១ ឬ២២ឆ្នាំ ហើយដូចជាកូនសិស្សផងក៏មិនដឹង។ ពិតជាសំណាងមួយក្នុងចំណោមសំណាងផ្ទួនៗមែន។ ដើម្បីកុំអោយខាតពេល ខ្ញុំបានប្រើប្រាស់ជំនាញរបស់ខ្ញុំដែលបានហ្វឹកហាត់យ៉ាងសកម្មពីលោកគ្រូទិនហ្វីជាង១៥ឆ្នាំ មកបញ្ចេញលើនាងដោយចាប់ផ្តើមសំនួរដំបូង និងជាសំណួរបើកមុខ ហើយក៏ជាសំណួរ ចាក់ដោតថា "អត់ទោសតើអ្នកនាងអញ្ជើញធ្វើដំណើរទៅណាដែរ?" លឺហើយនាងក៏ទ្រឹង ព្រោះតែភ្ញាក់ផ្អើលនឹងសម្លេងដ៏ពីរោះនិងស្រទន់របស់ខ្ញុំ។ នាងភាំងនឹងសម្រស់របស់ខ្ញុំមួយសន្ទុះ នាងក៏ឆ្លើយដោយទឹកមុខក្រហមរាងអៀនប្រៀន (ពេលនោះខ្ញុំបានប្រើកែវភ្នែក ទិនហ្វី របស់ខ្ញុំសម្លឹងភ្នែកនាង) ព្រមទាំងមានអាការះជ្រួលច្របល់ ថា នាងទៅបាងកក ហើយមុននេះនាងបានទៅវៀតណាម ហើយមកកម្ពុជាលេងបានប៉ុន្មានថ្ងៃ។ ខ្ញុំក៏បន្តប្រើប្រាស់ជំនាញទិនហ្វី ព្រមទាំងជំនាញជជីកសួរពីការងារស្រាវជ្រាវរបស់ខ្ញុំ ដោយបន្តសាកសួរនាង ហើយក៏ដឹងថានាង ជាជនជាតិអាល្លឺម៉ង់ មិនមែនជាសិស្សទេ គឺនាងជា Project Manager ក្នុងគម្រោង IT មួយ។ នាងមានអាយុ៣០ឆ្នាំ មិនមែន២១ ឬ២២ ដូចខ្ញុំគិតនោះទេ។ ដោយនាងទំនងជាពេញចិត្តនឹងសម្រស់របស់ខ្ញុំ ខ្ញុំនិងនាងបានបន្តកិច្ចសន្ទនាយ៉ាងសប្បាយរីករាយនិងស្និទស្នាល ជាទីបំផុត។

ជាងមួយម៉ោងលើយន្តហោះពីភ្នំពេញទៅបាងកក នៅក្បែរនាង មានអារម្មណ៏ថាពេលវេលា ហាក់បីជាលឿនណាស់ គឺលឿនប្រៀបដូចជា១០នាទី។ ជជែកគ្នាៗ ងាកមើលទៅកញ្ចក់យន្តហោះ ក៏ដឹងភ្លាមថា នាទីបន្ទាប់នាងនឹងត្រូវបែកពីខ្ញុំហើយ។ ហើយមិនបង្អង់យូរខ្ញុំក៏បានប្រើក្បាច់ពិសេសចុងក្រោយរបស់ទិនហ្វី គឺខ្ញុំបានចាប់ដៃនាង ច្របាច់ដៃនាងយ៉ាងណែន ហាក់ចង់បង្ហាញបហរាប់នាងថា ខ្ញុំមិនចង់បែកពីនាងសោះឡើយ។ ចំណែកនាងវិញ នាងបានកាន់ដៃខ្ញុំ ព្រមទាំងសម្លឹងកែវភ្នែកខ្ញុំមិនដាក់ភ្នែក អមដោយដំណក់ទឹកថ្លាៗចេញពីកែភ្នែករបស់នាង ត្បិតនាងកំពុងរលីងរលោង នាងបានដើរចូលមកកៀកខ្ញុំបន្តិច ព្រមទាំងនិយាយទាំងអួលដើមកប្រាប់ខ្ញុំថា លោកកំពុងជាន់ជើងខ្ញុំ ខ្ញុំឈឺខ្លាំងណាស់ ទ្រាំមិនបានទេ។ រំបល់យក៏ ស្មានតែនាងចង់សារភាព ឬចង់ប៊ីប៊ីខ្ញុំ ខំតែអរ។ និយាយចប់ ខ្ញុំបានដកជើងចេញ ហើយនាងក៏ងាកចេញយ៉ាងលឿនដោយមិនអោយខ្ញុំឃើញទឹកភ្នែកនាងដែលស្រក់នោះឡើយ។ ខ្ញុំបានសម្លឹងនាងដើរចេញពីខ្ញុំក្នុងដំណើរប៉ាំងខ្ញើចៗ ក្រោមភាពប្រជ្រៀតគ្នាននៃមនុស្ស។ ខ្ញុំនិងនាងបានបែកគ្នា ដោយទាំងខ្ញុំមិនស្គាល់ឈ្មោះនាង និងនាងមិនស្គាល់ឈ្មោះខ្ញុំ ប៉ុន្តែយ៉ាងណាក៏ដោយក៏យើងទាំងពីរមានអនុស្សាវរីយ៍ល្អច្រើនណាស់ ជាពិសេសអនុស្សាវរីយ៍មុនបែកគ្នា។

ភាគបន្ត ខ្ញុំនឹងរៀបរាបអំពីរឿងរ៉ាវនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ។



No comments:

Post a Comment