អនុស្សាវរីយ៏ថ្នាក់ទី១២ នាឆ្នាំប្រលងបាក់ឌុប ២០០១ នាវិទ្យាល័យឥន្ទ្រទេវី។
រូបថតនេះ ថតនៅថ្ងៃដែលពួកខ្ញុំទទួលបានឯកសណ្ឋានកីឡាបាល់ទាត់លើកដំបូង និងតែមួយគត់ក្នុងជីវិតជាកីឡាករបាល់ទាត់នៅសាលា។ ខ្ញុំចាំបានថា ទម្រាំនឹងបានឈុតនេះមក គឺពួកយលងលំបាកខ្លាំងណាស់ ព្រោះជំនាន់នោះ សម្លៀកបំពាក់ទាំងនេះថ្លៃគួរសម គឺប្រមាណ ៨ដុល្លារឬ ៣២០០០រៀល។ កាលណោះដើម្បីនឹងបានវា ក្រុមរបស់ខ្ញុំបានតស៊ូទាត់បាល់សីុលុយជាមួយនឹងក្រុមដទៃទៀតជាច្រើន ដែលក្រុមទាំងនោះមាន ក្រុមតាមសាលាឥន្ទ្រទេវី ក្រុមម្តុំផ្សារទួលគោក (ដែលជំនាន់នោះគេហៅថាដី ព្រាប សុវត្ថិ ដោយសារផ្ទះគាត់នៅកៀកនឹងដីនោះ)។ ពេលលេងម្តងៗ យើងភ្នាល់គ្នាដាក់លុយ ដោយក្នុងមួយគ្រាប់ម្នាក់៥០០រៀល ទៅ១០០០រៀល ដោយគុណយកចំនួនមនុស្សនិងគ្រាប់បាល់លើស។ ពួកខ្ញុំលេងមិនដែលចាញ់ទេ គឺតែងតែឈ្នះ មានពេលខ្លះឈ្នះជាង១០គ្រាប់ ហើយយ៉ាងតិចក៏៥គ្រាប់ដែរ។ ពួកខ្ញុំត្រូវការសម្លៀកបំពាក់ចំនួន១៥ឈុត ម្លោះហើយយើងត្រូវលេងអោយឈ្នះច្រើនដងណាស់។ ជិតដល់ថ្ងៃប្រកួត យលងប្រមូលលុយ និងរាប់លុយទៅឃើញថាខ្វះមួយចំនួន ដោយកាលណោះត្រូវបង់ពាក្យចូលរួមប្រកួត ១០មឺុនផង។ ដើម្បីបានប្រាក់បង្គ្រប់ មិត្តរួមថ្នាក់របស់យលងដែលមានចំនួនត្រឹមតែ៣០នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូមួយចំនួន បានរៃប្រាក់គ្នា ដើម្បីជួយទិញសម្លៀកបំពាក់អោយពួកយើង។
យើងទិញបានត្រឹមតែសម្លៀកបំពាក់កីឡាករលេងខាងលើតែប៉ុណ្ណោះ ចំពោះសម្លៀកបំពាក់អ្នកចាំទីវិញ គឺទិញអត់បានទេ ដោយកាលណោះ មួយឈុតរបស់វាមិនក្រោម១៥ដុល្លារឡើយ ណាមួយនៅស្រោមដៃដែលមានតម្លៃមិនក្រោម១០ដុល្លារទៀត។ ពួកយើងក៏បានចូលរូមប្រកួត ដោយប្រកួតឈ្នះគេជាបន្តបន្ទាប់ ប៉ុន្តែត្រូវចាញ់នៅវគ្គផ្តាច់ព្រ័ត ដោយទទួលបានចំណាត់ថ្នាក់លេខ២។
ចាំបានថា កាលណោះថ្នាក់ ១២G1 គឺពូកែលេងបាល់ណាស់ ម្តុំឥន្ទ្រទេវី ផ្សារមាន់អាំង ដីព្រាប សុវត្ថិ ក្រុមណាក៏ស្គាល់ពួកយើងដែរ។ លោកនាយក លោកគ្រូសន្តិសុខ និងលោកគ្រូអ្នកគ្រូដទៃទៀតក៏ស្គាល់ក្រុមយើងខ្ញុំច្បាស់ ដោយកាលណោះពួកខ្ញុំគេចសាលាទាត់បាល់ ទាត់បាល់ខូចសួន ត្រូវលោកនាយក និងលោកគ្រូសន្តិសុខពិន័យ ជាញយដង។ មានការជ្រើសរើសសមាជិកក្រុមខ្ញុំមួយចំនួនដើម្បីចូលជាជម្រើសសាលា ប៉ុន្តែមិនមានសមាជិកយើងណាមួយព្រមចូលឡើយ ដោយហេតុថា ឆ្នាំនោះជាឆ្នាំប្រឡងផង។
២២ឆ្នាំ បានកន្លងទៅយ៉ាងឆាប់រហ័ស។ អរគុណមិត្តភក្តិ ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់គ្នា។
No comments:
Post a Comment