ថ្ងៃនេះក៏មកដល់ គឺជាថ្ងៃដែលខ្ញុំចូលបម្រើជាតិក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២។ ជាលើកទី២ហើយសម្រាប់ខ្ញុំដែលបានចូលរួមជាគណៈកម្មាធិការរៀបចំកីឡាអន្តរជាតិផ្នែកតេក្វាន់ដូ។ ដែលលើកទី១នោះ គឺចាប់ពីថ្ងៃទី៧ដល់៩ ខែមេសា ឆ្នាំ២០១១ ដែលជាការប្រកួតពានរង្វាន់តេក្វាន់ដូអាស៊ានលើកទី១០ ហើយកម្ពុជា ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍តេក្វាន់ដូជាលក្ខណៈអន្តរជាតិលើកទី១។ ខ្ញុំជាតំណាងតេក្វាន់ដូតែមួយរូបគត់ ដែលត្រូវធ្វើការជាមួយក្រុមការងារគណៈកម្មាធិការអូឡាំពិកកម្ពុជា ដោយកាលនោះខ្ញុំមានទំនួលខុសត្រូវលើការ Design មេដាយប្រចាំហ្គេម Design Certificate ជ័យលាភី design certificate អ្នកចូលរួម design pass ជាពិសេសនោះគឺការរៀបចំប្រព័ន្ធគ្រប់គ្រហវិញ្ញាបនប័ត្រជ័យលាភីពេលដែលកីឡាករឡើងទទួលមេដាយ ដែលគេតម្រូវអោយមានវិញ្ញាបនបត្រជ័យលាភីភ្លាមៗពេលចប់ការប្រកួត។
ការប្រកួតបានបញ្ចប់ដោយជោគជ័យ ស្នាដៃរបស់ខ្ញុំកាលណោះមានការកោតសសើរនិងទទួលស្គាល់អំពីការច្នៃប្រឌិត និងការគ្រប់គ្រងប្រព័ន្ធវិញ្ញាបនបត្រ។ ខ្ញុំនៅចាំច្បាស់ណាស់ កាលនោះ អូឡាំពិកអោយខ្ញុំ design មេដាយប្រចាំហ្គេម។ ខ្ញុំតបទៅវិញថា មិនអីទេ ខ្ញុំអាចធ្វើបាន បើទោះបីជាខ្ញុំមិនចេះប្រើប្រាស់ photoshop ក៏ដោយ ក៏ខ្ញុំនៅតែមានភាពជឿជាក់លើគំនិតច្នៃប្រឌិតរបស់ខ្ញុំ។ ទីបំផុត គម្រូមេដាយចំនួន៤ ត្រូវបានរៀបចំឡើងដើម្បីឆ្លងគណៈកម្មាធិការអូឡាំពិក មុននឹងដាក់ជូនសម្តេចសម្រេច។ ចុងក្រោយ សម្តេចបានអនុម័តមេដាយនោះ ហើយយើងយកវាទៅផលិតនៅឯប្រទេសវៀតណាម ព្រោះជំនាន់នោះប្រទេសយើងមិនមានម៉ាស៊ីនឃ្វៀលលើដែកទេ។
ឆ្នាំនេះ ម្តងទៀត ខ្ញុំត្រូវធ្វើការងារនៅលើទីលានប្រកួត ដែលត្រូវធានាថា វាសមស្របតាមស្តង់ដារ ការប្រកួតនឹងប្រព្រឹត្តទៅបានរលូន។ វាមិនទាន់មកដល់ទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីព្រឹត្តិការណ៍នេះ ដែលខ្ញុំអោយតម្លៃថាជាព្រឹត្តិការណ៍មានតម្លៃ និងមានសារៈសំខាន់បំផុតនៅក្នុងជីវិតខ្ញុំ...
No comments:
Post a Comment