Friday, April 28, 2023

បទពិសោធន៍លើកទី១នៅមន្ទីរពេទ្យ គន្ធបុប្ផា

វេលាម៉ោងប្រមាណជាបួនភ្លឺ បុរសម្នាក់បានប្រញាប់រូតរះ យកម៉ូតូផ្ញើរនៅច្រកកាសា ដើម្បីចូលមន្ទីរពេទ្យគន្ធបុប្ផា។ នេះជាលើកទីមួយសម្រាប់គាត់ហើយដែលគាត់មកមន្ទីរពេទ្យនេះ។ ផ្ញើរហើយគាត់ក៍បានសួរសន្តិសុខកាសាអំពីផ្លូវចូល ហើយគេក៍ចង្អុលប្រាប់។ ដើរចូលតាមច្រកទ្វាដែលសមល្មមនឹងខ្លួនគាត់ចូលបាន បុរសម្នាក់នោះក៍បានដើរឈ្ពោះទៅមុខបន្តិចទៀត ក៍បានជួបនឹងសន្តិសុខក្នុងមន្ទីរពេទ្យមួយរូបដែលកំពុងអង្គុយយាម ក្នុងអាការះងុយងោក ព្រោះដោយអស់កម្លាំង។ បុរសយើងបានសួរទៅកាន់សន្តិសុខនោះអំពីកន្លែងពិនិត្យជំងឺបន្ទាន់។ សន្តិសុខនោះ បើទោះជាគាត់ងុយងោកយ៉ាងណាក៍ដោយ ក៍គាត់បានឆ្លើយតបមកកាន់បុរសនោះ នូវភាសាទន់ភ្លន់ និងស្នាមញញឹម។ 

ក្រោយពីអរគុណសន្តិសុខរួច បុរសយើងបានបន្តដំណើរតាមការចង្អុលបង្ហាញពីសន្តិសុខនោះ ដោយមកដល់សាលអង្គុយរងចាំធំ ដោយសាលធំនោះស្ងាត់ជ្រាប ខុសពីបុរសនោះធ្លាប់ឃើញតាមបណ្តាព័ត៌មាននានា។ ភាពស្ងាត់ជ្រងំនោះ គឺដោយសារពេលនោះជាពេលដែលគេមិនទាន់អនុញ្ញាតអោយអ្នកជំងឺខាងក្រៅចូលមកពិនិត្យ។ ជំនួសដោយអ្នកជំងឺត្រៀបត្រា បុរសនោះបានឃើញគ្រូពេទ្យពីរនាក់ ម្នាក់ស្រីរាងក្មេងវ័យប្រមាណជា ២៥ឆ្នាំ និងពេទ្យប្រុសម្នាក់វ័យប្រមាណជា ៤០ឆ្នាំ កំពុងអង្គុយនៅតុដែលទំនងជាតុទទួលពិគ្រោះជំងឺក្រៅ។ ជំនះនូវភាពងុយងោក អ្នកទាំងពីរកំពុងកាន់ទូរស័ព្ទ ដែលអាចទំនងជាមើលព័ត៌មានក្នុងហ្វេសប៊ុក ពេទ្យទាំងពីរនោះ បានចាកភ្នែកពីទូរស័ព្ទរបស់ខ្លួន ហើយបានឆ្លើយតបមកកាន់បុរសយើង នូវវាចារទន់ភ្លន់និងស្នាមញញឹម អំពីស្ថានភាពកូនបុរសនោះដែលទើបនឹងចូលមកកាន់ទីនេះមុននេះបន្តិច។ 

បន្ទាប់ពីប្រាប់អំពីស្ថានភាពជំងឺកូនហើយ បុរសនោះត្រូវបានប្រាប់អោយមកឈរចាំខាងក្រៅជាមួយអ្នកផ្សេង នៅខាងក្រៅរបងមន្ទីរពេទ្យ ច្រកខាងវត្តភ្នំ។ ដើរតាមផ្លូវចេញមកក្រៅ បុរសយើងបានក្រលេកឃើញសន្តិសុខរបស់មន្ទីរពេទ្យម្នាក់ទៀតដែលកំពុងតែគេងងោកនៅលើកៅអី ក្រោមខ្យល់កង្ហា។ ចេញមកខាងក្រៅ បុរសយើងបានឃើញ មនុស្សម្នាជាច្រើន អង្គុយរង់ចាំយ៉ាងរហង់បដើម្បីមានឱកាសបានចូលមន្ទីរពេទ្យពិនិត្យសុខភាពកូនចៅរបស់ខ្លួន។ ក្រលេកមកមើលសន្តិសុខយើងវិញ គាត់តែងតែត្រូវបានរំខានដោយក្រុមគ្រួសារអ្នកជំងឺ ដែលសុំការអនុញ្ញាតចូលមន្ទីរពេទ្យ។ បុរសយើង ក៍បានដើរចូលទៅក្នុងម្តងទៀតបានសុំការអនុញ្ញាតពីសន្តិសុខ ហើយគាត់ក៍បានទទួលការឆ្លើយតបប្រកបដោយភាសារទន់ភ្លន់ និងស្នាមញញឹមជាថ្មីម្តងទៀត។

នៅពេលដែលអ្នកទាំងអស់គ្នា កំពុងតែមានក្តីសុខក្នុងការគេងលក់យ៉ាងស្កប់ស្កល់ គឺមានមនុស្សមួយចំនួន មិនបានទទួលនូវក្តីសុខដូចយើងនោះទេ។ នេះក៍ព្រោះតែកាតព្វកិច្ចវិជ្ជាជីវះ និងការទទួលខុសត្រូវ ទើបពួកគាត់ត្រូវលះបង់ពេលវេលារបស់ខ្លួនដើម្បី តែក្តីរីករាយរបស់អ្នកដទៃ។ កុំគិតថាលុយអាចទិញទឹកចិត្តនិងការលះបង់ទាំងនោះបាន។ នោះក៍ព្រោះតែបេះដូង និងទឹកចិត្តនោះឯង។

អរគុណចំពោះការលះបង់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់មន្ទីរពេទ្យគន្ធបុប្ផា។

បទពិសោធន៍លើកដំបូងជាមួយមន្ទីរពេទ្យគន្ធបុប្ផា។

សសេរចប់នៅថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ វេលាម៉ោង៥.៣០នាទីព្រឹក



No comments:

Post a Comment