មិត្ត friend៖
ពាក្យថា "មិត្ត" បើតាមវចនានុក្រមរបស់សម្តេចសង្ឃ ជួន ណាត គឺមានន័យថា អ្នកដែលរាប់អានគ្នាជិតដិត។ មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ។ ពីវចនានុក្រមដដែល ក៏បានបញ្ជាក់ទៀតថា មិត្តមានពីរប្រភេទគឺ "កល្យាណមិត្ត ជាមិត្តដែលមានអធ្យាស្រ័យល្អ" និង "បាបមិត្ត គឺមិត្តដែលមានអធ្យាស្រ័យអាក្រក់"។ អធ្យាស្រ័យ មានន័យថា ជាសភាវៈដែលដេកអាស្រ័យនៅក្នុងចិត្ត ឬ បំណងចិត្ត ឬចំណុចចិត្ត។ ពីវចនានុក្រមដដែលនោះក៏បានណែនាំអោយមនុស្ស សេពគប់មិត្តដែលជាកល្យាណមិត្ត ដោយលះបង់នូវបាបមិត្ត។
ពិតមែនហើយ គ្មានអ្នកណាចង់រាប់អាននូវបាបមិត្តនោះទេ ប៉ុន្តែហេតុអ្វីបានជាមនុស្សនៅតែរាប់អានបាបមិត្ត? មនុស្សទំនងជាពិបាកនឹងបែកចែករវាងមួយណាជាកល្យាណមិត្ត និងមួយណាជាបាបមិត្ត ត្បិតអីគ្រឿងសម្គាល់ថាជាបាបមិត្តឬកល្យាណមិត្តនោះ គឺវាមិនងាយនឹងស្តែងចេញអោយឃើញដោយភ្នែក ចាប់បានដោយដៃនោះឡើយ ព្រោះវាពួនលាក់យ៉ាងជ្រៅនៅខាងក្នុងចិត្តរបស់បុគ្គលដែលយើងចាត់ទុកថាជាមិត្ត។
យើងអាចចូលជ្រៅទៅក្នុងមូលហេតុអ្វីបានជាមនុស្សម្នាក់ ចាត់ទុកមនុស្សម្នាក់ទៀតថាជាមិត្ត ឬជាកល្យាណមិត្ត ឬជាបាបមិត្ត។ ទាំងនោះវាកើតឡើងដោយសារការប្រាស្រ័យទាក់ទងគ្នាអស់កាលជាដរាប។ វាក៏ពាក់ព័ន្ធផងដែរថាតើមនុស្សម្នាក់យល់ពីមនុស្សម្នាក់លឿនបានកម្រិតណា។ ងាយយល់ទេ នៅពេលដែលមនុស្សម្នាក់មិនសប្បាយចិត្ត ពិតណាស់មនុស្សនានាតែងតែមាន មធ្យោបាយរៀងខ្លួនដើម្បីធ្វើចិត្តអោយរីករាយឡើងវិញ ហើយការទៅជួបមិត្តដើម្បីជជែកគ្នា គឺជារឿងដ៏ពេញនិយមបំផុតរបស់មនុស្សលោក ចំណែកឯការចាត់ទុកនរណាម្នាក់ជាកល្យាណមិត្តឬបាបមិត្តក៏ចាប់ផ្តើមពីពេលនោះឯង...។
បទពិសោធន៍នៃការជួបមនុស្ស ស្គាល់មនុស្សជាច្រើនរបស់ខ្ញុំ ធ្វើអោយខ្ញុំពិសោធន៏ឃើញថា មនុស្សខ្លាចការពិត មនុស្សខ្លាចសច្ចៈ មនុស្សរមែងខ្លាចការទទួលយកការពិត ព្រោះថាសច្ចៈវារមែងឈឺចាប់ ព្រោះពាក្យពិតវារែងស្លែង។ នៅពេលមនុស្សឈឺចាប់ មនុស្សតែងតែទៅរកទីពំនឹង ទៅរកអ្វីដែលអាចគាំទ្រគំនិតឬការយល់ឃើញរបស់ខ្លួន។ ដោយអវិជ្ជា គេបានរត់គេចពីសច្ចៈដែលពោរពេញទៅដោយការឈឺចាប់ ដោយទៅរកហើយរកទៀតនូវសេចក្តីកុហក់បោកប្រាស់ដែលពោរពេញទៅដោយភាពរីករាយ។ គេទៅរកជួបមនុស្សដែលមានគំនិតស្របខ្លួន គេបានស្តាប់ គេបានទទួលយកនូវគំនិតរបស់ម្នាក់នោះយ៉ាងពេញចិត្តពេញថ្លើម។ គេទទួលហើយ ទទួលទៀត ស្តាប់ហើយ ស្តាប់ទៀត នូវការកុហក់ បោកប្រាស់ ចាក់រុក ឆ្កឹះឆ្កៀល ត្បិតអីពាក្យទាំងនោះវាបាននិងកំពុងស្របនឹងចិត្តគំនិតរបស់ខ្លួន គេស្តាប់វាដោយភាពពេញចិត្ត ពេញថ្លើម។ បន្ទាប់ពីនោះមក គេក៏បានចាត់ទុកអ្នកនោះថាជាកល្យាណមិត្តរបស់ខ្លួន...។
ឱគួរអោយអាសូរម្លេះទេ គេគឺជាមនុស្សដែលកំពុងរងទុក្ខធ្ងន់ណាស់ គេបានជួបទុក្ខ ហើយគេបែរជាទៅរកពំនឹងដែលបាននិងកំពុងតែនាំគេទៅរកសេចក្តីទុក្ខកាន់តែធ្ងន់លើសដើម។ ក្នុងខ្លួនគេក្តៅណាស់ ពោរពេញទៅដោយភ្លើង ហើយគេបែរជាទៅសុំភ្លើងពីគេមកអោបដោយមិនដឹងខ្លួន។ គេមិនបានដឹងថា មនុស្សម្នាក់ដែលគេចាត់ទុកថាជាកល្យាណមិត្តនោះគឺ ភ្លើងត្រជាក់នោះទេ។ គេកំពុងតែរីករាយ ជាមួយនឹងភាពត្រជាក់នៃទឹកកក។ គេអោបហើយអោបទៀតរហូតដល់ពេលមួយ ទឹកកកនោះនឹងដុតបំផ្លាញខ្លួនគេ។
ចូរចាំថា កល្យាណមិត្ត គេមិនដែលនាំអ្នកអោយគិតអ្វីដែលធ្វើអោយអ្នកក្តៅក្រហាយនោះទេ អ្នកស្តាប់គេយូរៗទៅ នឹងធ្វើអោយអ្នកកាន់តែក្តៅក្រហាយ។ ជាកល្យាណមិត្តពិតប្រាកដ គេពិតជាបានបែងចែកយ៉ាងល្អ នូវអ្វីដែលត្រូវធ្វើ គឺ "ពន្លត់ភ្លើងនៅក្នុងដួងចិត្តរបស់អ្នក" មិនមែន "យកសាំងទៅដុតបន្ថែមនោះឡើយ"។
ចូរកុំវិនិច្ឆ័យមិត្តរបស់អ្នកថាជាបាបមិត្ត នៅពេលដែលគេមិនស្របតាមគំនិតឬការចង់បានរបស់អ្នក។ សូមអ្នកកុំរីករាយត្រេកអរនៅពេលដែលមិត្តរបស់អ្នកមានគំនិតយល់ស្របនឹងការគិតឬការចង់បានរបស់អ្នក ត្បិតអី "ស្រមោចរមែងស្លាប់ក្នុងពាងស្ករ ហើយមិនដែលស្លាប់ក្នុងពាងអំបិល"។
សូមអោយអ្នកទាំងឡាយបានពិសោធន៍ឃើញនូវកល្យាណមិត្ត និងបាបមិត្តដោយបញ្ញារបស់អ្នកផ្ទាល់។
គីនី