Monday, May 29, 2023

សុំពរ

 ពីរឿងទិនហ្វី៖

កុមារាម្នាក់ កំពុងសម្លឹងមើកទៅព្រះច័ន្ទដ៏ស្រស់ស្អាត។ ឃើញដូច្នោះ ម្តាយគេក៏និយាយថា "ពេលកូនឃើញព្រះច័ន្ទស្រស់ស្អាតអញ្ចឹង កូនអាចសុំប៉ងប្រាថ្នាអ្វីក៏បានពីព្រះច័ន្ទ ព្រះច័ន្ទនឹងជួយសម្រេចបំណងប្រាថ្នាអោយកូន"។ លឺម្តាយប្រាប់រួច កុមារាក៏បានលើកដៃបង្គុំឡើងសំពះ ព្រមទាំងបិទភ្នែក រួចនិយាយថា "ព្រះច័ន្ទអឺយព្រះច័ន្ទ ពេលខ្ញុំធំឡើង សូមអោយខ្ញុំក្លាយខ្លួនជាមន្ត្រីល្អ ស្មោះត្រង់ បម្រើប្រជាជន ហើយកំចាត់ជនពុករលួយ"។

កូនស្រីមាសឪពុក៖ ប៉ាសូមផ្តាំដល់កូនថា ការបន់ស្រន់មិនអាចជួយអ្វីដល់កូនបានឡើយ។ ដំណើរជីវិតរបស់កូន សម្រេចឬមិនសម្រេច គឺអាស្រ័យលើការប្រព្រិត្តបស់កូន។ បើកូនប្រព្រិត្តនូវកម្មដែលជាកុសល កូននឹងបានផលជាកុសល ប៉ុន្តែបើកូនប្រព្រឹត្តនូវកម្មដែលជាអកុសល នោះកូនពិតណាស់នឹងទទួលផលជាអកុសល។

បើកូនធំឡើងចង់ក្លាយជាមន្តី្រ ក៏សូមអោយកូនពេលនៅពីក្មេង ចូរកូនខិតខំញាំអាហារល្អៗ ដើម្បីអោយកូនមានសុខភាពមាំមួន មានឱកាសនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀនសូត្រ។ កូនក៏ត្រូវជាមនុស្សចេះស្វាតធ្យាយ ស្វ័យសិក្សាដោយខ្លួនឯង ខិតខំរឿនសូត្រអោយបានខ្ជាប់ខ្ជួន គោរនិងបដិបត្តិតាមឱវាទរបស់លោកគ្រូអ្នកគ្រូ នោះពេលធំឡើង កូននឹងមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់ដើម្បីប្រលងជាប់ជាមន្ត្រី។

ដើម្បីក្លាយជាមន្ត្រីល្អ ប៉ាក៏សូមអោយកូនជាមនុស្សលុះដោយ គុណធម៌ ចេះស្គាល់គុណនិងទោស ខុសនិងត្រូវ ប្រកាន់ពាក្យសច្ចះ មិនលម្អៀង។ ហើយដើម្បីនឹងអោយកូនសម្រេចបានរឿងទាំងនោះ ប៉ាសូមអោយកូនសេពគប់នឹងព្រះធម៌។ មានតែព្រះធម៌ទេដែលអាចនាំកូនអោយក្លាយជាមនុស្សដែលជាទីស្រឡាញ់រាប់អានពីមនុស្សផងទាំងពួង។


បើសិនជាកូនធ្វើអ្វីៗដើម្បីតែខ្លួនឯងនោះ នោះកូននឹងរស់នៅបានតែមួយជីវិតនេះប៉ុណ្ណោះ។ ប៉ុន្តែបើកូនធ្វើអ្វីៗដើម្បីអ្នកដទៃ នោះកូនអាចនឹងរស់នៅក្នុងបេះដូងរបស់ពួកគេជារៀងដរាប។





ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

 ដំណើរឆ្ពោះទៅទិសខាងលិច -ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ លើកទី២

នេះជាលើកទី២ហើយដែលខ្ញុំត្រូវបានកន្លែងការងារបានផ្តល់ឪកាសអោយខ្ញុំធ្វើដំណើរក្នុងក្របខណ្ឌការងារ ទៅកាន់ទីក្រុងប៉ារីស។ លើកនេះ ខ្ញុំមានអារម្មណ៏ថាវាហាក់បីដូចជាខុសប្លែកពីលើកមុន ដែលកាលណោះ ខ្ញុំហាក់បីដូចជាជ្រួលជ្រើមទៅនឹងការធ្វើដំណើរទៅកាន់ទីក្រុងនៃក្តីស្រម៉ៃរបស់ខ្ញុំ។ នេះទំនងជាបទពិសោធពីលើកមុនដែលបានធ្វើអោយខ្ញុំហាក់បីដូចជាមានអារម្មណ៏ lonely ម្លោះហើយវាអាចជាមូលហេតុដែលធ្វើអោយខ្ញុំមិនសូវជ្រួលជ្រើម។

ព្រឹមម៉ោង៩ជាង ចៅហ្វាយរបស់ខ្ញុំបានមកទទួលខ្ញុំដើម្បីនឹងធ្វើដំណើរទៅព្រលានយន្តហោះទាំងអស់គ្នា។ តាមផ្លូវ ស្ងាត់ណាស់ បើទោះបីថ្ងៃនេះជាថ្ងៃច័ន្ទ ហើយជាម៉ោងដ៏មមាញឹកក៏ដោយ នេះដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាកភ្ជុំបិណ្ឌ ហើយជាថ្ងៃដែលបងប្អូនយើងត្រឡប់ពីស្រុកកំណើតចូលមករាជធានីវិញ។ ដល់ព្រលានយន្តហោះម៉ោងជិត១០ ខ្ញុំនិងបងវ៉ាន់ឌីក៏សម្រាកមួយភ្លេតដើម្បីអោយគេបើក gate ដើម្បី check-in។ នៅទីនោះ ស្ងាត់ណាស់ មនុស្សប្រមាណជាជាង១០០នាក់តែប៉ុណ្ណោះ ដែលខុសកាលពីការធ្វើដំណើររាល់ដង ដែលមនុស្សយ៉ាងតិចក៏ជាង៣០០ទៅ៤០០នាក់ដែរ។ គេក៏បានបើកអោយ check-in ខ្ញុំក៏រូតរះទៅ check-in អោយបានលឿន នឹងអាលបានសម្រាកនៅកន្លែងរង់ចាំ។ ខ្ញុំសូមយកឳកាសនេះជម្រាបជូនបងប្អូនយើងអោយដឹងផងដែរថា ឥឡូវនេះគេបានផ្លាស់ប្តូរគោលនយោបាយ check-in ហើយ ដោយរាល់ការ check-in ទាំងអស់គឺត្រូវធ្វើនៅ counter។ កំពុងតែរង់ចាំ check-in ក៏ស្រាប់តែមានមនុស្សមួយហ្វូងធំ ប្រមាណជា៥០នាក់ ស្លៀកសំលៀកបំពាក់ឈុតកូវីដ ចូលមក check-in នៅ counter ជាប់ខ្ញុំដែលជាកន្លែង check-in ទៅទីក្រុងឃុនមិញ ប្រទេសចិន។ ខ្ញុំបានស៊ើបសួរអ្នកធ្វើការនៅទីនោះ ហើយក៏ដឹងថា ការវិលចូលប្រទេសចិន គឺតម្រូវអោយធ្វើដូច្នោះ មិនលើកលែងសូម្បីតែជនពិការ ឬទារកអាយុក្រោម១ឆ្នាំ ក៏តម្រូវអោយពាក់ឈុតកូវីដ១៩ដែរ។

យើងបានធ្វើដំណើរមកខាងលើដែលជាផ្លូវឆ្ពោះទៅកន្លែងរង់ចាំ។ គេបានបែងចែកកន្លែងអន្តោប្រវេសន៏ជាពីរ គឺសម្រាប់ប៉់ាស្ព័រចាស់ និងសម្រាប់ប៉ាស្ព័រថ្មី។ លើកនេះគេបានកែតម្រូវយន្តការនៃការពិនិត្យអន្តោប្រវេសន៏ដោយកាត់ចោលទាំងស្រុងការបំពេញទម្រងចាកចេញពីប្រទេស និងទម្រង់ចូលប្រទេសវិញ ដោយអ្នកមានប៉ាស្ព័រថ្មី គ្រាន់តែយកសំបុត្រុយន្តហោះ ប៉ាស្ព័រទៅស្កេននៅក្នុងម៉ាស៊ីនអូតូម៉ាទិក និងស្កេនចង្អុរដៃមួយប៉ុណ្ណោះ។ នៅទីនោះមានមន្ត្រីអន្តោប្រវេសជួយជម្រាបជូនយើងអំពីដំណើរការនេះដោយទឹកមុខរីករាយ និងជួយយ៉ាងពេញទំហឹង។ ដំណើរការនេះស៊ីពេលយើងមិនដល់មួយនាទីឡើយ។

ខ្ញុំបានឡើងមកកាន់យន្តហោះ។ ពីភ្នំពេញទៅទីក្រុងប៉ារីស ខ្ញុំបានជ្រើសរើសយកការ transit ចំនួន២ដង គឺលើកទីមួយនៅទីក្រុងបាងកក និងលើកទី២នៅទីក្រុងដូហា ប្រទេសកាតា ដែលសរុបការធ្វើដំណើរ ព្រមទាំង transit ពីរដងនេះ ខ្ញុំត្រូវចំណាយពេលធ្វើដំណើរជាង២៤ម៉ោង។ បើ direct fly ពីបាងកកទៅប៉ារីស គឺចំណាយពេលតែ១៤ទៅ១៥ម៉ោងទេ ប៉ុន្តែខ្ញុំមិនចង់នៅលើយន្តហោះយូរ ព្រោះវាមិនស្រួលដូចនៅលើដីទេ។ ចូលដល់យន្តហោះ បានជួបបាហុនិការ Bankok airway ពីរនាក់។ នាងពិតជាស្អាតណាស់ ម្នាក់សក់ខ្លីមានដំណើរស្វាហាប់ ម្នាក់ទៀតសក់វែង កែវភ្នែកនាងមុតថ្លា សាច់សរលោង បានលើកដៃជម្រាបសួរ និយាយស្វាគមន៏ខ្ញុំដែលចូលមកមុនគេ និងនាំខ្ញុំទៅកាន់កន្លែងអង្គុយរបស់ខ្ញុំ ដែលជួរខ្ញុំមាន៦នាក់ពេញ។ លើកនេះបានអង្គុយជាមួយនារីម្នាក់ដែលមកពីរតនៈគិរី (មិនបានប្រើស្ទាយទិនហ្វីអីទេលើកនេះ)។ នាងអង្គុយកៀនជាប់កញ្ចក់ បងវ៉ាន់ឌីអង្គុយកណ្តាល ខ្ញុំអង្គុយជាប់ផ្លូវដើរ។ យើងបានជជែកពីនេះពីនោះ ពីរឿងការងារ ពីការរស់នៅរបស់បងប្អូននៅរតនៈគីរី។ល។ ជជែកៗ ក៏ស្រាប់តែបុរសចំណាស់ដែលជាជនជាតិបរទេសម្នាក់ (អាយុមិនក្រោម៧០ទេ) អង្គុកៅអីមុខខ្ញុំជាប់បង្អួច បានស្រែកថាអោយយើងឈប់ជជែក ដោយប្រើពាក្យអសុរសស្ទើរតែទទួលយកមិនបាន។ យើងជជែគគ្នាធម្មតា មិននិយាយលឺៗ មិនស្រែក មិនប៉ះពាល់ដល់អ្នកណាទាំងអស់ ប៉ុន្តែគាត់ហាក់បីដូចជាមិនបើកចិត្តទូលាយសោះ។ គាត់ហាមមិនអោយយើងជជែក ប៉ុន្តែគាត់បែរជាជជែកជាមួយអ្នកជាប់គាត់បាន។ មើលទៅ គាត់ទំនងជាមានបញ្ហាផ្លូវចិត្តផង ម្លោះហើយយើងក៏មិនបានតបតអីដែរ។ ប្រហែលជាពៀរគាត់ក៏មិនដឹង មួយយន្តហោះ មានតែគាត់ម្នាក់ឯងតែប៉ុណ្ណោះដែលពុល ក្អួតច្រងាប់ច្រងិលតែម្នាក់ឯង។ ទាំងអ្នកអង្គុយមុខបុរសចំណាស់ ទាំងអ្នកនៅក្បែរខាង មិនមានអ្នកណាពេញចិត្តនឹងទង្វើដែលគ្មានសិលធម៌របស់បុរសម្នាក់នោះឡើយ។ ម៉ាស់ក៏មិនពាក់ ក្អកជាប់រហូត ព្រមទាំងក្អួតទៀតផង។

យើងបានចុះមកកាន់កន្លែង transit។ រឿងបន្ទាប់ដែលយើងត្រូវធ្វើបន្ទាប់ពីចេញពីបន្ទប់ទឹកគឺត្រូវតម្រង់ទៅកន្លែង check-in Qatar airway ដើម្នីស្នើរសុំប្តូរកន្លែងអង្គុយដែលអាចអោយបងវ៉ាន់ឌី និងខ្ញុំអង្គុយសណ្តូកជើងបានវែង។ ដោយសារខ្ញុំបានចរចរជាមួយអ្នកនៅភ្នំពេញហើយ ហើយគេក៏បាន note អោយខ្ញុំទៅនិយាយជាមួយ Qatar airway ដើម្បីប្តូរកៅអី។ ធម្មតាការប្តូរកៅអី គឺត្រូវចាយលុយថ្លៃណាស់ ខ្ញុំបានឆែកមុនហើយ គឺការប្តូរកៅអីនៅ Qatar airway គេគិតថ្លៃជាង៨០ដុល្លារ ប៉ុន្តែដោយសារខ្ញុំមានមធ្យោបាយទំនាក់ទំនង និងពន្យល់គេបាន គេក៏ប្តូរអោយខ្ញុំនិងបងវ៉ាន់ឌីដោយមិនបានចាយលុយមួយរៀល។ ប្តូររួចហើយ ខ្ញុំក៏ម្នីម្នារូតរះឡើងមកកាន់តូបអាហារខាងលើដើម្បីរកអីស្រស់ស្រូប។ មកលើកនេះប្លែកណាស់ ស្ងប់ស្ងាត់មែនទែន បាត់អស់ហើយសម្លេងទីងទីង ប្រកូកប្រកាសពពាយនាយហៅភ្ញៀវ បាត់ភ្ញៀវមិនក្រោម៥០%ទេ។ មកទីនេះ បានធ្វើអោយខ្ញុំនឹកឃើញកាលពីមកជាមួយក្រុម Hot News (អ្នកដឹងបានដឹង អ្នកមិនដឹងគឺមិនដឹងថាក្រុម Hot News នោះគឺអ្វីទេ) និងកាលទៅប៉ារីសម្នាក់ឯងកាលពីឆ្នាំ២០១៩។ ការរៀបចំនៅដដែល ខុសទាស់តែមនុស្សតិចជាងមុនតែប៉ុណ្ណោះ។

ខ្ញុំបានមកកាន់អាហារដ្ឋានថៃមួយ។ ឃើញគេតម្រង់ជួរមួយហ្វូង ខ្ញុំនិងបងវ៉ាន់ឌីក៏តម្រង់ជួរដែរ។ តម្រង់ជួរចាំមួយសន្ទុះក៏ស្រាប់តែមាននារីម្នាក់បីទឹកក្រូចមួយយួរហើយញញឹម ព្រមទាំងសួរយ៉ាងទន់ភ្លន់មកកាន់បងវ៉ាន់ឌីថា  “Are you from Korea?” បងវ៉ាន់ឌីស្តាប់មិនបាន ក៏សួរគាត់បញ្ជាក់ នាងក៏សួរសំណួរដដែលថា “Are you from Korea?” បងវ៉ាន់ឌីក៏តបវិញ “I don’t understand” ហើយនាងក៏តបថា “you take away or eat here?” ។ តាមពិតទៅស្មានតែនាងជាអ្នកដំណើរ តាមពិតនាងជាបុគ្គលិកនៅអាហារដ្ឋាននោះ។ យើងបានចូលក្នុង អង្គុយរង់ចាំ។ ខ្ញុំចេះតែសម្លឹងនាង នាងចេះតែម្លឹងខ្ញុំ ញញឹមដាក់ខ្ញុំ។ សង្ស័យនាងលង់នឹងសម្រស់ខ្ញុំទៀតហើយមើលទៅ កុម្ម៉ង់ហើយ នាងក៏យកម្ហូបដាក់មកអោយ ដោយប្រើក្រសែភ្នែក និងស្នាមញញឹមដ៏មានន័យ (បើទោះបីជានាងពាក់ម៉ាស់ក៏ដោយ ក៏យើងអាចដឹងថាគេញញឹមឬអត់គឺអាស្រ័យលើភ្នែក)។ ម្ហូប២មុខដូចក្នុងរូបថតនោះ និងទឹក២ដប មានតម្លៃរហូតដល់ជិត៤០ដុល្លារ ប៉ុន្តែវាធម្មតាទេ ព្រោះនេះជាព្រលានយន្តហោះ យូរៗមកម្តងក៏មិនបញ្ហាដែរ។ ទៅឈរកន្លែងរង់ចាំគិតលុយ នាងក៏លួចមើលខ្ញុំទៀត។ គិតលុយរួច ខ្ញុំដើរមកយកកាតាប នាងក៏មកជិត សម្លឹងមុខខ្ញុំក្នុងក្រសែភ្នែកហាក់បីដូចជាត្រៀមនឹងបាត់បង់អ្វីម្យ៉ាង...ខ្ញុំក៏សម្លឹងនាងវិញ រួចក៏ចាប់ដៃទាំងពីររបស់នាង កាន់អោបជួបនឹងទ្រូង ព្រមទាំងអោនទៅដើម្បីក្រេបថ្ពាល់ដ៏ក្រពុំ និងសរលោងរបស់នាង....ក៏ស្រាប់តែសម្លេងមួយបន្លឺឡើង “ក្រោកឡើង ក្រោកឡើងគីនី យន្តហោះចេញចោលឥឡូវហើយ” ។ តាមពិតខ្ញុំយល់សប្តិសោះ រៀបបានសម្រេចហើយហ្នឹង។ ខ្ញុំក៏បានជូតទឹកមាត់ដែលហៀរប្រឡាក់ពេលគេងលក់នោះចេញ ព្រមទាំងយកចាហួយលាបសក់ និងក្រាសមកសម្អិតសម្អាងសក់ខ្ញុំអោយស្អាត ដើម្បីមើលទៅអោយកាន់តែស្អាត និងសង្ហា នឹងអាលអោយនាងកាន់តែលង់ស្រឡាញ់ខ្ញុំ។

ថ្នើរណេះ ម៉ោងនេះ ម៉ោង៦:៣២ នាទីល្ងាច ម៉ោងនៅព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកកប្រទេសថៃ។ ៥០នាទី ទៀតខ្ញុំត្រូវឡើងទៅដូហាហើយ ហើយត្រូវនៅលើយន្តហោះ៧ម៉ោង១៥នាទីទៀត ហើយរំពឹងថា នឹងដល់ដូហាវេលាម៉ោង១០យប់ ម៉ោងនៅដូហា។

បើមានពេលត្រឹម២ម៉ោង ខ្ញុំនឹងសសេររៀបរាប់ជូនបងប្អូនបន្តទៀត។ នេះលេងលេងទេ បាន៤ទំព័រត្រឹម។

សូមអរគុណចំពោះការចំណាយពេលវេលាអានសំណេរដ៏វែងនេះ។

ព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកកប្រទេសថៃ វេលាម៉ោង៦និង៣៦នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

គីនី











ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី២

ថ្ងៃទី២ នៃដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ


វេលាម៉ោង ៨:៣០នាទីយប់ ម៉ោងនៅប៉ារីស ត្រូវនឹងម៉ោង១:៣០នាទីទាបភ្លឺ ម៉ោងនៅកម្ពុជា។ ជាធម្មតា ម៉ោង៨កន្លះយប់ម៉ោងនៅស្រុកខ្មែរ គឺមេឃច្បាស់ជាងងឹតហើយ ប៉ុន្តែកណ្តាលទីក្រុងប៉ារីសថ្មើរនេះ ក៏ដូចជាប្រទេសនៅអ៊ឺរ៉ុបមួយចំនួន គឺកំពុងភ្លឺនៅឡើយ គឺភ្លឺដូចម៉ោង៤រសៀលស្រុកយើងអញ្ចឹង ដោយសារពេលនេះគឺជារដូវក្តៅដែលថ្ងៃមានរយះពេលវែងជាងយប់។ នៅទីនេះបរិយាកាសល្អណាស់ នៅតាមដងផ្លូវខ្យល់បក់យ៉ាងត្រជាក់ ព្រោះកម្តៅនៅទីនេះគឺ២៩អង្សារ ហើយកាន់តែចុះទាបមកនៅត្រឹម ២១អង្សារសេតែប៉ុណ្ណោះ។ 


ខ្ញុំស្នាក់នៅ apartment មួយប្របនឹងស្ទឹងសែនដែលមានចំងាយប្រមាណជា១គីឡូម៉ែត្រពីទួអេហ្វែល។ ទឹកស្ទឹងសែនគេគឺពិតជាស្រស់ស្អាតខ្លាំងណាស់ ស្អាតជាងស្ទឹងសែនកំពង់ធំយើងដាច់ (មិនដូចបទស្នឹងសែនប៉ារីស ដែលអ្នកចម្រៀងយើងច្រៀងលើកស្ទឹងសែនយើង ហើយហាក់ដូចជាបង្អាប់ស្ទឹងសែនគេ)។ ទឹកស្ទឹងឡើងថ្លារហូតចេញព័ណ៌បៃតង។ មានកាណូតជិះលម្ហែធំៗតាមដងស្ទឹង។ មាត់ស្ទឹង ត្រូវបានគេរៀបចំយ៉ាងមានសណ្តាប់ធ្នាប់គឺសម្រាប់អោយអ្នកថ្មើរជើង អ្នកជិះកង់ គេបានធ្វើដំណើរទៅមក។ ក្រៅពីរៀបចំផ្លូវដើរដ៏មានរបៀបរៀបរយ នៅតាមផ្លូវឯនោះសោតគឺពោរពេញទៅដោយដើមឈើធំៗ ម្លប់ត្រឈឹងត្រឈៃ។ ឡានម៉ូតូនៅទីនោះបើកលឿនៗណាស់។ ឡានពេញនិយមនៅទីនោះគឺរាងតូចៗ រីឯម៉ូតូវិញគឺធំៗ រាងដូច PCX ប៉ុន្តែធំជាង PCX ឆ្ងាយណាស់។ មធ្យោបាយដ៏ពេញនិយមមួយទៀតនៅទីនេះ ដែលខ្ញុំសម្គាល់ឃើញគឺ ស្កុតទ័រ។ គេប្រើវាទាំងក្មេង ទាំងចាស់ ទាំងប្រុសទាំងស្រី ហើយគេបើកបរលាយឡំនឹងឡានម៉ូតូ ដែលមើលទៅខ្ញុំស្រៀវជំនួស។ ក្រឡេកមើលមាត់ស្ទឹងប្របនឹងទឹកវិញ គេបានរៀបឥដ្ឋទុកអោយមនុស្សម្នាអង្គុយលេងមើលទេសភាពទួអេហ្វេល ព្រមទាំងបក្សីនានាដែលរួមមាន ទា ក្ងាន ក្អែក ចុះលេងទឹក និងចាប់ត្រីស៉ី។ អ្នកអង្គុយលេងតាមប្របមាត់ស្ទឹងនោះ ក៏អាចគយគន់នូវទូកទេសចរណ៏ដែលបើកបរតាមដងស្ទឹងសែនផងដែរ។


មកដល់តំបន់ទួអេហ្វេល មនុស្សច្រើនណាស់ មានចម្រុះជាតិសាសន៏ មានក្មេងមានចាស់ កាន់កាំម៉េរ៉ា និងទូរស័ព្ទ ថតយករូបភាពទុកជាអនុស្សាវរីយ៌។ គ្មានអីចម្លែកទេដែលនៅទីនេះមានអ្នកនិយាយច្រើនអំពីចោរលូកកាបូប ព្រោះជនមួយចំនួន (ស្បែកខ្មៅ ក៏មាន អាស៊ី ខាងមជ្ឈឹមបូពា៌ក៏មាន អ៊ឺរ៉ុបខាងកើតក៏មាន) សម្លឹងមើលមកយើងហាក់បីដូចយើងជាក្តាន់។ មានជនជាតិអឺរ៉ុបមួយក្រុមចង់ធ្វើស៉ីខ្ញុំដែរ ប៉ុន្តែដោយខ្ញុំមិនចេះលោភលន់ ម្លោះហើយគេបោកមិនបានឡើយ។ ឃើញខ្ញុំដើរចូលមកដល់ម្នាក់ឯងដើម្បីដាក់ជើងថត បុរសម្នាក់ក៏ស្ទុះមករៀបចំលេងល្បែងស៉ីសងមួយប្រភេទគឺជាការទាយគ្រាប់ក្នុងកំប៉ុង៣។ គេបង្វិលអោយយើងងាយមើលឃើញ ងាយចាក់ត្រូវ។ ខ្ញុំមិនខ្វល់ពីពួកគេ ដោយសារខ្ញុំធ្លាប់ដឹងល្បិចនេះយូរហើយ ប៉ុន្តែខ្ញុំបានឃើញឆាកល្ខោនគេលេងដែលមានអ្នកចូលរួមមិនតិចជាង១០នាក់ទេ មានស្រីក្មេងៗអាយុប្រមាណ១៧ទៅ១៨ឆ្នាំ មានមនុស្សចាស់អាយុជាង៦០ តែងខ្លួនធ្វើជាអ្នកទេសចរណ៏។ គេធ្វើជាស្ទុះចូលមកមើល ហើយចាក់ ចាក់ត្រូវគ្រប់ដៃ ចាក់ម្តងមិនចេះតិច សុទ្ធតែ១០០អឺរ៉ូ។ រីឯអ្នកសងវិញ សងទាំងសប្បាយចិត្ត។ តាម្នាក់មើលឃើញហើយបានស្ទុះទៅចាក់ (គេបង្ហាញយឺតៗអោយឃើញច្បាស់) ប៉ុន្តែតានោះទៅធ្វើជាចាក់ខុស ដែលធ្វើអោយអ្នកមិនដឹងនឹងមានអារម្មណ៏ហួសចិត្ត។ តានោះរើសខុសហើយ ហើយអ្នកអោយគេទាយធ្វើជាសួរខ្ញុំ។ ខ្ញុំថា អាកណ្តាល វាសប្បាយចិត្តណាស់ ហើយវាហុចលុយ១០០អឺរ៉ូ មកអោយខ្ញុំដោយនិយាយថា អ្នកឯងទាយត្រូវហើយ។ ខ្ញុំបដិសេធ ហើយប្រាប់វិញថា ខ្ញុំអត់លេងទេ។ ថារួចខ្ញុំក៏ដើរចេញទៅ។


ចេញផុតពីនោះបានបន្តិច ក៏ស្រាប់តែមានអារម្មណ៏ថាធុំក្លិនបៀរយ៉ាងខ្លាំង។ ក្រឡេករកមើលក៏ស្រាប់តែឃើញមនុស្សជាច្រើនដើរលក់ស្រាបៀរ ដែលអ្នកលក់នោះភាគច្រើនទំនងជាជនជាតិ ឥណ្ឌា នេប៉ាល់ ស្រីលង្ការ ជនជាតិស្បែកខ្មៅ មួយចំនួនផងដែរ។ គេដាក់បៀរក្នុងធុងរួចដើរសួរម្តងមួយៗ។ អ្នកទិញនោះភាគច្រើនគឺក្មេងៗដែលមានចរឹកជើងកាង ព្រមទាំងទេសចរណ៏ចាស់ៗមួយចំនួន។ ក្មេងៗទំនងជាជើងកាងទាំងនោះ អ្នកខ្លះផឹកឡើងស្រវឹងអួទីនួ បង្ហាញអាការះច្រឡើសបើស។ សម្រាមចោលទំពាស មានកំប៉ុង ដបស្រាបៀរ កន្ទុយបារី សម្បកបារី ដែលច្រើនជាងគេគឺកន្ទុយបារី បើទោះបីជាយ៉ាងនេះក៏ដោយ ក៏ឃើញមានបុគ្គលិកស៉ីនទ្រីគេ២នាក់ដើរប្រមូលសម្រាមដែលនៅពាសវាលពាសកាលនោះដែរ។


បន្តដំណើរមកដល់ខាងមុខចំទួអេហ្វេលដែលមានទឹកបាញ់ មានរូបក្បាលគោដុះស្នែង គឺមានវិមានមួយ ទំនងជាវិមានរដ្ឋ ដែលក្រោយមកខ្ញុំស្គាល់ថាជា Trocadero ហើយនៅវាលនោះមានគេចាក់ភ្លេង ចង្វាក់ waltz និង slow ហើយមានអ្នកចូលរួមជាគូៗ ដែលភាគច្រើនជាវ័យចាស់។ មិនដឹងជាចេតនានោះដើម្បីអីទេ អ្នករាំអាចជាគ្នាអ្នកចាក់ឬមិនដឹង។ ខ្ញុំអង្គុយសសេរក្បែរនោះជាងកន្លះម៉ោងទៅហើយ ហើយគេនៅតែចាក់ភ្លេង រីឯចាស់ៗទាំងនោះនៅតែរាំ ហើយថែមទាំងមានគូស្នេហ៍វ័យកណ្តាលមួយចំនួនចាប់ផ្តើមចូលរាំផងដែរ។ អ្នកឈរមើលជុំវិញ ទាំងគូៗសម្តែងអាការះសប្បាយ កាន់ដៃ អោបចង្កេះគ្នា សម្លឹងមើលមុខគ្នាយ៉ាងរ៉ូមេនតិក។ ម្តងៗពួកគេបានថើបជញ្ជក់មាត់គ្នា (french kiss) ដោយមិនខ្មាស់អ្នកណាគេ។ ក្រឡេកមើលទៅអ្នកថតរូបវិញ ទាំងគូៗ ថតជាមួយគ្នា ជញ្ជក់មាត់គ្នា មានចាស់ មានក្មេង មើលទៅសប្បាយរីករាយមែនទែន ខុសអីតែខ្ញុំដែលអង្គុយឈ្ងោកមុខសសេរអក្សរលើទូរស័ព្ទម្នាក់ឯង...។ មើលទិដ្ឋភាពទាំងអស់នោះ ភាពស្រងូតស្រងាត់ក៏បានកើតឡើងចំពោះខ្ញុំ។ បានមកដល់កន្លែងដែលខ្លួនចង់មកបំផុត គឺជារឿងរំភើបខ្លាំងណាស់ ប៉ុន្តែនៅពេលនេះខ្ញុំហាក់បីដូចជាខ្វះអ្វីម្យ៉ាង។

 មែនហើយ ធ្លាប់គិតតាំងពីដើមមកថា ខ្ញុំនឹងបានមកជាមួយមនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានមកដល់មែន គឺមកដល់តែម្នាក់ឯង...សែនឯកា

ប៉ារីស ថ្ងៃទី២ មិថុនា ឆ្នាំន២០១៩ វេលាម៉ោង ២១:១៧នាទី ត្រូវនឹងម៉ោង ២:១៧នាទីព្រឹក ម៉ោងនៅកម្ពុជា។ 

**** នៅមានព្រឹត្តិការណ៍មួយដែលខ្ញុំមិនបានសសេរ គឺហេតុនៅព្រលានយន្តហោះ ហ្សាលដឺហ្គោល (CDG2) ព្រមទាំងមធ្យោបាយទៅអូតែល។ កំសត់ណាស់ថ្ងៃនោះ ចង់ស្រក់ទឹកភ្នែក។ នៅតែចងចាំមិនភ្លេច។















ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី២

 ដំណើរឆ្ពោះទៅទិសខាងលិច ទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ ថ្ងៃទី២ - ព្រលានយន្តហោះ Abu Dhabi 

ចុះពីលើយន្តហោះ Airbus ដ៏ធំ ក្រឡេកមើលទៅម៉ោងក្នុងទូរស័ព្ទ គឺម៉ោង ៨:៤៨នាទី។ ខ្ញុំបានដើរចេញម្នាក់ឯងក្រោយគេ ព្រោះអង្គុយនៅកាប៊ីនក្រោយគេ ហើយយកឥវ៉ាន់ក្រោយគេ។ មើលទៅបង្អួចតាមផ្លូវដើរ ព្រះអាទិត្យលើកទី១ សម្រាប់ខ្ញុំនៃទឹកដី អារ៉ាប់អេមីរ៉ាត បានរះឡើង។ វាមានទំហំធំ និងមិនសូវខុសប្លែកពីស្រុកខ្មែរឡើយ។ ដើរចូលមកដល់ច្រកអាគារ រឿងដំបូងដែលខ្ញុំត្រូវធ្វើ ដូចដែលលោកអ្នកដឹងស្រាប់ហើយ គឺរកបន្ទប់ទឹក។ ខំទប់ជាង៦ម៉ោងលើយន្តហោះ គឺនឹងត្រូវជំរុះចោល បើទោះបីជាអាចដឹងថា គេនៅប្រើក្រដាសដដែល។ Oh god, I am in heaven! ខ្ញុំនឹកភ្នកក្នុងចិត្តម្នាក់ឯងយ៉ាងរីករាយ។ នោះគឺថា បង្គន់គេមានទឹកលាង :) ហើយឡើងត្រជាក់។ ក្តីមួហ្មងក៏រលាយអស់។ នៅទីនេះពិតជាខុសពីការគិតរបស់ខ្ញុំមែន។ ប្រទេសនៅលើវាលខ្សាច់ដ៏ក្តៅ គ្មានទឹក ប៉ុន្តែបែរជាពួកគេយកទឹកមកលាងសម្អាតទៅវិញ។ គេច្បាស់ជាមានប្រព័ន្ធគ្រប់គ្រងទឹកល្អហើយ។ ព្រលានយន្តហោះនេះ គឺមានសភាពល្អប្រសើរជាង សុវណ្ណភូមិ ព្រោះវារាងតូច និងស្ងាត់។ ត្រជាក់ស្រួល ទាំងទឹក ទាំងសីតណ្ហភាព។ ខ្ញុំដើរឆ្ពោះទៅកន្លែងពិនិត្យឥវ៉ាន់មុន transit ។ សូមលោកអ្នកចងចាំថា ភាសាអង់គ្លេសគឺសំខាន់ណាស់ លោកអ្នកត្រូវមើលអោយយល់នូវសញ្ញា និងអានអក្សរបញ្ជា។ សូមកុុំរំពឹងលើការប្រកាសតាមមេក្រូ។ សូមលោកអ្នកតាមដានអោយបានជាប់នូវក្តារព័ត៌មានដែលគេដាក់តាមផ្លូវ។ ឆ្លងកាត់កន្លែងត្រួតពិនិត្យហើយ ខ្ញុំបានមកដល់កន្លែងគេលក់ឥវ៉ាន់ផ្សេងៗ។ ប្រទេសនេះ រាងចម្លែកបន្តិច ព្រោះអ្នកលក់ភាគច្រើនគឺប្រុសៗ រាងខ្ពស់ៗសង្ហាៗ មានពុកមាត់ (បើចេកៗមកច្បាស់ជាលាន់មាត់ថា Oh god, I am in heaven មិនខាន)។ គ្រឿងលក់នៅក្នុងនោះសុទ្ធតែជារបស់ថ្លៃ មានច្រើនសម្បើមណាស់នូវគ្រឿងអលង្ការ និងទឹកអប់។ ខ្ញុំមិនបានឆែកតម្លៃទេ ព្រោះសល់ពេលខ្លី ហើយអ្វីដែលសំខាន់នោះគឺ អាហារពេលព្រឹក។

ទីនោះដូចកន្លែងដទៃទៀតដែរ គឺគេតម្រូវអោយចាយលុយគេ គឺ AED ដែលពាក្យពេញវាទំនងជា Arab Emirate Dollar ហើយមើលទៅ។ ខ្ញុំដូរ៥០ដុល្លារ គឺបានប្រមាណជា AED160 ហើយក៏ស្ទុះវឹងទៅរកអាហារពេលព្រឹក។ លោកព្រះ គុយទាវគេមួយចាន បង្គារខ្នាតមធ្យមប្រហែល៥ដុំ គឺថ្លៃ AED 51 ប្រមាណជិត១៥ដុល្លារ។ គ្មានជំរើសល្អទេក៏ញាំវាទៅកុំអោយឃ្លាន។ ក្រឡេកមើលទឹកសុទ្ធវិញ គឺមានតម្លៃទាបបំផុត AED11 ។ សុខចិត្តអត់ ក៏ដើរទៅតាម gate ផ្សេងរកទឹកញាំ ក៏ដូចជាដើរមើលគេផង។ បានដូចចិត្ត រកទឹកញាំអត់បានសោះ ក៏ប្រទះម៉ាសីុនលក់ទឹក។ ធូរថ្លៃជាងនោះឆ្ងាយណាស់ គឺថ្លៃតែ AED 2 ទេ។ ចង់ញាំកាហ្វេ ចុចមិនចេញ ខ្លាចខ្មាស់គេ ក៏ទម្លាក់កាក់មកវិញទៅ។ 

ខ្ញុំត្រូវរង់ចាំជិតពីរម៉ោងទៀតដើម្បីហោះទៅប៉ារីស។ នៅទីនេះស្ងាត់ស្ងៀមល្អណាស់ មិនមានសម្លេងរំខាន។ កន្លែងអង្គុយក៏ធំទូលាយ ត្រជាក់ស្រួល...។ល។ 

មើលម៉ោងក្នុងទូរស័ព្ទខ្ញុំគឺម៉ោង ១០:៥០នាទីហើយ ហើយសល់មួយម៉ោងប្រាំនាទីទៀតខ្ញុំនឹងបានឡើងយន្តហោះទៅកាន់ទីក្រុងនៃក្តីស្រម៉ៃហើយ។ ៦ម៉ោងជាងលើយន្តហោះ លឿនឬឆាប់ អាស្រ័យលើអ្នកអង្គុយជិត។ 

បងប្អូនជូនពរអោយអង្គុយក្បែរស្រីស្អាតមក នឹងអាលខ្ញុំប្រើជំនាញទិនហ្វីបន្ត  :)

គេជិតដល់ម៉ោងប្រកាសអោយចូលយន្តហោះហើយ ហើយខ្ញុំក៏ត្រៀមខ្លួនដែរ។ ជួបគ្នានៅប៉ារីស ក្នុង៧ម៉ោងទៀត។

Abu Dhabi Airport ថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧:៥៤នាទីព្រឹក














ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី១ តចប់

 ថ្ងៃទី១នៃដំណើរឆ្ពោះទៅកាន់ទីក្រុងប៉ារីស (តចប់)

នៅព្រលានយន្តហោះសុវណ្ណភូមិ សម្រាប់ខ្ញុំវាគឺជារឿងដ៏គួរអោយធុញទ្រាន់ណាស់ដោយហេតុថា ព្រលាននោះលឺសូរតែសម្លេង final announcement អោយអ្នកដែលយឺតយ៉ាវ ប្រញ៉ាប់មកអោយលឿន។ នៅទីនោះ ក្នុងអំឡុងពេលរង់ចាំ ខ្ញុំបានដើរកន្លែងសមគួរមួយដែលអាចអោយខ្ញុំសាកទូរស័ព្ទបាន គឺនៅតាមបណ្តោយផ្លូវទៅកាន់ Boarding gate។ មនុស្សដើរទៅមក សម្លេងប្រកូកប្រកាសហៅភ្ញៀវលាន់លឺស្ទើរតែរៀងរាល់វិនាទី។ មើលទៅមនុស្សជុុំវិញខ្លួនខ្ញុំដែលដើរទៅដើរមកនោះ គឺមានដំណើរលឿនរហ័ស ផ្ទុយពីខ្ញុំដែលធុញទ្រាន់ព្រោះការរង់ចាំយូរ (ទិដ្ឋភាពនោះដូចគ្នាបេះបិទនៃទិនហ្វី ក្នុងរឿងទិនហ្វីប្រែកាយ ដោយបន្ទាប់ពីលឺគេនិយាយថា ទិនហ្វីឯង មិនសង្ហាទេ គឺធ្វើទិនហ្វី អស់សង្ឃឹមយ៉ាងខ្លាំ ដើរឈ្ងោកមុខចុះ ក្នុងការវិការយឺតៗមួយៗ ក្នុងខណៈពេលដែលអ្នកដទៃកំពុងមានកាយវិការលឿនៗ។ បើលោកអ្នកមិនដែលមើលវា សូមរកមើលក្នុងយូធូបទៅ នឹងឃើញហើយ)។

តាមបទពិសោធខ្ញុំ នៅគ្រប់ព្រលានយន្តហោះដែលខ្ញុំទៅ គឺគេប្រើក្រដាសសម្រាប់ជូតសម្អាត ដែលខុសពីស្រុកយើងប្រើប្រាស់ទឹកលាង។ អ្នកមិនដែលធ្លាប់ដូចខ្ញុំគឺជា hell. Oh my God, I hate it so much in my entire life។ ប៉ុន្តែរឿងនេះនឹងប្រែជាល្អសម្រាប់ ប្អូនប្រុសខ្ញុំម្នាក់ គឺ @បីសាចគោ។ មិនដឹងជាហេតុអ្វី អោយតែទៅឃើញបង្គន់មិនមានទឹកលាង ហើយមានតែក្រដាសជូតគឺធ្វើអោយខ្ញុំនឹកឃើញ @បីសាចគោ ហើយ ហើយក៏នឹកឃើញដល់ field work នៅខេត្តកំពង់ធំ ក្នុងគម្រោង ILO ដែរ។ រឿង @បីសាចគោ និងបង្គន់ប្រើក្រដាស សូមស្លេសទុកសិន ចាំនិទានពេលក្រោយ។ បង្គន់លើយន្តហោះ ក៏មិនស្រួលដែរ ធំក្លិនទឹកថ្នាំ ប្រើក្រដាស ញ័រ។ល។ ពិបាកមិនស្រួលដូចផ្ទះយើងទេ។

ជាង៤ ម៉ោងជាងដែលខ្ញុំអង្គុយរង់ចាំក្នុងព្រលានយន្តហោះសុវណ្ណភូមិ គឺយូរប្រៀបដូច៤ថ្ងៃ នៅទីក្នុងផ្សារអញ្ចឹង បើទោះបីជានៅអង្គុយជិតខ្ញុុំ មាននារីម្នាក់ដែលខ្ញុំអោយខ្ចីដុំសាកទូរស័ព្ទក៏ដោយ (អត់ហ៊ានប្រើវិជ្ជាទិនហ្វីទេ ព្រោះនាងរាងទាប ជនជាតិអាសីុ ណាមួយទូរស័ព្ទនាងមាន wallpaper រូបកូនក្មេងផង)។ នាងដាក់ទូរស័ព្ទសាកចោលហើយក៏គេងលក់លើកៅអីបាត់ទៅ រីឯខ្ញុំចេះតែឆ្ងល់ថា ម៉េចនាងគេងកើត ឬកៅអីនោះទំនងជាធំសម្រាប់នាងហើយមើលទៅ ព្រោះនាងអង្គុយពេញកៅអី ជើងនាងអត់ដល់ដីផងហ្នឹង។ ខ្ញុំត្រូវរង់ចាំនាងយកដុំសាក អត់ហ៊ានដាស់ អត់ហ៊ានទៅបន្ទប់ទឹកព្រោះខ្លាចបាត់ដុំសាក គឺត្រូវរង់ចាំនាងរហូតដល់ information board ហៅអោយចូល gate ១ម៉ោងមុនហោះ។ ខ្ញុំក៏សម្រេចចិត្តក្រោកឡើងដកយកដុំនោះចេញ ដោយគិតក្នុងចិត្តថា វរវរ អ្នកជុំវិញចោទខ្ញុំចោរទៅ ព្រោះនាងកំពុងគេង ឯខ្ញុំដកយកដុំសាកវិញដោយនាងមិនដឹងខ្លួន។

ម៉ោងជាង២ភ្លឺ ថ្ងៃទី២មិថុនា យន្តហោះបានហោះឡើង។ ហោះបានប្រហែលជាង២០នាទី យន្តហោះក៏រង្គើយ៉ាងខ្លាំង ក្រឡេកទៅបង្អួច ឃើញផ្លេកបន្ទោរឆ្វេចឆ្វាច។ អីយ៉ាស់ ដូចក្នុងរឿងហើយតើអញ បានថតសកម្មភាពចឡាចល ឬថតវីដេអូផ្តាំផ្ញើរកូនឬអត់ទេ? ពីឡុត ដូចជាមិនប្រកាសអី ហើយដូចមិនឃើញអីធ្លាក់មក បាហុនិកា ក៏ធម្មតា ភ្ញៀវក៏ធម្មតា ពិនិត្យឃើញដូច្នោះ ខ្ញុំក៏គិតថាធម្មតាដូចគេ។ បន្តមកទៀត ខ្ញុំព្យាយាមសម្រាក បិទភ្នែក ប៉ុន្តែមិនស្រួលទេ បើទោះបីជាកៅអីជួរខ្ញុំមានពីរកៅអី ហើយអង្គុយតែខ្ញុំម្នាក់ឯងក៏ដោយ ក៏ខ្ញុំមិនអាចបត់កៅអីតម្រេតបានដែរ។ ខំប្រើប្រាស់បច្ចេកទេសវិបស្សនា គឺអាចជួយបានអោយគ្រភងសៅហ្មងចិត្ត let it be។ ទោះបីជាយ៉ាងក៏ដោយក៏វានៅតែមិនស្ងប់ ព្រោះសភាពអង្គុយពេលងងុយគេងគឺុំិនស្រួលឡើយ។ ក្នុងចិត្តគិតចង់អោយវាឆាប់ដល់ មើលទៅ flying board លើកញ្ចក់ទូរទស្សន៏តាមកៅអី មើលហើយស្លុតចិត្ត ព្រោះមានអារម្មណ៏ថា យន្តហោះហោះយឺត។ ក្រឡេកមើលទៅក្រៅ ខ្មៅក្រិប មើលមិនយល់ថាជាអ្វី គ្រាន់តែដឹងថា យន្តហោះកំពុងហោះលើសមុទ្រ។

ធ្មេចបើកៗ ភ្លើងក៏ភ្លឺឡើង ជាសញ្ញាដាស់អោយភ្ញៀវក្រោក។ ក្រឡេកមើលទៅបង្អួច ឃើញងងឹតដដែល មើលទៅ information board គេដាក់ថាម៉ោង ៤:២៤ នាទី។ បាហុនិកា ចាប់ផ្តើមចែកអាហារ។ ខ្ញុំវិញគិតថា ស្រុកនេះម៉េចក៏ចម្លែកម្លេះ ញាំអាហារពេលព្រឹកម៉ោង៤ភ្លឺ ប៉ុន្តែពេលក្រឡេកមើលម៉ោងក្នុងទូរស័ព្ទខ្ញុំ គឺម៉ោង ៧:២៤នាទី (ម៉ោងនៅស្រុកខ្មែរ) ។ គេរុញរទេះអាហារមកដល់ បាហុនិកា ម្នាក់ក៏សួរខ្ញុំ សួរស្តាប់បានមួយម៉ាត់គត់ ត្រង់ថា French toast ខ្ញុំក៏អូខេយកវា។ ព្រះអឺយ kill me please, កំពុងមិនចូលចិត្តផ្អែមផង មានសុទ្ធតែនំផ្អែមទាំងអស់។ ញាំបានពីរដុុំដើម្បីកុំអោយដាច់សទ្ធាគេ។ អរគុណតែក្តៅ ដែលធ្វើអោយខ្ញុំមានកម្លាំងឡើងវិញ។ ហើយខ្ញុំក៏ចាប់ទូរស័ព្ទមកសសេរ ដើម្បីកុំអោយធុញ។

នៅពេលនេះម៉ោង ៨:៣៤នាទីព្រឹក ម៉ោងក្នុងទូរស័ព្ទខ្ញុំ។ ពីឡុតប្រកាសអំពីការជិតដល់ចំណត ហើយមេឃក៏ចាប់ផ្តើមភ្លឺពេញលេញដែរ។ ក្រឡេកមើលទៅក្រោម សុទ្ធតែខ្សាច់។ វាលខ្សាច់ល្ហល្ហេវ អមដោយពីរបីព័ណ៌ខ្មៅ ដែលទំនងជាផ្លូវ។ បានឃើញសំណង់អគារហើយ គឺដូចនៅក្នុងហ្កេម pubg បេះបិទ ទាំងសំណង់អគារ ទាំងវាលខ្សាច់ មើលពីលើទៅតូចៗដូចបេះដាក់។ ស្រុកនេះគ្មានព្រៃទេ ក៏ប៉ុន្តែឃើញមានដាំដើមរុក្ខជាតិ ទំនងជាដូងប្រេងលើវាលខ្សាចធំៗទាំងនោះ មើលមួយភ្លេតទៅដូចសក់ក្បាលពួកជនជាតិស្បែកខ្មៅ ដែលមានសក់មួយកញ្ចុំៗរ៉ុយៗ។ ជិះពីលើទីក្រុងធំហើយ នៅតែគ្មានដើមឈើ ផ្ទះមិនសូវញឹកទេ ប៉ុន្តែផ្លូវខ្វាត់ខ្វែង។ ផ្ទះនោះ មើលទៅរបៀបដីឡូត៏ ធំៗ កំពស់ប្រមាណ៣ជាន់ ព័ណ៌សុទ្ធតែទឹកដោះគោ។ ថ្មើរណេះសោះ មានចរាចរណ៏ច្រើនបាត់ហើយ...។ល។

យន្តហោះក៏ចុះដល់ដីល្មមគឺនៅវេលាម៉ោង ០៨:៤២នាទីព្រឹក ម៉ោងនៅកម្ពុជា...

ស្តាយអត់បានថតពីលើ  :)

សម្លេងក៏បានបន្លឺឡើង Good morning lady and gentlemen. Welcomហe to Abu Dhabi...ដែលជាទឹកដី អារ៉ាប់អេមីរ៉ាត។ ខ្ញុំត្រូវរង់ចាំរយះពេល៣ម៉ោងទៀត មុននឹងដល់ ប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ...




ដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ - ថ្ងៃទី១

ថ្ងៃទី១ នៃដំណើរឆ្ពោះទៅទីក្រុងប៉ារីស ទីក្រុងនៃក្តីស្រម៉ៃ

ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខ្ញុំបានចេញដំណើរតាំងពីផ្ទះម៉ោង៣កន្លះដើម្បីអោយទាន់ការធ្វើដំណើរ តាមរយៈ passapp។ តាមពិតទៅមានអ្នកស្ម័គ្រចិត្តជូនខ្ញុំទៅច្រើនណាស់ មានទាំងអ្នកម្តាយ អ្នកធ្វើការជាមួយគ្នឆ មិត្តភក្តិ ប្អូន បង តាមរយៈមធ្យោបាយនានាជាច្រើន មានទាំងឡាន មានទាំង passapp មានទាំងទុកទុក ។ល។ ប៉ុន្តែខ្ញុំមានទម្លាប់មួយទៅណាតែម្នាក់ឯងស្រាប់ហើយ ហើយក៏បានបដិសេធនូវសណ្តានចិត្តរបស់ពួកគាត់។ អរគុណជាពន្លឹកចំពោះការយកចិត្តទុកដាក់ដែលមានចំពោះខ្ញុំ។ ម៉ោងជាង៤ភ្លឺ ខ្ញុំបានមកដល់ព្រលានយន្តហោះភ្នំពេញ។ ថ្មើរណេះ នៅព្រលានយន្តហោះគឺសូវមានមនុស្សច្រើនទេ។ ខ្ញុំត្រូវអង្គុយរង់ចាំគេបើកកន្លែងឆែកអ៉ីន មុននឹងចូលឆែកអ៉ីន។រហូតដល់ម៉ោង៥កន្លះដើម្បីអោយបានចូលឆែកអ៉ីន។

**************

 ខ្ញុំសូមលើកយកឱកាសនេះពន្យល់និងសម្រាប់ជូនបងប្អូនយើងណាដែលមិនដែលមានបទពិសោធន៍ធ្វើដំណើរតាមយន្តហោះទៅក្រៅប្រទេស ដើម្បីអោយពួកគេមានលទ្ធភាពអាចធ្វើដំណើរដោយខ្លួនឯងបាន។ បងប្អូនត្រូវចាំថា មុននឹងធ្វើដំណើរទៅក្រៅប្រទេស បងប្អូនត្រូវចាំបាច់ពិនិត្យមើលជាមុនសិនថាតើប្រទេសយើងចង់ទៅនោះតម្រូវអោយមានវីហ្សា មុនឬអត់? វីហ្សា មានន័យថាលិខិតអនុញ្ញាតអោយចូលទៅប្រទេសមួយ ដែលជាទូទៅគេអាចស្នើសុំជាមុនតាមរយៈស្ថានទូតនៅក្នុងប្រទេសយើងជាមុនសិន ហើយជាទូទៅប្រទេសអឺរ៉ុបគឺភាគច្រើនឬទាំងអស់គឺតម្រូវអោយសុំមុន ដូចករណីខ្ញុំ គឺខ្ញុំត្រូវសុំទៅស្ថានទូតបារាំងនៅក្រុងភ្នំពេញជាមុន មិននឹងខ្ញុំទៅ។ ដំណើរការនៃការសុំវីហ្សា គឺមានភាពខុសប្លែកគ្នាពីប្រទេសមួយទៅប្រទេសមួយ ហើយខ្ញុំអាចនឹងលើកយកមកជម្រាបជូនពេលក្រោយ ឬបងប្អូនអាចឆាយឬខលមកសួរខ្ញុំបាន។ ប្រទេសមួយចំនួន គឺគេអោយវីហ្សាពេលមកដល់ប្រទេសគេតែម្តង (visa on arrival) ឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ានគឺគេអោយវីហ្សាពេលមកដល់ គឺគេអោយនៅក្នុងព្រលានតែម្តង។ ដោយមិននិយាយតពីវីហ្សា បងប្អូនត្រូវមានសំបុត្រយន្ត ដែលបងប្អូនត្រូវកក់និងបង់លុយទុកជាមុន ដែលការទិញសំបុត្រយន្តហោះគឺធ្វើឡើងតាម internet ឬភ្នាក់ងារទេសចរណ៍។ ការទិញឬលក់សំបុត្រយន្តគឺមិនដូចជាការទិញឬកក់សំបុត្រឡានក្រុងស្រុកយើងទេ។ បើយើងមិនចេះភាសារអង់គ្លេស ឬមានភាពលំបាក បារម្ភ សូមទាក់ទងភ្នាក់ងារទេសចរណ៍ គឺគេនឹងជួយសម្រួលយើងអោយម៉ាស្រួល។ បន្ទាប់ពីកក់ហើយ យើងនឹងបានលិខិតមួយដែលបញ្ជាក់ពីការទិញសំបុត្រយន្តហោះ ដែលក្នុងលិខិតនោះ គេបញ្ជាក់ច្បាស់ពីជើងហោះហើរ ម៉ោងចេញដំណើរ គោលដៅត្រូវទៅ ម៉ោងដល់ (ម៉ោងនៅប្រទេសគោលដៅ)។ល។ បងប្អូនត្តូវយកលិខិតនោះទៅឆែកអ៉ីន។ បងប្អូនត្រូវចាំថា ការឆែកអ៉ីនគឺចំណាយពេលយូរគួរសម បងប្អូនត្រូវយកចិត្តទុកដាក់បន្តិចរឿងម៉ោងពេល មានន័យថា ត្រូវទៅដល់ព្រលានមុន២ម៉ោងនៃយន្តហោះចេញដំណើរ។ ពេលចូលទៅក្នុងព្រលាន សូមបងប្អូនក្រលេកមើលរកទូរទស្សន៍ដែលបង្ហាញពីព័ត៌មាននៃជើងហោះហើរ ទីក្រុងគោលដៅ ម៉ោងចេញដំណើរ ព្រមទាំងកន្លែងដែលត្រូវទៅឆែកអ៉ីន។ បើគេបើកកន្លែងឆែកអ៉ីន គឺវានឹងចេញ ហើយកាន់តែងាយស្រួល គឺបងប្អូនសូមមើលតាមស្លាកសញ្ញាក្រុមហ៊ុនអាកាសចរណ៏ក៏បាន។ សូមបងប្អូនផ្ទៀងផ្ទាត់ជាមួយលិខិតបញ្ជាក់ពីការទិញសំបុត្រយន្តហោះរបស់បងប្អូន រួចទៅតម្រង់ជួរចាំឆែកអ៉ីន។ កុំភ្លេចយកវ៉ាលីទៅជាមួយផងដើម្បីគេថ្លឹងគីឡូ។ ពេលឆែកអ៉ីន ត្រូវមានប៉ាស្ព័រទីជាមួយ និង/ឬលិខិតបញ្ជាក់ពីការទិញសំបុត្រយន្តហោះ បើអត់មានលិខិតនោះក៏មិនអីដែរ អោយតែយើងមានប៉ាស្ព័រ ព្រោះគេអាចផ្ទៀងជាមួយប្រព័ន្ធទិន្នន័យគេដែលបងប្អូនបានកក់រួចជាមុននោះ។ ពេលឆែកអ៉ីនចប់ គេនឹងអោយសំបុត្រយន្តហោះមកយើង ហលយសូមបងប្អូនទុកវាអោយស្រួលជាមួយប៉ាស្ព័រកុំអោយបាត់ ប៉ុន្តបើបាត់សំបុត្រយន្តហោះក៏មិនអីដែរ វាគ្រាន់តែបង្ករការលំបាកដល់យើងតែប៉ុណ្ណោះ។ បានសំបុត្រហើយ សូមទៅបើកយកប្រាក់ពន្ធមកវិញផង (សូមសួរគេឯង គេនឹងប្រាប់មិនខាន)។ រួចរាល់ហើយសូមបងប្អូនឡលងទៅលើ ដើម្បីជួបក្រុមអន្តោប្រវេសន៍។ ខ្ញុំសូមអត់និយាយរឿងនេះទេ ព្រោះខ្លាចដាច់សាច់រឿងខ្ញុំ។

*****************

ម៉ោងជិត៧ព្រឹក ខ្ញុំក៏បានចូលយន្តហោះ។ អ្វីដែលគួរអោយចាប់អារម្មណ៏នោះ គឺបាហុនិកា របស់ Bangkok Airway ស្រីៗគឺមានសម្រស់ស្អាតមែនទែន រួសរាយទន់ភ្លន់ ញញឹមស្រស់ ទាក់ទាញ ចំណែកឯបាហុនិកាប្រុស វិញ គឺសង្ហា ហើយមានលក្ខណះដូចជាចេកៗ ទន់ៗ ម្ញិម្ញ៉ក់ ប៉ុន្តែគាត់បំពេញតួនាទីបានយ៉ាងល្អជាបាហុនិកានារីទៅទៀត។ 

ពនិត្យលើយន្តហោះទៅ ឃើញថាសំណាងដែរ ជើងនោះមិនសូវមានមនុស្ស ដោយជួរខ្ញុំ៣កៅអី មានមនុស្សតែ២នាក់ គឺខ្ញុំនិងនារីជនជាតិអឺរ៉ុបម្នាក់។ នាងមានសម្រស់ស្អាតមែនទែន រាងស្គម ស្តើង សក់រួញ ស្បែកស ភ្លឺរលោង ញញឹមស្រស់ កែវភ្នែកមុតថ្លា បបូរមាត់ស្តើហងមើលទៅទន់និងក្រហម។ នាងទំនងជាមានអាយុ ២១ ឬ២២ឆ្នាំ ហើយដូចជាកូនសិស្សផងក៏មិនដឹង។ ពិតជាសំណាងមួយក្នុងចំណោមសំណាងផ្ទួនៗមែន។ ដើម្បីកុំអោយខាតពេល ខ្ញុំបានប្រើប្រាស់ជំនាញរបស់ខ្ញុំដែលបានហ្វឹកហាត់យ៉ាងសកម្មពីលោកគ្រូទិនហ្វីជាង១៥ឆ្នាំ មកបញ្ចេញលើនាងដោយចាប់ផ្តើមសំនួរដំបូង និងជាសំណួរបើកមុខ ហើយក៏ជាសំណួរ ចាក់ដោតថា "អត់ទោសតើអ្នកនាងអញ្ជើញធ្វើដំណើរទៅណាដែរ?" លឺហើយនាងក៏ទ្រឹង ព្រោះតែភ្ញាក់ផ្អើលនឹងសម្លេងដ៏ពីរោះនិងស្រទន់របស់ខ្ញុំ។ នាងភាំងនឹងសម្រស់របស់ខ្ញុំមួយសន្ទុះ នាងក៏ឆ្លើយដោយទឹកមុខក្រហមរាងអៀនប្រៀន (ពេលនោះខ្ញុំបានប្រើកែវភ្នែក ទិនហ្វី របស់ខ្ញុំសម្លឹងភ្នែកនាង) ព្រមទាំងមានអាការះជ្រួលច្របល់ ថា នាងទៅបាងកក ហើយមុននេះនាងបានទៅវៀតណាម ហើយមកកម្ពុជាលេងបានប៉ុន្មានថ្ងៃ។ ខ្ញុំក៏បន្តប្រើប្រាស់ជំនាញទិនហ្វី ព្រមទាំងជំនាញជជីកសួរពីការងារស្រាវជ្រាវរបស់ខ្ញុំ ដោយបន្តសាកសួរនាង ហើយក៏ដឹងថានាង ជាជនជាតិអាល្លឺម៉ង់ មិនមែនជាសិស្សទេ គឺនាងជា Project Manager ក្នុងគម្រោង IT មួយ។ នាងមានអាយុ៣០ឆ្នាំ មិនមែន២១ ឬ២២ ដូចខ្ញុំគិតនោះទេ។ ដោយនាងទំនងជាពេញចិត្តនឹងសម្រស់របស់ខ្ញុំ ខ្ញុំនិងនាងបានបន្តកិច្ចសន្ទនាយ៉ាងសប្បាយរីករាយនិងស្និទស្នាល ជាទីបំផុត។

ជាងមួយម៉ោងលើយន្តហោះពីភ្នំពេញទៅបាងកក នៅក្បែរនាង មានអារម្មណ៏ថាពេលវេលា ហាក់បីជាលឿនណាស់ គឺលឿនប្រៀបដូចជា១០នាទី។ ជជែកគ្នាៗ ងាកមើលទៅកញ្ចក់យន្តហោះ ក៏ដឹងភ្លាមថា នាទីបន្ទាប់នាងនឹងត្រូវបែកពីខ្ញុំហើយ។ ហើយមិនបង្អង់យូរខ្ញុំក៏បានប្រើក្បាច់ពិសេសចុងក្រោយរបស់ទិនហ្វី គឺខ្ញុំបានចាប់ដៃនាង ច្របាច់ដៃនាងយ៉ាងណែន ហាក់ចង់បង្ហាញបហរាប់នាងថា ខ្ញុំមិនចង់បែកពីនាងសោះឡើយ។ ចំណែកនាងវិញ នាងបានកាន់ដៃខ្ញុំ ព្រមទាំងសម្លឹងកែវភ្នែកខ្ញុំមិនដាក់ភ្នែក អមដោយដំណក់ទឹកថ្លាៗចេញពីកែភ្នែករបស់នាង ត្បិតនាងកំពុងរលីងរលោង នាងបានដើរចូលមកកៀកខ្ញុំបន្តិច ព្រមទាំងនិយាយទាំងអួលដើមកប្រាប់ខ្ញុំថា លោកកំពុងជាន់ជើងខ្ញុំ ខ្ញុំឈឺខ្លាំងណាស់ ទ្រាំមិនបានទេ។ រំបល់យក៏ ស្មានតែនាងចង់សារភាព ឬចង់ប៊ីប៊ីខ្ញុំ ខំតែអរ។ និយាយចប់ ខ្ញុំបានដកជើងចេញ ហើយនាងក៏ងាកចេញយ៉ាងលឿនដោយមិនអោយខ្ញុំឃើញទឹកភ្នែកនាងដែលស្រក់នោះឡើយ។ ខ្ញុំបានសម្លឹងនាងដើរចេញពីខ្ញុំក្នុងដំណើរប៉ាំងខ្ញើចៗ ក្រោមភាពប្រជ្រៀតគ្នាននៃមនុស្ស។ ខ្ញុំនិងនាងបានបែកគ្នា ដោយទាំងខ្ញុំមិនស្គាល់ឈ្មោះនាង និងនាងមិនស្គាល់ឈ្មោះខ្ញុំ ប៉ុន្តែយ៉ាងណាក៏ដោយក៏យើងទាំងពីរមានអនុស្សាវរីយ៍ល្អច្រើនណាស់ ជាពិសេសអនុស្សាវរីយ៍មុនបែកគ្នា។

ភាគបន្ត ខ្ញុំនឹងរៀបរាបអំពីរឿងរ៉ាវនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ។



Tuesday, May 2, 2023

ហួសពេលនឹងស្តាយ

 នៅពេលកំពុងលើកដៃប្រណម្យបួងសួងទៅដល់អ្នកថែរក្សាដែនដីសុវណ្ណភូមិ ខ្ញុំបានត្រឹមញញឹមហើយលួចសម្លឹងមើលរូបនាងដែលកំពុងលត់ជង្គង់ បិទភ្នែកលើកដៃប្រណម្យនៅចំពោះមុខបដិមា ហើយនឹកក្នុងចិត្តថានារីម្នាក់នេះហើយដែលខ្ញុំស្រឡាញ់ និងសូុមបួងសួងសូមអោយទេវតាថែរក្សាទឹកដីនេះបណ្តាលអោយខ្ញុំនិងនាង បានជួបគ្នាជាគូអនាគត...


...ភ្លេងនៃបទចម្រៀងក៏ចាប់បន្លឺឡើង....


1. ចង់ប្រាប់ថាស្រឡាញ់អូន តែបេះដូងចេះតែញាប់ញ័រភ័យអរមិនហ៊ាន។ ស្រាប់តែអូនមានសង្សារចោលរូបបង ឱស្នេហ៍ស្នងបងស្តាយ ផ្កាយមួយដួងបងលួចគន់រាល់រាត្រី...។

2. បើហាស្លាក់ខ្ជ្ជាក់វាស្លែង ទ្រូងចំបែងព្រោះស្តាយបុប្ផាក្រពុំចាកទង បាំងដួងចិត្តបិទភ្នែកតស៊ូស្នេហ៍ផ្កា ផ្តល់មេត្តាដល់បង ដកចិត្តពីគេ អូខេ នឹងបងវិញទៅ។

3. ហួសពេលនឹងស្តាយ ឆោមឆាយមិនបែរភក្ត្រា ចំណែកព្រះសុរិយា លិចហើយក៏គង់រះវិញ តែដួងចិត្តអូនមិនវិលត្រឡប់រកបងវិញឡើយ។

4. បើហាស្លាក់ខ្ជ្ជាក់វាស្លែងទ្រូងចំបែងព្រោះស្តាយបុប្ផាក្រពុំចាកទង បាំងដួងចិត្តបិទភ្នែកតស៊ូស្នេហ៍ផ្កា មេត្តាដល់បង ដកចិត្តពីគេ អូខេ នឹងបងវិញទៅ

5. ហួសពេលនឹងស្តាយ ឆោមឆាយមិនបែរភក្ត្រា ចំណែកព្រះសុរិយាលិចហើយក៏គង់រះវិញ តែដួងចិត្តអូនមិនវិលត្រឡប់រកបងវិញឡើយ។

6. អូ...ឈឺចុកផ្សារក្នុងចិត្តព្រោះតែជីវិតបាត់ស្នេហា ហួសនឹងស្តាយ...

7. ហួសពេលនឹងស្តាយ ឆោមឆាយមិនបែរភក្ត្រា ចំណែកព្រះសុរិយា លិចហើយក៏គង់រះវិញ តែដួងចិត្តអូនមិនវិលត្រឡប់រកបងវិញឡើយ។ បងអង្វរ អូនផ្តាច់ស្នេហ៍ពីគេទៅ...

ហួសពេលនឹងស្តាយ! 

ហ៉ឺ...ស្តាប់ហើយ ពិតជាខ្លោចផ្សារក្នុងចិត្តខ្លាំងណាស់។