តារារាប់លាននៅលើមេឃ ប៉ុន្តែគ្មានសមត្ថភាពនឹងបំភ្លឺផែនដីបាន។ ត្រឹមតែចន្ទ្រាតែមួយប៉ុណ្ណោះ ក៏អាចបំភ្លឺស្បៃរាត្រីបានដែរ។
ចន្ទ្រារះហើយ តើដួងព្រះចន្ទ្រារះនៅក្នុងដួងចិត្តអ្នកណា?
តារារាប់លាននៅលើមេឃ ប៉ុន្តែគ្មានសមត្ថភាពនឹងបំភ្លឺផែនដីបាន។ ត្រឹមតែចន្ទ្រាតែមួយប៉ុណ្ណោះ ក៏អាចបំភ្លឺស្បៃរាត្រីបានដែរ។
ចន្ទ្រារះហើយ តើដួងព្រះចន្ទ្រារះនៅក្នុងដួងចិត្តអ្នកណា?
មោទនភាពដ៏ហួសហេតុ នាំអោយបរាជ័យ។ ខ្ញុំបានរៀនពីបរាជ័យដ៏ធ្ងន់ធ្ងរនេះ។ បន្ទាប់ពីទទួលជ័យជំនះជើងឯកជាតិឆ្នាំ២០០១ មក ខ្ញុំបានប្រែក្លាយជាកីឡាករម្នាក់ដែលពោរពេញទៅដោយមោទនភាពដ៏ហួសហេតុ។ លោកពុកខ្ញុំធ្លាប់បានប្រាប់ខ្ញុំ បន្ទាប់ពីខ្ញុំបានទទួលជ័យជំនះជើងឯកជាតិឆ្នាំ២០០១ មក គាត់ថា "មោទនភាពដ៏ហួសហេតុនៃកីឡាករ នឹងធ្វើអោយកីឡាករនោះបរាជ័យយ៉ាងអាម៉ាស់"។ មែន ពិតមែនហើយ ខ្ញុំបានដឹងច្បាស់ពីវា បន្ទាប់ពីខ្ញុំប្រកួតចាញ់គេ តាំងតែពីជុំទី១។ សម្តីលោកពុកខ្ញុំបានលាន់លឺពេញត្រចៀកខ្ញុំ សម្តីដែលខ្ញុំនិយាយទៅកាន់សិស្សប្អូនខ្ញុំ "គីឡូ៦៣-៦៧ នេះគ្មានអ្នកណាស៊ីខ្ញុំបានឡើយ" ពាក្យទាំងនោះបានលាន់លឺពេញត្រចៀករបស់ខ្ញុំពេញមួយថ្ងៃនោះតែម្តង។ ខ្ញុំបានផ្លាស់ប្តូរ ហើយក៏សម្រេចនូវជ័យជំនះបន្តបន្ទាប់ទៀតចាប់ពីជើងឯកជាតិ២០០២ ២០០៣ និងរហូតតមកដល់ឆ្នាំ២០០៥ ដែលជាឆ្នាំខ្ញុំចូលនិវត្តន៍ក្នុងនាមកីឡាករប្រយុទ្ធ។
រូបនោះគឺក្នុងពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១ ក្នុងខែមេសា ឆ្នាំ២០០២។ ខ្ញុំបរាជ័យយ៉ាងអាម៉ាស់ ប៉ុន្តែក្លឹបខ្ញុំ ក្រោមការដឹកនាំពីលោកគ្រូ សក្ខិដា ធ្វើអោយក្លឹបប៉ូលីស២ ទទួលបានេជើងឯក៤ ប្រភេទទំងន់ផ្សេងគ្នា ក្នុងចំណោមសរុប៨ប្រភេទទំងន់។
ម្តាយឪពុកកូនសិស្សតេក្វាន់ដូ យកមកជូនដល់ផ្ទះ។ គាត់លើកឡើងថា អរគុណបងហើយដែលបានបង្ហាត់ក្មេងៗនៅទីនេះ នេះជាទឹកចិត្តបន្តិចបន្តួច។ ខ្ញុំក៏ទទួលយកទាំងរីករាយ និងស្នាមញញឹម ព្រមទាំងពោលពាក្យអរគុណ និងនិយាយថា វាជាកាតព្វកិច្ចរបស់ខ្ញុំទេ ព្រោះខ្ញុំស្រឡាញ់កិច្ចការមួយនេះ។ ម្សិលមិញដូង ថ្ងៃនេះទៀប និងសាប៊ូ ព្រមទាំងថ្នាំដុសធ្មេញ។
ធ្វើអោយខ្ញុំនឹកឃើញកាលនៅពីតូច។ ផ្ទះខ្ញុំសំបូររបស់គេយកមកជូនណាស់ ស្ទើរមិនលោះសប្តាហ៍ ជាពិសេសរដូវចូលឆ្នាំចិន ចូលឆ្នាំខ្មែរ សែនលោកខែ និងអុំទូក គឺមានកាដូជូនលោកពុកខ្ញុំមិនដែលខានទេ។ កាលណោះមិនមានកន្ត្រកស្រាឬផ្លែឈើដូចឥឡូវទេ គឺមានភាគច្រើននំធុង បារី ស្រា ស្រាបៀរ ផ្លែឈើកំប៉ុង។ បើខែសែនលោកខែ គឺសំបូរណាស់នំលោកខែ (ភាគច្រើន ហាងនំអប្សរា) ចូលសិបប្រអប់។ បើមិនប៉ះបុណ្យទានទេ ខែបង្កង គឺមានគេផ្ញើរមកដល់ៗផ្ទះ ផ្លែឈើក្នុងស្រុកក៏មាន មាន់ទាបោចស្អាតៗក៏មាន ជួនកាលការីមួយឆ្នាំង។
ខ្ញុំបានសួរម៉ែ ម៉េចបានផ្ទះយើងឧស្សាហ៍គេយករបស់មកជូនម្លេះ? ម៉ែថាមកពីប៉ាអ្ហែងជួយយកអាសារគេច្រើនណាស់ មានគេស្រឡាញ់ចូលចិត្ត គោរព រាប់អានច្រើន ម្លោះហើយ បានជាមានគេយករបស់មកជូនគាត់។
ប្រហែលជាឈាមជ័រពីលោកពុក ទើបខ្ញុំអាចជួយធ្វើកិច្ចការសង្គមបានច្រើន ហើយក៏ទទួលស្គាល់ថាមានមនុស្សជួយយកអាសារខ្ញុំវិញមិនដែលខានដូចគ្នា។ ហើយខ្ញុំនៅតែចងចាំសម្តីម្តាយរបស់ខ្ញុំដែលគាត់ជារឿយៗលើកឡើងថា អានី! អានីឯងធ្វើល្អអោយបានច្រើនៗទៅ ព្រោះថាទេវតាមានពិត ទេវតាមានភ្នែក ទេវតាមិនអោយយើងងាប់ទេ។ ខ្ញុំជឿថាទេវតាពិតជាមានមែន គឺអានិស្សងដែលបានមកពីកម្មជាកុសលឲ្យរបស់យើងនោះឯង ដែលជាទេវតា។
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០:៤៥នាទី
រឿងមួយអំពី ណាប៉ូឡេអុង ដែលខ្ញុំធ្លាប់លឺគេនិយាយ គឺ ថ្ងៃមួយ ណាប៉ូឡេអុង ត្រូវដឹកនាំទ័ពទៅច្បាំងជាមួយសត្រូវនៅលើកោះមួយ។ នៅពេលដែលទៅដល់លើកោះនោះហើយ ណាប៉ូឡេអុង បានបញ្ជាអោយកូនទ័ពរបស់ខ្លួនចាក់ទម្លុះទូកអោយអស់ ព្រមទាំងបំផ្លាញស្បៀង ដោយចាក់ចូលទៅក្នុងទឹកមួយចំនួនធំ។ ពិតណាស់ កាលណោះកម្លាំង ណាប៉ូឡេអុង គឺតិចជាងសត្រូវ ហើយស្បៀងត្រូវខើចទៀត។ ឃើញដូច្នោះកូនទ័ពទាំងអស់មានសេចក្តីងៀងឆ្ងល់ជាខ្លាំង ដោយគិតថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? កូនទ័ពយល់ថា ទង្វើនោះគឺជាទង្វើដ៏ឆ្កួតលីលា។ ណាប៉ូឡេអុង បាននិយាយថា នៅពេលនេះជម្រើសមានតែមួយទេ គឺប្រយុទ្ធអោយដល់ទីបំផុត។ យើងមិនអាចបកក្រោយបានទេ ព្រោះទូកក៏គ្មាន ស្បៀងក៏គ្មាន។ បើយើងមិនប្រយុទ្ធ យើងនឹងស្លាប់។ ទង្វើទាំងនោះ ពាក្យទាំងនោះ បានជម្រុញទឹកចិត្តកងទ័ព ណាប៉ូឡេអុង អោយប្រយុទ្ធរហូតដល់ទីបំផុតទទួលបាននូវជ័យជំនះ។
ស្រដៀងគ្នានេះដែរ បុរសម្នាក់បានសួរ សូក្រាត អំពីផ្លូវទៅកាន់ភាពជោគជ័យ។ សូក្រាត ក៏អោយបុរសនោះដើរតាមគាត់ចុះក្នុងទន្លេ។ លុះចុះដល់ទន្លេទឹកត្រឹមក សូក្រាត ក៏ចាប់ជ្រមុជបុរសនោះ បុរសនោះព្យាយាមរើបំរាស់ជាខ្លាំងរហូតស្ទើរតែគាត់ទ្រាំមិនបាន បុរសនោះក៏បានប្រើប្រាស់ថាមពលទាំងអស់របស់ខ្លួនទធាក់ដីឡើងមួយទំហឹង រហូតដល់គាត់អាចងើបផុតពីផ្ទៃទឹក ហើយដកដង្ហើមបានស្រួល។ បុរសនោះខឹងខ្លាំងណាស់ ហើយក៏បានសួរថា ហេតុម្តេចបានជាធ្វើដូច្នេះ? សូក្រាត តបថា ពេលអ្នកនៅក្នុងទឹកនោះ តើអ្នកត្រូវការអ្វីជាងគេ? បុរសនោះថា ខ្ញុំត្រូវការខ្យល់។ សូក្រាត តបថា អាថ៏កំបាំងនៃភាពជោគជ័យគឺគ្មានអ្វីជាពិសេសនោះឡើយ។ ចំណង់អោយខ្លាំង គឺជាមូលហេតុធ្វើអោយយើងជោគជ័យ ដែលគ្មានខុសពីអ្វីដែលអ្នកកំពុងនៅក្នុងទឹកហើយមានចំណង់ចង់បានខ្យល់ដកដង្ហើមខ្លាំង ហើយអ្នកបានប្រើប្រាស់ថាមពលក្នុងខ្លួនទាំងអស់ ហើយអ្នកក៏បានសម្រេចវាដោយជោគជ័យ។ មានចំណង់តិច ពិតណាស់គឺមិនខុសពីដុំភ្លើងដ៏តូចនោះទេ ព្រោះវាមិនអាចកំដៅខ្លួនអ្នកបានល្អនោះទេ។
ខ្ញុំបានអានរឿង សូក្រាត កាលពីព្រឹក ហើយបាននឹកដល់រឿង ណាប៉ូឡេអុង។ ខ្ញុំបានរៀនសូត្រពីរឿងនេះបានមួយចំនួនដែរ ហើយមិនដឹងថា លោកអ្នកចាប់បាននូវចំណុចដូចខ្ញុំដែរឬអត់នោះទេ?