Sunday, April 30, 2023

ឱកាសបម្រើជាតិ SEA GAMES លើកទី៣២

ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២២៖៣៨នាទី

ថ្ងៃនេះក៏មកដល់ គឺជាថ្ងៃដែលខ្ញុំចូលបម្រើជាតិក្នុងមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២។ ជាលើកទី២ហើយសម្រាប់ខ្ញុំដែលបានចូលរួមជាគណៈកម្មាធិការរៀបចំកីឡាអន្តរជាតិផ្នែកតេក្វាន់ដូ។ ដែលលើកទី១នោះ គឺចាប់ពីថ្ងៃទី៧ដល់៩ ខែមេសា ឆ្នាំ២០១១ ដែលជាការប្រកួតពានរង្វាន់តេក្វាន់ដូអាស៊ានលើកទី១០ ហើយកម្ពុជា ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍តេក្វាន់ដូជាលក្ខណៈអន្តរជាតិលើកទី១។ ខ្ញុំជាតំណាងតេក្វាន់ដូតែមួយរូបគត់ ដែលត្រូវធ្វើការជាមួយក្រុមការងារគណៈកម្មាធិការអូឡាំពិកកម្ពុជា ដោយកាលនោះខ្ញុំមានទំនួលខុសត្រូវលើការ Design មេដាយប្រចាំហ្គេម Design Certificate ជ័យលាភី design certificate អ្នកចូលរួម design pass ជាពិសេសនោះគឺការរៀបចំប្រព័ន្ធគ្រប់គ្រហវិញ្ញាបនប័ត្រជ័យលាភីពេលដែលកីឡាករឡើងទទួលមេដាយ ដែលគេតម្រូវអោយមានវិញ្ញាបនបត្រជ័យលាភីភ្លាមៗពេលចប់ការប្រកួត។

ការប្រកួតបានបញ្ចប់ដោយជោគជ័យ ស្នាដៃរបស់ខ្ញុំកាលណោះមានការកោតសសើរនិងទទួលស្គាល់អំពីការច្នៃប្រឌិត និងការគ្រប់គ្រងប្រព័ន្ធវិញ្ញាបនបត្រ។ ខ្ញុំនៅចាំច្បាស់ណាស់ កាលនោះ អូឡាំពិកអោយខ្ញុំ design មេដាយប្រចាំហ្គេម។ ខ្ញុំតបទៅវិញថា មិនអីទេ ខ្ញុំអាចធ្វើបាន បើទោះបីជាខ្ញុំមិនចេះប្រើប្រាស់ photoshop ក៏ដោយ ក៏ខ្ញុំនៅតែមានភាពជឿជាក់លើគំនិតច្នៃប្រឌិតរបស់ខ្ញុំ។ ទីបំផុត គម្រូមេដាយចំនួន៤ ត្រូវបានរៀបចំឡើងដើម្បីឆ្លងគណៈកម្មាធិការអូឡាំពិក មុននឹងដាក់ជូនសម្តេចសម្រេច។ ចុងក្រោយ សម្តេចបានអនុម័តមេដាយនោះ ហើយយើងយកវាទៅផលិតនៅឯប្រទេសវៀតណាម ព្រោះជំនាន់នោះប្រទេសយើងមិនមានម៉ាស៊ីនឃ្វៀលលើដែកទេ។

ឆ្នាំនេះ ម្តងទៀត ខ្ញុំត្រូវធ្វើការងារនៅលើទីលានប្រកួត ដែលត្រូវធានាថា វាសមស្របតាមស្តង់ដារ ការប្រកួតនឹងប្រព្រឹត្តទៅបានរលូន។ វាមិនទាន់មកដល់ទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីព្រឹត្តិការណ៍នេះ ដែលខ្ញុំអោយតម្លៃថាជាព្រឹត្តិការណ៍មានតម្លៃ និងមានសារៈសំខាន់បំផុតនៅក្នុងជីវិតខ្ញុំ...



Friday, April 28, 2023

បទពិសោធន៍លើកទី១នៅមន្ទីរពេទ្យ គន្ធបុប្ផា

វេលាម៉ោងប្រមាណជាបួនភ្លឺ បុរសម្នាក់បានប្រញាប់រូតរះ យកម៉ូតូផ្ញើរនៅច្រកកាសា ដើម្បីចូលមន្ទីរពេទ្យគន្ធបុប្ផា។ នេះជាលើកទីមួយសម្រាប់គាត់ហើយដែលគាត់មកមន្ទីរពេទ្យនេះ។ ផ្ញើរហើយគាត់ក៍បានសួរសន្តិសុខកាសាអំពីផ្លូវចូល ហើយគេក៍ចង្អុលប្រាប់។ ដើរចូលតាមច្រកទ្វាដែលសមល្មមនឹងខ្លួនគាត់ចូលបាន បុរសម្នាក់នោះក៍បានដើរឈ្ពោះទៅមុខបន្តិចទៀត ក៍បានជួបនឹងសន្តិសុខក្នុងមន្ទីរពេទ្យមួយរូបដែលកំពុងអង្គុយយាម ក្នុងអាការះងុយងោក ព្រោះដោយអស់កម្លាំង។ បុរសយើងបានសួរទៅកាន់សន្តិសុខនោះអំពីកន្លែងពិនិត្យជំងឺបន្ទាន់។ សន្តិសុខនោះ បើទោះជាគាត់ងុយងោកយ៉ាងណាក៍ដោយ ក៍គាត់បានឆ្លើយតបមកកាន់បុរសនោះ នូវភាសាទន់ភ្លន់ និងស្នាមញញឹម។ 

ក្រោយពីអរគុណសន្តិសុខរួច បុរសយើងបានបន្តដំណើរតាមការចង្អុលបង្ហាញពីសន្តិសុខនោះ ដោយមកដល់សាលអង្គុយរងចាំធំ ដោយសាលធំនោះស្ងាត់ជ្រាប ខុសពីបុរសនោះធ្លាប់ឃើញតាមបណ្តាព័ត៌មាននានា។ ភាពស្ងាត់ជ្រងំនោះ គឺដោយសារពេលនោះជាពេលដែលគេមិនទាន់អនុញ្ញាតអោយអ្នកជំងឺខាងក្រៅចូលមកពិនិត្យ។ ជំនួសដោយអ្នកជំងឺត្រៀបត្រា បុរសនោះបានឃើញគ្រូពេទ្យពីរនាក់ ម្នាក់ស្រីរាងក្មេងវ័យប្រមាណជា ២៥ឆ្នាំ និងពេទ្យប្រុសម្នាក់វ័យប្រមាណជា ៤០ឆ្នាំ កំពុងអង្គុយនៅតុដែលទំនងជាតុទទួលពិគ្រោះជំងឺក្រៅ។ ជំនះនូវភាពងុយងោក អ្នកទាំងពីរកំពុងកាន់ទូរស័ព្ទ ដែលអាចទំនងជាមើលព័ត៌មានក្នុងហ្វេសប៊ុក ពេទ្យទាំងពីរនោះ បានចាកភ្នែកពីទូរស័ព្ទរបស់ខ្លួន ហើយបានឆ្លើយតបមកកាន់បុរសយើង នូវវាចារទន់ភ្លន់និងស្នាមញញឹម អំពីស្ថានភាពកូនបុរសនោះដែលទើបនឹងចូលមកកាន់ទីនេះមុននេះបន្តិច។ 

បន្ទាប់ពីប្រាប់អំពីស្ថានភាពជំងឺកូនហើយ បុរសនោះត្រូវបានប្រាប់អោយមកឈរចាំខាងក្រៅជាមួយអ្នកផ្សេង នៅខាងក្រៅរបងមន្ទីរពេទ្យ ច្រកខាងវត្តភ្នំ។ ដើរតាមផ្លូវចេញមកក្រៅ បុរសយើងបានក្រលេកឃើញសន្តិសុខរបស់មន្ទីរពេទ្យម្នាក់ទៀតដែលកំពុងតែគេងងោកនៅលើកៅអី ក្រោមខ្យល់កង្ហា។ ចេញមកខាងក្រៅ បុរសយើងបានឃើញ មនុស្សម្នាជាច្រើន អង្គុយរង់ចាំយ៉ាងរហង់បដើម្បីមានឱកាសបានចូលមន្ទីរពេទ្យពិនិត្យសុខភាពកូនចៅរបស់ខ្លួន។ ក្រលេកមកមើលសន្តិសុខយើងវិញ គាត់តែងតែត្រូវបានរំខានដោយក្រុមគ្រួសារអ្នកជំងឺ ដែលសុំការអនុញ្ញាតចូលមន្ទីរពេទ្យ។ បុរសយើង ក៍បានដើរចូលទៅក្នុងម្តងទៀតបានសុំការអនុញ្ញាតពីសន្តិសុខ ហើយគាត់ក៍បានទទួលការឆ្លើយតបប្រកបដោយភាសារទន់ភ្លន់ និងស្នាមញញឹមជាថ្មីម្តងទៀត។

នៅពេលដែលអ្នកទាំងអស់គ្នា កំពុងតែមានក្តីសុខក្នុងការគេងលក់យ៉ាងស្កប់ស្កល់ គឺមានមនុស្សមួយចំនួន មិនបានទទួលនូវក្តីសុខដូចយើងនោះទេ។ នេះក៍ព្រោះតែកាតព្វកិច្ចវិជ្ជាជីវះ និងការទទួលខុសត្រូវ ទើបពួកគាត់ត្រូវលះបង់ពេលវេលារបស់ខ្លួនដើម្បី តែក្តីរីករាយរបស់អ្នកដទៃ។ កុំគិតថាលុយអាចទិញទឹកចិត្តនិងការលះបង់ទាំងនោះបាន។ នោះក៍ព្រោះតែបេះដូង និងទឹកចិត្តនោះឯង។

អរគុណចំពោះការលះបង់របស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់មន្ទីរពេទ្យគន្ធបុប្ផា។

បទពិសោធន៍លើកដំបូងជាមួយមន្ទីរពេទ្យគន្ធបុប្ផា។

សសេរចប់នៅថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ វេលាម៉ោង៥.៣០នាទីព្រឹក



Tuesday, April 18, 2023

រម្លឹកកាលរត់ប្រណាំង

 រូបទាំង២គឺមានខ្ញុំទាំង២។ សូមជួយរកផង។

រូបខាងលើ៖ ការប្រកួតអត្តពលកម្មប្រឆាំងផ្សែងបារី ក្នុងឆ្នាំ២០០១ ដែលរៀបចំនិងឧបត្ថមដោយអង្គការ ADRA។ មុនពេលចេញទីរត់ លោកនាយកក៏មកទះស្មាខ្ញុំហើយនិយាយថា៖ សាលាយើងសង្ឃឹម លើអ្ហែងហើយ។ ខ្ញុំដាក់ពាក្យរត់៧គីឡូ គឺចាប់ពីសាលមហោស្របចាស់ មកកាន់វត្តភ្នំ។ ជាប់ចំណាត់ថ្នាក់ជាង១០០ លើបេក្ខជនជាង១០០។

រូបខាងក្រោម គឺក្រោយពីការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័តពានរង្វាន់សាលាឥន្ទ្រទេវី ប្រចាំឆ្នាំ២០០១។ ថ្នាក់ខ្ញុំ ១២G1 គឺត្រូវប្រកួតជាមួយថ្នាក់ ១២F1។ កាលណោះខ្ញុំលេងជាអ្នកចាប់បាល់ទេ ប៉ុន្តែដោយកាលណោះមានបញ្ហាក្នុងក្រុមបន្តិចបន្តួច ខ្ញុំក៏ប្តូរមកលេងខ្សែការពារវិញ។ លទ្ធផលក្រុមខ្ញុំចាញ់ ហើយបានចំណាត់ថ្នាក់លេខ២។



អនុស្សាវរីយ៍វិទ្យាល័យឥន្ទ្រទេវី

 អនុស្សាវរីយ៏ថ្នាក់ទី១២ នាឆ្នាំប្រលងបាក់ឌុប ២០០១ នាវិទ្យាល័យឥន្ទ្រទេវី។ 

រូបថតនេះ ថតនៅថ្ងៃដែលពួកខ្ញុំទទួលបានឯកសណ្ឋានកីឡាបាល់ទាត់លើកដំបូង និងតែមួយគត់ក្នុងជីវិតជាកីឡាករបាល់ទាត់នៅសាលា។ ខ្ញុំចាំបានថា ទម្រាំនឹងបានឈុតនេះមក គឺពួកយលងលំបាកខ្លាំងណាស់ ព្រោះជំនាន់នោះ សម្លៀកបំពាក់ទាំងនេះថ្លៃគួរសម គឺប្រមាណ ៨ដុល្លារឬ ៣២០០០រៀល។ កាលណោះដើម្បីនឹងបានវា ក្រុមរបស់ខ្ញុំបានតស៊ូទាត់បាល់សីុលុយជាមួយនឹងក្រុមដទៃទៀតជាច្រើន ដែលក្រុមទាំងនោះមាន ក្រុមតាមសាលាឥន្ទ្រទេវី ក្រុមម្តុំផ្សារទួលគោក (ដែលជំនាន់នោះគេហៅថាដី ព្រាប សុវត្ថិ ដោយសារផ្ទះគាត់នៅកៀកនឹងដីនោះ)។ ពេលលេងម្តងៗ យើងភ្នាល់គ្នាដាក់លុយ ដោយក្នុងមួយគ្រាប់ម្នាក់៥០០រៀល ទៅ១០០០រៀល ដោយគុណយកចំនួនមនុស្សនិងគ្រាប់បាល់លើស។ ពួកខ្ញុំលេងមិនដែលចាញ់ទេ គឺតែងតែឈ្នះ មានពេលខ្លះឈ្នះជាង១០គ្រាប់ ហើយយ៉ាងតិចក៏៥គ្រាប់ដែរ។ ពួកខ្ញុំត្រូវការសម្លៀកបំពាក់ចំនួន១៥ឈុត ម្លោះហើយយើងត្រូវលេងអោយឈ្នះច្រើនដងណាស់។ ជិតដល់ថ្ងៃប្រកួត យលងប្រមូលលុយ និងរាប់លុយទៅឃើញថាខ្វះមួយចំនួន ដោយកាលណោះត្រូវបង់ពាក្យចូលរួមប្រកួត ១០មឺុនផង។ ដើម្បីបានប្រាក់បង្គ្រប់ មិត្តរួមថ្នាក់របស់យលងដែលមានចំនួនត្រឹមតែ៣០នាក់ ព្រមទាំងលោកគ្រូអ្នកគ្រូមួយចំនួន បានរៃប្រាក់គ្នា ដើម្បីជួយទិញសម្លៀកបំពាក់អោយពួកយើង។

យើងទិញបានត្រឹមតែសម្លៀកបំពាក់កីឡាករលេងខាងលើតែប៉ុណ្ណោះ ចំពោះសម្លៀកបំពាក់អ្នកចាំទីវិញ គឺទិញអត់បានទេ ដោយកាលណោះ មួយឈុតរបស់វាមិនក្រោម១៥ដុល្លារឡើយ ណាមួយនៅស្រោមដៃដែលមានតម្លៃមិនក្រោម១០ដុល្លារទៀត។ ពួកយើងក៏បានចូលរូមប្រកួត ដោយប្រកួតឈ្នះគេជាបន្តបន្ទាប់ ប៉ុន្តែត្រូវចាញ់នៅវគ្គផ្តាច់ព្រ័ត ដោយទទួលបានចំណាត់ថ្នាក់លេខ២។ 

ចាំបានថា កាលណោះថ្នាក់ ១២G1 គឺពូកែលេងបាល់ណាស់ ម្តុំឥន្ទ្រទេវី ផ្សារមាន់អាំង ដីព្រាប សុវត្ថិ ក្រុមណាក៏ស្គាល់ពួកយើងដែរ។ លោកនាយក លោកគ្រូសន្តិសុខ និងលោកគ្រូអ្នកគ្រូដទៃទៀតក៏ស្គាល់ក្រុមយើងខ្ញុំច្បាស់ ដោយកាលណោះពួកខ្ញុំគេចសាលាទាត់បាល់ ទាត់បាល់ខូចសួន ត្រូវលោកនាយក និងលោកគ្រូសន្តិសុខពិន័យ ជាញយដង។ មានការជ្រើសរើសសមាជិកក្រុមខ្ញុំមួយចំនួនដើម្បីចូលជាជម្រើសសាលា ប៉ុន្តែមិនមានសមាជិកយើងណាមួយព្រមចូលឡើយ ដោយហេតុថា ឆ្នាំនោះជាឆ្នាំប្រឡងផង។

២២ឆ្នាំ បានកន្លងទៅយ៉ាងឆាប់រហ័ស។ អរគុណមិត្តភក្តិ ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់គ្នា។



Wednesday, April 12, 2023

Come to say goodbye

 "សុំទោស ខ្ញុំមកយឺត" នាងនិយាយមកកាន់ខ្ញុំ មើលមុខ និងសើចដាក់ខ្ញុំក្នុងលក្ខណៈមិនសូវជាមានអារម្មណ៏ comfortable នៅក្នុងខ្លួន។

មែនហើយ ថ្ងៃនេះថ្ងៃទីមួយ ដែលខ្ញុំឃើញនាង និងជួបនាងក្នុងចម្ងាយយ៉ាងជិត ក្រោយពីបែកគ្នាជាង៤ឆ្នាំ ដែល៤ឆ្នាំកន្លងមកនេះ យើងមិនដែលបានជួបនិយាយក្នុងចម្ងាយដ៏ជិត ឬអាចនិយាយគ្នាបានលើសពីមួយនាទី។

នាងអង្គុយចុះ។ ខ្សែភ្នែកខ្ញុំប្រទះខ្សែភ្នែកនាង ដែលអាចធ្វើអោយខ្ញុំស្មានដឹងថា នាងនៅតែមានអារម្មណ៍ហាក់មិនហ្នឹងហ្នក្នុងខ្លួន។ សកម្មភាពនាងហាក់បីដូចជាឆ្គង មិនទំនង...រហូតដល់ពេលនាងសម្រួលអារម្មណ៍បានស្ទើរតែដូចធម្មតាវិញ ហើយខ្ញុំក៏ហុច menu ជូននាង។ នាងមើល menu ចុះឡើង និយាយម្នាក់ឯងផង សួរខ្ញុំផង សួរអ្នក order ផងដើម្បីបញ្ជាក់ពីមុខម្ហូបនានា។ ខ្ញុំមិនតប បានត្រឹមតែលួចសម្លឹងមើលមុខនាង ញញឹមម្នាក់ឯង ហើយគិតថា នាងមិនបានប្តូរឡើយនូវទម្លាប់ញាំ។ ទម្លាប់នាង នាងល្អិតល្អន់នឹងការញាំណាស់ ទីមួយ ម្ហូបដែលនាងញាំគឺត្រូវជាម្ហូបមានគុណភាព រីឯបរិមាណ គឺត្រូវតែសមរម្យ មិនសល់ខ្ជះខ្ជាយ។

Order រួច យើងបានជជែកគ្នាពីនេះពីនោះ។ ខ្ញុំនៅតែមិននិយាយច្រើន គឺបានត្រឹមតែញញឹម សម្លឹងមើលមុខនាង ហើយនាងនៅតែមានអារម្មណ៍អៀន ដែលធ្វើអោយខ្ញុំនឹកឃើញដល់វេលាយប់មួយដែលយើងជិះទុកទុក២នាក់ទៅញាំសាច់គោអាំង។ ខ្ញុំអង្គុយក្នុងទុកទុកចំពីមុខនាង និងសម្លឹងមុខនាងរហូតទាល់តែនាងអៀននឹងខ្ញុំ ងាក់មុខចេញ នាងរិតតែស្រស់នៅពេលដែលនាងអៀននឹងខ្ញុំម្តងៗ។ ឃើញនាងរាងអៀនដូច្នោះ ខ្ញុំក៏ចាប់ផ្តើមសួរនាងថា "អូនអៀននឹងបងឬ?" នាងប្រកែកថាមិនអៀនទេ...ដើម្បីសម្រួលបរិយាកាស ខ្ញុំក៏បានចាប់ផ្តើមសំនួរខ្លះៗទៀតទាក់ទងទៅនឹងការងាររបស់នាង ហើយនាងក៏បានតបមកខ្ញុំពីនេះ ពីនោះ អស់ពីរឿងមួយ ចូលរឿងមួយមិនដាច់។ ខ្ញុំក៏នៅតែសម្លឹងមុខនាង ហើយក៏និយាយប្រាប់នាងថា "យើងខានជួបគ្នាយូរ អូននៅតែពូកែនិយាយដដែល ហើយនៅតែស្រស់ពេលអូនសើច ម្រាមដៃនៅតែស្រឡូនស្អាត ទោះបីជាពេលនេះអូនរាងស្គមក៏ដោយ..."។ មែនហើយ ខ្ញុំបានសម្គាល់ឃើញតាំងតែពីនាងចូលមកអង្គុយចំពីមុខខ្ញុំ។ នាងស្រកគីឡូជាងមុន រហូតអាចអោយខ្ញុំឃើញថ្ពាល់ផតរបស់នាងយ៉ាងច្បាស់។ ដើមដៃ នាងរាងតូចជាងពីមុន ដែលហាក់បញ្ជាក់ថានាងស្រកគីឡូច្រើន។ ហើយបើតាមនាងប្រាប់ខ្ញុំ គឺនាងមានបញ្ហាសុខភាពបន្តិចបន្តួច។

សាច់ក៏មកដល់។ នាងកុម្ម៉ង់សាច់២ចាន។ ខ្ញុំក៏ចាប់ផ្តើម serve នាងដូចដែលខ្ញុំធ្លាប់ serve នាងតាំងតែពីយើងមិនទាន់បែកគ្នា។ នាងនៅតែចូលចិត្តសាច់គោដដែល ព្រោះវាទន់ងាយទំពារ ហើយនាងក៏មិនចូលចិត្តអាំងឆ្អិនពេកដែរ ហើយបើស៊ុបវិញ គឺនាងចូលចិត្តពងមានឆ្អិនល្មមនៅជ័រព្នៅ។ ចាប់សាច់ចេញចង្ក្រានជូននាង នាងចាប់ផ្តើមញាំម្តងមួយៗជាមួយនឹងទ្រនាប់បន្លែ។ ឃើញនាងញាំ ហាក់បីដូចជាមានក្តីសុខណាស់ បើទោះបីជានាងរអ៊ូង៉ូវៗថា ខ្លាចធាត់ពីការញាំថ្ងៃនេះក៏ដោយ។ ខ្ញុំនៅតែមិនអាចនិយាយអីបានច្រើន បើទោះបីជាខ្ញុំចង់និយាយថា បងនឹកអូន បងនៅតែស្រឡាញ់អូនក៏ដោយ ក៏ប៉ុន្តែវាហាក់បីដូចជាមានអ្វីមួយមករារាំងខ្ញុំមិនអោយនិយាយប្រាប់នាងបាន ហើយបានត្រឹមតែបន្តសម្លឹងមុខនាងជាបន្តទៀត ហើយនាងនៅតែមានអារម្មណ៍អៀននៅពេលដែលខ្ញុំសម្លឹងមុខនាងមិនដាក់ភ្នែកបែបនេះ។

"អូនដឹងទេ មានតែអូនតែម្នាក់គត់ ដែលបងហ៊ានសម្លឹងមិនដាក់ភ្នែកចំកែវភ្នែកអូន។ បងចេះចង់តែមើលមុខអូន ចង់កត់ត្រារូបអូនទុកក្នុងកែវភ្នែកបង ព្រោះបងខ្លាចភ្លេចរូបអូន ហើយខានបានឃើញអូនម្តងទៀត" ខ្ញុំនិយាយស្ទើរតែអួលណែនដើមក ហើយខំបន្ថយ tone សម្លេងរបស់ខ្ញុំដើម្បីកុំអោយនាងដឹង។

ជាង៤ឆ្នាំនៃការបែកគ្នា ខ្ញុំនឹកនាងខ្លាំងណាស់ ចង់ជួបនាងខ្លាំងណាស់ ដើម្បីនឹងនិយាយរឿងក្នុងចិត្តខ្ញុំប្រាប់នាងអោយដឹងពីទំហំចិត្តរបស់ខ្ញុំចំពោះនាង ប៉ុន្តែខ្ញុំគ្មានភាពក្លាហានក្នុងការធ្វើរឿងនោះឡើយ រហូតដល់ថ្ងៃនេះ ទើបខ្ញុំមានសេចក្តីក្លាហានក្នុងការណាត់ជួបនាងតែពីរនាក់ តែការណាត់ជួបគ្នាលើកនេះគឺមិនមែនជាគូស្នេហ៍ ព្រោះយើងគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ។

វេលាកន្លងទៅលឿនណាស់ មួយភ្លែតសោះ ជាងមួយម៉ោងបាត់ទៅហើយ ហើយខ្ញុំមិនចង់និយាយអ្វីទាំងអស់ក្រៅពីចង់មើលមុខនាង មើលនាងសើច មើលនាងញញឹម។ ស្នាមញញឹមរបស់នាង និងភាព sweetness របស់នៅតែអាចធ្វើអោយបេះដូងខ្ញុំទន់ជ្រាយបាន។ ម្តងម្កាលនាងលួចសម្លឹងខ្ញុំ ខ្ញុំនៅតែបន្តសម្លឹងនាង ហើយយើងទាំងពីរក៏បន្តសម្លឹងគ្នាទៅវិញទៅមក រហូតដល់កែវភ្នែករបស់នាងចាប់ផ្តើមរលីងរលោង។ ខ្ញុំមិនដឹងថានាងកំពុងគិតអ្វីទេពេលនោះ ខ្ញុំគ្រាន់តែដឹងថាពេលនោះបេះដូងខ្ញុំស្ទើរតែផ្ទុះចេញក្រៅបាត់ទៅហើយ។ 

យប់កាន់តែជ្រេទៅហើយ។ ជិត២ម៉ោងនៅក្បែរនាង ប្រៀបដូចជា ២នាទី។ ខ្ញុំមិនចង់អោយនាងចេញទៅទេ ខ្ញុំនៅតែចង់មើលមុខនាង ចង់កាន់ដៃនាង។ ប៉ុន្តែទោះបីជាងយ៉ាងណាក៏ដោយ ក៏នាងនៅតែទៅ។  ខ្ញុំបាននិយាយផ្តាំនាងស្ទើរតែអួលណែនដើមកថា "អូនស្គមណាស់ កុំអោយស្គមពេកអី ហើយជាពិសេសត្រូវញាំទឹកអោយបានច្រើន"។ នាងបានតប "ក្រោយពីថ្ងៃនេះ យើងអាចជួបគ្នាញឹកញាប់បាន"។ និយាយរួច នាងក៏បានដើរចេញទៅ ដោយមិនបានដឹងថា ថ្ងៃនេះជាថ្ងៃចុងក្រោយដែលខ្ញុំស្កាត់មកជួប និងលានាងជាលើកចុងក្រោយ...


ភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣




Tuesday, April 11, 2023

ចំណងបេះដូង

ចំណងបេះដូង!

បុរសជាប្តីកំពុងអង្គុយធ្វើការក្នុងអាការៈហត់នឿយ។ ប្រពន្ធឃើញដូច្នោះក៏ចូលមករកប្តី។

ប្រពន្ធ៖ បង! បងហត់ណាស់ហើយ ដើម្បីតែគ្រួសារ បងសុខចិត្តលះបង់ច្រើនណាស់។ ធ្វើការគ្មានពេលឈប់សម្រាក ច័ន្ទដល់សុក្រ ហើយដល់ផ្ទះក៏បន្តការងារដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃទៀត។ បងហត់ណាស់ហើយ បងគួរសម្រាកសិនទៅ ការងារមិនចប់ទេបង។

ប្តី៖ មិនអីទេអូន បងស៊ាំជាមួយនឹងភាពលំបាកហ្នឹងហើយ។ ដើម្បីអូននិងកូន អ្វីៗក៏បានអាចសម្រេចបានដែរ។ អរគុណអូនដែលបារម្ភពីបង។

ប្តីនិយាយទាំងញញឹមទៅកាន់ប្រពន្ធ ហើយក៏ងាកមកផ្ចង់ស្មារតីនឹងការងាររបស់ខ្លួនវិញ។ ហាក់រំភើបនឹងទឹកចិត្តស្វាមី ប្រពន្ធក៏អោបកប្តីពីក្រោយហើយនិយាយលើកទឹកចិត្តប្តី៖

ប្រពន្ធ៖ អូនពិតជាមានសំណាងណាស់ដែលបានបងធ្វើប្តី។ ស៊ូៗណាបងសម្លាញ់ សង្ឃឹមថាយើងនឹងឈប់លំបាកទៀតហើយ។

លឺដូច្នោះ បុរសជាប្តីក៏បានចាប់ដៃប្រពន្ធទាំងពីរមកក្តោប ហើយក៏ទាញប្រពន្ធអោយឈរចំពីមុខរបស់ខ្លួន រួចសម្លឹងមុខប្រពន្ធក្នុងក្រសែភ្នែកដែលពោរពេញទៅដោយពន្លឺ ហាក់បីដូចជារំភើបនឹងសម្តីរបស់ប្រពន្ធ ហើយក៏បន្តថា៖

ប្តី៖ ពិតមែនហើយអូនសម្លាញ់ ចាប់ពីថ្ងៃស្អែកនេះតទៅ យើងឈប់លំបាកហើយ ហើយយើងនឹងវេទនាពេញមួយជីវិតម្តង ព្រោះថាការម៉ិបាល់លើកនេះរបស់បងគឺខុសធ្ងន់ណាស់ គ្មានសល់មួយរៀលទេ សូម្បីតែផ្ទះយើងនៅក៏ចាញ់អស់ដែរ។

ថាហើយ អ្នកទាំងពីរក៏យំអោបគ្នាយ៉ាងណែន។

#គ្មានអ្វីអាចចងបេះដូងមនុស្សពីរនាក់បានមាំជាងការដែលពួកគេទាំងពីរអោបគ្នាយំនោះទេ



Friday, April 7, 2023

មិនអាចផ្លាស់ចិត្ត

 បងមិនអាចធ្វើអោយអូនផ្លាស់ចិត្តឈប់ស្រឡាញ់គេ ហើយមកស្រឡាញ់បងវិញបានទេ ព្រោះបេះដូងរបស់អូនមានរូបគេបាត់ទៅហើយ។​ ទោះបីជាយ៉ាងណាក៏ដោយ ក៏បងមិនអាចលុបរូបអូនចេញពីបេះដូងបានឡើយ...មិនអាចផ្លាស់ចិត្ត



Saturday, April 1, 2023

លាភសក្ការៈ

ព្រះពុទ្ធ ព្រះអង្គបានទូន្មានថា ផ្លែចេកសម្លាប់ដើមចេក ផ្លែឬស្សីសម្លាប់ដើមឬស្សី ពាក្យពោលសសើរនិងលាភសក្ការៈសម្លាប់មនុស្ស!

ធ្វើជាមនុស្ស ត្រូវមានគុណធម៌នៅក្នុងខ្លួន!