Wednesday, April 12, 2023

Come to say goodbye

 "សុំទោស ខ្ញុំមកយឺត" នាងនិយាយមកកាន់ខ្ញុំ មើលមុខ និងសើចដាក់ខ្ញុំក្នុងលក្ខណៈមិនសូវជាមានអារម្មណ៏ comfortable នៅក្នុងខ្លួន។

មែនហើយ ថ្ងៃនេះថ្ងៃទីមួយ ដែលខ្ញុំឃើញនាង និងជួបនាងក្នុងចម្ងាយយ៉ាងជិត ក្រោយពីបែកគ្នាជាង៤ឆ្នាំ ដែល៤ឆ្នាំកន្លងមកនេះ យើងមិនដែលបានជួបនិយាយក្នុងចម្ងាយដ៏ជិត ឬអាចនិយាយគ្នាបានលើសពីមួយនាទី។

នាងអង្គុយចុះ។ ខ្សែភ្នែកខ្ញុំប្រទះខ្សែភ្នែកនាង ដែលអាចធ្វើអោយខ្ញុំស្មានដឹងថា នាងនៅតែមានអារម្មណ៍ហាក់មិនហ្នឹងហ្នក្នុងខ្លួន។ សកម្មភាពនាងហាក់បីដូចជាឆ្គង មិនទំនង...រហូតដល់ពេលនាងសម្រួលអារម្មណ៍បានស្ទើរតែដូចធម្មតាវិញ ហើយខ្ញុំក៏ហុច menu ជូននាង។ នាងមើល menu ចុះឡើង និយាយម្នាក់ឯងផង សួរខ្ញុំផង សួរអ្នក order ផងដើម្បីបញ្ជាក់ពីមុខម្ហូបនានា។ ខ្ញុំមិនតប បានត្រឹមតែលួចសម្លឹងមើលមុខនាង ញញឹមម្នាក់ឯង ហើយគិតថា នាងមិនបានប្តូរឡើយនូវទម្លាប់ញាំ។ ទម្លាប់នាង នាងល្អិតល្អន់នឹងការញាំណាស់ ទីមួយ ម្ហូបដែលនាងញាំគឺត្រូវជាម្ហូបមានគុណភាព រីឯបរិមាណ គឺត្រូវតែសមរម្យ មិនសល់ខ្ជះខ្ជាយ។

Order រួច យើងបានជជែកគ្នាពីនេះពីនោះ។ ខ្ញុំនៅតែមិននិយាយច្រើន គឺបានត្រឹមតែញញឹម សម្លឹងមើលមុខនាង ហើយនាងនៅតែមានអារម្មណ៍អៀន ដែលធ្វើអោយខ្ញុំនឹកឃើញដល់វេលាយប់មួយដែលយើងជិះទុកទុក២នាក់ទៅញាំសាច់គោអាំង។ ខ្ញុំអង្គុយក្នុងទុកទុកចំពីមុខនាង និងសម្លឹងមុខនាងរហូតទាល់តែនាងអៀននឹងខ្ញុំ ងាក់មុខចេញ នាងរិតតែស្រស់នៅពេលដែលនាងអៀននឹងខ្ញុំម្តងៗ។ ឃើញនាងរាងអៀនដូច្នោះ ខ្ញុំក៏ចាប់ផ្តើមសួរនាងថា "អូនអៀននឹងបងឬ?" នាងប្រកែកថាមិនអៀនទេ...ដើម្បីសម្រួលបរិយាកាស ខ្ញុំក៏បានចាប់ផ្តើមសំនួរខ្លះៗទៀតទាក់ទងទៅនឹងការងាររបស់នាង ហើយនាងក៏បានតបមកខ្ញុំពីនេះ ពីនោះ អស់ពីរឿងមួយ ចូលរឿងមួយមិនដាច់។ ខ្ញុំក៏នៅតែសម្លឹងមុខនាង ហើយក៏និយាយប្រាប់នាងថា "យើងខានជួបគ្នាយូរ អូននៅតែពូកែនិយាយដដែល ហើយនៅតែស្រស់ពេលអូនសើច ម្រាមដៃនៅតែស្រឡូនស្អាត ទោះបីជាពេលនេះអូនរាងស្គមក៏ដោយ..."។ មែនហើយ ខ្ញុំបានសម្គាល់ឃើញតាំងតែពីនាងចូលមកអង្គុយចំពីមុខខ្ញុំ។ នាងស្រកគីឡូជាងមុន រហូតអាចអោយខ្ញុំឃើញថ្ពាល់ផតរបស់នាងយ៉ាងច្បាស់។ ដើមដៃ នាងរាងតូចជាងពីមុន ដែលហាក់បញ្ជាក់ថានាងស្រកគីឡូច្រើន។ ហើយបើតាមនាងប្រាប់ខ្ញុំ គឺនាងមានបញ្ហាសុខភាពបន្តិចបន្តួច។

សាច់ក៏មកដល់។ នាងកុម្ម៉ង់សាច់២ចាន។ ខ្ញុំក៏ចាប់ផ្តើម serve នាងដូចដែលខ្ញុំធ្លាប់ serve នាងតាំងតែពីយើងមិនទាន់បែកគ្នា។ នាងនៅតែចូលចិត្តសាច់គោដដែល ព្រោះវាទន់ងាយទំពារ ហើយនាងក៏មិនចូលចិត្តអាំងឆ្អិនពេកដែរ ហើយបើស៊ុបវិញ គឺនាងចូលចិត្តពងមានឆ្អិនល្មមនៅជ័រព្នៅ។ ចាប់សាច់ចេញចង្ក្រានជូននាង នាងចាប់ផ្តើមញាំម្តងមួយៗជាមួយនឹងទ្រនាប់បន្លែ។ ឃើញនាងញាំ ហាក់បីដូចជាមានក្តីសុខណាស់ បើទោះបីជានាងរអ៊ូង៉ូវៗថា ខ្លាចធាត់ពីការញាំថ្ងៃនេះក៏ដោយ។ ខ្ញុំនៅតែមិនអាចនិយាយអីបានច្រើន បើទោះបីជាខ្ញុំចង់និយាយថា បងនឹកអូន បងនៅតែស្រឡាញ់អូនក៏ដោយ ក៏ប៉ុន្តែវាហាក់បីដូចជាមានអ្វីមួយមករារាំងខ្ញុំមិនអោយនិយាយប្រាប់នាងបាន ហើយបានត្រឹមតែបន្តសម្លឹងមុខនាងជាបន្តទៀត ហើយនាងនៅតែមានអារម្មណ៍អៀននៅពេលដែលខ្ញុំសម្លឹងមុខនាងមិនដាក់ភ្នែកបែបនេះ។

"អូនដឹងទេ មានតែអូនតែម្នាក់គត់ ដែលបងហ៊ានសម្លឹងមិនដាក់ភ្នែកចំកែវភ្នែកអូន។ បងចេះចង់តែមើលមុខអូន ចង់កត់ត្រារូបអូនទុកក្នុងកែវភ្នែកបង ព្រោះបងខ្លាចភ្លេចរូបអូន ហើយខានបានឃើញអូនម្តងទៀត" ខ្ញុំនិយាយស្ទើរតែអួលណែនដើមក ហើយខំបន្ថយ tone សម្លេងរបស់ខ្ញុំដើម្បីកុំអោយនាងដឹង។

ជាង៤ឆ្នាំនៃការបែកគ្នា ខ្ញុំនឹកនាងខ្លាំងណាស់ ចង់ជួបនាងខ្លាំងណាស់ ដើម្បីនឹងនិយាយរឿងក្នុងចិត្តខ្ញុំប្រាប់នាងអោយដឹងពីទំហំចិត្តរបស់ខ្ញុំចំពោះនាង ប៉ុន្តែខ្ញុំគ្មានភាពក្លាហានក្នុងការធ្វើរឿងនោះឡើយ រហូតដល់ថ្ងៃនេះ ទើបខ្ញុំមានសេចក្តីក្លាហានក្នុងការណាត់ជួបនាងតែពីរនាក់ តែការណាត់ជួបគ្នាលើកនេះគឺមិនមែនជាគូស្នេហ៍ ព្រោះយើងគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ។

វេលាកន្លងទៅលឿនណាស់ មួយភ្លែតសោះ ជាងមួយម៉ោងបាត់ទៅហើយ ហើយខ្ញុំមិនចង់និយាយអ្វីទាំងអស់ក្រៅពីចង់មើលមុខនាង មើលនាងសើច មើលនាងញញឹម។ ស្នាមញញឹមរបស់នាង និងភាព sweetness របស់នៅតែអាចធ្វើអោយបេះដូងខ្ញុំទន់ជ្រាយបាន។ ម្តងម្កាលនាងលួចសម្លឹងខ្ញុំ ខ្ញុំនៅតែបន្តសម្លឹងនាង ហើយយើងទាំងពីរក៏បន្តសម្លឹងគ្នាទៅវិញទៅមក រហូតដល់កែវភ្នែករបស់នាងចាប់ផ្តើមរលីងរលោង។ ខ្ញុំមិនដឹងថានាងកំពុងគិតអ្វីទេពេលនោះ ខ្ញុំគ្រាន់តែដឹងថាពេលនោះបេះដូងខ្ញុំស្ទើរតែផ្ទុះចេញក្រៅបាត់ទៅហើយ។ 

យប់កាន់តែជ្រេទៅហើយ។ ជិត២ម៉ោងនៅក្បែរនាង ប្រៀបដូចជា ២នាទី។ ខ្ញុំមិនចង់អោយនាងចេញទៅទេ ខ្ញុំនៅតែចង់មើលមុខនាង ចង់កាន់ដៃនាង។ ប៉ុន្តែទោះបីជាងយ៉ាងណាក៏ដោយ ក៏នាងនៅតែទៅ។  ខ្ញុំបាននិយាយផ្តាំនាងស្ទើរតែអួលណែនដើមកថា "អូនស្គមណាស់ កុំអោយស្គមពេកអី ហើយជាពិសេសត្រូវញាំទឹកអោយបានច្រើន"។ នាងបានតប "ក្រោយពីថ្ងៃនេះ យើងអាចជួបគ្នាញឹកញាប់បាន"។ និយាយរួច នាងក៏បានដើរចេញទៅ ដោយមិនបានដឹងថា ថ្ងៃនេះជាថ្ងៃចុងក្រោយដែលខ្ញុំស្កាត់មកជួប និងលានាងជាលើកចុងក្រោយ...


ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣




No comments:

Post a Comment